Tag Archives: រឿងព្រេងខ្មែរភាគទី១

កំលោះ​ពីរ​នាក់ចង់​បាន​ប្រពន្ធ​គេ

មាន​រឿង​មួយ​ថា មាន​បុរស​ម្នាក់ មាន​ប្រពន្ធ​ល្អ ទើប​តែ​រៀប​ការ​ថ្មីៗ បណ្ដើរ​គ្នា​ទៅ​សួរ​ញាតិ ហើយមាន​កំលោះ​ពីរ​នាក់​បាន​ឃើញ ក៏​ស្រឡាញ់​ចង់​បាន។
ពួកវា​គិត​ថា «យើង​ធ្វើ​ដូចម្ដេច​នឹង​បាន​អេះ?»
ចៅ​ម្នាក់ ឆ្លើយ​ថា ​ងាយ​ទេ ឯង​គិត​ទៅ​រក​ខ្ចី​រទេះ​គោ​មក​បរ ប៉ុន្តែ​ឯង​មិន​ស្គាល់​អញ បើ​អញ​សួរ​ឯងៗ កុំ​ប្រាប់​ថា​រទេះ ចូរ​ឯង​ប្រាប់​ថា​ ចន្ទោល ថា ​នឹម ​ទៅ​វិញ។
ទើប​កំលោះ​ម្នាក់​ទៅ​ខ្ចី​រទេះ​គេ​មក​បរ​ឲ្យ​ជួប​នឹង​បុរស​បណ្ដើរ​ប្រពន្ធ​នោះ​ដើរ​មក​ដល់ ក៏​កំលោះ​ម្នាក់​នោះ​វា​សួរ​ថា « នែ​អ្នក ! អញ្ជើញ​មក​អាយ ឈប់​និយាយ​គ្នា​លេង​បន្តិច​សិន»
បុរស​ការ​ប្រពន្ធ​ថ្មី ក៏​ចូល​ទៅ​អង្គុយ​លេង។
លុះ​កំលោះ​ម្នាក់​បរ​រទេះ​មក​ដល់​វា​ធ្វើ​ជា​សួរ​ថា «នេះ​ហៅ​អ្វី? អ្នក !»
បុរស​ប្ដី​ប្រពន្ធ ឆ្លើយ​ប្រាប់​ថា «គេ​ហៅ​រទេះ»
​កំលោះ​ម្នាក់សួរបញ្ជាក់ថា «មែន​ឬ​អ្នក?»
បុរស​នោះ​ថា «មែន »
​កំលោះ​ម្នាក់ថា «បើ​មែន​អ្នក​ហ៊ាន​ភ្នាល់​នឹង​ខ្ញុំ​ទេ»
បុរស​នោះ​សួរ​ថា «អ្នក​ឯង​មាន​ទ្រព្យ​អ្វី​ភ្នាល់​នឹង​យើង?»
កំលោះ​នោះ​ថា «បើ​ខ្ញុំ​ចាញ់ ខ្ញុំ​នៅ​ជា​ខ្ញុំ​អ្នក បើ​ខ្ញុំ​ឈ្នះ សុំ​តែ​ប្រពន្ធ​អ្នកទេ»

បុរស​នោះ​គិត​ថា ប្រាកដ​ជា​គេ​ហៅ​រទេះ​មែន​នឹង​ខ្លាច​អ្វី ក៏​ព្រម​ភ្នាល់​នឹង​គេ​ទៅ។
ទើប​កំលោះ​ដែល​ឈរ សួរ​ទៅ​អ្នក​បរ​រទេះ​ចង្អុល​ទៅ​សួរ​ទៅ​ចន្ទោល។
កំលោះ​អ្នក​បរ​រទេះ​ប្រាប់​ថា «នេះ​គេ​ហៅ​ចន្ទោល»
ចង្អុល​សួរ​ទៅ​នឹម​ ក៏ថា «នេះ​គេ​ហៅ​នឹម» «នេះ​គេ​ហៅ​ទូក» «នេះ​គេ​ហៅ​ទ្រាយ» «នេះ​គេ​ហៅ​ប្រែក» «នេះ​គេ​ហៅ​កង់» «នេះ​គេ​ហៅ​ខ្នង​កង់» «នេះ​គេ​ហៅ​ទ្រពង»

ដល់​ឆ្លើយ​រួច​សព្វគ្រប់ កំលោះ​នោះ​សួរ​ទៅ​បុរស​ជា​ប្ដី​ថា «ឥឡូវ គេ​មិន​ហៅ​រទេះ​ទេ បើ​ដូច្នោះ ​តើ​អ្នក​ឯង​ព្រម​ចាញ់​យើង​ឲ្យ​ប្រពន្ធ​មក​យើង​ឬ​ម្ដេច?
បុរស​ជា​ប្ដី​នោះ​មិន​ព្រម ដល់​ប្រកែក​ទៅ​មិន​ឈ្នះ​គេ។
គេក៏ដណ្ដើម​យក​ប្រពន្ធ​ទៅ​បាន។
បុរស​នោះ​មិន​សុខ​ចិត្ត​ទៅ​ប្ដឹង​ចៅក្រម។
ចៅក្រមឲ្យ​ទៅ​កោះ​ចៅ​ទាំង​ពីរ​នោះ​មក​ជំនុំ។
កំលោះ​ទាំង​ពីរ​នាក់​នោះ​វា​សូក​ចៅក្រម។
ចៅក្រមកាត់​សេចក្ដី​ថា «ត្រូវ​ចាញ់​គេ​ហើយ ត្រូវ​ឲ្យ​ប្រពន្ធ​ទៅ​គេ​ហើយ»

បុរស​នោះ​ខឹង​ណាស់ ត្បិត​គេ​យក​ប្រពន្ធ​ទៅ​បាន ដើរ​ផង យំ​ផង។
ដើរ​បន្តិច​ទៅ​ប្រទះ​សុភាទន្សាយ។
សុភាទន្សាយ​សួរ​ថា «ថ្វី​បាន​ជា​យំ​បង?»
បុរស​នោះ​ប្រាប់​តាម​ដំណើរ​សព្វ​គ្រប់។
សុភាទន្សាយ​ថា «បើ​ដូច្នោះ​បង​ឯង​កុំ​ភ័យ រក​តែ​ចេក​មក​ឲ្យ​យើង​ស៊ី​សិន យើង​ទៅ​ជួយ​ជំនុំ​ឲ្យ​បាន​ប្រពន្ធ​មក​វិញ»។
បុរស​នោះ​អរ​ណាស់ ខំ​ទៅ​រក​ចេក​មក​ឲ្យ​សុភា​ទន្សាយ។
សុភាទន្សាយស៊ី​ចេក​រួច​ហើយ ដើរ​ទៅ​ជាមួយ​បុរស​នោះ ទៅ​ដល់​សួរ​ចៅក្រម​ថា «លោក​កាត់​សេចក្ដី​គេ​នោះ តើ​ដូចម្ដេច​ខ្លះ?»។
ចៅក្រម ឆ្លើយ​ប្រាប់​តាម​ដំណើរ​សព្វគ្រប់។
សុភាទន្សាយ​ថា «លោក​កាត់​សេចក្ដី មិន​ទាន់​អស់​ទេ បើ​ដូច្នេះ​ខ្ញុំ​សូម​កាត់​សេចក្ដី​នេះ​ផង ឲ្យ​សុខ​ចិត្ត​ទាំងពីរ​ខាង»។
សុភាទន្សាយ សួរ​កំលោះ​ដែល​យក​ប្រពន្ធ​គេ​មក​នោះ​ថា «អ្នក​ទាំងពីរ​នាក់​កាល​ភ្នាល់​គ្នា​ថា​ដាក់​អ្វី?»
បុរស​នោះ​ឆ្លើយ​ថា «ដាក់​ប្រពន្ធ»
សុភាទន្សាយ​ សួរ​ទៅ​កំលោះ​នោះ​ថា «ត្រង់​ណា​ហៅ​ប្រពន្ធ»
បើ​អ្នក​រក​ឃើញ​អ្នកយក​ទៅ​ចុះ បើ​រក​មិន​ឃើញ​ទេ ឲ្យ​ប្រពន្ធ​ទៅ​គេ​វិញ​ទៅ»
កំលោះ​នោះ​ចាប់​ត្រង់​ដៃ សុភាទន្សាយ​ប្រាប់​ថា នេះ​គេ​ហៅ​ថា​ដៃ​ទេ។
វា​ចាប់​ត្រង់​ជើង សុភា​ទន្សាយ​ថា នេះ​គេ​ហៅ​ជើង​ទេ។
វា​ចាប់​ត្រង់​នេះ ក៏​ថា​មិនមែន ត្រង់​នោះ​ ក៏​ថា​មិនមែន។
ហើយសុភាទន្សាយ​ប្រាប់​ថា​រួម​ទាំង​អស់​គ្នា​ទៅ​ទើប​គេ​ហៅ «ប្រពន្ធ» ឯ​រទេះ​ក៏​ដូច​គ្នា​គឺ​គេ​ហៅ​ចន្ទោល នឹម ទូក ទ្រាយ ប្រែក ធ្នង់​ទ្រពង រួម​ទាំងអស់​នេះ​ទៅ ទើប​ហៅ​ថា «រទេះ»
បើ​ដូច្នេះ ឯង​យក​ប្រពន្ធ​គេ មិន​បាន​ទេ ឲ្យ​មក​គេ​វិញ»។
សុភាទន្សាយ​ឲ្យ​កំលោះ​នោះ យក​ប្រពន្ធ​មក​វិញ។
សុភាទន្សាយ​ស្ដី​ឲ្យ​លោក​ចៅក្រម​ថា «បង​កាត់​សេចក្ដី​នេះ​ស៊ី​តែ​សំណូក​គេ គ្មាន​ត្រង់​តាម​ព្រះ​ច្បាប់​សោះ»។
បុរស​នោះបាន​ប្រពន្ធ​មក​វិញ ក៏​អរ​ណាស់ លើក​ដៃ​សំពះ​សុភា​ទន្សាយ​ថា « លោក​បង​កាត់​សេចក្ដី​នេះ ពេញ​ហៅ​ត្រង់​ហើយ ឲ្យ​លោក​បាន​សម្បត្តិ​សួគ៌​និព្វាន»។

ប្រាជ្ញ​ឯង ឲ្យ​ក្រែង​ប្រាជ្ញ​គេ !

​គ្រូ​ និង សិស្ស

មាន​រឿង​មួយដំណាល​ថា៖ មាន​ភិក្ខុ​មួយ​អង្គ​ គង់​នៅ​វត្ត​មួយ មាន​កូន​សិស្ស​តែ​ម្នាក់ឈ្មោះ​ អា​ផ្លូញ​។
អា​ផ្លូញ​ខិល​ណាស់ គ្រូ​ក៏​ល្ងង់​ណាស់ ឆោត​ណាស់ គ្មាន​ឧបាសកឧ​បាសិកា​ណា​រាប់អាន យក​ចង្ហាន់ ស្លា បារី​ទៅ​ប្រគេន ឬ​និមន្ត​លោក​នោះ ទៅ​ឆាន់​ឯ​ផ្ទះ​ដល់​ម្ដង​ឡើយ។
លោក​នោះ​ក្រ​លំបាក​ពន់ពេក តែ​លោក​មាន​ដំរី​មួយ។

ថ្ងៃ​មួយ លោក​នោះ​ពិចារណា​ថា «សព្វ​ថ្ងៃ​នេះ គ្មាន​ឧបាសក​គេ​ប្រគេន​វត្ថុ​អ្វី​សោះ បើ​ដូច្នេះ​ គួរ​តែ​អញ​ទិញ​វត្ថុ​ផ្សេងៗ​យក​មក​ទុក​ឆាន់ កុំ​ឲ្យ​លំបាក។
គិត​ដូច្នោះ​ហើយ ក៏​ប្រាប់​កូន​សិស្ស​ថា «អា​ផ្លូញ ឯង​ចាប់​ដំរី​មក ហើយ​ឯង​ទៅ​ផ្សារ​នឹង​អញ រក​ទិញ​វត្ថុ​ផ្សេងៗ យក​មក​ទុក​ឆាន់»។
កូន​សិស្ស​ទៅ​ចាប់​ដំរី​បាន​មក។
គ្រូ​ និង​កូន​សិស្ស ក៏​ឡើង​ជិះ​ដំរី​បរ​ទៅ​ផ្សារ។
លុះ​ទៅ​ដល់ គ្រូ​ប្រាប់​កូន​សិស្ស​ថា «ឯង​ទិញ​វត្ថុ​អ្វី​ដែល​គេ​ទុក​ស៊ី​បាន​យូរ មិន​ខូច»។
អា​ផ្លូញ​ជា​សិស្ស ក៏​ទិញ​អំបិល​មួយ​ចុង​ច្រក​ការុង​ស្រេច។
គ្រូ​ឃើញ​សួរ​ថា ហេតុ​ម្ដេច ក៏​ឯង​ទិញ​តែ​អំបិល មិន​ទិញ​ត្រី​ឆ្អើរ ត្រី​ងៀត​ផង?
កូន​សិស្ស​ទូល​ថា​ ​អំបិល​ទុក​បាន​យូរ មិន​ចេះ​ខូច បាន​ជា​ខ្ញុំ​ព្រះករុណា​ទិញ។
គ្រូ​ឆោត​ល្ងង់​ណាស់​ក៏​ស្ងៀម។

គ្រូ​ឡើង​បរ​ដំរី​មក​វិញ សិស្ស​រែក​អំបិល​ពី​ក្រោយ។
ដល់​ពាក់​កណ្ដាល​ផ្លូវ ​គ្រូ​មើល​ទៅ​សិស្ស ឮ​សូរ​ដងរែក​ដូចជា​ស្រួល ក៏​សួរ​ថា «អា​ផ្លូញ ! អញ​មើល​ទៅ​ឯង​រែក​អំបិល​ដូចជា​ស្រួល​ឬ​យ៉ាង​ណា?
សិស្ស​ទូល​ថា «ព្រះករុណា ! ស្រួល​ណាស់ ហើយ​ស្រាល​ផង»។
លោក​គ្រូ​ប្រាប់​សិស្ស​ថា «ឯង​ជិះ​ដំរី​វិញ​ចុះ អញ​រែក​អំបិល​ដើរ​ក្រោយ»។
លោក​គ្រូ​ថា​ហើយ ចុះ​ពី​លើ​ដំរី​មក សិស្ស​ក៏​ឡើង​ជិះ​ដំរី​ទៅ។
លោក​គ្រូ​ប្រាប់​ថា «ឯង​បរ​ដំរី​ទៅ​ចាំ​អញ​នៅ​ម្លប់​ឈើ​ឯ​មុខ»។
សិស្ស​បរ​ដើរ​ទៅ​ដល់​ម្លប់​ឈើ ក៏​មិន​ឈប់​ចាំ​គ្រូ បរ​រហូត​ទៅ​វត្ត។

លោក​គ្រូ រែក​អំបិល​ដើរ​តាម​ក្រោយ ដោយ​អំបិល​នោះ​ធ្ងន់​ណាស់ លោក​គ្រូ​រែក​ឈប់ៗ រក​មើល​ទៅ​សិស្ស​មិន​ឃើញ​ក៏​គិត​ថា «ចាំ​ក្រោយ សឹម​នាំ​សិស្ស​មក​យក»។
ហើយ​យក​អំបិល​ទៅ​លាក់​ក្នុង​ព្រៃ​ មុន​នឹង​លាក់ លោក​គិត​ថា «ទីនេះ​ប្រសិន​ជា​មាន​គេ​ដើរ​មក​ចំ​ឃើញ គេ​នឹង​យក​អំបិល​នេះ​អស់​មិន​ខាន គួរ​តែ​រក​ទីណា​ដែល​កំបាំង​ភ្នែក​អ្នក​ទាំងពួង គឺ​មាន​ក្នុង​ទឹក ទើប​គេ​មើល​មិន​ឃើញ»។
ហើយ​ក៏​យក​អំបិល​ទាំងពីរ​ការុង​ទៅ​លាក់​ទុក​ក្នុង​ទឹក ហើយ​ដើរ​ទៅ។
លុះ​ដល់​វត្ត​សួរ​សិស្ស​ថា «ហេតុ​ម្ដេច​ក៏​ឯង​មិន​ចាំ​អញ?»
សិស្ស​ទូល​ថា ខ្ញុំ​ព្រះករុណា​បរ​ដំរី​មក ប្រុង​ចាំ​លោក​គ្រូ​ដែរ តែ​ដំរី​មិន​ព្រម​ចាំ​សោះ អង្វរ​ដូចម្ដេច ក៏​វា​មិន​ព្រម វា​ប្រឹង​តែ​ដើរ​ដល់​វត្ត ទើប​ឈប់។
សិស្ស​សួរ​គ្រូ​ថា «លោក​គ្រូ​ ទុក​អំបិល​ឯណា?»
គ្រូ​ប្រាប់​ថា អញ​លាក់​ទុក​នៅ​ទី​ឯណោះ អញ​កាត់​ដើម​ឈូក​ដោត​ជា​សំគាល់។
លុះ​ព្រឹក​ឡើង ​លោក​ក៏​នាំ​កូន​សិស្ស ទៅ​យក​អំបិល​វិញ លុះ​ដល់​ប្រាប់​សិស្ស​ថា «អញ​លាក់​ក្នុង​ទឹក​ត្រពាំង​នេះ»។
សិស្ស​លាន់​មាត់​ថា «ម៉ែ​អើយ វា​រលាយ​អស់​ទៅ​ហើយ»។
អា​ផ្លូញ​ជា​សិស្ស ក៏​ចុះ​ទៅ​យក​អំបិល ចាប់​លើក​ការុង​ទាំង​ពីរ​ឡើង គ្មាន​ឃើញ​អំបិល​សល់​សោះ ព្រោះ​វា​រលាយ​អស់​ហើយ។
ឯ​ចំណង​ដែល​ចង​មាត់​ការុង​ក៏​ឃើញ​ដាច់​អស់ ប្រទះ​ឃើញ​ឯ​ត្រី​កញ្ចុះ​មួយ​នៅ​ក្នុង​ការុង​នោះ។ សិស្ស​ទូល​លោក​គ្រូ​ថា «មាន​ត្រី​កញ្ចុះ​មួយ​នៅ​ក្នុង​ការុង វា​ស៊ី​អំបិល​អស់​ទៅ​ហើយ»។
ហើយ​យក​ត្រី​ និង​ការុង​មក​ប្រគេន​គ្រូ​មើល។
លោក​គ្រូ​ឃើញ​ត្រី​ខឹង​ណាស់ ក៏​ទះ​កំផ្លៀង​ត្រី មុត​ដៃ​នឹង​ធ្មុង​ត្រី​ជាប់។
ពិស​ត្រី​ចាប់​ពើត​ឈឺ​ខ្លាំង​ពេក លោក​គ្រូ​ថា «ឯង​ចាប់​ដក​ធ្មុង​ត្រី​ចេញ​ឲ្យ​ឆាប់ ត្បិត​ឈឺ​អញ​ណាស់»។
សិស្ស​ក៏​ចាប់​ដក​ទាញ​ស្ទើរ​តែ​មិន​រួច។
លុះ​ដក​រួច​ឈាម​ហូរ​ខ្លាំង​ ពិស​ត្រី​ក៏​រឹត​តែ​បណ្ដាល​ឲ្យ​លោក​ឈឺ​ខ្លាំង​ឡើង។
លោក​គ្រូ​នាំ​កូន​សិស្ស​ទៅ​វត្ត​វិញ យក​ទាំង​ការុង​ត្រី​កញ្ចុះ​ទៅ​ផង។
ទៅ​ដល់​វត្ត​ប្រាប់​សិស្ស​ថា «អា​ផ្លូញ ឯង​ដាំ​បាយ​មួយ​ឆ្នាំង អាំង​ត្រី​កញ្ចុះ​នេះ​ឲ្យ​ឆ្អិន​ជា​ឆាប់​​ អញ​នឹង​ឆាន់»។ លុះ​ពិស​អន់​ចាប់​ពើត លោក​គ្រូ​ ក៏​សម្ងំ​សឹង​លក់​ទៅ។

ឯ​អា​ផ្លូញ​ក៏​ដាំ​បាយ អាំង​ត្រី​ឆ្អិន​ហើយ បរិភោគ​អស់ ទុក​តែ​បាយ​មួយ​ពំនូត​ និង​ឆ្អឹង​ត្រី​ក្នុង​ចាន​គ្រប តែ​វា​គ្រប​មិន​ឲ្យ​ជិត។
លោក​គ្រូ​ភ្ញាក់​ឡើង​ ប្រាប់​សិស្ស​ថា «ឯង​យក​បាយ ​និង​ត្រី​មក​ឆាន់»។
អា​ផ្លូញ​ក៏​ធ្វើ​កិរិយា​ដូច​ជា​ចូល​ទៅ​យក​បាយ​ប្រគេន ចេញ​មក​វិញ​ទូល​ថា «បាយ ​និង​ត្រី​រុយ​ស៊ី​អស់​ហើយ នៅ​សល់​តែ​មួយ​ពំនូត​ និង​ឆ្អឹង​ត្រី»។
លោក​គ្រូ​ជឿ​ឥត​សង្ស័យ ដោយ​ឆោត​ល្ងង់ ក៏​ហុច​រំពាត់​ផ្ដៅ​មួយ​ឲ្យ​មក​សិស្ស ហើយ​ថា «ឯង​វាយ​រុយ កុំ​ឲ្យ​វា​នៅ​លើ​កុដិ»។
អា​ផ្លូញ​ជា​សិស្ស​ក៏​វាយ​រុយ​មិន​ឈប់។
គ្រា​នោះ មាន​រុយ​មួយ​ទំ​ចុង​ច្រមុះ​គ្រូ។
គ្រូប្រាប់​ថា «រុយ​វា​ទំ​ច្រមុះ​អញ ឯង​វាយ​ឲ្យ​ឆាប់»។
កូន​សិស្ស​ក៏​វាយ​តាម​ពាក្យ​គ្រូ វាយ​ទៅ ៗ មិន​ត្រូវ​រុយ ត្រូវ​ឯ​ច្រមុះ​គ្រូ បែក​ឈាម​ហូរ​ខ្ចាយ។
សិស្ស​ភ័យ​ណាស់ រត់​ទៅ​ដល់​ផ្ទះ​និយាយ​ប្រាប់​ឪពុក​ម្ដាយ​តាម​រឿង។
ឪពុក​ម្ដាយ​ប្រាប់​កូន​ឲ្យ​មក​វត្ត​វិញ កូន​ប្រកែក​មិន​ព្រម​មក។
លោក​គ្រូ​ទៅ​តាម ក៏​វា​មិន​ហ៊ាន​មក​ដោយ​ខ្លាច​គ្រូ​វាយ។

ថ្ងៃ​ក្រោយ លោក​គ្រូ​តាំង​ពិធី​សូត្រ​មន្ត​អាគម​ស្នេហ៍ បន្ទន់​ចិត្ត​សិស្ស​ឲ្យ​មក។
អា​ផ្លូញ​ជា​សិស្ស​បាន​ដឹង​ថា គ្រូ​តាំង​ពិធី​មន្ត​អាគម​ស្នេហ៍​ដូច្នោះ ក៏​មក​វត្ត​វិញ ដើម្បី​ឲ្យ​គ្រូ​ជឿ​ថា ស្នេហ៍​ពូកែ។
លុះ​ដល់​វត្ត​ដើរ​លបៗ​ចូល​ទៅ ឃើញ​គ្រូ​កំពុង​តែ​អង្គុយ​សូត្រ​មន្ត​អាគម​ស្នេហ៍ ក៏​សួរ​លោក​ថា «លោក​គ្រូ​ធ្វើ​អ្វី?»
គ្រូ​កុហក​ថា «អញ​សូត្រ​មន្ត​អាគម​បំបាំង​ខ្លួន ព្រោះ​អញ​ទើប​រៀន​ពី​គេ»។
ជា​បន្ទាន់​នោះ​លោក​គ្រូ​គិត​ថា «ស្នេហ៍​អញ​ពូកែ​មែន​ បាន​សិស្ស​​អញ​វា​មក»។
លុះ​ព្រឹក​ឡើង​សិស្ស​ដាំ​បាយ​ ធ្វើ​ម្ហូប​ស្រេច​ទូល​ថា «ចង្ហាន់​ឆ្អិន​ហើយ»។
លោក​គ្រូ​ថា «បើ​ដូច្នេះ​ឯង​លើក​មក​ឲ្យ​អញ​ឆាន់»។
អា​ផ្លូញ ក៏​លើក​មក​ប្រគេន​ធ្វើ​ជា​មើល​មិន​ឃើញ ដាក់​ថាស​ទៅ​លើ​ក្បាល​គ្រូ។
គ្រូ​ស្រែក​ថា អា​ផ្លូញ ! ហេតុ​ម្ដេច ក៏​យក​ថាស​មក​ដាក់​លើ​ក្បាល​អញ?
សិស្ស​ទូល​ថា «ខ្ញុំ​ព្រះករុណា​មើល​មិន​ឃើញ»។
លោក​គ្រូ​ងាក​ចេញ អា​ផ្លូញ​ក៏​ដាក់​ថាស​លើ​ក្បាល​គ្រូ​ទៀត។
លោក​គ្រូ​ថា «អា​ឯង​ដាក់​ថាស​លើ​ក្បាល​អញ​ទៀត​ហើយ»។
សិស្ស​ថា «ខ្ញុំ​ព្រះករុណា​សុំ​ទោស ព្រោះ​មើល​មិន​ឃើញ»។
លោក​គ្រូ​ជឿ​ថា​អញ​រៀន​ស្នេហ៍ៗពូកែ​ប្រាកដ ឥឡូវ​អញ​កុហក​វា​ថា​តាំង​ពិធី​មន្ត​អាគម​បំបាំង​ខ្លួន​វិញ ក៏​ទៅ​ជា​ពូកែ គេ​មើល​មិន​ឃើញ​ប្រាកដ​មែន គួរ​ទន្ទេញ​ឲ្យ​ចាំ កុំ​ឲ្យ​ភ្លេច»។

ឯ​អា​ផ្លូញ លុះ​ប្រគេន​ចង្ហាន់​គ្រូ គ្រូ​ឆាន់​រួច​ហើយ វា​ក៏​លើក​មក​បរិភោគ​ខ្លួន​វា។
ថ្ងៃ​ក្រោយ មាន​ឧបាសក គេ​និមន្ត​លោក​ទៅ​ឆាន់​ឯ​ផ្ទះ។
អា​ផ្លូញ​ទូល​ថា «បើ​លោក​គ្រូនិមន្ត​ទៅ​ឆាន់​ឯ​ផ្ទះ​គេ សូម​កុំ​ស្លៀក​ស្បង់ ព្រោះ​នាំ​តែ​ចាស់​ស្បង់​ខូច​ឥត​អំពើ ឃ្លុំ​តែ​ចីពរ​បាន​ហើយ គេ​មើល​មិន​ឃើញ​ទេ ត្បិត​លោក​គ្រូ​ចេះ​មន្ត​អាគម​បំបាំង​ខ្លួន​ពូកែ​ណាស់ អ្នកណា​នឹង​មើល​ឃើញ»។
គ្រូ​ជឿ​ក៏​ធ្វើ​តាម​ពាក្យ​សិស្ស។

លុះ​ព្រឹក​ឡើង​ លោក​គ្រូ​ប្រាប់​សិស្ស​ថា «ឯង​តាម​អញ​ទៅ​ឆាន់​ឯ​ផ្ទះ​ឧបាសក»។
រួច​លោក​ឃ្លុំ​តែ​ចីពរ មិន​ស្លៀក​ស្បង់ ដោយ​គិត​ថា «ឃ្លុំ​តែ​ចីពរ​បាន​ហើយ ព្រោះ​មន្ត​អាគម​អញ​ពូកែ​ណាស់​ នរណា​នឹង​មើល​កេរ្តិ៍​ខ្មាស​ឃើញ»។
រួច​ក៏​នាំ​កូន​សិស្ស​ទៅ ។

លុះ​ទៅ​ដល់ ឧបាសក​និមន្ត​ឡើង​លើ​ផ្ទះ​ហើយ​ គេ​លើក​ចង្ហាន់​មក​ដើម្បី​ប្រគេន​លោក​ឆាន់ ដោយ​លោក​មិន​បាន​ស្លៀក​ស្បង់ អង្គុយ​មិន​ស្រួល​ងាក​ឆ្វេង​ងាក​ស្ដាំ ក៏​លេច​កេរ្តិ៍​ខ្មាស១ កណ្ដាល​វាល។
ឧបាសក​ឃើញ​ដូច្នោះ គេ​នាំ​គ្នា​សើច​ហ៊ោ​លាន់។
លោក​គ្រូ​ពុំ​ទាន់​បាន​ឆាន់​ចង្ហាន់ មាន​ចិត្ត​ខ្មាស​ណាស់ ក៏​ចុះ​ពី​ផ្ទះ​ត្រឡប់​មក​វត្ត​វិញ ជេរ​បន្ទោស​សិស្ស​ថា «អា​ឯង​មិន​ឲ្យ​អញ​ស្លៀក​ស្បង់ ឥឡូវ​អញ​ខ្មាស​គេ​ណាស់»។
អា​ផ្លូញ​ទូល​ថា «លោក​គ្រូ កុំ​ខ្ញាល់​នឹង​ខ្ញុំ​ព្រះករុណា រឿង​នេះ​ប្រហែល​ខុស​ត្រណម​ទេ​ឬ?»
លោក​គ្រូ​សួរ​ថា «ឯង​ឃើញ​អញ​ធ្វើ​ខុស​ត្រណម​ដូចម្ដេច?»
អា​ផ្លូញ​សួរ​ថា «កាល​លោក​គ្រូ​និមន្ត​ទៅ​ឆាន់​ឯ​ផ្ទះ​ឧបាសក និមន្ត​ទៅ​ផ្លូវ​ខាង​ណា?»
លោក​គ្រូ​ប្រាប់​ថា «កាល​អញ​ទៅ​​ អញ​ចូល​ផ្លូវ​ខាង​កើត»
សិស្ស​ថា «ឱ ! ច្បាស់​ជា​លោក​គ្រូ​ខុស​ត្រណម​ហើយ។
ថ្ងៃ​មុន​លោក​គ្រូ​ប្រាប់​ខ្ញុំ​ព្រះករុណា​ថា បើ​រៀន​មន្ត​អាគម​ទាំង​ពួង​ត្រូវ​តម​ស៊ី​ផ្លែ​ស្ពឺ សូម្បី​មុជ​ក្រោម​ដើម​ស្ពឺ​ ក៏​មិន​បាន វា​សាប​មន្ត​អាគម។
ឥឡូវ​លោក​គ្រូ​មុជ​ក្រោម​ដើម​ស្ពឺ បាន​ជា​ខុស​ត្រណម សាប​អាគម​អស់​ ហេតុ​នេះ​បាន​ជា​គេ​ឃើញ​កេរ្តិ៍​ខ្មាស​លោក​គ្រូ។
លោក​គ្រូ​បាន​ស្ដាប់​ដូច្នោះ​ ក៏​ថា «ឱ ! អា​ផ្លូញ ! អញ​ភ្លេច​តម បាន​ជា​យ៉ាង​ហ្នឹង។ ឯង​ថា​នោះ​ពិត​ប្រាកដ​ហើយ»។
លោក​គ្រូ​នោះ ដោយ​ឆោត​ល្ងង់​ ក៏​ជឿ​ជាក់​ឥត​សង្ស័យ។
តាំង​ពី​កាល​នោះ​មក​អា​ផ្លូញ​ជា​សិស្ស​ នៅ​បម្រើ​ដោយ​សុខ​សប្បាយ​ទៅ។

ស្លូត​ស្លាប់ វៀច​វេរ​មាន​ភ័ព្វ អាយុ​យឺនយូរ !

​ចៅ​សុក្រ និង​ចៅ​សៅរ៍

កាល​ពីព្រេងនាយ មាន​បុរស​ពីរ​នាក់ ជា​សម្លាញ់​នឹង​គ្នា មួយ​ឈ្មោះ​ចៅ​សុក្រ មួយ​ឈ្មោះ​ចៅ​សៅរ៍ បាន​បួស​នៅ​វត្ត​ជា​មួយ​គ្នា។
បួស​យូរ​បន្តិច​ទៅ ក៏​សឹក​មក​វិញ សឹក​មក​ហើយ ​ក៏​ជា​សម្លាញ់​នឹង​គ្នា​ទៀត សន្យា​នឹង​គ្នា​ថា «បើ​នរណា​ក្រ​ ត្រូវ​ជួយ​គ្នា»។
ហើយ​បុរស​ទាំងពីរ​នាក់​ក៏​មាន​ប្រពន្ធ​កូន​ នៅ​រក​ស៊ី​ទីទៃ​ពី​គ្នា។
ចៅ​សុក្រ​រក​ស៊ី​ទៅ​មាន​ទ្រព្យ​របស់​ច្រើន។
ឯ​ចៅ​សៅរ៍​ល្ងង់​ខ្លៅ​ក្រ​លំបាក ហើយ​ប្រពន្ធ​ក៏​មាន​សហាយ​ផង។
ចៅ​សុក្រ​ដឹង​ថា ប្រពន្ធ​ចៅ​សៅរ៍​មាន​សហាយ ហើយ​ក្រ​លំបាក​ដូច្នោះ ក៏​ទៅ​សួរ​ចៅ​សៅរ៍។
ទៅ​ដល់​ឃើញ​ចៅ​សៅរ៍​ក្រ​លំបាក​ណាស់​មែន ក៏​បបួល​ចៅ​សៅរ៍​ទៅ​រក​ស៊ី ហើយ​និយាយ​ថា «ត្រូវ​ឯង​តាម​ពាក្យ​អញ»។
ចៅ​សៅរ៍​ក៏​ព្រម​តាម​ពាក្យ​ចៅ​សុក្រ។
ចៅ​សុក្រ​បបួល​ចៅ​សៅរ៍​ទៅ​កាប់​ឈើ ធ្វើ​ក្ដារ​មឈូស​លក់។
ចៅ​សៅរ៍​តាម​ពាក្យ​ចៅ​សុក្រ ក៏​ព្រម​ទៅ​ជា​មួយ​គ្នា។
ឯ​កូន​សេដ្ឋី​ដែល​សហាយ​នឹង​នាង​ប៉ិច​ឮ ជា​ប្រពន្ធ​ចៅ​សៅរ៍​ ឃើញ​ចៅ​សៅរ៍​មិន​នៅ​ផ្ទះ ក៏​ទៅ​ដេក​នឹង​ប្រពន្ធ​ចៅ​សៅរ៍ រួច​ហើយ​វិល​ទៅ​ផ្ទះ​វិញ។
ចៅ​សុក្រ​ និង​ចៅ​សៅរ៍​ធ្វើ​ក្ដារ​មឈូស​បាន​មួយ ក៏​យក​មក​ដាក់​ក្នុង​ផ្ទះ ហើយ​ទៅ​ធ្វើ​ក្ដារ​មឈូស​ទៀត។
កូន​សេដ្ឋី​ក៏​ទៅ​ដេក​នឹង​នាង​ប៉ិច​ទៀត។
ដល់​ពាក់​កណ្ដាល​អធ្រាត្រ​ចៅ​សុក្រ​ និង​ចៅ​សៅរ៍​មក​ផ្ទះ​វិញ។
ចៅ​សុក្រ​ខំ​ដើរ​ប្រញាប់​មក​មុន ស្រែក​ហៅ​ប្រពន្ធ​ចៅ​សៅរ៍​ឲ្យ​បើក​ទ្វារ។
ឯ​កូន​សេដ្ឋី​ក៏​ភិតភ័យ​រត់​ពុំ​រួច នាង​ប៉ិច​ប្រាប់​សហាយ​ឲ្យ​ចូល​ដេក​ក្នុង​ក្ដារ​មឈូស​ ហើយ​ទៅ​បើក​ទ្វារឲ្យ​ចៅ​សុក្រ​ចៅ​សៅរ៍​ចូល​ទៅ​ក្នុង​ផ្ទះ។
នាង​ប៉ិច​សួរ​ថា «ដូចម្ដេច​ក៏​បាន​ជា​វិល​មក​វិញ?»
ចៅ​សៅរ៍​ប្រាប់​ថា «ចៅ​សុក្រ ឈឺ​ក្បាល​ហៅ​វិល​មក​វិញ»។
ហើយ​ចៅ​សៅរ៍​ប្រាប់​ទៅ​នាង​ប៉ិច​ឲ្យ​ដណ្ដាំ​បាយ​ស៊ី។
ស៊ី​បាយ​រួច​ហើយ ដោយ​ចៅ​សុក្រ​ដឹង​ថា សហាយ​នាង​ដេក​នៅ​ក្នុង​ក្ដារ​មឈូស ក៏​ប្រាប់​ទៅ​ចៅ​សៅរ៍​ថា «រក​ផ្ដៅ​មក​ចង​ក្ដារ​មឈូស​ទុក​ក្រែង​ចោរ​លួច»។
ចៅ​សៅរ៍ ក៏​យក​ផ្ដៅ​ទៅ​ចង​រួច​ស្រេច ហើយ​យក​ដែក​គោល​បោះ​ថែម​ទៀត។
ឯ​ចៅ​សៅរ៍​ពុំ​ដឹង​ជា​ប្រពន្ធ​មាន​សហាយ ក៏​ធ្វើ​តាម​ពាក្យ​ចៅ​សុក្រ​បង្គាប់។
លុះ​ព្រឹក​ឡើង​ចៅ​សៅរ៍ ប្រើ​នាង​ប៉ិច​ជា​ប្រពន្ធ​ឲ្យ​ទៅ​ទិញ​អីវ៉ាន់។
នាង​ប៉ិច​ក៏​ហួស​ទៅ​ប្រាប់​សេដ្ឋី​ថា «ឲ្យ​សេដ្ឋី​ចាំ​ទិញ​មឈូស ត្បិត​កូន​សេដ្ឋី ទៅ​ដេក​នឹង​ខ្ញុំ ប្ដី​ខ្ញុំ​មក​ទាន់ បាន​រត់​ចូល​ដេក​ក្នុង​មឈូស។ ឥឡូវ​នេះ​ប្ដី​ខ្ញុំ​សែង​យក​មក​ដល់​ព្រឹក​នេះ​ហើយ»។
ប្រាប់​ហើយ​នាង​ប៉ិច​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ។
លុះ​ចៅ​សុក្រ និង​ចៅ​សៅរ៍ ស៊ី​បាយ​រួច ក៏​សែង​មឈូស​យក​ទៅ​លក់។
សេដ្ឋី​ឲ្យ​ខ្ញុំ​មួយ​នាក់​ចាំ​មើល​ផ្លូវ ផ្ដាំ​ថា «បើ​ឃើញ​អ្នកណា​សែង​ក្ដារ​មឈូស​មក​ដល់ ឲ្យ​រត់​ទៅ​ហៅ​យើង»។
ចៅ​សុក្រ និង​ចៅ​សៅរ៍ សែង​ក្ដារ​មឈូស​មក​ដល់​ផ្ទះ​សេដ្ឋី ស្រែក​ពពាយនាយ​ថា «អ្នក​ណា​ទិញ​ក្ដារ​មឈូស​ទេ»។
សេដ្ឋី​ឮ​ សួរ​ថា «លក់​តម្លៃ​ប៉ុន្មាន?»
ចៅ​សុក្រ​ប្រាប់​ថា «ឲ្យ​ចាក់​ប្រាក់​ពី​ដី​ឡើង ស្មើ​នឹង​មឈូស»។
សេដ្ឋី​សុំ​ត​ថ្លៃ ក៏​ចៅ​សុក្រ​មិន​ព្រម។
សេដ្ឋី​ក៏​ប្រើ​ខ្ញុំ​កំដរ​ឲ្យ​យក​ប្រាក់​មក​ចាក់ ស្មើ​នឹង​មឈូស។
ហើយ​ចៅ​សុក្រ និង​ចៅ​សៅរ៍​យក​ប្រាក់​ទៅ​ចែក​គ្នា។
សេដ្ឋី​គាស់​មឈូស​យក​កូន​ចេញ។
ក្រោយ​មក​ចៅ​សៅរ៍ យក​នាង​ប៉ិច​ជា​ប្រពន្ធ​ដូច​ដែល​វិញ។

អូស​ទូក​មិន​ឲ្យ​ល្អាន ចាប់​ត្រី​បាន មិន​ឲ្យ​ល្អក់​ទឹក !

ក្អែក​មួយ​ជា​ក្អែក​ដប់

កាល​ពីព្រេងនាយ មាន​បុរស ២ នាក់ ម្នាក់​ឈ្មោះ​អា​ខិល ម្នាក់​ឈ្មោះ​អា​ខូច នៅ​ស្រុក​ទីទៃ​ពី​គ្នា គំនិត​ដោយ​ខ្លួន។

អា​ខូច​ជុះ​អាចម៍​ដាក់​ពេញ​ពាង ១ ហើយ​យក​អាចម៍​ល័ក្ដ​បិទ​ភ្ជិត​យ៉ាង​ល្អ មិន​ឲ្យ​ក្លិន​ចេញ​ក្រៅ​បាន។
អា​ខិល​ធ្វើ​កាំបិត ១ មាន​ផ្លែ​ប៉ុន​ចង្កឹះអក​កំបោរ​ដង​ប៉ុន​ក​ដៃ ស្រោម​ធំ​វែង​ប្រហែល ១ លូក។
អា​ខិល​ស្ពាយ​កាំបិត​នោះ​ដើរ​ទៅ​លក់ ឯ​អា​ខូច​ក៏​ពុន​ពាង​អាចម៍​នោះ​ដើរ​ទៅ​លក់​ដែរ។
អា​ខិល​ទៅ​ពី​នេះ អា​ខូច​មក​ពី​នោះ ជួប​គ្នា​កណ្ដាល​ផ្លូវ អា​ខូច​ពពាយ​នាយ​ថា
<<អ្នក​អើយ​ទិញ​ផ្អក​យក​ទៅ​ពិសា ផ្អក​ចាវ​យ៉ាង​ល្អ ស្ងោរ​ក៏​បាន ចំហុយ​ក៏​បាន ឆ្ងាញ់​របស់​ខ្ញុំ​ណាស់។>>
អា​ខិល​ឆ្លើយ​ថា
<<ទាស់​តែ​លក់​ដាវ​ខ្ញុំ​មិន​ដាច់ គ្មាន​លុយ​ទិញ បើ​ដូរ​ជា​ដាវ​នេះ​ព្រម​ដូរ​ឬទេ?>>
អា​ខូច ឃើញ​ដាវ​នោះ​វែង​ក៏​ឆ្លើយ​ថា <<ដូរ​ក៏​ដូរ។>>
អា​ខិល​ប្រគល់​ឲ្យ​អា​ខូច ​ហើយ​អួត​ថា
<<​ដាវ​ខ្ញុំ​នេះ មុត​បំផុត មេ​ដែក​របស់​ខ្ញុំ​ផង បើ​ត្រូវ​ការ​សឹម​ហូត​កាប់​តែ​ម្ដង អ្នក​ឯង​កុំ​ប្រញាប់​ហូត​មើល បើ​ហូត​ល​ព្រើលៗ​ ស៊ក​ទៅ​វិញ​មិន​ចុះ​ទេ ដាវ​ខ្ញុំ​ពូកែ ខ្ញុំ​ស្ដាយ​របស់​ខ្ញុំ​ណាស់ បើ​កុំ​តែ​ខែ​នេះ​ក្រ​ម្ហូប​ពេក កុំ​អី​ខ្ញុំ​មិន​ដូរ​ទេ។>>
អា​ខូច​ក៏​ប្រគល់​ពាង​អាចម៍​ឲ្យ​ទៅ​អា​ខិល ហើយ​ហាម​ថា
<<ផ្អក​ខ្ញុំ​ហ្នឹង​ក៏​ដែរ ដល់​ពេល​ស៊ី​សឹម​បើក​យក​មក​ចំហុយ កុំ​អាល​បើក​មើល ក្រែង​វា​ស្អុយ​រុយ​បែង​ក្រែង​វា​ធុំ​ខ្មោះ ស៊ី​មិន​ទាន់​អស់ វា​ទៅ​ជា​ខាន​ឆ្ងាញ់​ នឹក​ឃើញ​ជីដូន​ជីតា​ បាន​តែ​ខ្វារ​ស៊ី​ទៅ។>>

អា​ទាំង​ពីរបែក​គ្នា​ទៅ​ដល់​ផ្ទះ​រាល់​ខ្លួន ហើយ​តឿន​ប្រពន្ធ​កូន​ថា​
<<ដណ្ដាំ​បាយ​ទៅ​ អញ​បាន​ផ្អក។>>
ប្រពន្ធ​ថា «បាន​ផ្អក​ពី​ណា?>>
អា​ខិល​ថា «ដូរ​ដាវ​គេ គេ​ថា​ផ្អក​ចាវ​គេ​ឆ្ងាញ់​ពិសា​ណាស់។>>
ប្រពន្ធ​ក៏​អរ​ពេញចិត្ត​នឹក​ថា <<ប្ដី​ចេះ​ធ្វើ​កាំបិត​ដូរ​ផ្អក។>>
ស្ទុះ​ភ្លែត​ទៅ​លាង​ចាន​ដួស​បាយ ហើយ​កាន់​កាំបិត​យ៉ាង​គំរឹល កកិល​ទៅ​ជិត​ពាង​ផ្អក យក​កាំបិត​គាស់​អាចម៍​ល័ក្ដ​នោះ​បើក​ឡើង ហើយ​លូក​ខ្វារ​បាន ១ ក្ដាប់​ដាក់​ផ្លាប់​ទៅ​ក្នុង​ចាន សល់​នៅ​ដៃ​ប៉ុន្មាន​ក៏​លិទ្ធ​ផ្លប់​ភ្លក់​មើល ងើប​មុខ​ឡើង​ថា
<<យី ! ផ្អក​ចាវ​អី​ក៏​ស្អុយ​ដូច​អាចម៍ គ្មាន​ឆ្អឹង ​និង​សាច់​ កខ្វិក​កខ្វក់ ម៉ដ្ឋ​ផង់​យ៉ាង​ហ្នឹង តើ​ផ្អក​ត្រី​អី?>>
ប្ដី​ថា <<ក្រែង​ត្រី​ពោ។>>
ប្រពន្ធ​ក៏​លូក​កូរ​រាវ​រក​ក្បាល លូក​បាន​ពាក់​កណ្ដាល​ក្អួត​ចង្អោរ ២០ វ៉ក ដឹង​ជាក់​ជា​អាចម៍ មិន​មែន​ផ្អក មក​បន្ទោស​ទៅ​ម្ចាស់​ដើម ឆ្អើម​លេប​បាយ​មិន​រួច។

និយាយ​អំពី​អា​ខូច ត្រេកអរ​ណាស់ ដើរ​ទៅ​ផ្ទះ​អួត​ប្រាប់​ប្រពន្ធ​ថា
<<អាចម៍​មួយ​ពាង​ដូរ​បាន​ដាវ​មួយ​ដែរ។>>
ទទួល​ខឹង​នឹង​ឆ្កែ​វា​នោម​ច្រាស​ស្លឹក​គ្រៃ កន្ទ្រាក់​ដាវ​លោត​ទៅ​ដល់​ដី បម្រុង​នឹង​កាប់​ឆ្កែ​សម្លាប់ ក៏​ចាប់​ដង​ដាវ​ហូត​ខ្វិច​​ឃើញ​ផ្លែ​ដាវ​នោះ​កំប៉ិច គេច​ឡើង​លើ​ផ្ទះ​បង្ហាញ​ប្រពន្ធ​មើល ហើយ​សើច​ទាំង ២ នាក់​ សើច​ហើយ​ប្រាប់​ប្រពន្ធ​ថា
<<ប្រាជ្ញា​អា​នោះ​ស្មើ​នឹង​អញ អញទៅ​បបួល​វា​ធ្វើ​សំឡាញ់​គ្រាន់​រក​ស៊ី​ពីរ​នាក់ នឹង​បាន​មាស​ប្រាក់​ដោយ​ងាយ។>>

លុះ​ទៅ​ប្រទះ​នឹង​អា​ខិល ដើរ​មក​ពី​នាយ​សើច​ពព្រាយ និយាយ​សួរ​ថា <<ឯង​ទៅ​ណា !>>
អា​ខិល​ឆ្លើយ​ថា <<អញ​មក​សុំ​ឯង​ធ្វើ​សំឡាញ់>>
អា​ទី​មួយ​ក៏​ថា <<អញ​សុំ​ឯង​ធ្វើ​ក្លើ​ដែរ>>
ហើយ​ក៏​សុខ​ចិត្ត​ដើរ​ពីរ​នាក់ ទៅ​ដល់​ផ្ទះ​មហាសេដ្ឋី​ម្នាក់​ចាស់ ជរា ឈឺ​ស្លាប់ គេ​ដាក់​ក្នុង​ក្ដារ​មឈូស​បម្រុង​បូជា​ថ្ងៃ​ស្អែក។
ចំណែក​កូន​ចៅ​ និង​ប្រពន្ធ​យំ​សោក​គ្រប់​គ្នា វេលា​នោះ​អា​ទាំងពីរ ស៊ើប​សួរ​អ្នក​ដើរ​ខាង​ក្រៅ​ថា
<<អ្នក​ណា​ស្លាប់ បាន​ជា​គេ​យំ !>>
គេ​ប្រាប់​ថា <<មហា​សេដ្ឋី​ស្លាប់។>>
អា​ទាំងពីរ​នាក់​គិត​គ្នា​ថា ឯង​ត្រូវ​ក្លែង​សំបុត្រ​មួយ​ច្បាប់​ទៅ​ប្រាប់​ថា សំបុត្រ​សេដ្ឋី​ឲ្យ​មក​យក​ទ្រព្យ​របស់ ឯអញ​បន្លំ​លប​ចូល​ដេក​ក្នុង​មឈូសពី​លើ​ខ្មោច​សេដ្ឋី​ ស្ដី​តប​នឹង​ឯង។
ហើយវា​ក៏​បន្លំ​ដេក​ដូច​គំនិត។
អ្នក​នៅ​ជិត​មិន​បាន​ឃើញ មិន​បាន​ដឹង ត្បិត​ភ្នែក​ខំ​សម្លឹង​ប្រឹង​ឈ្ងោក​មើល​ក្រាំង​សូត្រ​ព្រះ​ធម្ម កូន​ចៅ​តូច​ធំ​រវល់​តែ​យំ​សោក។
អា​ខូច​ដើរ​ទៅ​រក​ក្រដាស​បាន​ធ្វើ​សំបុត្រ​ក្លែង កាន់​ដើរ​ទៅ សម្ដែង​សូត្រ​ឲ្យ​គេ​ស្ដាប់ថា
<<សំបុត្រ​អំពី​មហា​សេដ្ឋី​ប្រាប់​ថា​ ចៅ​ខូច​កម្សត់​តាំង​ពី​តូច​ជា​កូន​ធម៌ ឥឡូវ​អាពុក​ជរា​ហើយ កូន​អើយ ! ចូរ​ទៅ​យក​របស់​ទ្រព្យ​ទុក​ចាយ​ឲ្យ​សប្បាយ​ចិត្ត​ចុះ។>>
កូន​ចៅ​ប្រុស​ស្រី គេ​មិន​សុខ​ចិត្ត​ ព្រោះ​ត្បិត​គ្មាន​ត្រា​ហត្ថ​លេខា​សេដ្ឋី។
អា​ខូច​ឆ្លើយ​ថា
<<ខ្ញុំ​សូម​សន្យា​នឹង​អស់​កូន​ចៅ​អញ្ជើញ​ទៅ​ហៅ​​ទៅ​សួរ​លោក​ចុះ បើ​លោក​ស្ដី នុះ​ខ្ញុំ​ត្រង់​ពិត បើ​លោក​ស្ងៀម​នុះ​ខ្ញុំ​ក្លែង​បញ្ឆោត​ទេ។>>
កូន​សេដ្ឋី​ចូល​ភ្លាម​ទៅ​ស្រែក​ហៅ​ឪពុក។
អា​ខិល​ឆ្លើយ​ថា <<អើ !>>
កូន​សួរ​ថា <<ឪពុក​បាន​ឲ្យ​សំបុត្រ​ទៅ​កូន​ធម៌​ មក​យក​របស់​មែន​ឬ?>>
អា​ខិល​ថា <<អើ ! កូន​អញ​ឈ្មោះ​ខូច វា​មក​ហើយ​ឬ !>>
កូន​ឆ្លើយ​ថា <<ទាន​ប្រោស ! មក​ហើយ។>>
អា​ខិល​ថា <<អើ ! មើល​យក​រទេះ​មួយ​ធំ ក្របី​មួយ​នឹម​ទឹម​រទេះ​នោះ ហើយ​យក​មាស ប្រាក់ កែវ កង សំពត់ អាវ វាល់​ផ្ទុក​ក្នុង​រទេះ​ឲ្យ​ល្មម​តែ​ក្របី​នោះ​អូស​រួច​បាន​ប៉ុន្មាន ឲ្យ​វា​យក​ទៅ​ចុះ។>>
កូន​ចៅ​ស្រី​ប្រុស ចាញ់​ឧបាយកល​អា​ខិល​អា​ខូច ក៏​ខឹង​ខ្មោច​សេដ្ឋី ស្លាប់​ហើយ​ចេះ​ស្ដី ហៅ​ពេញ​ជា​អស្ចារ្យ ឥឡូវ​នឹង​បើក​ក្ដារ​មើល​ឲ្យ​ច្បាស់ ចាស់ៗ​ហាម​ប្រាម​ថា
<<មើល​មុខ​ខ្មោច​មិន​បាន ខ្លាច​ដេក​យប់​ទៅ​មមើ​មមាយ>>
ម៉្លោះ​ហើយ​ក៏​ជឿ​ជាក់​យក​មាស ​និង​ប្រាក់ សំពត់ អាវ សំលៀក​បំពាក់ និង​កន្ទេល ពូក ខ្នើយ ហើយ​ថែម តុ ថាស ចាន​ល្អៗ អំបិល​ប្រហុក ៤ ក្រឡ​អង្ករ ៥ ការុង ដាក់​ផ្លុង​ទៅ​ឲ្យ​អា​ខូច​អា​ខិល បង្វិល​រទេះ​យ៉ាង​ធំ ជជែក យំ ទឹក​ភ្នែក​ឲ្យ​ដឹង​ខឹង​ដោយ​បញ្ជោះ ទាំង​ស្រី​ទាំង​ប្រុស ហើយ​ក៏​ដឹក​ក្របី​មួយ​នឹម ទឹម​រទេះ​ប្រគល់​ឲ្យ​អា​ខូច​ទៅ។
អា​នេះ​ត្រេកអរ​ឡើង​បរ​រទេះ​ចេញ​ទៅ អ្នក​ទាំងអស់​ដែល​នៅ​ចេះ​តែ​ជ្រួល មិន​ស្រួល​ព្រោះ​ត្បិត​ខឹង ​និង​ស្ដាយ។
អា​ខិល​លួច​មើល​នាយ​អាយ​លប​ចេញ​ប្រិច រត់​តាម​ទៅ​បន្តិច​ក៏​ទាន់​រទេះ ហើយ​និយាយ​គ្នា​ថា
<<យើង​បាន​ទ្រព្យ​របស់​តែ​ទាស់​ឃ្លាន​បាយ បើ​ឈប់​ដណ្ដាំ​បាយ នៅ​រៀង​អាយ ក្រែង​មិន​ស្ងាត់​ខ្លាច​ចោរ​តាម​មក​ស្ទាក់​ប្លន់​យក​ទ្រព្យ​មួយ​រទេះ បើ​ដូច្នេះ​ឯង​ឈប់​ចាំ​អញ អញទៅ​សុំ​បាយ​គេ​ស៊ី​ខ្លះ យក​ខ្លះ​មក​ឲ្យ​ឯង។>>
អា​មួយ​ព្រម​ហើយ អា​មួយ​ក៏​ដើរ​ទៅ​រក​ថ្នាំ​តាម​ផ្លូវ​យក​មក​នឹង​លាយ​បាយ ឲ្យ​ពុល​ស្លាប់​អន្តរាយ នឹង​យក​ទ្រព្យ​របស់​ទាំងអស់​តែ​ម្នាក់​ឯង។
អា​មួយ​ដែល​នៅ​ចាំ​រទេះ ក៏​ធ្វើ​ខ្នារ​ដាក់​ស្ទាក់​ផ្លូវ​បម្រុង​ឲ្យ​ត្រូវ​អា​នោះ​ស្លាប់ នឹង​យក​ទ្រព្យ​តែ​ម្នាក់​ឯង​ដែរ។

វេលា​នោះ​អា​មួយ​ទៅ​សុំ​បាយ​គេ​ស៊ី ស៊ី រួច​ហើយ​សុំ​មួយ​ចាន​ផ្ញើ​សំឡាញ់ គេ​មិន​កំណាញ់ ក៏​រក​ស្លឹក​ចេក​ខ្ចប់​ឲ្យ​មាន​ទាំង​ត្រី​អាំង​ផង។
អា​នោះ​ក៏​លា​គេ​ដើរ​ចេញ​មក ហើយ​យក​ថ្នាំ​ប្រឡាក់​បាយ មក​ដល់​ខាង​អាយ ក៏​ត្រូវ​នឹង​ខ្នារ​នោះ​ស្លាប់ អា​មួយ​ដើរ​ប្រញាប់​ចាប់​បាយ​ស៊ី ទើប​នឹង​ស្កាំ​អាសិរពិស​ថ្នាំ ក៏​ពុល​ស្លាប់​បន្ទាប់​គ្នា។
ឯ​ក្របី​នោះ ក៏​អូស​រទេះ​ចូល​ព្រៃ រតែក​រតោក​ទៅ​ជ្រក​ក្នុង​ទឹក​ត្រពាំង ប្រឆាំង​ដាច់​ខ្សែ​ទាម ដេក​ត្រាំ​ទឹក​ទៅ។

ដល់​វេលា​ព្រឹក​មាន​បុរស​ម្នាក់ ដើរ​ទៅ​ឃើញ​ទ្រព្យ​របស់​ទាំងអស់ នៅ​ក្នុង​ព្រៃ​នឹក​ម្ដង​ភ័យ នឹក​ម្ដង​អរ​ថា
<<ឯង​អ្នក​ក្រ មិន​ដែល​ប្រទះ​ទ្រព្យ​ច្រើន​ណាស់ដូច្នេះ​ បើ​លៃ​លក​យក​ទៅ​ជា​របស់​ខ្លួន ក្រែង​ពុំ​បាន​សុខ>>
ក៏​រុញ​រទេះ​សម្រុក​ទៅ​ទុក​ក្នុង​ព្រៃ ចង​ក្របី​ជាប់ ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ក៏​ពិសោធន៍​មារយាទ​ប្រពន្ធ​ដោយ​គិត​ថា
<<បើ​ប្រពន្ធ​មារយាទ​ល្អ នឹង​យក​ទ្រព្យ​នោះ​ទៅ​ជា​របស់​ខ្លួន បើ​និយាយ​ទៅ​មិន​ចេះ​លាក់​នឹង​យក​របស់​ទាំងអស់​​ទៅ​ជូន​រាជការ​ផែនដី ជា​ប្រយោជន៍​ដើម្បី​ឲ្យ​តែ​សុខ​ខ្លួន។>>
គិត​ហើយ​ដើរ​ដល់​ផ្ទះ ក៏​កុហក​ប្រាប់​ប្រពន្ធ​ថា
<<អញ​ជុះ​អាចម៍​មិញ មាន​សត្វ​ក្អែក​មួយ​ហើរ​ចេញ​អំពី​ក្ដិត តែ​ឯង​អាណិត​បិត​មាត់​ឲ្យ​ឈឹង កុំ​ឲ្យ​នរណា​គេ​ដឹង​មួយ​ជា​ពីរ តែ​ចូល​ត្រចៀក​គេ​ វា​បែក​ការ​អាក្រក់​ណាស់ កើត​មាន​ជំនុំ​ជម្រះ សួរ​ទៅ​សួរ​មក ហើយ​គ្មាន​ទាំង​សាក្សី​បាន​ដឹង​នឹង​អាង ក្រែង​គេ​យក​អញ​ទៅ​ឆ្កាង ឬ​យក​ទៅ​ដាក់​គុក>>
ប្រពន្ធ​មិន​លាក់​ទុក ក៏​ដើរ​ទៅ​ប្រាប់​គេ​ថា <<មាន​ក្អែក​ហើរ​ចេញ​ពី​ក្ដិត​ប្ដី​អញ តែ​ឯង​កុំ​មាត់។>>
មេ​មួយ​ទៀត​មិន​អត់​ ទៅប្រាប់​គេ​ថែម​ទៀតថា មានក្អែក ៥ ហើយចេះតែប្រាប់​លើស​មួយៗ​ត​គ្នា ដរាប​ដល់​ក្អែក​ដប់។

រឿង​នោះ​ក៏​ជ្រួតជ្រាប​ទៅ​ដល់​ព្រះ​មហាក្សត្រ។ ព្រះមហាក្សត្រទ្រង់​ចាត់​ប្រើ​រាជ​អាមាត្យ ឲ្យ​ស្រាវជ្រាវ​រក​ដល់​បុរស​នោះ។
បុរសនោះក៏​ថ្វាយ​បង្គំ​គាល់ ស្ដេច​ទ្រង់​ឆ្ងល់ ត្រាស់​សួរ​ថា <<មែន ​ឬ​មិនមែន។>>
បុរស​ក្រាប​ទូល​ថា <<ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ កុហក​ប្រពន្ធ​ចង់​ដឹង​ចិត្ត​​ ព្រោះ​ត្បិតប្រទះ​ឃើញ​​ទ្រព្យ​ច្រើន។>>
បុរស​នោះ​រៀបរាប់​ក្រាប​ទូល​ដូច​ខាង​លើ ហើយ​ក្រាប​បង្គំ​លា​ទៅ​ទឹម​រទេះ​យក​ទ្រព្យ​មក​ថ្វាយ​ស្ដេច។
ស្ដេចទ្រង់​ព្រះរាជទាន​ឲ្យ​បុរស​នោះ​ពាក់​កណ្ដាល ពាក់​កណ្ដាល​ដាក់​ឃ្លាំង។

ធ្វើ​ផ្ទះ កុំ​ដាក់​ជណ្ដើរ លោះ​ខ្ញុំ​ប្រើ កុំ​ឲ្យ​បាយ​ស៊ី !

មនុស្សឆោតបួននាក់

កាល​ពីព្រេងនាយ មាន​បុរស​ឆោត ៤ នាក់​​ព្រមព្រៀង​គ្នា​ដើរ​រៀន​ក្ដី។
លុះ​ដើរ​បន្តិច​ទៅ​ចាប់​បាន​អណ្ដើក ៥ បុរស​ទាំង ៤ នាក់​នោះ ក៏​យក​អណ្ដើក​នោះ​មក​ចែក​គ្នា ដល់​ចែក​ទៅ​ចែក​មក នៅ​សល់​អណ្ដើក​មួយ។
មនុស្ស​ទាំងអស់​នោះ មិន​សុខ​ចិត្ត​តែ​រៀង​ខ្លួន ក៏​ចែក​គ្នា​ម្ដង​ទៀត ចែក​ទៅ​ចែក​មក សល់​អណ្ដើក​មួយ​ដដែល មិន​ដឹង​គិត​ធ្វើ​ដូចម្ដេច។
បុរស​ទាំង ៤ នាក់​នោះ ទាល់​គំនិត​ក៏​អង្គុយ​មើល​មុខ​គ្នា ធ្វើ​ភ្នែក​ឡិងឡង់ៗ។

ក្នុង​វេលា​នោះ មាន​បុរស​ម្នាក់​ទៀត​ដើរ​ទៅ​កាន់​ទីនោះ ប្រទះ​នឹង​មនុស្ស​ទាំង ៤ នាក់​នោះ ក៏​ឈរ​មើល​គេ​ចែក​អណ្ដើក​គ្នា ហើយ​បុរស​ម្នាក់​នោះ ឃើញ​ឆោត​ដូច្នោះ​ក៏​សើច ហើយ​និយាយ​នឹង​បុរស ៤ នាក់​នោះថា «មើល​ទៅ​អ្នក​ដូច​ជា​មិន​សូវ​ប្រសប់​សោះ។»
បុរស ៤ នាក់​គ្រាន់​តែ​ឮ​សម្ដី​ប៉ុណ្ណោះ​ក៏​និយាយ​ថា «ឱ​លោក ! បើ​លោក​ចេះ​អាណិត​មក​ចែក​ឲ្យ​យើង​បន្តិច។»
បុរស​ម្នាក់​នោះ​ឮ​ដូច្នោះ ក៏​ដើរ​ចូល​អង្គុយ​ជិត​ចាប់​អណ្ដើក ៥ នោះ​មក ហើយ​រើស​មើល​អណ្ដើក​ណា​ដែល​ធំ​ជាង​គេ យក​មក​ទ្រាប់​អង្គុយ នៅ​សល់​អណ្ដើក ៤ ចែក​ឲ្យ​បុរស ៤ នាក់​នោះ​មួយ​ម្នាក់។

បុរស ៤ នាក់​ក៏​សុខ​ចិត្ត​រៀង​ខ្លួន ហើយ​ទាំងអស់​គ្នា​សួរ​គេ​នោះ​ថា «អ្នក ! មើល​ទៅ​អ្នក​ប្រហែល​ជា​ចេះ​ក្ដី?»
បុរស​នោះ​ឆ្លើយ​ថា «ខ្ញុំ​ចេះ។»
បុរស​ទាំង ៤ នាក់​ក៏​តប​ទៅ​វិញ​ថា «ឱ ! បើ​អ្នក​ចេះ​ក្ដី សូម​មេត្តា​ប្រាប់​យើង​ផង។»
បុរស​ម្នាក់​នោះ​ឆ្លើយ​ថា «បើ​អ្នក​ចូលចិត្ត​ឲ្យ​ខ្ញុំ​ប្រាប់ ត្រូវ​អ្នក​ទន្ទេញ​តាម​ខ្ញុំ។»
បុរស ៤ នាក់​ឆ្លើយ​ថា «បាទ!»
ហើយ​បុរស​នោះ​ប្រាប់​ឲ្យ​អ្នក​ទាំង ៤ នោះ ឲ្យ​ទន្ទេញ​រៀង​ខ្លួន​គឺ៖
ប្រាប់​បុរស​ទី ១ ថា៖ «ទំពក់​វា​ទៅ ទើប​ព្នៅ​វា​ជ្រុះ។»
ប្រាប់​បុរស​ទី ២ ថា៖ «មាន​ប្រឡាយ ទើប​ទឹក​វា​ហូរ។»
ប្រាប់​បុរស​ទី ៣ ថា៖ «មាន​សំរាម ទើប​ឆ្កែ​វា​ជុះ។»
ប្រាប់​បុរស​ទី ៤ ថា៖ «មែន ទើប​គេ​ថា។»

បុរស ៤ នាក់ ក៏​ទន្ទេញ​ពាក្យ​នេះ ចេះ​ចាំ​គ្រប់ៗ​គ្នា​ទៅ។
ហើយ​បុរស ៤ នាក់​នោះ នាំ​គ្នា​ទៅ​ឆ្ងាយ​ទៅ បាន​ដល់​ភូមិ​មួយ នឹង​រក​ផ្ទះ​សម្បែង​សំណាក់​ក៏​គ្មាន។
លុះ​បន្តិច​ទៅ​បាន​ប្រទះ​នឹង​យាយ​ចាស់​មេម៉ាយ​ម្នាក់ ក៏​និយាយ​សុំ​ផ្ទះ​យាយ​ចាស់​នោះ​សំណាក់ គាត់​ក៏​ព្រម​ឲ្យ​។
ហើយ​បុរស​នោះ នាំ​គ្នា​ទាំង ៤ នាក់​សំណាក់​នៅ​ផ្ទះ​យាយ​នោះ​ទៅ។
យប់​នោះ​អ្នក​ទាំង ៤ ក៏​នាំ​គ្នា​ទន្ទេញ​ពាក្យ​ក្ដី ដែល​បុរស​ម្នាក់​នោះ​ប្រាប់​ទន្ទេញ​មិន​ឈប់​ឈរ​ទាល់​តែ​ភ្លឺ។

យាយ​ចាស់​ខឹង​ណាស់​ព្រឹក​ឡើង​គាត់​ទៅ​ប្ដឹង​មេ​ស្រុក !
យប់​មិញ​នោះ​ មាន​បុរស ៤ នាក់​មក​សុំ​ផ្ទះ​ខ្ញុំ​សំណាក់ បុរស​ទាំង ៤ នាក់​ចេះ​តែ​និយាយ​ទន្ទេញ​ទាល់​តែ​ភ្លឺ តែ​មិន​ដឹង​ពាក្យ​ថា​ដូចម្ដេច ស្ដាប់​មិន​បាន​សោះ ខ្ញុំ​ខាន​ដេក​វាល់​ព្រឹក។
ហេតុនេះ​ខ្ញុំ​មក​ប្ដឹង​លោក សូម​លោក​ហៅ​មនុស្ស​ទាំង ៤ នាក់​នោះ មក​ជំនុំ​ជម្រះ​ឲ្យ​ខ្ញុំ។
មេ​ស្រុក​បាន​ស្ដាប់​ក៏​ឲ្យ​បម្រើ​ទៅ​ហៅ​បុរស​ទាំង ៤ នាក់​នោះ​មក ហើយ​សួរ​ថា «ហេតុ​ដូចម្ដេច​បាន​ជា​ឯង​ទន្ទេញ​អ្វី​ទាល់​តែ​ភ្លឺ រក​តែ​យាយ​ចាស់​គាត់​ដេក​ពួន​មិន​បាន ចុះ​ដែល​ឯង​ទន្ទេញ​នោះ​តើ​ទន្ទេញ​ពាក្យ​អ្វី?»
បុរស​ទាំង ៤ នាក់​នោះ​ឆ្លើយ​ថា «ខ្ញុំ​ទន្ទេញ​ពាក្យ​ក្ដី។»
មេ​ស្រុក​បង្គាប់​ទៅទៀត​ថា «ចូរ​ឯង​រាល់​គ្នា​សូត្រ​ពាក្យ​នោះ ម្ដង​ម្នាក់​ទៅ​មើល ! អញ​នឹង​ស្ដាប់។»
​បុរស​ទី ១ ថា៖ «ទំពក់​វា​ទៅ ទើប​ព្នៅ​វា​ជ្រុះ។»
​បុរស​ទី ២ ថា៖ «មាន​ប្រឡាយ ទើប​ទឹក​វា​ហូរ។»
​បុរស​ទី ៣ ថា៖ «មាន​សំរាម ទើប​ឆ្កែ​វា​ជុះ។»
​បុរស​ទី ៤ ថា៖ «មែន ទើប​គេ​ថា។»

ស្ដាប់​ពាក្យ​នោះ​ហើយ មេ​ស្រុក ក៏​កាត់​សេចក្ដី​ថា «ឯង​ទាំង ៤ នាក់​ត្រូវ​នៅ​ជា​ខ្ញុំ​បម្រើ​យាយ​ចាស់​នេះ»។
បុរស​អស់​នោះ ក៏​ទៅ​នៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​យាយ​នោះ​ទៅ។
យាយ​នោះ​គាត់​ប្រើ​ឲ្យ​ធ្វើ​ការ​សព្វ​សារពើ​តែ​រាល់​ថ្ងៃ។

លុះ​នៅ​នឹង​យាយ​នោះ​បាន ២- ៣ ខែ​ទៅ យាយ​គាត់​ប្រើ​បុរស​ទាំង ៤ នាក់​នោះ ឲ្យ​ទៅ​កាប់​ឈើ​ធ្វើ​ទូក។
អ្នក​ទាំង ៤ នាក់​ក៏​នាំ​គ្នា​ចូល​ទៅ​ដល់​ព្រៃ​ធំ ហើយ​ដើរ​រក​ឈើ​ណា​មាន​ប្រហោង​ទើប​កាប់។
លុះ​ចូល​ទៅ​ដល់​ក្នុង​ព្រៃ​ជ្រៅ​បាន​ប្រទះ​ឈើ​ធំ ១ ដើម មាន​ប្រហោង​បុរស​ទាំង ៤ និយាយ​គ្នា​ថា «យើង​បាន​ប្រទះ​ឈើ​ប្រហោង​ហើយ យើង​ត្រូវ​នាំ​គ្នា​កាប់​ឈើ​នេះ។»
បុរស​ទាំង ៤ នាក់​មូល​មាត់​គ្នា​ ក៏​កាប់​រលំ​ឈើ​ប្រហោង​នោះ លុះ​ឈើ​ជិត​រលំ​បុរស​ទាំង ៤ នាក់​ស្រែក​ថា «កន​យើង ! ជិត​រលំ​ហើយ អាណា​ម្នាក់​រត់​ទៅ​ចាំ​ទ្រ​កុំ​ឲ្យ​បែក​ឈើ​យើង ក្រែង​ធ្វើ​ទូក​មិន​កើត។»
បុរស​ម្នាក់​ក៏​ស្ទុះ​ទៅ​ចាំ​ទ្រ ដល់​ឈើ​នោះ​បាក់​មក​សង្កត់​ស្លាប់​ធ្វើ​មាត់​ស្ញេញ។
បុរស ៣ នាក់​ឃើញ​ដូច្នោះ ក៏​នាំ​គ្នា​សើច​ថា «យើ​អានេះ ខ្លាំង​ណាស់​វ៉ឺ ! ឈើ​ទំហំ​ប៉ុណ្ណឹង​កោត​តែ​វា​ទ្រាំ​បាន ហើយ​វា​សើច​ថែម​ទៀត។»
បុរស​៣ នាក់​នាំ​គ្នា​មើល​បុរស​ម្នាក់​ដែល​ស្លាប់ ដល់​យូរ​ពេក​ក៏​ស្រែក​ហៅ​ថា «យី ! មក​ឆាប់​ឡើង​នឹង​អាល​ទៅ ឃ្លាន​បាយ​ណាស់។»

លុះ​ឃើញ​នៅ​ស្ងៀម ក៏​នាំ​គ្នា​ដើរ​ចូល​ទៅ​មើល។
កាល​ដឹង​ថា បុរស​នោះ​ស្លាប់ បុរស ៣ នាក់​ភ័យ​ណាស់ និយាយ​គ្នា​ថា «យើង​នៅ​មិន​បាន​ទេ តែ​យើង​ខំ​នៅ មុខ​ជា​គេ​ប្ដឹង​ថា​ យើង​វាយ​សម្លាប់​អា​នេះ បើ​ដូច្នេះ​ត្រូវ​យើង​នាំ​គ្នា​រត់»
ថា​ហើយ ក៏​ព្រមព្រៀង​គ្នា​រត់​ទៅ។

ដល់​ពេល​យប់​វង្វេង​ផ្លូវ​មិន​ដឹង​រត់​ទៅ​ឯណា ក៏​ស្រាប់​តែ​វិលវល់ ទៅ​ត្រង់​កំពង់​ផ្ទះ​យាយ ហើយ​នាំ​គ្នា​លួច​ទូក​យាយ​នោះ​អុំ​ទៅ​ត្រើយ​ម្ខាង។
បុរស​ទាំង ៣ នាក់​នាំ​គ្នា​ចុះ​ទូក ម្នាក់​នៅ​ខាង​កន្សៃ​បែរ​មុខ​ទៅ​ខាង​កន្សៃ ម្នាក់​នៅ​ខាង​ក្បាល​ក៏​បែរ​មុខ​ទៅ​ខាង​ក្បាល ម្នាក់​ទៀត​អង្គុយ​កណ្ដាល​បាច​ទឹក​ទូក ​តែ​មិន​បាន​ស្រាយ​ខ្សែ​ចំណង​ទូក​នោះ​ចេញ ចេះ​តែ​នាំ​គ្នា​អុំ។

អុំ​មួយ​យប់​ទាល់​ភ្លឺ​នៅ​តែ​ដដែល។
លុះ​ភ្លឺ​ស្រាង​ឡើង​យាយ​ចាស់​ចុះ​ដង​ទឹក ប្រទះ​បុរស​៣​នាក់​ ហើយ​ស្រែក​ថា «យើ​អានេះ​ រត់​ទៅ​ណា?»
បុរស ៣ នាក់​ក្រឡេក​ឃើញ​យាយ​ចាស់​ជា​ចៅហ្វាយ​ខ្លួន ក៏​ទាល់​ប្រាជ្ញា​មិន​ដឹង​បើ​រត់​ទៅ​ណា ក៏​ទៅ​នៅ​បម្រើ​យាយ​ចាស់​វិញ​ដដែល​ទៅ។

ចេះរបេះ​ក្បាច់ !

បុរស​ចេះ​ថ្នាំ​ពិស​ពស់

មាន​ថ្ងៃ​មួយ បុរស​ឈ្មោះ​សុខ ធ្វើ​ដំណើរ​ទៅ​កាប់​ឧស​ក្នុង​ព្រៃ។
លុះ​ទៅ​ដល់​ព្រៃ ជា​កន្លែង​កាប់​ឧស​នោះ​ហើយ ឃើញ​ខ្លា​ធំ​មួយ​ស្លាប់​នៅ​ជើង​ដំបូក​ក្បែរ​ច្រក​ផ្លូវ​ចូល។

ចៅ​សុខ​ពិនិត្យ​មើល​ហេតុ​សព្វ​គ្រប់​ទៅ​ឃើញ​ថា ខ្លា​នេះ​ស្លាប់​ដោយ​ពស់​ចឹក ព្រោះ​នៅ​ខាង​ក្រោម​ខ្លា​នោះ​មាន​រន្ធ​ពស់​មួយ។
បុរស​នោះ​មាន​ចិត្ត​សប្បុរស​ចំពោះ​សាកសព​សត្វ​នោះ​ណាស់ ក៏​ស្រាយ​ថង់​យាម​យក​ថ្នាំ​មក​ដុះ​លាប​ស្រឡាប​ឲ្យ។
លុះ​បាន​មួយ​ស្របក់ ខ្លា​ដឹង​ខ្លួន​ឡើង​ឃើញ​ខ្លួន​ប្រឡាក់​សុទ្ធ​តែ​ថ្នាំ​ដែល​លាប ក៏​មាន​សេចក្ដី​ទោមនស្ស​នឹង​បុរស​ដែល​លាប​ថ្នាំ​ឲ្យ ហើយ​ស្ដី​ឲ្យ​ថា
<< ហេតុ​ដូចម្ដេច​បាន​ជា​អ្នក​ឯង​ហ៊ាន​យក​អ្វី​មក​ប្រឡាក់​ខ្លួន​អញ​យ៉ាង​នេះ ! >>
បុរស​នោះ​ឆ្លើយ​ថា
<< ​យើង​ដើរ​មក បាន​ឃើញ​បង​ឯង​ស្លាប់​ដោយ​ពស់​ចឹក ហើយ​យើង​ដុះ​ថ្នាំ​ស្រឡាប​លាប​ឲ្យ​បង​ឯង​រស់​តើ ! >>
ខ្លា​ថា
<< ​អញ​មាន​ស្លាប់​អី ពស់​ចឹក​អញ​កាលណា ! អញ​កំពុង​ដេក​លក់​ស្រួល​ទេ​តើ ! បើ​ដូច្នោះ​ អញ​ត្រូវ​ប្រហារ​ជីវិត​ឯង​ធ្វើ​ជា​អាហារ។ >>

ចៅ​សុខ​មាន​សេចក្ដី​តក់​ស្លុតនឹង​សេចក្ដី​ស្លាប់​ជា​ខ្លាំង ក៏​អង្វរ​ខ្លា​ថា​
<< បង​អើយ ! អាណិត​យើង​ផង កុំ​អាល​ពិឃាដ​យើង​ក្នុង​គ្រា​នេះ ចាំ​យើង​ទៅ​រក​អ្នក​ប្រាជ្ញ​ណា​ឲ្យ​​គេ​ជំនុំ​ជម្រះ​ឲ្យ បើ​រក​ទៅ​ឃើញ​ថា ​យើង​ខុស សឹម​បង​ប្រហារ​ជីវិត​យើង បើ​យើង​ត្រូវ ត្រូវ​ទុក​ជីវិត​យើង។ >>
ខ្លា​ក៏​ព្រម​តាម​សេចក្ដី​អង្វរ​របស់​ចៅ​សុខ។

ចៅ​សុខ​វិល​មក​វិញ ប្រទះ​សេះ​ និង​ក្របី​នៅ​ក្បែរ​ផ្លូវ​ក៏​និយាយ​ថា
<< បង​ទាំង​ពីរ​អាណិត​ជួយ​យក​អាយុ​យើង​ផង ព្រោះ​ខ្លា​ដែល​ពស់​ចឹក​បាន​រស់​ឡើង ដែល​យើង​ដាក់​ថ្នាំ​ឲ្យ តែ​វា​ប្រាថ្នា​ប្រហារ​ជីវិត​យើង ថា​យើង​ធ្វើ​ឲ្យ​វា​ភ្ញាក់ ហើយ​ធ្វើ​ឲ្យ​ប្រឡាក់​ខ្លួន​វា​អស់។ >>
សត្វ​ទាំងពីរ​ដឹង​សេចក្ដី​សព្វគ្រប់ ក៏​ពិចារណា​ទៅ​ឃើញ​ថា តាម​ពិត​ត្រូវ​តែ​ទៅ​កាត់​សេចក្ដី​ឲ្យ​បុរស​នេះ​ឈ្នះ​ខ្លា ប៉ុន្តែ​បើ​អញ​ឲ្យ​បុរស​នេះ​ឈ្នះ​ទៅ មុខ​ជា​ខ្លា​គុំ​អញ ស៊ី​អញ​ជា​អាហារ​ពុំ​លែង​ ក៏​ប្រាប់​ទៅ​ចៅ​សុខ​ថា
<< បង​ឯង​ខុស​មែន​ហើយ ​ត្រូវ​ឲ្យ​ខ្លា​ស៊ី​ទៅ។ >>

ចៅ​សុខ​រឹត​តែ​ភ័យ​ឡើង​ក៏​លា​សេះ​ និង​ក្របី ដើរ​យ៉ាង​លឿន​ទៅ​ទៀត លុះ​ប្រទះ​នឹង​សុភាទន្សាយ។
ចៅ​សុខ​ក៏​ប្ដឹង​តាម​ដំណើរ។
សុភា​ទន្សាយ​ដឹង​រឿង​សព្វគ្រប់ ក៏​ប្រាប់​សុខ​ថា​
<< ឲ្យ​ទៅ​និយាយ​អង្វរ​ខ្លា​ទៀត​ទៅ​ សឹម​យើង​ទៅ​ជួប។ >>

គ្រា​ដែល​បុរស​នោះ កំពុង​ជជែក​នឹង​ខ្លា សុភាទន្សាយ​ទៅ​ដល់ ក៏​ធ្វើ​ជា​សួរ​ថា​
<< បង​ឯង​ទាំងពីរ​នាក់​ទាស់​គ្នា​ពី​រឿង​អ្វី ! >>
ខ្លា ​និង​ចៅ​សុខ​ ក៏​បាន​ប្ដឹង​តាម​ដំណើរ​រៀងៗ​ខ្លួន។

សុភាទន្សាយ កាត់​សេចក្ដី​ថា
<< បើ​ដូច្នេះ​ត្រូវ​បង​ខ្លា​ឯង​ទៅ​ដេក​នៅ​ត្រង់​កន្លែង​ដដែល ឲ្យ​យូរ​ដូច​ពី​មុន បើ​ដល់​ពេល​ត្រូវ​ភ្ញាក់ ហើយ​ពុំ​ស្លាប់​ទេ សឹម​បង​ឯង​មក​ពិឃាដ​មនុស្ស​នេះ​​ធ្វើ​ជា​អាហារ​ចុះ។ >>

ខ្លា​ទៅ​ដេក​តាម​បង្គាប់ ពស់​ក៏​ចេញ​ពី​រន្ធ​មក​ចឹក​ខ្លា​នោះ​ស្លាប់​ទៅ។
សុភាទន្សាយ​ឃើញ​ខ្លា​ស្លាប់​ហើយ ​ក៏​ប្រាប់​ទៅ​បុរស​នោះ​ថា
<< បង​ឯង​កុំ​លាប​ថ្នាំ​ឲ្យ​វា​ទៀត។ >>
​ប្រាប់​ហើយ ក៏​លា​ចៅ​សុខ​ទៅ​លំនៅ​វិញ ។

ធ្វើ​គុណ បាន​ទោស!

អា​កុហក​ស៊ី

កាល​ពីព្រេងនាយ មាន​ក្មេង​ម្នាក់​នៅ​ជា​មួយ​ម្ដាយ ចិញ្ចឹម​ជ្រូក​កម្រៀវ ១។
ដល់​ជ្រូក​នោះ​ធំ​ឡើង ក្មេង​នោះ​ចង់​ស៊ី​សាច់​ជ្រូក ក៏​និយាយ​នឹង​ម្ដាយ​ថា
«ម៉ែ ! ខ្ញុំ​ចង់​ស៊ី​សាច់​ជ្រូក សូម​ម៉ែ​ឲ្យ​ខ្ញុំ​កាប់​ជ្រូក​យើង​នោះ​ស៊ី​ផឹក​ស្រា​ទៅ ?» ។
ម្ដាយ​ឃាត់​ថា
«កុំ ! ឯង​ស៊ី​អី​ក៏​ច្រើន​ម្ល៉េះ ទុក​វា​នឹង​លក់​យក​ប្រាក់​កាស​ចាយ» ។
កូន​ឮ​ម្ដាយ​ឃាត់​ដូច្នោះ ក៏​នឹក​តែ​ក្នុង​ចិត្ត​ចង់​ស៊ី​សាច់​ជ្រូក​តែ​សព្វ​ថ្ងៃ​ពុំ​មាន​ភ្លេច ។

មាន​កាល​មួយ​ថ្ងៃ​ កូន​នោះ​ភ្ញាក់​ឡើង​ពី​ដេក និយាយ​ប្រាប់​ម្ដាយ​ថា
«ត្បិត​ទេវតា​ប្រាប់​ខ្ញុំ​ថា មាន​មាស​ប្រាក់​ច្រើន​ណាស់​ម៉ែ សូម​ម៉ែ​ជូន​ខ្ញុំ​ទៅ​យក» ។
ម្ដាយ​ឮ​កូន​និយាយ​ប្រាប់​ដូច្នោះ​សួរ​ថា «មាស​ប្រាក់​នៅ​ឯណា» ។
កូន​ឆ្លើយ​ថា «ម៉ែ​ទៅ​នឹង​ខ្ញុំ​ចុះ បើ​ខ្ញុំ​បង្គាប់​ដូចម្ដេច​ម៉ែ​ធ្វើ​តាម​ខ្ញុំ» ។
កូន​យក​កញ្ជើ​នាំ​ម្ដាយ​ដើរ​ទៅ​ក្នុង​ព្រៃ​ឆ្ងាយ​អំពី​ស្រុក ហើយ​កូន​យក​កញ្ជើ​ទៅ​គ្រប​លើ​ដី ប្រឹង​សង្កត់​ហើយ​ស្រែក​ប្រាប់​ម្ដាយ​ថា
«ម៉ែ ! ជួយ​សង្កត់​ផង មាស​ប្រាក់​នៅ​ក្នុង​ដី​នេះ​ច្រើន​ណាស់ ម៉ែ​សង្កត់​ឲ្យ​ជាប់​ចុះ ខ្ញុំ​នឹង​ទៅ​រក​ចប​ជីក មក​ជីក​យក​មាស​ប្រាក់ ។ ម៉ែ​ឯង​នៅ​សង្កត់​ឲ្យ​ជាប់​កុំ​លែង បើ​ម៉ែ​លែង មាស​ប្រាក់​នឹង​បាត់​អស់​ទៅ» ។
ឯ​ម្ដាយ​ឮ​កូន​ថា​ដូច្នោះ​ក៏​ខំ​សង្កត់​កញ្ជើ​នោះ​ឲ្យ​កូន ឯ​កូន​នោះ​ក៏​រត់​ត្រឡប់​មក​ផ្ទះ​វិញ ចាប់​ជ្រូក​នោះ​យក​មក​កាប់​ចម្អិន​ជា​អាហារ បបួល​អស់​បងប្អូន​អ្នក​ផ្ទះ​ជិត​ខាង​មក​ស៊ី​ផឹក​ស្រា​លេង​សប្បាយ ។

ម្ដាយ​នៅ​ចាំ​កូន​ឯ​ព្រៃ ទន្ទឹង​ពុំ​ឃើញ​មក​ឃ្លាន​បាយ​អស់​កម្លាំង រោយ​ដៃ​រោយ​ជើង របូត​ចេញ​ពី​លើ​កញ្ជើ​ពុំ​ឃើញ​មាន​អ្វី​សោះ ។
លុះ​ម្ដាយ​ចាំ​កូន​យូរ​ពេក នឹក​ថា​កូន​បញ្ឆោត​ហើយ ក៏​លែង​កញ្ជើ​ចោល​ត្រឡប់​ទៅ​ផ្ទះ​វិញ ឃើញ​កូន​កំពុង​តែ​ស៊ី​សាច់​ជ្រូក​ផឹក​ស្រា​លេង​សប្បាយ​ដូច្នោះ ក៏​ខឹង​នឹង​កូន​ណាស់ ហើយ​និយាយ​នឹង​ប្អូន​ខ្លួន​ថា
«ត្បិត​កូន​នោះ​វា​ខូច​ណាស់ ទុក​ចិញ្ចឹម​មិន​បាន​ទេ ត្រូវ​ឯង​ច្រក​ការុង​យក​ទៅ​ទម្លាក់​ក្នុង​ទឹក​សម្លាប់​ទៅ» ។
ប្អូន​ឮ​ដូច្នោះ សួរ​ទៅ​បង​ថា
«ដំណើរ​ដូចម្ដេច បាន​ជា​យក​កូន​ច្រក​ការុង​​ទៅ​ចោល​ក្នុង​ទឹក​សម្លាប់ ?» ។
បង​និយាយ​ប្រាប់​ទៅ​ប្អូន​តាម​ដំណើរ​សព្វ​គ្រប់​ថា
«វា​ចេះ​បញ្ឆោត​អញ​ឲ្យ​ទៅ​ក្នុង​ព្រៃ ថា​ទៅ​យក​មាស​ប្រាក់ ហើយ​ឲ្យ​អញ​នៅ​ចាំ​ក្នុង​ព្រៃ លុះ​ត្រា​តែ​ដល់​ថ្ងៃ​ឃ្លាន​បាយ​ស្ទើរ​តែ​នឹង​ដាច់​ពោះ ឯ​វា​មក​កាប់​ជ្រូក ស៊ី​ផឹក​ស្រា​លេង​សប្បាយ ជ្រូក​អញ​តែ​មួយ​ទុក​លក់​ឲ្យ​គេ យក​ប្រាក់​ចាយ​ទេ​តើ » ។
ប្អូន​នោះ​ក៏​ទៅ​ចាប់​ អា​កុហក​ស៊ី​ ច្រក​ក្នុង​ការុង​ធំ ចង​មាត់​ការុង​ជាប់​ល្អ ហើយ​លើក​លី​យក​ទៅ​នឹង​ចោល​ក្នុង​ទឹក​ទន្លេ។
លុះ​ទៅ​ដល់​មាត់​ទន្លេ​ អា​កុហក​ស៊ី និយាយ​នឹង​មា​វា​ថា
«លោក​មា​អាណិត​ខ្ញុំ ខ្ញុំ​មុខ​ជា​ស្លាប់​ហើយ បើ​ដូច្នេះ​សូម​លោក​មា​អាណិត​ទៅ​យក​ក្បួន​កុហក មក​ឲ្យ​ខ្ញុំ​បន្តិច ត្បិត​ខ្ញុំ​ស្លាប់​ទៅ​នឹង​ទៅ​នៅ​ឯ​ឋាន​ខ្មោច បើ​គ្មាន​ក្បួន​កុហក​នឹង​កុហក​ខ្មោច​ស៊ី​ពុំ​បាន​ទេ នោះ​នឹង​ដាច់​ពោះ​ស្លាប់» ។
ឯ​មា​ឮ​ក្មួយ​អង្វរ​ដូច្នោះ ក៏​សួរ​ទៅ​ក្មួយ​វិញ​ថា «ក្បួន​កុហក​នោះ ឯង​ទុក​នៅ​ឯណា? » ។
ក្មួយ​ប្រាប់​ទៅ​មា​ថា «ខ្ញុំ​ដាក់​នៅ​លើ​ធ្នឹម» ។ មា​ក៏​ដាក់​អា​កុហក​ស៊ី​ទុក​ចោល​នៅ​មាត់​កំពង់​ទឹក ហើយ​ត្រឡប់​ទៅ​រក​ក្បួន​នឹង​យក​មក​ឲ្យ​អា​កុហក​ស៊ី​វិញ។

កាល​នោះ​មាន​មនុស្ស​កើត​ឃ្លង់​ម្នាក់ ដើរ​មក​ជិត​ អា​កុហក​ស៊ី។
អា​កុហក​ស៊ី ក៏​ធ្វើ​និយាយ​ថា
«អញ​មក​តម​ឃ្លង់​ក្នុង​ការុង​នេះ យូរ​ថ្ងៃ​ហើយ មិន​ដឹង​ជា​ហើយ​ឬ​នៅ ឃើញ​ហាក់​ដូច​សះ​ជា​ហើយ»។
មនុស្ស​ឃ្លង់​ឮ​អា​កុហក​ស៊ី​ថា តម​ឃ្លង់​ក្នុង​ការុង​ដូច្នោះ​ ដោយ​ខ្លួន​កើត​ឃ្លង់​ផង ក៏​សួរ​ថា
«តម​ឃ្លង់​ក្នុង​ការុង​នេះ​បាន​ជា​ឬ ?» ។
អា​កុហក​ស៊ី​ ប្រាប់​ថា​​ ត្បិត​ខ្ញុំ​កើត​ឃ្លង់ គេ​ឲ្យ​តម​ក្នុង​ការុង​នេះ​យូរ​ថ្ងៃ​ហើយ មិន​ដឹង​ជា​ហើយ​ឬ​នៅ​ទេ​​ អាណិត​ស្រាយ​មាត់​ការុង​ឲ្យ​ខ្ញុំ​បន្តិច»។
មនុស្ស​ឃ្លង់​ក៏​ស្រាយ​មាត់​ការុង​ឲ្យ​ អា​កុហក​ស៊ី​ ចេញ​មក។
អា​កុហក​ស៊ី​ ចេញ​ពី​ការុង​បោស​ខ្លួន​មើល ហើយ​ប្រាប់​ថា​ ជា​ឃ្លង់​ហើយ !
អា​គម្លង់​ឮ​ពាក្យ​ អា​កុហក​ស៊ី​ ថា​តម​ឃ្លង់​ក្នុង​ការុង​ជា​ដូច្នោះ ក៏​និយាយ​ថា ​ឲ្យ​គ្នា​តម​ឃ្លង់​ផង។
អា​កុហក​ស៊ី​ ឮ​ដូច្នោះ​អរ​ណាស់​គិត​ថា «អញ​អស់​ស្លាប់​ហើយ» បាន​ជា​អា​គម្លង់​ស្លាប់​ជួស។
អា​កុហក​ស៊ី​ប្រាប់​ អា​គម្លង់​ថា បើ​ឯង​ចង់​ជា​ឃ្លង់​ឆាប់ ត្រូវ​កាន់​ត្រណម​ឲ្យ​ជាប់​កុំ​និយាយ​ស្ដី​នឹង​អ្នកណា​ឲ្យ​សោះ បើ​នរណា​មក​សួរ​ក្ដី មក​ជេរ មក​វាយ​ដូចម្ដេចៗ​ក្ដី ត្រូវ​កុំ​និយាយ កុំ​ស្ដី ខំ​កាន់​ត្រណម​ឲ្យ​ខ្ជាប់ ទើប​បាន​ជា​ឆាប់។
អា​គម្លង់​ឮ​អា​កុហក​ស៊ី​ថា​ដូច្នោះ ក៏​ទទួល​ចាំ​ ហើយ​ចូល​ទៅ​ក្នុង​ការុង។
អា​កុហក​ស៊ី​ចង​មាត់​ការុង​ជាប់​ហើយ​រត់​បាត់​ទៅ។

មា​នោះ រក​តម្រា​អា​កុហក​ស៊ី​ពុំ​ឃើញ ដឹង​ថា អា​កុហក​ស៊ី​បញ្ឆោត​ខ្លួន​ ខឹង​ណាស់ ក៏​នឹក​ក្នុង​ចិត្ត​ថា បើ​អញ​ទៅ​ដល់​អញ​នឹង​ទម្លាក់​វា​ទៅ​ក្នុង​ទឹក​ឲ្យ​ស្លាប់​ភ្លាម ហើយ​ខំ​ដើរ​ទៅ​ដល់​ ហើយ​ក៏​ស្ទុះ​ចូល​ទៅ​ដាល់​វាយ​អា​គម្លង់ ដោយ​ស្មាន​ថា​ជា ​អា​កុហក​ស៊ី។
អា​គម្លង់​ខំ​អត់​ ព្រោះ​ចង់​ជា​ឃ្លង់ លុះ​វាយ​ធាក់​អស់​ចិត្ត​ហើយ មា​នោះ​ក៏​លើក​ការុង​បោះ​ទៅ​ក្នុង​ទឹក​ឲ្យ​ស្លាប់។

ឯ​អា​កុហក​ស៊ី រត់​រួច​ពី​នេះ​ទៅ ទៅជួប​នឹង​មនុស្ស​កុហក​ម្នាក់ ចេះ​កុហក​ដូច​គ្នា​កំពុង​តែ​មុជ​ទឹក។
អា​កុហក​នោះ ឃើញ​អា​កុហក​ស៊ី​កំពុង​ដើរ​ទៅ​ពី​ចម្ងាយ ក៏​ធ្វើ​ជា​មុជ​ទឹក​យូរ​បន្តិច​ងើប​ឡើង ហើយ​លើក​កាស​ឡើង​បង្ហាញ​ថា
«អញ​មុជ​ទឹក​ទៅ​ខាង​ក្រោម មាន​គេ​លេង​បៀ​ អញ​លេង​ឈ្នះ បាន​កាស​ប្រាក់​ច្រើន ប៉ុន្តែ​យក​មក​មិន​រួច យក​បាន​តែ​មួយ​ត្រណោត​មក»។
អា​កុហក​ស៊ី ឮ​ដូច្នោះ​ក៏​ជឿ​គិត​ស្មាន​ថា​មែន ហើយ​ក៏​ផ្លាស់​សំពត់​លោត​ចុះ​ទៅ​ក្នុង​ទឹក ខំ​មុជ​ទៅ​ទង្គិច​ក្បាល​នឹង​គល់​ឈើ​បែក​ឈាម ដឹង​ខ្លួន​ថា គេ​ជា​មនុស្ស​កុហក ​ក៏​នឹក​ក្នុង​ចិត្ត​ឃើញ​ឧបាយ​កុហក​វិញ ហើយ​ងើប​ឡើង និយាយ​ទៅ​នឹង​អា​ដែល​បញ្ឆោត​នោះ​ថា
«អ្នក​អើយ ! ខ្ញុំ​មុជ​ទឹក​ទៅ​តាម​ពាក្យ​អ្នក​ឯង​អម្បាញ់មិញ បាន​ឃើញ​គេ​លេង​បៀ ប៉ោ ធួ​កំតាត់​ ច្រើន​ណាស់ ហើយ​ខ្ញុំ​លេង​ឈ្នះ​គេ បាន​ប្រាក់​កាស​ច្រើន ខ្ញុំ​ទារ​ពី​គេ គេ​ថា​ឲ្យ​មក​ទារ​យក​ពី​អ្នក​ឯង​នេះ តែ​ខ្ញុំ​មិន​ព្រម ខ្ញុំ​ចង់​តែ​ទារគេ គេ​ខឹង​នឹង​ខ្ញុំ​ គេ​វាយ​ខ្ញុំ​បែក​ក្បាល ហើយ​គេ​ថា ឲ្យ​ខ្ញុំ​មក​យក​ពី​អ្នក​ឯង បើ​អ្នក​មិន​ជឿ​​ អ្នក​មើល​ក្បាល​ខ្ញុំ​ដែល​បែក​នេះ​ចុះ។

អា​កុហក​នោះដឹង​ថា​ អា​កុហក​ស៊ី​ មាន​ប្រាជ្ញា ចេះ​កុហក​ទល់​នឹង​កុហក​មិន​ចាញ់​ខ្លួន ក៏​ស្រាយ​កាស​ចែក​ឲ្យ​ពាក់​កណ្ដាល ហើយ​សុំ​គ្នា​ធ្វើ​ជា​បងប្អូន ដើរ​រក​ស៊ី​កុហក​គេ​តាំង​ពី​ថ្ងៃ​នោះ​ទៅ។

បន្លា​មុត យក​បន្លា​ជោះ !

មាយា​ស្រី

កាល​ពីព្រេងនាយ មាន​បុរស​ម្នាក់ មាន​ប្រពន្ធ​នៅ​ជាមួយ​គ្នា តែ​ពុំ​មាន​កូន លុះ​យូរ​ទៅ​ ប្រពន្ធ​នោះ​មាន​សហាយ នាំ​មក​ដេក​ក្នុង​ផ្ទះ​តែ​សព្វ​ថ្ងៃ។

ថ្ងៃ​មួយ ប្ដី​ទៅ​ជីក​ដំឡូង​ក្នុង​ព្រៃ ដល់​ថ្ងៃ​ក្ដៅ​ចូល​ទៅ​អាស្រ័យ​នៅ​ខ្ទម​អ្នកតា ១ ។
ប្រពន្ធ​រៀប​ចំ​អីវ៉ាន់​ទៅ​បន់​អ្នកតា​នោះ ឲ្យ​ទៅ​ធ្វើ​ប្ដី​ឲ្យ​ស្លាប់​ នឹង​យក​សហាយ​ធ្វើ​ប្ដី។
រៀប​ស្រេច​ហើយ​ ក៏​យក​អីវ៉ាន់​នោះ​ដើរ​ចូល​ទៅ​ក្នុង​ខ្ទម​អ្នកតា​នោះ។
ប្ដី​ឃើញ​ប្រពន្ធ​ដើរ​ចូល​​ទៅ​ខ្ទម​អ្នកតា ក៏​នឹក​ឆ្ងល់​ថា​ ប្រពន្ធ​អញ វា​មក​រក​អ្វី​ក្នុង​ខ្ទម​អ្នកតា​នេះ?
គិត​ហើយ​ក៏​ចូល​ទៅ​ពួន​ក្រោយ​ខ្នង​អ្នកតា លប​ស្ដាប់​ប្រពន្ធ។

ឯ​ប្រពន្ធ ក៏​ចូល​ទៅ​អុជ​ទៀន​ធូប ហើយ​បន់​អ្នកតា​ថា «ខ្ញុំ​មិន​ចង់​យក​ប្ដី​ខ្ញុំ​ទេ ខ្ញុំ​យក​ប្ដី​ទៀត សូម​អ្នកតា​កាច់​ប្ដី​ខ្ញុំ​ឲ្យ​ស្លាប់​ទៅ ខ្ញុំ​នឹង​ថ្វាយ​ជ្រូក​មួយ» ។
ប្ដី​ឮ​ដូច្នោះ ក៏​ឆ្លើយ​ឡើង​ពី​ក្រោយ​ខ្នង​អ្នកតា «អើ​ បើ​នាង​មាន​សហាយ​ ហើយ​បើ​ចង់​ឲ្យ​កាច់​ប្ដី​នាង​ឯង​ឲ្យ​ស្លាប់​នោះ ងាយ​ទេ វិល​ទៅ​ផ្ទះ​វិញ ត្រូវ​រក​មាន់​ក្រាប​ទាំង​មេ​ទាំង​ពង​មួយ​សំបុក ស្ងោរ​ឲ្យ​ប្ដី​នាង​ឯង​ស៊ី​ទៅ វា​ស្លាប់​ហើយ»។
មេ​នោះ​ឮ​ដូច្នោះ ស្មាន​ថា​អ្នកតា​បង្គាប់ ក៏​ប្រញាប់​វិល​មក​ផ្ទះ​វិញ​ រក​ទិញ​បាន​មេមាន់​ក្រាប​មួយ​សំបុក ស្ងោរ​ទុក​ឲ្យ​ប្ដី​ស៊ី ដើម្បី​នឹង​ឲ្យ​ស្លាប់ ហើយ​នឹង​បាន​យក​សហាយ។

លុះ​ដល់​ព្រលប់ ប្ដី​មក​ពី​ជីក​ដំឡូង ដល់​ផ្ទះ​ហើយ សូរ​ថា «គេហ៍​អើយ ! បាន​អី​ស៊ី​បាយ ?»។មេ​នោះ​ឆ្លើយ​ថា «ខ្ញុំ​បាន​មេ​ និង​ពងមាន់​ក្រាប​មួយ​សំបុក​ស្ងោរ​ទុក​ឲ្យ​អ្នក»។
ប្ដី​ថា «រៀប​បាយ​មក​ស៊ី»។
ប្រពន្ធ​ក៏​លើក​បាយ ព្រម​ទាំង​មេ និង​ពង​មាន់​ក្រាប មក​ឲ្យ​ប្ដី​ស៊ី ។
ប្ដី​ស៊ី​អស់​ហើយ​ធ្វើ​ជា​ឈឺ ដេក​ថ្ងូរ​ហ៊ឹៗ។
មេ​នោះអរ​ណាស់​ គិត​ស្មាន​ថា ប្ដី​ឈឺ​មែន ត្រូវ​នឹង​ពាក្យ​អ្នកតា​បង្គាប់​ហើយ ត្បិត​ឮ​ថ្ងូរ។
ឯ​ប្ដី​ក៏​ធ្វើ​ជា​ដេក​ទៅ។
មេ​នោះ​គិត​ស្មាន​ថា ​ប្ដី​ស្លាប់ ក៏​បើក​ទ្វារ​នាំ​យក​សហាយ​ចូល​ទៅ​ដេក​ជាមួយ។

អ្នក​ទាំងពីរ​កំពុង​តែ​និយាយ​គ្នា ប្ដី​ក៏​ក្រោក​ឡើង​អង្គុយ​ហៅ​ប្រពន្ធ​មក​ប្រាប់​ថា «រងា​ណាស់»។
ឯ​ប្រុស​សហាយ​ឃើញ​ប្ដី​មេ​នោះ ក្រោក​ឡើង​អង្គុយ​ដូច្នោះ​ ស្ទុះ​រត់​ពុំ​ទាន់ ក៏​ចូល​ទៅ​ពួន​ក្នុង​ពាង​ធំ ១ នៅ​ខាង​ដំណេក សម្ងំ​ចាំ​ប្ដី​នោះ​ដេក ខ្លួន​នឹង​ចេញ​ពី​ពាង​ទៅ​ដេក​នឹង​មេ​នោះ​ទៀត។

ប្ដី​បាន​ឃើញ តែ​ធ្វើ​មិន​ឃើញ​មិន​ដឹង ប្រាប់​ប្រពន្ធ​ថា «រងា​ណាស់ ឯង​ដាំ​ទឹក​ឲ្យ​គ្នា​ងូត​បន្តិច នឹង​អាល​ស្លាប់»។
មេ​នោះឮ​ថា​ ចង់​ស្លាប់​ដូច្នោះ អរ​ណាស់ ត្បិត​ត្រូវ​នឹង​ពាក្យ​ដែល​ត្រូវ​បន់​អ្នកតា។

លុះ​ប្រពន្ធ​ដាំ​ទឹក​ពុះ​ហើយ ប្ដី​ថា «ទៅ​ដង​ទឹក​ត្រជាក់​បាន ១ ក្អម​មក​យក​មក​លាយ​នឹង​ទឹក​ក្ដៅ​នេះ»។
ប្រពន្ធ​ឮ​ប្ដី​ប្រើ​ដូច្នោះ ក៏​យក​ក្អម​ចេញ​ទៅ​ដង​ទឹក។
ប្ដី​ឃើញ​ប្រពន្ធ​ចេញ​ទៅ​បាត់ ក៏​ក្រោក​ឡើង​ដើរ​ទៅ​លើក​ទឹក​ពុះ ១ ខ្ទះនោះ​យក​ទៅ​ស្រោច​លើ​សហាយដែល​នៅ​ក្នុង​ពាង​នោះ​ស្លាប់​ទៅ ហើយ​ចូល​ទៅ​ដេក​វិញ ធ្វើ​ជា​ថ្ងូរ​ហ៊ឹៗ​ទៀត។

មេ​នោះ​វិល​ពី​ដង​ទឹក​មក​វិញ មើល​ទៅ​ឃើញ​សហាយ​ត្រូវ​ទឹក​ក្ដៅ​រួញ​សរសៃ​ដូច​គេ​ដក​ចេញ​ពី​ពាង​មក ក៏​ឱន​ខ្សឹប​ថា «ថ្វី​ក៏​មិន​ឱន​ទៅ​ វា​មិន​ទាន់​ទេ»។
អា​នោះ​ឆ្ងក់​ដដែល។
មេ​នោះ​យក​ដៃ​ទៅ​ចាប់​ជ្រមុជ​ ទៅត្រូវ​ស្លឹក​ត្រចៀក រលេះ​ជ្រុះ​ទាំង​សក់ មើល​បាន​ដឹង​ជា​ប្ដី​ស្រោច​ទឹក​ក្ដៅ​ស្លាប់​សហាយ​ទៅ​ហើយ ក៏​ពុំ​ស្ដី យក​គម្រប​ពាង​មក​គ្រប ហើយ​យក​ទឹក​ឲ្យ​ប្ដី​ងូត។
ឯ​ប្ដី​ក៏​មិន​ស្ដី ទឹក​ក៏​មិន​ងូត ប្រាប់​ប្រពន្ធ​ថា អញ​គ្រាន់​បើ​ហើយ។
ហើយ​ហៅ​ប្រពន្ធ​ចូល​ទៅ​ដេក​ទៅ។

លុះ​ព្រឹក​ព្រហាម​ឡើង មេ​នោះ ពុំ​ដឹង​បើ​គិត​ដូចម្ដេច នឹង​យក​ខ្មោច​ឲ្យ​រួច​ចេញ​ផុត​ពី​ផ្ទះ​ ក៏​នឹក​ឃើញ​ថា «ក្នុង​ស្រុក​នេះ មាន​ចោរ ៤ នាក់​ តែង​តែ​លប​លួច​អីវ៉ាន់​អ្នក​ផង​សព្វ​ថ្ងៃ សព្វ​យប់​គ្រប់​ភូមិ ដូច្នេះ​អញ​នឹង​គិត​ឲ្យ​ចោរ​ទាំង ៤ នាក់​នោះ យក​ខ្មោច​ចេញ​ពី​ផ្ទះ​អញ​ទៅ​ចោល​ក្នុង​ព្រៃ​ឲ្យ​បាន»។
គិត​ហើយ​ក៏​ដើរ​ខ្ចីសំពត់ ហូល អាវ​ព្រែ​គេ យក​មក​ហាល​ជុំវិញ​ផ្ទះ។
ឯ​ចោរ​ទាំង ៤ ​នាក់​នោះ​​ឃើញ​ហើយ ​គិត​គ្នា​ថា «ជើ! មេ​នោះ​មាន​ណាស់​តើ! យប់​នេះ យើង​ទៅ​លប​លួច​វា​ឲ្យ​បាន​កុំ​ខាន សព្វ​ថ្ងៃ​យើង​ស្មាន​ថា​វា​ក្រ»។

មេ​នោះ​ក៏​ហាល​សំពត់​ហូល​​អាវ​ព្រែ​នោះ លុះ​ដល់​ពេល​ល្ងាច​យក​ទៅ​ជូន​គេ​វិញ ហើយ​យក​ខ្សែ​ចង​រឹត​រូត​ពាង​ខ្មោច​នោះ​ឲ្យ​ជាប់ ទុក​ឲ្យ​ចោរ​ចូល​លួច​មក​សែង​យក​ទៅ។

ឯ​ចោរ​ទាំង ៤ នាក់ លុះ​យប់​​ក៏​បបួល​គ្នា​ទៅ​លួច​ ចូល​ទៅ​រក​របស់​ទាំងនោះ​ពុំ​ឃើញ ប្រទះ​ឃើញ​តែ​ពាង​មួយ ចង​មាត់​ជាប់ បើក​ពុំ​រួច។
ចោរ​ទាំង ៤ នាក់​ និយាយ​គ្នា​ថា «របស់​អស់​នោះ​ វា​ដាក់​ក្នុង​ពាង​នេះ​ហើយ បើ​ដូច្នេះ​ត្រូវ​យើង​សែង​ពាង​នេះ»។
ថា​ហើយ​ក៏​នាំ​គ្នា​សែង​ពាង​នេះ​ទៅ ដល់​ព្រៃ​ឆ្ងាយ​ក៏​ស្រាយ​លូក​មើល។

អា​មួយ​លូក​ដៃ​ទៅត្រូវ​សក់​ថា «វើយ សូត្រ» ដក​ដៃ​ចេញ។
អា​មួយ​លូក​ដៃ​ទៅ​ត្រូវ​ស្លឹក​ត្រចៀក ត្រូវ​ភ្នែក ច្រមុះ ស្រែក​ថា វើយ​ខ្មោច​ទេ។
អា​មួយ មិន​ជឿ លូក​ដៃ​ទៀត ត្រូវ​ដើម​ទ្រូង ដឹង​ថា ​ខ្មោច​មែន ក៏​ស្ទុះ​រត់​ចោល​ ហើយ​ខឹង​ណាស់​ថា ត្បិត​មេ​នោះបញ្ឆោត​ឲ្យ​សែង​ខ្មោច​ចោល​បាន។
ចោរ​ទាំង ៤ នាក់​គិត​គ្នា​ថា «យើង​ឃ្លាំ​មើល​មេ​នោះ បើ​ឃើញ​វា​ដើរ​ទៅ​ណា​តែ​ម្នាក់​ឯង ត្រូវ​គ្នា​យើង​ចោមរោមចាប់​វា​វាយឲ្យ​វា​រាង កុំ​ឲ្យ​វា​បញ្ឆោត​យើង​ទៀត។

ជួន​ជា​ថ្ងៃ​មួយ មេ​នោះ​ចុះ​ទៅ​កំពង់​រក​ទិញ​អីវ៉ាន់ ត្បិត​មាន​សំពៅ​ទើប​នឹង​មក​ដល់​ពី​ស្រុក​ក្រៅ។
មេ​នោះ ដើរ​ដល់​កណ្ដាល​ផ្លូវ​​ ក៏​ជួប​នឹង​ចោរ​ទាំង ៤ នាក់​នោះ។
ចោរ​ឃើញ​ក៏​នាំ​គ្នា​ព្រួត​ចាប់​នឹង​វាយ ហើយ​ជេរ​ពី​រឿង​ដែល​វា​បញ្ឆោត​នោះ។
មេ​នោះ ឆ្លើយ​ថា «ណ្ហើយ​អ្នក​ បើ​អ្នក​វាយ​ខ្ញុំ ក៏​ឥត​ប្រយោជន៍​ដែរ ត្បិត​ខ្ញុំ​ទៅ​ទារ​ប្រាក់​ពី​នាយ​សំពៅ ដូច្នេះ​ចូរ​មក! អញ្ជើញ​ទៅ​នឹង​ខ្ញុំ​ ខ្ញុំទារ​ប្រាក់​បាន ចែក​គ្នា​ចាយ​លេង »។

ចោរ​ទាំង ៤ នាក់​ឮ​ថា ​វា​ទៅ​ទារ​ប្រាក់​ដូច្នោះ ក៏​ចូលចិត្ត​ បបួល​គ្នា​ទៅ។
មេ​នោះ​ផ្ដាំ​ចោរ​ទាំង ៤ នាក់​ថា «អស់​អ្នក​ឈរ​ចាំ​ខ្ញុំ នៅ​លើ​ច្រាំង​ចុះ បើ​កាលណា​ឃើញ​ខ្ញុំ​បោយ​ដៃ​ នោះអ្នក​នាំ​គ្នា​ចុះ​ទៅ​ចុះ បាន​ប្រាក់​ហើយ»។

មេ​នោះ និយាយ​ផ្ដាំ​ចោរ​ទាំង ៤ នាក់ ហើយ​ក៏​ចុះ​ទៅ​សំពៅ​ និយាយ​នឹង​នាយ​សំពៅ លក់​ចោរ​ទាំង ៤ នាក់។
វា​ថា​ចោរ​នេះ​ជា​ខ្ញុំ​របស់​វា ហើយ​ចង្អុល​បង្ហាញ​នាយ​សំពៅ​ថា «នុះ​ន៍ ! វា​ទាំង ៤ នាក់ បើ​វា​ចុះ​មក ខ្ញុំ​ឡើង​ទៅ​លើ​គោក សូម​អ្នក​ចាប់​ដាក់​ច្រវាក់​វា​ឲ្យ​ជាប់​ទៅ កុំ​ឲ្យ​វា​រត់​បាន»។
នាយ​សំពៅ​ព្រម​ហើយ​សួរ​ថា «ខ្ញុំ​នាង​ឯង​ទាំង ៤ នាក់​លក់​ថ្លៃ​ប៉ុន្មាន?
មេ​នោះ​ថា «ម្នាក់​ថ្លៃ​ពីរ​ណែន»។
នាយ​សំពៅ​ឲ្យ​មួយ​ណែន​កន្លះ វា​ក៏​ព្រម​លក់ ហើយ​ចេញ​មក​ក្រៅ បក់​ដៃ​ហៅ​ចោរ​ទាំង ៤ នាក់។

ចោរ​ទាំង ៤ នាក់​គិត​ស្មាន​ថា វា​ហៅ​ឲ្យ​ទៅ​យក​ប្រាក់ ក៏​នាំ​គ្នា​ចុះ​ទៅ។
ដល់​ហើយ ស្រាប់​តែ​នាយ​សំពៅ​ប្រើ​មនុស្ស​ឲ្យ​ដាក់​ច្រវាក់នៅ​បាត​សំពៅ​ទាំងអស់​គ្នា។
មេ​នោះ​ក៏​យក​ប្រាក់​ឡើង​មក​បាត់។
បាន​ប្រាក់​ហើយ មេ​នោះ ដើរ​វិល​មក​ផ្ទះ​វិញ ដល់​កណ្ដាល​ផ្លូវ​ចួន​ជា​យប់​ពុំ​ហ៊ាន​ដើរ​ទៅ​ទៀត ក៏​ឡើង​ទៅ​ដេកលើ​ដើម​ឈើ​មួយ​នៅ​ប្រប​ផ្លូវ​នោះ។

ឯ​ចោរ​ទាំង ៤ នាក់ លុះ​នាយ​សំពៅ​ដាក់​ច្រវាក់​ជាប់​ហើយ ក៏​និយាយ​គ្នា​ថា ជើ​មេ​នេះ​ហៅ​ពេញ​ជា​ប្រាជ្ញា​ធំ វា​បញ្ឆោត​ឲ្យ​យើង​សែង​ខ្មោច​ទៅ​ចោល​ក្នុង​ព្រៃ​ហើយ ឥឡូវ​វា​លក់​យើង​បាន​ទៀត»។
ចោរ​ទាំង ៤ នាក់​ខឹង​ណាស់ កាច់​ច្រវាក់​បាក់​រត់​ចេញ​ពី​សំពៅ ដើរ​ឡើង​មក​លើ​គោក រត់​មក​ទាំង​យប់​នោះ ជួន​ជា​យប់​យូរ​ណាស់ ក៏​នាំ​គ្នា​ឡើង​ទៅ​ដេក​លើ​ដើម​ឈើ​ធំ ដែល​មេ​នោះ​ដេក។
ចោរ​បី​នាក់​ឡើង​ទៅ​ដេក​លើ​មែក​​ដោយ​ខ្លួន​ពី​គ្នា។
ចោរ​ម្នាក់​ឡើង​ទៅ​ ក៏​ជួប​នាង​នោះ នៅ​លើ​ចុង​ឈើ អា​ចោរ​នោះ​ថា «អី ! ហង​ឯង​ស្លាប់​ហើយ​ម្ដង​នេះ ! ហង​ឯង​ធ្លាប់​បញ្ឆោត​យើង ឥឡូវ​ហង​ឯង​រត់​ចុះ​បើ​រួច !»។
មេ​នោះ​លើក​ប្រាក់​បង្ហាញ ហើយ​ឱន​ខ្សឹប​ថា «ណ្ហើយ​អ្នក ! អ្នក​កុំ​ស្ដី​​ កុំ​ឲ្យ​អ្នក​ទាំង​បី​នាក់​ទៀត​ដឹង ហើយ​យើង​ត្រូវ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ នឹង​យក​ប្រាក់​នេះ​ទៅ​ចាយ​រក​ស៊ី​ស្រួល​ជាង អ្នក​កុំ​ធ្វើ​បាប​ខ្ញុំ​ធ្វើ​អ្វី»។

អា​ចោរ​ឮ​ដូច្នោះ ក៏​មិន​ស្ដី​​ខិត​ចូល​ទៅ​ជិត លូក​ឱប​កៀក​មេ​នោះ​ហើយ​ថា អើ​ប្អូន​ឯង​ហៅ​ប្រាជ្ញា​ធំ បញ្ឆោត​ខ្ញុំ​ពីរ​បី​ដង​ហើយ ឥឡូវ​បង​បាន​នាង​ជា​ប្រពន្ធ ដោយ​សារ​ព្រេង​សំណាង​យើង និយាយ​ហើយ​ក៏​ឱប​តាម​ចិត្ត​មេត្រី។
មេ​នោះ​ពុំ​បម្រះ​ហើយ​ថា «ខ្ញុំ​ខ្លាច​ក្រែង​អ្នក​ស្រឡាញ់​ខ្ញុំ​មិន​ស្មោះ ឯ​ខ្ញុំ​ស្រឡាញ់​អ្នក​ស្មោះ ចិត្ត​មួយ​ហើយ»។
អា​ចោរ​នោះ​ថា «បង​ស្រឡាញ់​ស្មោះ​ហើយ នាង​ពុំ​ដឹង​ចិត្ត​បង ចង់​ឲ្យ​បង​ស្បថ ឬ​ឲ្យ​បង​ធ្វើ​ម្ដេច?»
មេ​នោះ​ថា «បង​ស្រឡាញ់​ចិត្ត​មួយ​នឹង​គ្នា មាន​តែ​លិទ្ធ​អណ្ដាត​គ្នា» ទើប​មេ​នោះ​លៀន​អណ្ដាត ហើយ​ឱន​ទៅ​រក​អា​ចោរ​នោះ។
ឯ​អា​ចោរ​លិទ្ធ​អណ្ដាត​មេ​នោះ ហើយ​លៀន​អណ្ដាត​ឲ្យ​មេ​នោះ​លិទ្ធ​វិញ មេ​នោះ​ខាំ​អណ្ដាត​អា​ចោរ​នោះ​ដាច់​អស់​មួយ​កំណាត់ ហើយ​ច្រាន​ទម្លាក់​ពី​លើ​ចុង​ឈើ​ធ្លាក់​ដល់​ដី​ ស្រែក​ឮ​តែ​ឡុលៗ។

ឯ​ចោរ​បី​នាក់ គិត​ស្មាន​ថា នាយ​សំពៅ​ចោម​ចាប់ ក៏​លោត​ពី​លើ​មែក​ឈើ​រត់​ទៅ​ហើយ​ស្រែក​ហៅ​គ្នា​ថា «វ៉ឺយ ! គ្នា​យើង​រត់​​នាយ​សំពៅ​ដេញ​ហើយ»។
អា​ចោរ​ដែល​ដាច់​អណ្ដាត​នោះ ស្រែក​ហៅ​គ្នា​វា​ថា «មេ​នោះ នៅ​លើ​ចុង​ឈើ ត្រូវ​មក​ចាប់» ប៉ុន្តែ​វា​ដាច់​អណ្ដាត​ដូច្នោះ និយាយ​មិន​ច្បាស់ ឮ​តែ​ឡុលៗ គ្នា​វា​គិត​ស្មាន​ថា​ គេ​ដេញ​ចាប់​ចេះ​តែ​ប្រឹង​រត់​យក​តែ​ព្រះ​អាយុ​រៀង​ខ្លួន។

ឯ​មេ​នោះ​ចុះ​ពី​លើ​ចុង​ឈើ យក​ប្រាក់​ទៅ​ផ្ទះ​ឲ្យ​ប្ដី នៅ​រក​ស៊ី​ជា​មួយ​នឹង​ប្ដី​​ជា​សុខ​សប្បាយ​ត​ទៅ។

អ្នក​មាន​ប្រាជ្ញា តែង​នាំ​អាត្មា​ឲ្យ​សុខ​ចម្រើន!

ពាក្យសុភាសិតតម្លៃ ៣០ តម្លឹង

កាល​ពី​ព្រេងនាយ មាន​ជន​ពីរ​នាក់​ប្ដី​ប្រពន្ធ។
បុរស​ជា​ប្ដី បាន​ឃើញ​គេ​រៀន​របៀន​ពូកែ​ ចង់​រៀន​ណាស់ យក​ប្រាក់ ៣០​តម្លឹង លា​ប្រពន្ធ​ដើរ​ទៅ​រក​រៀន ដើរ​ពី​ស្រុក​មួយ​ដល់​ខែត្រ​មួយ​ឮ​គេ​ថា ទី​ត្រង់​ណា មាន​អ្នក​ចេះ​របៀន​អាគម​គាថា​ពូកែ ក៏​ទៅ​រក​ត្រង់​នោះ ដល់​ទៅ​ជួប​នឹង​គ្រូ​ណា​ពូកែ គេ​សូត្រ​ឲ្យ​ស្ដាប់​ គេ​ធ្វើ​ឲ្យ​មើល​ដូចម្ដេច​ៗ ក៏​ចេះ​តែ​មិន​ចូល​ចិត្ត។

លុះ​ដើរ​ឆ្ងាយ​ទៅ​ៗ ក៏​បាន​ជួប​នឹង​តា​ចាស់​ម្នាក់។
តា​ចាស់​សួរ​ថា «អ្នក​ឯង​ទៅ​ណា ដើរ​មក​តែ​ម្នាក់​ឯង​ ស្វះស្វែង​រក​អ្វី ?» ។
បុរស​នោះ​ឆ្លើយ​ថា «ឱ ! តា​អើយ ! ខ្ញុំ​មក​នេះ ត្បិត​ឮ​គេ​ថា​ នៅ​ទី​នេះ​ មាន​គ្រូ​ចេះ​របៀន​ពូកែ​ បាន​ជា​ខ្ញុំ​ខំ​សង្វាត​មក ក្រែង​តា​ចេះ​ដឹង ប្រដៅ​ចៅ​ផង»។
តា​ចាស់​ឆ្លើយ​ថា «តា​មាន​របៀន​បី​បទ តម្លៃ ៣០ តម្លឹង បើ​ចៅ​ឯង​កាន់​ជាប់ ចៅ​ឯង​មិន​ច្បុត​ទេ គង់​បាន​ដូច​ចិត្ត បើ​មាន​កិច្ច មាន​ដំណើរ​អ្វី​ឲ្យ​សូត្រ​របៀន​តា​នេះ​ចុះ ពូកែ​ណាស់»។
បុរស​នោះ​ថា «តា​សូត្រ​ឲ្យ​ខ្ញុំ​ស្ដាប់​មើល ! បើ​ខ្ញុំ​ចូល​ចិត្ត ខ្ញុំ​យក»។

តា​នោះ​សូត្រ​ឲ្យ​ស្ដាប់​ថា «រពឹស​ដៃ​ផ្ទៃ​ឆ្អែត ដេក​យប់​កុំ​និយាយ​នឹង​ស្រី ឃ្លាន​កុំ​អាល​ស៊ី»។
បុរស​នោះ​ស្ដាប់​បាន ចូល​ចិត្ត ក៏​ប្រគល់​ប្រាក់ ៣០ តម្លឹង​ឲ្យ​តា​នោះ ហើយ​ទន្ទេញ​របៀន​ទាំង​បី​បទ​នោះ​ ចាំ​ស្ទាត់​រត់​មាត់។
ឯ​តា​ចាស់​ប្រាប់​ថា «បើ​ចៅ​កាន់​របៀន​ទាំង​បី​បទ​នេះ​បាន តា​ឲ្យ​ទទេ មិន​យក​តម្លៃ​ទេ»។
ហើយ​តា​ចាស់​ប្រគល់​ប្រាក់​ឲ្យ​បុរស​នោះ​វិញ។
បុរស​នោះ​ក៏​លា​តា​ចាស់​នោះ វិល​មក​ស្រុក​វិញ។

មាត់​បុរស​នោះ​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​នោះ ចប់​តែ​តាម​ផ្លូវ​មក​ ពុំ​មាន​ភ្លេច។
លុះ​ដើរ​ឆ្ងាយ​បន្តិច​មក ជួប​នឹង​សំពៅ​ឈ្មួញ​មួយ។
បុរស​នោះ ក៏​សុំ​សំពៅ​គេ​ដោយ​សារ​មក​ស្រុក ដង្ខៅ​សំពៅ​ក៏​ព្រម​ឲ្យ​ដោយ​សារ។
បុរស​នោះ​តាំង​ពី​ចុះ​មក​នៅ​ក្នុង​សំពៅ​ថ្ងៃ​ណា​ ក៏​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​នោះ ហើយ​ចេះ​តែ​ជួយ​លាង ជួយ​ថែទាំ ជួយ​ជួសជុល​សំពៅ​ដូច​ជា​របស់​ខ្លួន។
នាយ​សំពៅ​នឹក​ក្នុង​ចិត្ត​ថា «អ្នក​នេះ​តាំង​តែ​ពី​ចុះ​ដោយ​សារ​សំពៅ​អញ​កាលណា​មក គាត់​ចេះ​តែ​ធ្វើ​ការ​ដូចជា​របស់​គាត់ នឹក​ហើយ ក៏​ស្រឡាញ់​បុរស​នោះ ឲ្យ​រៀប​បាយ​ទឹក​ឲ្យ​ស៊ី​តែ​រាល់​ថ្ងៃ​រៀង​មក។
ឯ​បុរស​នោះ​ពុំ​ខ្ជិល​សោះ ចេះ​តែ​ខំ​ធ្វើ​ការ​ក្នុង​សំពៅ ដូចជា​កូន​ឈ្នួល​ឯ​ទៀត​ៗ។
នាយ​សំពៅ​នឹក​តែ​ក្នុង​ចិត្ត​ថា «បើ​កាល​ណា​បាន​ដល់​ស្រុក​អញ​នឹង​ចែក​របស់​ទ្រព្យ​ឲ្យ​ចៅ​នេះ​រកស៊ី​តទៅ»។
លុះ​បើក​សំពៅ​មក​ដល់​កណ្ដាល​ស្រុក​មួយ បាន​ឃើញ​វិហារ​មួយ ​គេ​រៀប​អណ្ដាប់​ពោរពាស សុទ្ធ​តែ​ចំណី ស្រា បាយ ទុក​ឲ្យ​យក្ស​វា​មក​ស៊ី។

ឯ​អ្នក​សំពៅ កាល​ដល់​វិហារ​នោះ ក៏​ចត​សំពៅ ឡើង​ទៅ​លេង​ឃើញ​ចំណី​ទាំងនោះ ពុំ​មាន​មនុស្ស ក៏​នាំ​គ្នា​ស៊ី​ផឹក​ស្រា​ស្រវឹង​ដេក​នៅ​ក្នុង​វិហារ​នោះ​ទាំងអស់​គ្នា ខាន​តែ​បុរស​ម្នាក់​នោះ មាត់​គាត់​ចេះ​តែ​ទន្ទេញ​ថា «រពឹស​ដៃ​ផ្ទៃ​ឆ្អែត ដេក​យប់​កុំ​និយាយ​នឹង​ស្រី ឃ្លាន​កុំ​អាល​ស៊ី» ដោយ​គិត​ថា «ចំណី​អស់​នេះ​មាន​ហេតុ​អ្វី​មួយ​ហើយ បាន​ជា​គេ​រៀប​ទុក​នៅ​ទីនេះ ឥឡូវ​អ្នក​ទាំងអស់​នេះ​ស៊ី​គង់​តែ​មាន​ភ័យ​មិន​ខាន» គិត​ដូច្នោះ​ហើយ​ពុំ​ហ៊ាន​ស៊ី ឡើង​ទៅ​ពួន​លើ​ធ្នឹម​វិហារដោយ​ស្ងៀមស្ងាត់​ចាំ​លប​មើល។

លុះ​ដល់​ថ្ងៃត្រង់ យក្ស​មក​ដល់​ ហើយ​វា​ខឹង​ខ្លាំង​ណាស់​ថា «នរណា​ហ៊ាន​មក​ស៊ី​ចំណី​អស់​នេះ»។
យក្ស​ថា​ហើយ​ ក៏​ប្រើ​ដំបង​មក​វាយ​មនុស្ស​ដែល​ដេក​នោះស្លាប់​ទាំងអស់​ទៅ។
ឯ​ដំបង​ក៏​វិល​មក​ខាង​យក្ស​វិញ ហើយ​យក្ស​កាច់​ក​អស់​មនុស្ស​ទាំងនោះ​ស៊ី​អស់​ទៅ រួច​ក្រឡេក​មើល​ក្រឡេមក្រឡឺម។
បុរស​ឃើញ​យក្ស​ភ័យ​ណាស់ មាត់​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​ ហើយ​គិត​ថា «បើ​អញ​ស្រែក ក្រែង​យក្ស​ឮ​ វា​ឃើញ​អញ ហើយ​វា​នឹង​ស៊ី​អញ​ទៀត» គិត​ហើយ​ក៏​លោត​ចុះ​ពី​លើ​ធ្នឹម ស្រែក​វ៉ាស​ឡើង យក្ស​ភ័យ​ណាស់ រត់​ចោល​ដំបង​ទៅ​បាត់​ទៅ។
បុរស​នោះ បាន​ដំបង​វាយ​ឯង​ហើយ ក៏​ដើរ​ត្រឡប់​មក​ស្រុក ចោល​សំពៅ​នៅ​កំពង់​វិហារ​នោះ​ឯង។
លុះ​ដើរ​មក​ដល់​ផ្ទះ ក្នុង​វេលា​យប់ បុរស​នោះ យក​ដំបង​ទៅ​លាក់​ក្រោម​ជណ្ដើរ​យក​ថ្ម​សង្កត់​លើ ហើយ​ឡើង​ទៅ​ដេក​លើ​ផ្ទះ។
ប្រពន្ធ​សួរ ប្រាប់​ប្រពន្ធ​ថា ចាំ​ព្រឹក​សឹម​និយាយ​ប្រាប់។

ក្រោយ​ពេល​ដែល​ប្ដី​ទៅ ប្រពន្ធ​នៅ​ផ្ទះ វា​មាន​សហាយ វេលា​យប់​ដែល​ប្ដី​មក​ដល់​ផ្ទះ សហាយ​នោះ វា​មក​ស្ដាប់​នៅ​ក្រោម​ផ្ទះ វា​ចង់​ដឹង​រឿង​ឆាប់ វា​ឲ្យ​មេ​ស្រី​សហាយ​វា សួរ​ថា​ ដំណើរ​ដូចម្ដេច ក៏​ចាំ​ព្រឹក​ទើប​និយាយ​បាន។
ប្រពន្ធ​ចេះ​តែ​ឱប​អង្អែល។
ទ្រាំ​ពុំ​បាន​ប្ដី​ក៏​និយាយ​ប្រាប់​ថា៖ អញ​និយាយ​នឹង​ឯង​នេះ​ខុស​គ្រូ​ហើយ​ ត្បិត​គ្រូ​ផ្ដាំ​ថា «ដេក​យប់​កុំ​និយាយ​នឹង​ស្រី» ឥឡូវ​នេះ​អញ​និយាយ​ខុស​បណ្ដាំ​គ្រូ​ហើយ។
ប្រពន្ធ​សួរ​ថា «អ្នក​ទៅ​បាន​របស់​អ្វី​មក​ខ្លះ»។
ប្ដី​ថា «បាន​តែ​របៀន​បី​បទ​ហើយ​ត្រឡប់​មក​វិញ ដល់​ពាក់​កណ្ដាល​ផ្លូវ​ បាន​ដំបង​វាយ​ឯង​ទៀត»។
ប្រពន្ធ​សួរ​ថា «​ដំបងនោះ​ទុក​នៅ​ឯណា ឥឡូវ​នេះ? ខ្ញុំ​ចង់​ឃើញ»។
ប្ដី​ថា « អញ​ទុក​ក្រោម​ជណ្ដើរ យក​ថ្ម​គ្រប» ថា​ហើយ​ក៏​ដេក​លក់​ទៅ។
សហាយ លប​ស្ដាប់​ឮ​ហើយ ក៏​ទៅ​ក្រោម​ជណ្ដើរ រើស​យក​ដំបង​នោះ​ទៅ​បាត់​ទៅ។

លុះ​ព្រឹក​ព្រហាម​ស្រាង​ៗឡើង ​បុរស​នោះ រឭក​ពី​ដេក ចុះ​ទៅ​រក​ដំបង​ពុំ​ឃើញ​ក៏​ប្រាប់​ប្រពន្ធ​ថា «អញ​ប្រាប់​មិន​ជឿ អញ​ថា ខុស​គ្រូ​ហើយ ឯង​ចេះ​តែ​លួង​អញ ទាល់​តែ​អញ​ប្រាប់ ឥឡូវ​នេះ មនុស្ស​ឮ វា​លួច​យក​ដំបង​បាត់​ហើយ»។
ប្រពន្ធ​ឮ​ហើយ​ដឹង​ថា​ សហាយ​លួច ក៏​មិន​ស្ដី ដណ្ដាំ​បាយ​ឲ្យ​ប្ដី​ស៊ី​ ស៊ី​រួច​ហើយ បុរស​នោះ​ក៏​យក​ខ្សែ​មក​ចង​ថ្ម​ដែល​គ្រប​លើ​ដំបង​នោះ នាំ​ទៅ​ប្ដឹង​មេ​ស្រុក ឲ្យ​ជំនុំ​ជម្រះ​រក​ចោរ​ឲ្យ។
មេ​ស្រុក ពុំ​ដឹង​បើ​ជំនុំ​ជម្រះ​ដូចម្ដេច​ ពីព្រោះ​ថ្ម​មិន​ចេះ​ស្ដី គេ​ជេរ​ថា «អា​កំព្រើល ! តាំង​ពី​ដូនតា​មក នរណា​ដែល​ឃើញ​ដំបង​វាយ​ឯង» គេ​គំរាម​ហើយ​គេ​ដេញ​ចេញ​ទៅ។
បុរស​នោះ​ចេះ​តែ​អូស​ថ្ម​ទៅ​ប្ដឹង តាំង​តែ​ពី​មេ​ស្រុក ដល់​ទៅ​លោក​យមរាជ អ្នក​រាជការ​គ្រប់​ក្រសួង គេ​ចេះ​តែ​ដេញ​ចេញ គេ​ថា មនុស្ស​ឆ្កួត គេ​មិន​ឲ្យ​ចូល។

បុរស​នោះ​អូស​ថ្ម​ទៅ​ថ្វាយ​ស្ដេច។
ស្ដេច​ទ្រង់​សួរ​សព្វ​គ្រប់​ហើយ ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​អស់​នាម៉ឺន​ថា «មែន​បាន​គេ​ថា មាន​ប្រឡាយ​បាន​ទឹក​វា​ហូរ មាន​សំរាម​បាន​ឆ្កែ​វា​ជុះ អស់​នាម៉ឺន​កុំ​ថា​ វា​ឆ្កួត​​ សេចក្ដី​នេះ​មែន​ហើយ​បាន​ជា​វា​ហ៊ាន​ថា។
ស្ដេច​មាន​បន្ទូល​ប្រាប់​បុរស​ថា «ណ្ហើយ វិល​ទៅ​ផ្ទះ​ចុះ កាល​ណា​អញ​ប្រើ​ឲ្យ​គេ​ទៅ​ហៅ​សឹម​មក»។
បុរស​នោះ​ទទួល​ថា «ព្រះ​ករុណា​ថ្លៃ​វិសេស» ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​វិញ។

ក្រោយ​ពេល​បុរស​នោះ​ទៅ ស្ដេច​ទ្រង់​ព្រះ​រាជ​បញ្ជា ឲ្យ​ប្រាប់​បណ្ដា​រាស្ត្រ​ថា ត្បិត​ស្ដេច​ឲ្យ​អស់​ព្រះ​ស្នំ​ចេញ​រាំ​បី​ថ្ងៃ​បី​យប់ ឲ្យ​បណ្ដា​រាស្ត្រ​មើល​តាម​ចិត្ត​ពុំ​មាន​ឃាត់​ឃាំង​ឡើយ» ហើយ​ទ្រង់​ឲ្យ​រៀប​លេង​ល្ខោន។
កាល​នោះ​​អស់​រាស្ត្រ​សឹង​តែ​ចូល​ទៅ​មើល​គ្រប់គ្នា។
ស្ដេច​ទ្រង់​យាង​ចូល​ទៅក្នុង​ព្រះ​រាជដំណាក់ ជ្រើស​រើស​ប្រេង​ក្រអូប​យ៉ាង​ឯក​មួយ​ដប​ដែល​សម្រាប់​តែ​ស្ដេច អស់​រាស្ត្រ​និង​នាម៉ឺន ពុំ​ដែល​មាន ទ្រង់​ប្រើ​អាមាត្យ​ម្នាក់យក​ទៅ​ឲ្យ​បុរស​នោះ ហើយ​ប្រាប់​ថា «ស្ដេច​ទ្រង់​ព្រះ​រាជទាន​ឲ្យ​អ្នក​ឯង និង​ប្រពន្ធ​អ្នក​ឯង​លាប ប៉ុន្តែ​ឲ្យ​អ្នក​ឯង​នៅ​ផ្ទះ កុំ​ទៅ​មើល​ល្ខោន​ឲ្យ​តែ​ប្រពន្ធ​ទៅ​មើល​បាន​ហើយ»។
អាមាត្យ​អ្នក​យក​ទៅ​ឲ្យ​ប្រាប់​សព្វ​គ្រប់​ហើយ វិល​ទៅ​ក្រាប​បង្គំ​ទូល​ស្ដេច​វិញ។
បុរស​នោះ​បាន​ប្រេង ក៏​ហៅ​ប្រពន្ធ​មក​ហុច​ប្រេង​ទៅ​ឲ្យ​ប្រាប់​ថា «ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត ទ្រង់​ព្រះរាជទាន​ប្រេង​នេះ​មក ព្រោះ​ទ្រង់​អាណិត​ស្រឡាញ់​យើង ឲ្យ​យើង​លាប​ទៅ​មើល​ល្ខោន​នឹង​គេ តែ​ឥឡូវ​នេះ​អញ​ឈឺ​ក្បាល ឯង​យក​ទៅ​លាប ហើយ​ទៅ​មើល​ល្ខោន​នឹង​គេ​ចុះ។ ឯ​ប្រពន្ធ​ឮ​ប្ដី​បើក​ឲ្យ​ទៅ ហើយ​ឲ្យ​ទាំង​ប្រេង​ទៅ​លាប​ផង​ដូច្នោះ​​អរ​ពន់ពេក ដោយ​ពុំ​បាន​ដឹង​កល​ជា​គេ​ចាប់ ក៏​យក​ប្រេង​ទៅ​ឲ្យ​សហាយ​លាប​ផង ហើយ​បណ្ដើរ​គ្នា​ទៅ​មើល​ល្ខោន​ឈរ​ទន្ទឹម​គ្នា លុះ​បន្តិច​ទៅ​ស្ដេច​ទ្រង់​ធុំ​ក្រអូប​ប្រេង​នោះ ទ្រង់​ខ្សឹប​ប្រាប់​នាម៉ឺន​ម្នាក់ «ចូរ​អ្នក​ទៅ​ហិត​ក្លិន​អស់​បណ្ដា​រាស្ត្រ ដែល​មើល​ល្ខោន​ទាំង​ប៉ុន្មាន បើ​ធុំ​ក្លិន​ប្រេង​ក្រអូប​យ៉ាង​នោះប៉ុន្មាន​នាក់ ចូរ​អ្នក​នាំ​យក​មក​ឲ្យ​អញ​ជា​ឆាប់»។

នាម៉ឺន​នោះ ក្រាប​ថ្វាយ​បង្គំ​ហើយ ទៅ​ហិត​មនុស្ស​ឯ​ទៀត មិន​ធុំ​សោះ ធុំ​តែ​ប្រុស​ម្នាក់ ស្រី​ម្នាក់ ដែល​ឈរ​ទន្ទឹម​គ្នា លាប​ប្រេង​ក្រអូប​ទាំងពីរ​នាក់​នោះ ក៏​នាំ​ទាំង​ប្រុស​ទាំង​ស្រី យក​ទៅ​ថ្វាយ​ស្ដេច​ៗ​ឲ្យ​លែង​រាំ​ទៅ ហើយ​ទ្រង់​ឲ្យ​ហៅ​ទាំង​ប្រុស​ទាំង​ស្រី មក​ដល់​ហើយ​ទ្រង់​សួរ​ថា «នេះ​ជា​ប្រពន្ធ​ចៅ​ឯង​មែន​ឬ?» បុរស​នោះ​ក្រាប​ទូល​ថា «មែន»។
ទ្រង់​មាន​ព្រះ​បន្ទូល​សួរទៅ​ប្រុស​សហាយ​នោះ​ថា ឯង​បាន​ទៅ​លួច​ដំបង​ចៅ​នេះ​មែន​ឬ?»។
សហាយ​នោះ​ក្រាប​បង្គំ​ទូល​ថា «លួច​មែន»។
ទ្រង់​ឲ្យ​ទៅ​យក​ដំបង​នោះ​មក ឲ្យ​យក​សហាយ​ទាំង​ប្រុស​ស្រី​នោះ ទៅ​ដាក់​ច្រវាក់​ធ្វើ​ទោស។
បុរស​ជា​ម្ចាស់​ដំបង​ក្រាប​ថ្វាយ​បង្គំ​សូម​ទោស ហើយ​ក៏​ប្រគល់​ទាំង​ផ្ទះ​សម្បែង ទាំង​ប្រពន្ធ​ឲ្យ​ទៅ​សហាយ​នោះ​ទាំងអស់​ដោយ​ពុំ​មាន​ខឹង​អ្វី​ឡើយ។
ប្រុស​សហាយ​នោះ​អរ​ណាស់​សំពះ​សូម​ទោស​រួច​វិល​ទៅ​វិញ។

ឯ​បុរស​ម្ចាស់​ដំបង ថ្វាយ​ដំបង​ទៅ​ស្ដេច ហើយ​ក្រាប​លា​ទៅ​ទៀត​ ស្ដេច​ឃាត់​ក៏​ពុំ​ព្រម​ ទ្រង់​មាន​ព្រះ​បន្ទូល​ថា «ដំបង​វាយ​ឯង​នេះ​ថ្លៃ​ណាស់ ទ្រង់​ព្រះ​រាជានុញ្ញាត​ឲ្យ​បើក​ឃ្លាំង​មាស ប្រាក់​ឲ្យ​បុរស​នោះ​យក​តាម​ចិត្ត។
បុរស​នោះ​រើស​អស់​ទាំង​ឃ្លាំង​មាស​ប្រាក់​អម្បាល​នោះ​ទៅ ឃើញ​កាំបិត​បន្ទោះ​មួយ​ចាស់​នៅ​ក្រោម​ឃ្លាំង ក៏​យក​កាំបិត​នោះ​ និង​ប្រាក់​បន្តិច​បន្តួច​គ្រាន់​ចាយ​តាម​ផ្លូវ ហើយ​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​លា​ស្ដេច ដើរ​ចេញ​ទៅ​ទៀត។
ស្ដេច​ពុំ​មាន​ព្រះ​បន្ទូល​អ្វី​ទេ តែ​អស់​នាហ្មឺន គេ​ត្មះតិះដៀល​បុរស​នោះថា ​ជា​មនុស្ស​ឆោត ប្រាក់​មាស​មិន​យក​ទៅ​យក​ឯ​កាំបិត​ច្រែះស៊ី។

បុរស​នោះ ក៏​ដើរ​ចេញ​អំពី​នគរ​នោះ បាន​ទៅ​ដល់​នគរ​មួយ​ដទៃ​ទៀត។
ជួន​ជា​ថ្ងៃ​នោះ​ ស្ដេច​នគរ​នោះ​ទ្រង់​មាន​ព្រះបន្ទូល​បង្គាប់​សេដ្ឋី​ម្នាក់​ថា «ព្រឹក​ស្អែក ទ្រង់​នឹង​ទៅ​ក្រសាល​ព្រៃ​ ឲ្យ​មហាសេដ្ឋី​ធ្វើ​រទេះ​មួយ​យ៉ាង​ល្អល្អះ ឲ្យ​ឆ្លាក់​ក្បាច់​លាបលន​ឲ្យ​ហើយ ឲ្យ​ទាន់​ក្នុង​ពេល​ព្រឹក​ស្អែក​នេះ បើ​ធ្វើ​ពុំ​ទាន់ នឹង​យក​ទោស​ដល់​ជីវិត»។
រីឯ​មហា​សេដ្ឋី​នោះ​ធ្វើ​ពុំ​ទាន់ ហើយ​ពុំ​ធ្វើ​រទេះ បែរ​ជា​ធ្វើ​មឈូស​ទៅ​វិញ។

ថ្ងៃ​នោះ ជួន​ជា​បុរស​នោះ​ដើរ​ទៅ​ឃើញ​សេដ្ឋី​នោះ កំពុង​តែ​ធ្វើ​បុណ្យ​ក៏​សួរ​ថា «ចុះ​លោក​មាន​ការ​អ្វី បាន​ជា​ធ្វើ​បុណ្យ​មាន​ក្ដារ​មឈូស​ផង​ដូច្នោះ?»។
គេ​ប្រាប់​ថា «ស្ដេច​ឲ្យ​ធ្វើ​រទេះ​មួយលាបលន​យ៉ាង​ល្អ ឲ្យ​ទាន់​ព្រឹក​នេះ ស្ដេច​ក្រសាល​ព្រៃ បើ​ធ្វើ​ពុំ​ទាន់​ស្ដេច​នឹង​យក​ទោស​ដល់​ជីវិត ឥឡូវ​នេះ​មហាសេដ្ឋី​ធ្វើ​ពុំ​ទាន់​ ដឹង​ខ្លួន​ថា​ស្លាប់ បាន​ជា​ធ្វើ​មឈូស​ធ្វើ​បុណ្យ​វិញ»។

បុរស​នោះ​ឆ្លើយ​ថា «ក្រអី​ប៉ុណ្ណឹង ឲ្យ​តែ​បាយ​ខ្ញុំ​ស៊ី​ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ៗទាន់​ព្រឹក​នេះ»។
មហា​សេដ្ឋី​បាន​ឮ​ដូច្នោះ​អរ​ណាស់ ហើយ​ក៏​ឲ្យ​រៀប​បាយ​ទឹក​ស៊ី​ឆ្អែត រួច​ប្រគល់​ឈើ​ឲ្យ​ធ្វើ​រទេះ។
បុរស​នោះ​ក៏​ធ្វើ​តែ​នឹង​កាំបិត១​ដែល​យក​ពី​ក្រោម​បាត​ឃ្លាំង​មក​នោះបាន​រួច​ស្រេច​ក្នុង​យប់​នោះ ហើយ​លាបលន​យ៉ាង​ល្អ ព្រឹក​ឡើង​ក៏​អូស​រទេះ​ទៅ​ថ្វាយ​ស្ដេច​ៗ​ទ្រង់​ទត​ឃើញ ទ្រង់​ឲ្យ​រៀប​ប្រដាប់​ប្រដា​ទៅ​ក្រសាល​ព្រៃ។
ឯ​មហាសេដ្ឋី​លុះ​រួច​ពី​ស្លាប់​ហើយ ក៏​នឹក​ក្នុង​ចិត្ត​ថា «អ្នក​នេះ​មាន​គុណ​ធ្ងន់​ណាស់ ឥឡូវ​នេះ​នឹង​រក​អ្វី​សង​ឲ្យ​ស្មើ​គ្មាន មាន​តែ​កូន​ក្រមុំ១ ល្មម​ឲ្យ​មាន​ប្ដី ដូច្នោះ​មាន​តែ​អញ​ការ​ឲ្យ​អ្នក​នោះ» គិត​ហើយ​ក៏​ហៅ​មក​ការ​ឲ្យ​ទៅ។ លុះ​ការ​រួច​ហើយ​ក្នុង​យប់​នោះ ពេល​ផ្សំ​ដំណេក បុរស​នោះគិត​ល្បង​ចិត្ត​ប្រពន្ធ ហើយ​ធ្វើ​ជា​ផឹក​ស្រា​ស្រវឹង​ដេក​ទៅ លុះ​យប់​យូរ​បន្តិច​ក៏​ធ្វើ​ជា​ក្អួត​ប្រឡាក់​ប្រពន្ធ​អស់។
កូន​សេដ្ឋី​ឃើញ​កម្អួត​ប្ដី​ប្រឡាក់​ខ្លួន​ដូច្នោះ ក៏​ស្រែក​ឡើង​ក្នុង​យប់​នោះ​ថា «លោក​ឪពុក​រក​ប្ដី​ឲ្យ​ខ្ញុំ​ជា​មនុស្ស​ប្រមឹក ក្អួត​ប្រឡាក់​ខ្ញុំ​អស់​ហើយ ខ្ញុំ​ទ្រាំ​មិន​បាន​ទេ»។
មហាសេដ្ឋី​ឮ​កូន​ស្រែក​ដូច្នោះ ក៏​ឃាត់​ថា «កូន​ដេក​ទៅ កុំ​និយាយ ត្បិត​ប្ដី​កំពុង​ស្រវឹង ហើយ​គេ​មាន​គុណ​ផង» ឃាត់​ដូចម្ដេច ក៏​កូន​ស្រី​មិន​ស្ដាប់​ ហើយ​វា​ចេះ​តែ​រអ៊ូ​ថា «បើ​ឲ្យ​ទៅ​ឆ្កែ​ឆ្មា​ទ្រាំ​បាន ឯ​មនុស្ស​ប្រមឹក ​ខ្ញុំ​ទ្រាំ​មិន​បាន​ទេ»។

លុះ​ព្រឹក​ឡើង បុរស​នោះ​រលឹក​ពី​ដេក ក៏​ចូល​ទៅ​រក​សេដ្ឋី​ប្រគល់​កូន​ឲ្យ​វិញ ប្រាប់​ថា «មិន​ព្រម​យក​ទេ» ហើយ​ថា មិន​បាន​ពាល់​ដៃ​ជើង​ឡើយ។
មហាសេដ្ឋី​ឃាត់​សុំ​ទោស​ឲ្យ​កូន​យ៉ាង​ណា ក៏​បុរស​នោះ​ពុំ​ព្រម​នៅ ពុំ​ព្រម​យក ហើយ​លា​មហាសេដ្ឋី​យក​តែ​កាំបិត​ដើរ​ទៅ​ទៀត។
លុះ​ស្ដេច​យាង​មក​ពី​ព្រៃ ទ្រង់​ឲ្យ​ទៅ​រក​ជាង​ដែល​ធ្វើ​រទេះ​នោះ​ពុំ​ឃើញ​ទ្រង់​ស្ដាយ​ណាស់ ទ្រង់​ឲ្យ​អស់​នាហ្មឺន​ចាត់​សំបុត្រ​រក​គ្រប់​ខេត្ត ក៏​ពុំ​ឃើញ​ហើយ​ទ្រង់​ស្ងៀម​ទៅ។

បុរស​នោះ លា​សេដ្ឋី​ដើរ​ទៅ​ឆ្ងាយ ក៏​បាន​ទៅ​ដល់​នគរ​មួយ​ដទៃ​ទៀត។
ស្ដេច​នគរ​នោះ​ ទ្រង់​ឲ្យ​នាហ្មឺន​ម្នាក់ៗ​ទៅ​ដេក​វេន ចាំ​យាម​នៅ​ចុង​ព្រះរាជ​រោង​រាល់​យប់។
ស្ដេច​ទ្រង់​ចេញ​កាប់​តែ​រាល់​យប់ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ទ្រង់​បង្គាប់​មក​នោះ​ស្លាប់​អស់​ជា​ច្រើន។
នៅ​ថ្ងៃ​ដែល​បុរស​នោះទៅ​ដល់​ ជួន​ត្រូវ​លើ​វេន​ចៅហ៊្វាទៅ​ដេក​ថ្វាយ​ស្ដេច​កាប់​ ចៅហ៊្វា​នោះក៏​ធ្វើ​បុណ្យ​ទាន​ក្នុង​ថ្ងៃ​នោះ។
បុរស​នោះ​ទៅ​ដល់​សួរ​គេ​ថា «លោក​មាន​ការ​អ្វី​បាន​ជា​ធ្វើ​បុណ្យ​ទាន ហើយ​ហេតុ​ដូចម្ដេច ក៏​បាន​ជា​កូន​ប្រពន្ធ​លោក​យំ​រាល់​គ្នា​ដូច្នេះ»។
គេ​ប្រាប់​ថា​ លោក លោក​ត្រូវ​ទៅ​ដេក​វេនថ្វាយ​ស្ដេច​កាប់​ក្នុង​ពេល​ល្ងាច​នេះ បាន​ជា​លោក​ធ្វើ​បុណ្យ​មុន​ស្លាប់»។
បុរស​នោះ​ថា «ឲ្យ​តែ​បាយ​ខ្ញុំ​ស៊ី​ចុះ ខ្ញុំ​ទៅ​ដេក​ថ្វាយ​ស្ដេច​កាប់​ជួស»។
គេ​ឮ​ដូច្នោះ ក៏​ទៅ​ជម្រាប​ចៅហ៊្វា​ឲ្យ​ហៅ​បុរស​នោះ​ទៅ ហើយ​ឲ្យ​រៀប​បាយ​ទឹក​ឲ្យ​ស៊ី។
រួច​ហើយ​សួរ​ថា «បើ​អ្នក​ទៅ​ដេក​វេន​ថ្វាយ​ស្ដេច​ជួស​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​ឲ្យ​អ្នក»។
បុរស​នោះ​ក៏​ទទួល​ទៅ​ដេក​ជួស​ ហើយ​សុំ​គ្រឿង​ប្រដាប់​ដែល​ចៅ​ហ្វា​នោះ​ពាក់ យក​មក​ពាក់រួច​ហើយ​ ក៏​លី​កាំបិត​បន្ទោះ​ចូល​ទៅ​ដេក​នៅ​ចុង​ព្រះរាជ​រោង​ចាំ​ស្ដេច​ចេញ​កាប់។
លុះ​ទៅ​ដល់​ចុង​ព្រះរាជ​រោង បុរស​នោះ​ពុំ​ដេក​ឡើយ​ចាំ​មើល​ស្ដេច ពេល​យប់​ជ្រៅ​ស្ងាត់ ស្ដេច​ទ្រង់​បើក​ទ្វារ​ចេញ​មក​ទ្រង់​កាន់​ព្រះ​ខ័ន យាង​ចូល​មក​នឹង​កាប់​បុរស​នោះ ឃើញ​ស្ដេច​យាង​ចូល​មក​ជិត ក៏​ស្ទុះ​ចូល​ទៅ​ចាប់​ស្ដេច​នោះ​ជាប់ ហើយ​ក៏​ចាក់​នឹង​កាំបិត​បន្ទោះ​បង្ខុស​ពីរ​បី​ដង។
ហើយ​សួរ​ថា «នរណា​ចូល​មក​ទាំង​យប់​នោះ? ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​យាម​ក្នុង​យប់​នេះ? ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​យាម​ក្នុង​យប់​នេះ» ថា​ហើយ ក៏​ចាក់​បង្ខុស​ទៀត។
ស្ដេច​ទ្រង់​មាន​ព្រះបន្ទូល​ថា «ទេ​​ អញ​ទេ»។
«នរណា​?»
»អញ​ទេ​ៗ ! អញ​ជា​ស្ដេច»។
«ស្ដេច​អី​មក​ពេល​នេះ អញ​មិន​ដឹង​ទេ! ត្បិត​ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​រាជ​រោង​យប់​នេះ»។
សួរ​ដេញ​ដោល​ដូច្នោះ​ហើយ បុរស​ក៏​លុត​ជង្គង់​ថ្វាយ​បង្គំ​ស្ដេច ​សូមទោស។
ស្ដេច​ត្រាស់​សួរ​ថា «ចៅ​នៅ​ឯណា!»។
បុរស​នោះ​ថា «ខ្ញុំ​នៅ​ផ្ទះ​ចៅហ៊្វា» ។
ស្ដេច​ទ្រង់​ជ្រាប ទ្រង់​ញញឹម​ ហើយ​ទ្រង់​ចូល​ទៅ​វិញ។

លុះ​ព្រឹក​ឡើង បុរស​នោះ លី​កាំបិត​ចេញ​ពី​ក្នុង​វាំង​មក​ផ្ទះ​ចៅហ៊្វា។
អ្នក​ផង​​ឃើញ​ហើយ​ឆ្ងល់​ថា «បុរស​នោះ​ទៅ​ដេក​វេន​ថ្វាយ​ស្ដេច​កាប់ ម្ដេច​ក៏​មិន​ស្លាប់​ត្រឡប់​ជា​មក​វិញ»។
ចៅហ៊្វា​សួរ បុរស​នោះ​ក៏​ជម្រាប​តាម​ដំណើរ​សព្វ​គ្រប់​ ហើយ​ជម្រាប​ថែម​ថា «ស្ដេច​សព្វ​ថ្ងៃ​នេះ​មិនមែន​ជា​កាច​ទេ ត្បិត​ទ្រង់​ពិសោធ​រក​មនុស្ស​ប្រាជ្ញ​ចេះ​ដឹង​ក្នុង​នគរ ដើម្បី​រក្សា​ស្ដេច​បាន​ជា​ទ្រង់​ចាត់​មនុស្ស​ឲ្យ​យាម តែ​អ្នក​ដែល​ទៅ​យាម​ចេះ​តែ​ដេក​លក់ ទើប​ស្ដេច​ទ្រង់​កាប់ ចុះ​បើ​សត្រូវ​ចូល​ទៅ​លុកលុយ​ស្ដេច​ ហើយ​យើង​ដេក​លក់​នោះ តើ​នឹង​ជា​យ៉ាង​ណា​ទៅ?»។
បុរស​នោះ​និយាយ​រឿង​ប្រាប់​សព្វគ្រប់ ទើប​ភ្ញាក់​ខ្លួន​គ្រប់គ្នា។

ចៅហ៊្វា​នោះ មាន​កូន​ក្រមុំ​មួយ​ក៏​ឲ្យ​ជា​ប្រពន្ធ​បុរស​នោះ ដោយ​គិត​ថា បុរស​នេះ​មាន​គុណ​ធ្ងន់​ណាស់។
លុះ​ព្រឹក​ឡើង ស្ដេច​ទ្រង់​ឲ្យ​ហៅ​បុរស​នោះ​មក ទ្រង់​ឲ្យ​ធ្វើ​ជា​នាហ្មឺន​ធំ​រក្សា​ព្រះនគរ​បន្ទាប់​ពី​ព្រះអង្គ។

វេលា​ស្ដេច​ទ្រង់​ព្រះ​ជរា​ទៅ ទ្រង់​ពុំ​មាន​ព្រះ​រាជបុត្រ​នឹង​សោយរាជ្យ​ស្នង មាន​តែ​ព្រះ​រាជធីតា​មួយ​អង្គ ក៏​ទ្រង់​ព្រះរាជទាន​ព្រះរាជធីតា និង​រាជ​សម្បត្តិ​ឲ្យ​បុរស​នោះ​សោយរាជ្យ​ជា​ស្ដេច​តទៅ ។

ពាក្យ​ពិត​មិន​ចេះ​ស្លាប់!

គង់ហ៊ាន

កាល​ពីព្រេងនាយ មាន​មនុស្ស​ម្នាក់ ឈ្មោះ​គង់ មាន​ប្រពន្ធ​ពីរ។ មួយ​ឈ្មោះ​អាង​អាំ មួយ​ឈ្មោះ​នាង​គំ។

ថ្ងៃ​មួយ​អ្នក​គង់​នាំ​ប្រពន្ធ​ទាំងពីរ​នាក់​ទៅ​សួរ​បងប្អូន​នៅ​ស្រុក​ឆ្ងាយ។ តាម​ផ្លូវ​ទៅ​ស្រុក​នោះ មាន​ខ្លា​សាហាវ។
អ្នក​គង់​បណ្ដើរ​ប្រពន្ធ​ទាំងពីរ​នាក់ ទៅ​ដល់​ព្រៃ​ធំ​មួយ​ ជិត​ស្រុក​គេ។ ព្រៃ​នោះ​តែង​មាន​ខ្លា​ដេញ​ខាំ​មនុស្ស​ ក្របី​​ គោ ស៊ី​តែ​រឿយៗ។
លុះ​អ្នក​គង់​ទៅ​ដល់​កន្លែង​នោះ ខ្លា​ក៏​ស្ទុះ​ដេញ ស្រែក​សន្ធាប់​ពី​ចម្ងាយ​មក។
អ្នក​គង់​រត់​ចូល​រូង​ឈើ ញ័រ​ដៃ​ញ័រ​ជើង រាគ​នោម​ព្រោះ​ភ័យ​ណាស់។
នាង​អាំ​ និង​នាង​គំ ខំ​ព្រួត​គ្នា​វាយ​ខ្លា​នោះ​ស្លាប់​ទៅ។

ឯ​អ្នក​គង់ ឃើញ​ប្រពន្ធ​វាយ​ខ្លា​ស្លាប់​ហើយ បាន​ស្ទុះ​ម្នីម្នា​ចេញ​ពី​រូង​ឈើ​មក យក​ដំបង​វាយ​ខ្លា​ស្លាប់​ស្រាប់​នោះ​ថែម​ទៀត។
ប្រពន្ធ​ទាំងពីរ​បន្ទោស​ប្ដី​ថា «ខ្លា​គេ​វាយ​ងាប់​ហើយ ធ្វើ​ជា​មក​វាយ​ថែម​ទៀត ប្រុស​អី​កំសាក​ញី​ដូច្នេះ»។
អ្នក​គង់​ជេរ​បំពាន​ទៅ​ប្រពន្ធ​ថា «មិន​ដែល​មាន​ស្រី​ណា​វាយ​ខ្លា​ស្លាប់​ទេ​មាន​តែ​ប្រុស ទើប​ហ៊ាន​វាយ​ខ្លា​ទាល់​តែ​ស្លាប់»។
ហើយ​អ្នក​គង់​ក៏បាន​បោច​វល្លិ​ចង​ខ្លា​នោះ​ នាំ​ប្រពន្ធ​សែង​ចូល​ទៅ​ក្នុង​ស្រុក។
អស់​អ្នក​ស្រុក​ឃើញ​អ្នក​គង់​សែង​ខ្លា​មក គេ​បបួល​គ្នា​ទៅ​មើល​ពាសពេញ ហើយ​គេ​សួរ​ថា «ឯង​ធ្វើ​ដូចម្ដេច​បាន​ជា​បាន​ខ្លា​នេះ ត្បិត​ខ្លា​នេះ​សាហាវ​ណាស់ វា​តែង​តែ​ខាំ​មនុស្ស​ម្នា ​ក្របី​ គោ ស៊ី​ច្រើន​ណាស់​ហើយ»។
ប្រពន្ធ​អ្នក​គង់​ក៏​និយាយ​ប្រាប់​អ្នក​ស្រុក​ថា «អ្នក​គង់​គាត់​ឃើញ​ខ្លា​វា​បោល​មក​ គាត់​រត់​ចូល​ក្នុង​រូង​ឈើ ខ្ញុំ​ពីរ​នាក់​ជា​ស្រីៗ​ព្រួត​គ្នា​វាយ​ខ្លា​ទាល់​តែ​ស្លាប់»។
អ្នក​គង់​ឮ​ប្រពន្ធ​និយាយ​ប្រាប់​គេ​ដូច្នោះ ក៏​បញ្ចោរ​រំលោភ​ទៅ​លើ​ប្រពន្ធ​ថា «មិន​ដែល​មាន​ស្រី​ណា​ខ្លាំង​ពូកែ​ ហ៊ាន​វាយ​ខ្លា​ស្លាប់​ទេ មាន​តែ​ប្រុស​ទើប​ខ្លាំង​ពូកែ ហ៊ាន​វាយ​ខ្លា​ឲ្យ​ស្លាប់​បាន»។
អ្នក​គង់​ក៏​អួត​ប្រាប់​អ្នក​ស្រុក​ថា «កាល​ដែល​ខ្លា​វា​ស្ទុះ​មក​នឹង​ខាំ​ដូច្នេះ ខ្ញុំ​ដាក់​ស្នៀត​គុន​ដូច្នេះ បាន​ជា​វាយ​វា​បាន» ហើយ​អ្នក​គង់​ធ្វើ​ជា​លោត​គុន​វាយ​ខ្លា ឲ្យ​អ្នក​ស្រុក​មើល។
ឯ​អស់​អ្នក​ស្រុក​កោត​ខ្លាច​អ្នក​គង់​រាល់​គ្នា ហើយ​ឲ្យ​ឈ្មោះ​ថា « គង់ហ៊ាន» តាំង​ពី​ថ្ងៃ​នោះ​មក ឮ​ល្បី​ឈ្មោះ​គង់ហ៊ាន ជា​អ្នក​ពូកែ ចេះ​គុន​វាយ​ខ្លា​ស្លាប់។
រឿង​នេះ​ជ្រាប​ដល់​ស្ដេច​ៗក៏​ឲ្យ​យក​ទៅ​ចិញ្ចឹម​ធ្វើ​ជា​សេនា​សម្រាប់​ច្បាំង​សង្គ្រាម។

លុះ​យូរ​បន្តិច​ទៅ ចួន​ជា​មាន​សឹក​គេ​លើក​មក​ច្បាំង​យក​នគរ ស្ដេច​ទ្រង់​ប្រើ​គង់ហ៊ាន​ឲ្យ​ទៅ​ច្បាំង។
គង់ហ៊ានឮ​ស្ដេច​ទ្រង់​ប្រើ​ឲ្យ​ទៅ​ជួយ​ច្បាំង​សឹក​ដូច្នោះ ភ័យ​ណាស់​ពុំ​ដឹង​បើ​គិត​ដូចម្ដេច នឹង​មិន​ទៅ​ច្បាំង​មិន​បាន ត្បិត​ស្ដេច​ទ្រង់​ប្រើ​ហើយ ហើយ​ខ្លួន​បាន​ទាំង​ល្បី​ឈ្មោះ​ជា​អ្នក​ខ្លាំង​ពូកែ​ផង ត្រឡប់​មក​វិញ ដេក​សន្ធឹក​សន្ធៃ​អត់​បាយ។
ប្រពន្ធ​ទាំងពីរ​នាក់​ចូល​ទៅ​សួរ​ថា ម្ដេច​បាន​ជា​អ្នក​ដេក​អត់​បាយ​ដូច្នេះ មាន​បើ​ហេតុភេទ​អ្វី ប្រការ​ដូចម្ដេច ?។
គង់​ហ៊ាន​ប្រាប់​ថា ត្បិត​ស្ដេច​ទ្រង់​ប្រើ​បង​ឲ្យ​ទៅ​ច្បាំង​សឹក ឥឡូវ​នេះ បង​ខ្លាច​សឹក​នោះ​ណាស់ មិន​ដឹង​បើ​គិត​ដូចម្ដេច​ទេ ប្រពន្ធ​ឆ្លើយ​ឡើង​ថា អ្នក​កុំ​ព្រួយ​ចិត្ត​ធានា​លើ​ខ្ញុំ​ទាំងអស់ អ្នក​ក្រោក​ឡើង​ ពិសា​បាយ​ឲ្យ​ឆ្អែត ងូត​ទឹក​ឲ្យ​ស្រួល​ខ្លួន​ចុះ។
គង់ហ៊ាន​ឮ​ប្រពន្ធ​លួងលោម​ដូច្នោះ បាន​ធូរ​ក្នុង​ចិត្ត ក្រោក​ឡើង​ងូត​ទឹក ស៊ី​បាយ រៀប​គ្រឿង​ប្រដាប់​ទៅ​ច្បាំង។ លុះ​រៀប​រួច​ហើយ​ដល់​បាន​ពេលា​ល្អ ក៏​ចូល​ទៅ​ក្រាប​បង្គំ​លា​ស្ដេច​ចេញ​ទៅ​ច្បាំង យក​ទាំង​ប្រពន្ធ​ទៅ​ផង។

គង់ហ៊ាន​ជិះ​ខាង​ក្បាល​ដំរី ប្រពន្ធ​ជិះ​ខាង​ក្រោយ មាន​រេហ៍ពល​ហែហម​អម​មុខ​ក្រោយ​ជា​ក្បួន​ទ័ព​ត្រៀបត្រា​ពាសពេញ លុះ​ជិះ​ទៅ​ជិត​ខ្មាំង​សត្រូវ​មើល​ឃើញ​ច្បាស់​ប្រាកដ គង់ហ៊ាន​ភ័យ​ណាស់​ លេច​អាចម៍​លេច​នោម​ញ័រ​ដៃ​ជើង​ដូច​គេ​អង្រួន​ក្បាល​ដំរី។
ឯ​ដំរី​គិត​ស្មាន​ថា​ គេ​អង្រួន​ឲ្យ​ខ្លួន​បោល​ចូល​ក៏​ចេះ​តែ​បោល​សម្រុក​ចូល​ទៅមុន​រេហ៍ពល​ទាំងអស់​គ្មាន​នរណា​តាម​ទាន់។

ឯ​ខ្មាំង​សត្រូវ​ឃើញ​គង់ហ៊ាន​បំបោល​ដំរី​ចូល​ដូច្នោះ គិត​ស្មាន​ថា​ មេទ័ព​នេះ​ពូកែ​ណាស់​ ក៏​បាក់​ទ័ព​ចាញ់ រត់​យក​តែ​ព្រះ​អាយុ​ដោយ​ខ្លួន​ទៅ។
គង់ហ៊ាន​ឃើញ​ខ្មាំង​រត់​ទៅ​អស់​ក៏​ធ្វើ​ជា​អួត​ក្អេងក្អាង​ឲ្យ​អស់​នាហ្មឺន​ និង​រេហ៍ពល​កោត​ខ្លាច។
អស់​នាហ្មឺន​ឃើញ​គង់ហ៊ាន​លេច​អាចម៍​ដាក់​ក្បាល​ដំរី ស្អុយ​ពាសពេញ​ដូច្នេះ​ គេ​សួរ​ថា «លោក​មេទ័ព ថ្វី​ក៏​លេច​លាមក​ដូច្នេះ?»។
គង់ហ៊ាន​ឆ្លើយ​ឡើង​ថា «បើ​កំពុង​តែ​ច្បាំង​នឹង​សត្រូវ​ហើយ​ឈឺ​ផ្ទៃ និង​ចុះ​ទៅ​ដោះ​ទុក្ខ​សត្វ​ឯណា​បាន មាន​តែ​ដោះ​ទុក្ខ​សត្វ​លើ​ក្បាល​ដំរី​ដូច្នេះ​ឯង បើ​រវល់​តែ​ដោះ​ទុក្ខ​សត្វ ខ្មាំង​វា​មិន​កាប់​ស្លាប់​ឥត​អំពើ​ទៅ​ហើយ​ឬ?»

អស់​នាហ្មឺន​ និង​រេហ៍ពល​ ឮ​គង់ហ៊ាន​និយាយ​ដូច្នោះ អ្នក​ខ្លះ​មាន​ប្រាជ្ញា​ គេ​ដឹង​ថា​គង់ហ៊ាន​ខ្លាច អ្នក​ខ្លះ​មិន​សូវ​មាន​ប្រាជ្ញា ក៏​កោត​ខ្លាច​គង់ហ៊ាន​ណាស់។
ឯ​គង់ហ៊ាន​បាន​ឈ្នះ​ទ័ព ត្រឡប់​ចូល​មក​ក្នុង​នគរ​វិញ​ ហើយ​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​ស្ដេច។

ស្ដេច​ទ្រង់​ជ្រាបថា គង់ហ៊ាន​ទៅ​ច្បាំង​ឈ្នះ ដេញ​ខ្មាំង​រត់​ខ្ចាត់ខ្ចាយ​អស់​ទៅ ទ្រង់​ត្រេកអរ​ណាស់ ទ្រង់​ព្រះរាជទាន​យស​សក្ដិ​ជា​នាហ្មឺន​ធំ ហើយ​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​គ្រឿង​បណ្ណាការ​ជា​ច្រើន។

តាំង​អំពី​ថ្ងៃ​នោះ​មក គង់ហ៊ានរឹត​តែ​អួត​ខ្លាំង​ពូកែ​ក្អេងក្អាង​ឡើង​ទៀត។
លុះ​ក្រោយ​មក​ទៀត​ មាន​ក្រពើ​សាហាវ​មួយ ចេះ​តែ​ដេញ​ខាំ​អស់​មនុស្ស​ម្នា អ្នក​ឈ្មួញ​ជួញ​លក់ដូរ ដើរ​រកស៊ី​ខាង​ជើង​ទឹក​ជើង​កំពង់ គេ​ខ្លាច​រអា​គ្រប់​គ្នា​ មិន​មាន​អ្នក​ណា​ហ៊ាន​ចុះ​មុជ​ទឹក ឬ​ដើរទូក​សោះ។
អស់​រាស្ត្រ​លំបាក​ចិត្ត​ណាស់។
រឿង​នោះ​ក៏​ជ្រាប​ទៅ​ដល់​ស្ដេច​ៗទ្រង់​ត្រាស់​ប្រើ​ឲ្យ​គង់ហ៊ាន​ទៅ​ចាប់​ក្រពើ។
ឯ​គង់ហ៊ាន​ឮ​ព្រះ​បន្ទូល​ដូច្នោះ​នឹក​ភ័យ​ណាស់ ប៉ុន្តែ​មិន​ហ៊ាន​ទទឹង​ព្រះ​បន្ទូល ក៏​ទទួល​ថា នឹង​យក​អាសា​សូម​ទ្រង់​កុំ​ព្រួយ​ព្រះរាជហឫទ័យ។
គង់ហ៊ាន​ត្រឡប់​មក​ដល់​ផ្ទះ​និយាយ​នឹង​ប្រពន្ធ​ថា «គេហ៍​អើយ ! ឥឡូវ​នេះ​ស្ដេច​ទ្រង់​ប្រើ​យើង​ឲ្យ​ទៅ​ចាប់​ក្រពើ​ក្នុង​ទន្លេ ត្បិត​ក្រពើ​សាហាវ​ណាស់ ម្ដង​នេះ​ឃើញ​ថា​មិន​រួច​ខ្លួន​ទេ មុខ​ជា​ក្រពើ​ខាំ​ស្លាប់​មិន​ខាន ពី​មុន​នៅ​លើ​គោក​គ្រាន់​នឹង​មើល​ទៅ​ឃើញ ឥឡូវ​នេះ​នៅ​ក្នុង​ទឹក ធ្វើ​ដូចម្ដេច​នឹង​គេច​រួច? ប៉ុន្តែ​ស្ដេច​ទ្រង់​ប្រើ​ហើយ​នឹង​មិន​ទៅ​ក៏​មិន​បាន បើ​ដូច្នេះ​មាន​តែ​ទៅ​លោត​ទឹក​ឲ្យ​ក្រពើ​ខាំ​ស្លាប់​តែ​ម្ដង​ទៅ»។
គង់ហ៊ាន​គិត​គ្នា​នឹង​ប្រពន្ធ​ដូច្នោះ​ហើយ ក៏​ហៅ​អស់​កូន​ក្មួយ​មក​ធ្វើ​ជា​ទៅ​ចាប់​ក្រពើ។
អស់​មនុស្ស​ម្នា មហាជន បាន​ឮ​ថា​គង់ហ៊ាន​បាន​ទៅ​ចាប់​ក្រពើ ក៏​បបួល​គ្នា​ទៅ​មើល​ពាសពេញ។
លុះ​គង់ហ៊ាន​ទៅ​ដល់​កំពង់​ទឹក បាន​ឃើញ​ក្រពើ​ហែល​មក​ប្រប​ច្រាំង​ ត្រង់​ទី​ដែល​មាន​ដើម​ឈើ​ពីរ​ដើម​ដុះ​ជិត​គ្នា មាន​ប្រគាប គាត់​ក៏​ស្ទុះ​លោត​ចុះ​ទៅ​ក្នុង​ទឹក​ត្រង់​ទីនោះ ដោយ​គិត​ថា លោត​ទៅ​ឲ្យ​ក្រពើ​វា​ខាំ​ឲ្យ​ស្លាប់​ទៅ​ទេ ប៉ុន្តែ​ក្រពើ​វា​ឮ​សូរ​សន្ធឹក​គង់ហ៊ាន​លោត​ចុះ​ក៏​ភ្ញាក់​ព្រើត ប្រឹង​លោត​ឡើង​ដូច​គេ​ប្រហក​ក្នុង​ប្រគាប​ឈើ ជាប់​ពាក់​កណ្ដាល​ខ្លួន​រុញ​ទៅ​មុខ​ ក៏​មិន​រួច ថយ​មក​ក្រោយ​ក៏​មិន​រួច។
គង់ហ៊ាន​មុជ​ទៅ​ក្នុង​ទឹក​ងើប​ឡើង​ឃើញ​ក្រពើ​ជាប់​នឹង​ដើម​ឈើ​ដូច្នោះ​ ស្រែក​បង្គាប់​កូន​ក្មួយ ឲ្យ​យក​លំពែង​មក​ចាក់ កាប់​ក្រពើ​នោះ​ស្លាប់​ទៅ។
ឯ​អ្នក​ដែល​មើល​ទាំង​ប៉ុន្មាន គេ​គិត​ស្មាន​ថា​ គង់ហ៊ាន ​ចាប់​ក្រពើ​បោះ​មក​ឲ្យ​ជាប់​នឹង​ដើម​ឈើ ក៏​កោត​ខ្លាច​គង់ហ៊ាន​ក្រៃពេក។

គង់ហ៊ាន បាន​ឃើញ​ក្រពើ​ស្លាប់​ដូច្នោះ​ ក៏​រឹត​តែ​ក្អេងក្អាង​ អួត​ខ្លាំង​ពូកែ​ឡើង​ទៀត​ ហើយ​ចូល​ទៅ​ក្រាប​ទូល​ស្ដេច តាម​ខ្លួន​បាន​ចាប់​ក្រពើ​ចោល​ឡើង​មក​លើ​គោក។ ស្ដេច​ក៏​ទ្រង់​សព្វ​ព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​យស​សក្ខី​ឲ្យ​គង់ហ៊ាន​ឡើង​ជា​ធំ​លើស​ពី​មុន​ទៀត​ ហើយ​ទ្រង់​ព្រះរាជទាន​ទាំង​អំណាច​ទាំង​រង្វាន់​ជា​ច្រើន។

សំណាប​យោង​ដី​ ស្រី​យោង​ប្រុស!