Category Archives: Legend

ពស់​កេងកង

កាល​ពីព្រេងនាយ នៅ​លើ​ដី​យើង​នេះ គ្រប់​ស្រុក​ទាំងអស់​មិន​មាន​ពស់​ពិស និង​ពស់​ឥត​មាន​ពិស​ទេ មាន​តែ​ពស់​កេងកង ។

មាន​និទាន​ថា៖ កាល​ដើម​ឡើយ​ មាន​មនុស្ស ២ នាក់​ប្ដី​ប្រពន្ធ។
ប្រពន្ធ​ឈ្មោះ​នាង​នី​ មាន​កូន​ស្រី​មួយ​ឈ្មោះ​នាង​អេត។
ប្ដី​នោះ​ទៅ​ជួញ​អង្កាំ បាត់​ជា​យូរ​អង្វែង។
ថ្ងៃ​មួយ​អស់​បងប្អូន​ជិត​ខាង គេ​បបួល​គ្នា​ទៅ​រក​ឧស។
ឯ​នាង​នី​ឮ​គេ​ថា​បបួល​គ្នា​ក៏​ទៅ​ជាមួយ​នឹង​គេ​ដែរ យក​នាង​អេត​ជា​កូន​ទៅ​ផង លី​ដឹង​ចូល​ព្រៃ​បាន​ឃើញ​ឧស​មួយ​ធំ។
នាង​នី​យក​ដឹង​ពុះ​ឧស លុះ​ពុះ​យូរ​បន្តិច​ទៅ​ដឹង​ក៏​រង្គោះ​ធ្លាក់​ទៅ​ក្នុង​រន្ធ​ពស់។
នាង​នី​មើល​ទៅ​ឃើញ​ដឹង និង​ពស់​កេងកង ក៏​និយាយ​នឹង​ពស់​នោះ​ឲ្យ​ហុច​ដឹង​ឲ្យ។
ឯ​ពស់​កេងកង​ឆ្លើយ​ឡើង​ថា «អើ ! បើ​នាង​ឯង​ដោយ​អញ ធ្វើ​ប្រពន្ធ​អញ​ទើប​អញ​ឲ្យ​ដឹង បើ​នាង​ឯង​មិន​ដោយ​អញ មិន​ធ្វើ​ជា​ប្រពន្ធ​អញ​ទេ​នោះ អញ​មិន​ឲ្យ​ដឹង​ទេ»។
នាង​នី​ឮ​ពស់​កេងកង​ថា​ដូច្នោះ​ហើយ ហេតុ​តែ​ជា​ស្រី​ខូច ក៏​ទទួល​ព្រម​ថា អើ ! លែង​តែ​អ្នក​ឲ្យ​ដឹង​មក​ខ្ញុំ​ចុះ ចាំ​ល្ងាច សឹម​ខ្ញុំ​ឲ្យ​មេ​អេត​មក​ហៅ»។
ពស់​កេងកង​ឮ​នាង​នី​ថា​ដូច្នោះ​ក៏​ឲ្យ​ដឹង​មក។
នាង​នី​ផ្ដាំ​ថា «ដល់​ល្ងាច សឹម​ឲ្យ​មេ​អេត​មក​ហៅ» ហើយ​នាង​នី​ក៏​ទូល​ឧស​ទៅ​ផ្ទះ​ជា​មួយ​នឹង​នាង​អេត។
លុះ​ដល់​ព្រលប់​នាង​នី ក៏​ប្រើ​មេ​អេត​ជា​កូន​ឲ្យ​ទៅ​ហៅ​ពស់​កេងកង។

នាង​អេត​ទៅ​ដល់​ឈរ​នៅ​មាត់​រន្ធ​ពស់ ហៅ​ថា «ពស់​កេងកង​អើយ​ នាង​នី​ឲ្យ​ហៅ ! » ។
ឯ​ពស់​កេងកង​ឮ​ហើយ​លូន​ចេញ​មក។
នាង​អេត​ឃើញ​ពស់​ក៏​ភ័យ​ខ្លាច​ព្រឺ​ស្ញើប​អស់​ទាំង​ខ្លួន ប៉ុន្តែ​ខ្លាច​ម្ដាយ​ព្រោះ​ម្ដាយ​ប្រើ​មក ក៏​ខំ​សង្កត់​ចិត្ត​នាំ​ពស់​ទៅ​ផ្ទះ។
ពស់​នោះ​ធំ​ណាស់ លូន​ទៅ​លើ​ស្មៅ​បាក់​រាប​អស់ ដល់​ផ្ទះ​ហើយ​ក៏​ឡើង​ទៅ​ដេក​ជា​មួយ​នឹង​នាង​នី។
នាង​នី​និយាយ​នឹង​ពស់​កេងកង​ថា «ខ្ញុំ​មាន​ប្ដី​ ឥឡូវ​នេះ​គាត់​ទៅ​ជួញ​អង្កាំ​ពីរ បី​ឆ្នាំ​មក​ម្ដងៗ »។
ពស់​កេងកង​សួរ​ថា «ប្ដី​នាង​ឯង​ទៅ​ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​ខែ ទៀត​នឹង​មក​ដល់?»
នាង​នី​ឆ្លើយថា «មិន​ដឹង​ជា​ប៉ុន្មាន​ខែ ប៉ុន្មាន​ថ្ងៃ​ទៀត នឹង​មក​ដល់​ទេ»
ពស់​កេងកង​ និង​នាង​នី ក៏​ដេក​លក់​ជា​មួយ​គ្នា​ទៅ ដល់​ជិត​ភ្លឺ​ទើប​ពស់​កេងកង​លា​នាង​នី​ទៅ​រូង​វិញ។
នាង​នី​ផ្ដាំ​ថា «បើ​ប្ដី​ខ្ញុំ​មក ខ្ញុំ​មិន​ឲ្យ​មេ​អេត​ទៅ​ហៅ​ទេ អ្នក​កុំ​មក បើ​ប្ដី​ខ្ញុំ​មិន​ទាន់​មក​នោះខ្ញុំ​ប្រើ​មេ​អេត​ឲ្យ​ទៅ​ហៅ​អ្នក សឹម​អ្នក​មក»។
ពស់​កេងកង​ក៏​ទៅ​ឯ​រូង​ខ្លួន​វិញ​ទៅ។
រាល់​តែ​ល្ងាច​នាង​នី​ប្រើ​មេ​អេត​ឲ្យ​ទៅ​ហៅ​ពស់​កេងកង។
នាង​អេត​ខ្លាច​ម្ដាយ​ក៏​ទៅ​ហៅ​តាម​ពាក្យ​ម្ដាយ​ប្រើ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្លាច​ពស់​នោះ​ណាស់ ត្បិត​ពស់​នោះ​ធំ​ណាស់ ហើយ​វែង​ផង។
មួយ​ទៀត ខឹង​ក្នុង​ចិត្ត ត្បិត​ម្ដាយ​សហាយ​នឹង​ពស់។

នាង​អេត​ទៅ​ដល់​មាត់​រូង​ហើយ​ហៅ​ថា «ពស់​កេងកង​អើយ នាង​នី​ឲ្យ​ហៅ»
ពស់​កេងកង​ឮ​ក៏​លូន​ចេញ​មក​ហើយ​ឆ្លើយ​ថា «អេត​អើយ! ថា​អញ​មិន​ទៅ ​ឪពុក​អេត​នៅ​កាត់​ក្បាល​អញ​ដាច់»
នាង​អេត​ឆ្លើយ​ថា «ឪពុក​អញ​ទៅ​ជួញ​អង្កាំ ពីរ បី​ឆ្នាំ​មិន​ទាន់​មក​ដល់»។
ពស់​កេងកង​ឮ​នាង​អេត​ប្រាប់​ដូច្នោះ ក៏​លូន​ចេញ​អំពី​រន្ធ​មក ហើយ​ចេះ​តែ​ទៅ​មក​ៗ​តែ​សព្វ​ថ្ងៃ។
នាង​នី​សហាយ​នឹង​ពស់​កេងកង​ទាល់​តែ​ផើម។
លុះ​យូរ​បន្តិច​ទៅ​ប្ដី​នាង​នី​មក​ពី​ជួញ​អង្កាំ​វិញ ឃើញ​នាង​នី​ពោះ​ធំ ​នឹក​សង្ស័យ ក៏​សួរ​នាង​អេត​ជា​កូន។
នាង​អេត​ប្រាប់​ឪពុក​ថា «ម៉ែ​គាត់​សហាយ​នឹង​ពស់​កេងកង តែ​វេលា​ព្រលប់​កាលណា​ឲ្យ​ខ្ញុំ​ទៅ​ហៅ​តែ​សព្វ​ថ្ងៃ»។
ឪពុក​ឮ​នាង​អេត​ប្រាប់​ដូច្នោះ​ក៏​និយាយ​នឹង​នាង​អេត​ថា «ដល់​ល្ងាច​ហង​ឯង​ទៅ​ហៅ​ពស់​នោះ​ទៀត អញ​ចាំ​កាប់​វា​នៅ​មាត់​ទ្វារ ហើយ​ហង​ឯង​កុំ​ឲ្យ​ម្ដាយ​ហង​ឯង​ដឹង»។

ឯ​នាង​អេត​លុះ​ដល់​ព្រលប់​ក៏​ទៅ​ហៅ​ពស់​កេងកង​ថា «ពស់​កេងកង​ៗ! នាង​នី​ឲ្យ​ហៅ»។
ពស់​កេងកង​ឮ​ហើយ​ឆ្លើយ​ថា «អេត​អេត​អើយ ! ថា​អញ​មិន​ទៅ ឪពុក​អេត​នៅ​ កាត់​ក​អញ​ដាច់»។
នាង​អេត​ឆ្លើយ​ថា «ឪពុក​អញ​ទៅ​ជួញ​អង្កាំ​ពីរ បី​ឆ្នាំ​ មិន​ទាន់​មក​ដល់»។
ពស់​កេងកង​ឮ​នាង​អេត​ប្រាប់​ដូច្នោះ​ស្មាន​ថា ឪពុក​នាង​មិន​ទាន់​មក​ពី​ជួញ​អង្កាំ​មែន ក៏​ទៅ​ដូច​សព្វ​ថ្ងៃ។
ឯ​ឪពុក​នាង​អេត​កាន់​ដាវ​ពួន​នៅ​មាត់​ទ្វារ​ចាំ​កាប់។
ពស់​កេងកង​លូន​ចូល​ក្នុង​ទ្វារ​បន្តិច​ ឪពុក​នាង​អេត​កាត់​ក​ដាច់​ ហើយ​កាត់​មួយ​កំណាត់​ខាង​កន្ទុយ​យក​ទៅ​ដាក់​លើ​ស្កាក មួយ​កំណាត់​ខាង​ក្បាល​យក​ទៅ​ដាក់​លើ​មែក​ពុទ្រា ឯ​កណ្ដាល​ខ្លួន​យក​ទៅ​ពន្លះ​ពន្លាត់​ស្បែក​ចោល ហើយ​ផ្ដាំ​នាង​អេត​ថា «កុំ​ឲ្យ​ម្ដាយ​ហង​ឯង​ដឹង តែ​ត្រូវ​ទុក​សាច់​ស្ល​ឲ្យ​ម្ដាយ​ហង​ឯង​ស៊ី»។
ឪពុក​នាង​អេត​ក៏​លាង​ឈាម​ពស់​ជ្រះ​អស់​មិន​ឲ្យ​មាន​សល់។
ឯ​នាង​នី​ពុំ​បាន​ដឹងជា ប្ដី​កាប់​ពស់​សហាយ​ស្លាប់​ទេ ព្រោះ​ពេល​នោះ​នាង​នី​មិន​នៅ ទៅ​សួរ​បងប្អូន​នៅ​ផ្ទះ​ឆ្ងាយ។

លុះ​ព្រឹក​ឡើង​នាង​អេត​យក​សាច់​ពស់​មក​ស្ល​ទុក​ឲ្យ​នាង​នី​ជា​ម្ដាយ​ស៊ី។
នាង​នី​ឃើញ​សម្ល​ខ្លាញ់​រលើប​ទាំង​ចាន​ទាំង​ឆ្នាំង ក៏​សួរ​នាង​អេត​ថា «បាន​សាច់​អ្វី​ស្ល​មី​អេត !» ។
នាង​អេត​ប្រាប់​ថា «សាច់​ជ្រូក»។
នាង​នី​គិត​ស្មាន​ថា​ សាច់​ជ្រូក​មែន ក៏​ឲ្យ​មី​អេត​ដួស​សម្ល​យក​មក​ស៊ី​បាយ។
កាល​នាង​អេត​ដួស​សម្ល​មក​ឲ្យ​នាង​នី​ជា​ម្ដាយ​ស៊ី​នោះ មាន​ក្អែក​មួយ​វា​ឃើញ​ក្បាល​ពស់​ដាក់​លើ​មែក​ពុទ្រា វា​ចង់​ស៊ី​សាច់​ពស់ វា​បូល​ថា «កឡូវៗ​ក្លេមក្លម​លេប​សាច់​ប្ដី​ឯង»។
នាង​នី​កំពុង​ស៊ី​បាយ​ ឮ​ក្អែក​បូល​ដូច្នោះ ក៏​មើល​ទៅ​លើ​មែក​ពុទ្រា​ឃើញ​ក្បាល​ពស់​កេងកង​លើ​មែក​ឈើ ហើយ​នាង​នី​នឹក​អាណិត​ស្រក់​ទឹក​ភ្នែក តែ​នាង​ពុំ​ហ៊ាន​យំ​​ព្រោះ​ខ្លាច​ប្ដី​ដែល​អង្គុយ​ស៊ី​បាយ​ជា​មួយ​គ្នា។
ប្ដី​ឃើញ​នាង​នី​ស្រក់​ទឹក​ភ្នែក​ក៏​សួរ​ថា «ហេតុ​ដូចម្ដេច​បាន​ជា​ស្រក់​ទឹក​ភ្នែក?»។
នាង​នី​ឆ្លើយ​ថា «ស៊ី​បាយ​ក្ដៅ សម្ល​ក្ដៅ​ រឭក​កូនចៅ រលោង​ទឹក​ភ្នែក»។
ឯ​ក្អែក​នោះ​ចេះ​តែ​បូល​ថា «កឡូវៗ​ ក្លេមក្លម​លេប​សាច់​ប្ដី​ឯង ក្បាល​ដាក់​លើ​ដើម​ពុទ្រា កន្ទុយ​ដាក់​លើ​ស្កាក»។
នាង​នី​មើល​ទៅ​លើ​ស្កាក​ឃើញ​កន្ទុយ​ពស់​កេងកង​លើ​នោះ។
ឯ​ប្ដី​នាង​នី​ដឹង​ថា ​ប្រពន្ធ​សហាយ​នឹង​ពស់​កេងកង​ពិត​ប្រាកដ​ហើយ ក៏​នឹក​ភ្នក​ក្នុង​ចិត្ត​ខឹង​ចង់​សម្លាប់​នាង​នី ប៉ុន្តែ​ធ្វើ​មិន​ឲ្យ​នាង​នី​ដឹង​ខ្លួន។

ដល់​នាង​នី​ផើម​ចាស់​ផ្ទៃ ជិត​នឹង​សម្រាល ​ប្ដី​បបួល​ទៅ​កក់​សក់​នៅ​មាត់​បឹង។
លុះ​ដើរ​ទៅ​ដល់​មាត់​បឹង​ប្រាប់​ប្រពន្ធ​ថា «ទៅ​ទៀត​ឲ្យ​ឆ្ងាយ​ពី​ស្រុក​គេ យើង​នឹង​កក់​សក់​លេង​ឲ្យ​សប្បាយ​តែ​ពីរ​នាក់​ម្ដង»។
នាង​នី​មិន​ដឹង​ខ្លួន​ឯង​ថា ​ប្ដី​សម្លាប់ ស្មាន​ថា ​ប្ដី​នាំ​ទៅ​កក់​សក់​មែន ក៏​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ឆ្ងាយ​ទៅ។
លុះ​ឃើញ​កំពង់​មួយ​រាប​ស្អាត វាល​ល្អ ប្ដី​ប្រាប់​ប្រពន្ធ​ថា «កំពង់​នេះ​រាប​ សប្បាយ យើង​ឈប់​កក់​សក់​នៅ​នោះ​ចុះ»។
ឯ​នាង​នី​មិន​ដឹង​ខ្លួន​ជា​ ប្ដី​គិត​សម្លាប់​ ក៏​អង្គុយ​កក់​សក់​នៅ​មាត់​ច្រាំង។
ប្ដី​នោះ​ក៏​ហូត​ដាវ​កាប់​នាង​នី​ពី​ក្រោយ​ខ្នង​មិន​ឲ្យ​ដឹង​ខ្លួន ដាច់​ពាក់​កណ្ដាល​ខ្លួន​ស្លាប់​ទៅ។
ពេល​នោះ​ឃើញ​សុទ្ធ​តែ​កូន​ពស់​លូន​ចេញ​មក​អំពី​ពោះ​នាង​នី​មក។
ប្ដី​នាង​នី​ក៏​កាប់​កូន​ពស់​នឹង​ដាវ ខ្លះ​កាប់​មិន​ទាន់ ក៏​លូន​ចូល​ទៅ​ក្នុង​ក្រហែង​ដី ខ្លះ​មុជ​ក្នុង​ទឹក ខ្លះ​ចូល​ទៅ​ក្នុង​ព្រៃ។
ព្រោះ​ហេតុ​នេះ​បាន​ជា​មាន​ពស់​ច្រើន​បែប​ច្រើន​យ៉ាង មក​ដល់​ឥឡូវ​នេះ។

ឃ្លាត​ឆ្ងាយ ណាយ​ចិត្ត!

ចចក(ចាញ់កំពឹស)

កាល​ពី​ព្រេងនាយ មាន​ចចក​ត្រោស​ធំ​មួយ ដល់​ខែ​លំហើយ វា​ដើរ​រក​ត្រពាំង​បឹងបួ​ដែល​រីង​ទឹក ដើម្បី​ចាប់​ត្រី​ស៊ី ។
លុះ​ទៅ​ដល់​ត្រពាំង​មួយ​រីង​ទឹក​អស់ នៅ​តែ​ប្រឡង់​មួយ​ឃើញ​សុទ្ធតែ​ភក់ មាន​ត្រី កំពឹស បង្កង ក្ដាម ជា​ច្រើន​ណាស់ ។
ចចក​ឃើញ​ហើយ​មាន​ចិត្ត​ត្រេកអរ​រីករាយ​គិត​ថា «ថ្ងៃ​នេះ​អញ​មាន​លាភ​ធំ​ណាស់ ជា​លាភ​ចម្លែក​ជាង​សព្វ​ថ្ងៃ» ។
ឯ​កំពឹស​មាន​ប្រាជ្ញា ឮ​ចចក​ថា​ដូច្នោះ​ហើយ ក៏​និយាយ​លួងលោម​ចចក​ថា «យើង​ទាំងអស់​គ្នា​សុទ្ធ​តែ​ចំណី​បង​ចចក​ឯង​ទាំងអស់​ហើយ ប៉ុន្តែ​យើង​ប្រឡាក់​ភក់​ណាស់ បង​ឯង​ស៊ី​យើង​ទាំង​ភក់​ដូច្នេះ មិន​ឆ្ងាញ់​ពិសា​ទេ» ។
ចចក​ឆ្លើយ​ថា «ធ្វើ​ដូចម្ដេច​នឹង​ឆ្ងាញ់​ពិសា ?» ។
កំពឹស​ឆ្លើយ​ថា «ត្រូវ​បង​ចចក​យក​យើង​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​ស្អាត ហើយ​សឹម​ស៊ី​នោះ​ទើប​ឆ្ងាញ់​ពិសា» ។
ចចក​ថា «ដូចម្ដេច​នឹង​យក​ទៅ​លាង​បាន​បើ​ច្រើន​ដល់​ម្ល៉េះ?»។
កំពឹស​ថា «បង​ចចក​កុំ​ព្រួយ​ចិត្ត ខ្ញុំ​ធានា​គិត​ឲ្យ​បង​បាន​ស្រួល​ប៉ុន្តែ​ត្រូវ​បង​ឯង​តាម​ខ្ញុំ» ។
ចចក​ឆ្លើយ​ឡើង​ថា «បង​ឯង​ធ្វើ​ដូច​ម្ដេច​ក៏​ខ្ញុំ​តាម​ទាំងអស់» ។
កំពឹស​ថា «ធ្វើ​ដូច្នេះ​ចូរ​បង​ឯង​ចូល​មក​ដេក​ននៀល​ក្នុង​ភក់​នេះ ហើយ​យើង​រាល់​គ្នា​នឹង​បាន​តោង​ខាំ​រោម​បង​ឯង បង​ឯង​នាំ​យើង​ទៅ​រក​ស្ទឹង​បឹងបួ​ឯណា ដែល​មាន​ទឹក​ថ្លា​ច្រើន បង​ឯង​លាង​យើង​ឲ្យ​ស្អាត ហើយ​សឹម​បង​ឯង​ស៊ី​ឆ្ងាញ់​ពីសា​តាម​ចិត្ត​ចុះ» ។
ឯ​ចចក​ជា​សត្វ​លោភ​ហើយ​ល្ងង់ ក៏​ធ្វើ​តាម​ពាក្យ​កំពឹស ។
កំពឹស​និង​ត្រី ក៏​បបួល​គ្នា​តោង​រោម​ចចក​ទៅ លុះ​ទៅ​ដល់​បឹង​មួយ​ធំ​វែង មាន​ទឹក​ថ្លា​ល្អ ចចក​ដើរ​ចុះ​ទៅ​ក្នុង​ទឹក អស់​ត្រី​កំពឹស​លោត​ទៅ​ក្នុង​ទឹក ហើយ​ប្រាប់​ថា «បង​ចចក​ឯង​ទៅ​ជញ្ជូន​មក​ឲ្យ​អស់​សិន សឹម​មក​ស៊ី​ឲ្យ​ឆ្អែត​តែ​ម្ដង យើង​នៅ​ចាំ​បង​នៅ​ទីនេះ» ។
ចចក​ក៏​ទៅ​ជញ្ជូន​ត្រី​និង​កំពឹស​មក លុះ​ត្រា​តែ​អស់​ពី​ត្រពាំង​នោះ ។

ពួក​ត្រី កំពឹស ក្ដាម ខ្យង ដឹង​ថា ចចក​ជញ្ជូន​អស់​ហើយ​ក៏​នាំ​គ្នា​មុជ​ក្នុង​ទឹក​បាត់​អស់​ទៅ។
ឯ​ចចក ដឹង​ថា​កំពឹស​បញ្ឆោត​ដូច្នេះ​ហើយ​ខឹង​ណាស់ ដើរ​ទៅ​បបួល​អស់​សត្វ​ធំ តូច ដំរី រមាស​ខ្លា គ្រប់​ភាសា​សត្វ ទាំង​ពស់​ថ្លាន់ ពស់​ធំ ពស់​តូច ទាំង​សត្វ​ហើរ គ្មាន​សេស​សល់​ដល់​តិច បបួល​គ្នា​មក​បាច​ទឹក​បឹង​នោះ​ឲ្យ​រីង​ និង​បាន​ចាប់​ត្រី​ក្នុង​បឹង​នោះ​ស៊ី​ឲ្យ​អស់ បាន​ឲ្យ​ពស់​ថ្លាន់​ធ្វើ​ជា​ទំនប់ អស់​សត្វ​ឯ​ទៀត​ក៏​បបួល​គ្នា​បាច ។
សត្វ​ក្នុង​បឹង​ដឹង​ថា ចចក​បបួល​គ្នា​បាច​ទឹក​ឲ្យ​រីង​ទាំង​បឹង​​ភ័យ​ណាស់ ក៏​គិត​គ្នា​ថា «យើង​ធ្វើ​ម្ដេច​នឹង​បាន​ឲ្យ​សត្វ​ទាំងអស់​នេះ​លែង​បាច​ទឹក​?» កាល​នោះ​ត្រី​ក្រាញ់​ឆ្លើយ​ឡើង​ថា «ខ្ញុំ​ឮ​គេ​និយាយ​ថា បង​សុភាទន្សាយ​ជា​អ្នក​មាន​ប្រាជ្ញា ចេះ​ដោះ​ទុក្ខ​មនុស្ស​សត្វ​ផង ជា​ច្រើន​ណាស់​ហើយ បើ​ដូច្នេះ​ខ្ញុំ​នឹង​ទៅ​ពឹង​បង​សុភា​ទន្សាយ ឲ្យ​មក​ជួយ​ដោះ​ទុក្ខ​អស់​យើង» ។
ពួក​ត្រី​គិត​គ្នា​ហើយ ក៏​ប្រើ​ត្រី​ក្រាញ់​ទៅ​អញ្ជើញ​សុភា​ទន្សាយ ។
ត្រី​ក្រាញ់​ប្រឹង​ននៀល​ទៅ​លុះ​ដល់​ត្រូវ​ថ្ងៃ​ក៏​ក្រៀម​ស្រកា​អស់ ដល់​យប់​សុភា​ទន្សាយ​ចេញ​មក​រក​ស៊ី បាន​ឃើញ​ត្រី​ក្រាញ់​ននៀល​ដូច្នោះ​ក៏​សួរ​ថា «បង​ត្រី​ក្រាញ់​ទៅ​ណា?»។
ត្រី​ក្រាញ់​ឃើញ​សុភា​ទន្សាយ​ហើយ​មាន​ចិត្ត​ត្រេកអរ​ណាស់ និយាយ​អង្វរ​ថា បង​សុភា​ទន្សាយ​​អាណិត​ខ្ញុំ​ត្បិត​ត្រី​ទាំងអស់​ក្នុង​បឹង​គេ​ប្រើ​ខ្ញុំ​មក ឲ្យ​អញ្ជើញ​បង​សុភា​ទន្សាយ​ទៅ ត្បិត​ឮ​ទាំង​សត្វ​ទាំង​មនុស្ស​និយាយ​ថា បង​ជា​អ្នក​មាន​ប្រាជ្ញា ចេះ​កាត់​សេចក្ដី​ដោះ​ទុក្ខ បើ​អ្នក​ឯ​ណា​កើត​ទុក្ខ​បង​តែង​ទៅ​ជួយ​ដោះ​ទុក្ខ​គេ​មិន​ដែល​ខាន ឥឡូវ​មាន​ដំរី ក្របី គោ រមាស រមាំង ប្រើស ក្ដាន់ ជ្រូក ពស់​ធំ ពស់​តូច ទាំង​សត្វ​ហើរ គឺ​កុក ក្រៀល បង្កៀល​ខ្យង ទុង ទោម ក្អែក​ទឹក ប្រវឹក ស្មោញ ទាំង​ប៉ុន្មាន បាន​បបួល​គ្នា​មក​បាច​ទឹក​បឹង​ឲ្យ​រីង​នឹង​បាន​ចាប់​អស់ ត្រី អណ្ដើក កន្ធាយ ស៊ី​ជា​ចំណី​ឲ្យ​អស់​ពី​បឹង​នេះ​ឯង ។
បើ​ដូច្នេះ បង​សុភា​ទន្សាយ​អាណិត​ជួយ​ដោះ​ទុក្ខ​អស់​បង​ប្អូន​ខ្ញុំ ឲ្យ​បាន​រួច​ពី​ភ័យ​ម្ដង​នេះ នឹង​បាន​ល្បី​កេរ្តិ៍​ឈ្មោះ​តទៅ អស់​យើង​នឹង​តប​គុណ​បង​សុភា​ទន្សាយ​ឯង យើង​មិន​ភ្លេច​គុណ​ដរាប​ដល់​អស់​ជីវិត ។
ឯ​ទន្សាយ​ឮ​ត្រី​ក្រាញ់​និយាយ​អង្វរ​ដូច្នោះ​ក៏​ឆ្លើយ​ថា «បង​ត្រី​ក្រាញ់​ទៅ​មុន​ចុះ ទៅ​ប្រាប់​អស់​បង​ប្អូន​កុំ​ឲ្យ​ភិតភ័យ ចាំ​ខ្ញុំ​ជួយ​ដោះ​ឲ្យ​រួច​កុំ​មាន​ចិត្ត​បារម្ភ​ឡើយ» ។
ត្រី​ក្រាញ់​ក៏​ត្រឡប់​ទៅ​វិញ ។
ឯ​ទន្សាយ​លុះ​ព្រឹក​ព្រហាម​ ឡើង​ទៅ​មាត់​បឹង ឃើញ​អស់​សត្វ​កំពុង​បាច​ទឹក ក៏​យក​ស្លឹក​ឈើ​ដែល​ដង្កូវ​ស៊ី​ធ្លុះ​ៗ​មក​ធ្វើ​ជា​សំបុត្រ ហើយ​ស្រែក​ហៅ​អស់​សត្វ​ទាំង​នោះ​ថា
នែ ! បង​ប្អូន​ទាំង​អស់​ចាំ​ស្ដាប់​ខ្ញុំ​ត្បិត​ព្រះឥន្ទ​លោក​ឲ្យ​ខ្ញុំ​នាំ​សំបុត្រ​មក​ប្រាប់​គ្រប់​គ្នា​ថា
«ព្រះឥន្ទ្រ​លោក​មក​កាច់​ជើង​ត្រុំ ប្រមុំ​ជើង​អក​ កាប់​​ក្បាល​ឆ្កែ​ចចក ដក​ភ្លុក​ដំរី​ស» ។
អស់​សត្វ​ឮ​ថា​សំបុត្រ​ព្រះឥន្ទ្រ​ដូច្នោះ​ភ័យ​ណាស់​ផ្អើល​បោល​ជាន់​គ្នា ពាន​លើ​ដំរី ក្របី រមាស រមាំង​ៗ ស្ទុះ​បោល​ទៅ​ជាន់​លើ​ពស់​ថ្លាន់​ជា​ទំនប់ ដាច់​ខ្លួន​ជា​ពីរ​ជា​បី​កំណាត់ ធ្លាយ​ទំនប់​លិច​ទឹក​ស្លាប់​អស់ ។
សត្វ​ទាំងនោះ​ក៏​ទៅ​ជា​ចំណី​ត្រី​វិញ ។
តាំង​ពី​ថ្ងៃ​នោះ​មក​អស់​សត្វ​ទាំងពួង​កោត​ខ្លាច​ប្រាជ្ញា​សុភា​ទន្សាយ ទុក​សុភា​ទន្សាយ​ជា​គ្រូ​បា​អាចារ្យ​ទាំងអស់ ។

អណ្ដាត​ជា​អាទិ​កន្លង ស្លាប់​ផង រស់​ផង ពីព្រោះ​អណ្ដាត!

មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា

កាល​ពី​ព្រេងនាយ មាន​បុរស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា ។
ថ្ងៃ​មួយ​បុរសទាំងពីរ​នាក់​នោះ​បបួល​គ្នា​ទៅ​ដាក់​អន្ទាក់​សត្វ ។ ដល់​ថ្ងៃ​រសៀល​គង​ភ្នំ ក៏​នាំ​គ្នា​ដើរ​ចេញ​ទៅ ។
លុះ​ដល់​ព្រៃ​ជា​កន្លែង​ដាក់​អន្ទាក់ បុរសទី​មួយ​ថា « ខ្ញុំ​នឹង​ដាក់​នៅ​គល់​ឈើ​នេះ ត្បិត​ឈើ​នេះ​មាន​ផ្លែ យប់​ៗ​សត្វ​ចំណាំ​តែ​មក​ស៊ី​ផ្លែ​ឈើ​នេះ» ។
បុរសទីពីរ ឆ្លើយ​ថា «ខ្ញុំ​ក៏​ចង់​ដាក់​កន្លែង​ហ្នឹង​ដែរ ប៉ុន្តែ​ឥឡូវ បើ​អ្នក​ដាក់​នៅ​គល់​ឈើ មាន​តែ​ខ្ញុំ​ដាក់​នៅ​ចុង​ឈើ រួច​យើង​ចាំ​មើល ព្រឹក​ឡើង​របស់​អ្នកណា​ជាប់​សឹម​ដឹង» ។
និយាយ​គ្នា​ហើយ ម្នាក់​ៗដាក់​អន្ទាក់​ស្រេចហើយ វិល​មក​ផ្ទះ​វិញ​ លា​គ្នា​ទៅ​ផ្ទះ​តែ​រៀង​ខ្លួន ។

ឯ​អ្នក​ដាក់​អន្ទាក់​នៅ​ចុង​ឈើ​នោះ លុះ​វិល​មក​ដល់​ផ្ទះ​ហើយ យប់​នោះ​គិត​គ្នា​ពីរ​នាក់​ប្ដី​។
ប្រពន្ធ​ថា តាំង​ពី​ដូនតា​មក មិន​ដែល​ឮ​ថា​អ្នក​ឯណា​ដាក់​អន្ទាក់​លើ​ចុង​ឈើ ឲ្យ​ជាប់​សត្វ​ជើង​បួន​ដែល​ដើរ​នៅ​លើ​ដី​ទេ។
ឥឡូវ​នេះ អញ​ដាក់​នៅ​លើ​ចុង​ឈើ តើ​ធ្វើ​ម្ដេច​នឹង​បាន​សត្វ?
ដូច្នេះ​ ត្រូវ​អញ​រឭក​ពី​ពេល​មាន់​រងាវ​ទៅ​មើល បើ​ឃើញ​សត្វ​ជាប់​អន្ទាក់​គេ​នៅ​ដី អញ​ដោះ​យក​ទៅ​ចង​នឹង​អន្ទាក់​អញ​ឯ​ចុង​ឈើ ដល់​ព្រឹក​ឡើង​អញ​ទៅ​មើល​ជាមួយ​អ្នក​នោះ ហើយ​អញ​ដោះ​យក​សត្វ​ទៅ​ជូន​លោក​សុភា​សេក បើ​វា​មិន​សុខចិត្ត​ដូចម្ដេច​ៗ មុខ​ជា​កើត​ក្ដី​ គង់​តែ​ដល់​សុភា​សេក​មិន​ខាន សុភា​សេក​និង​កាត់​ក្ដី​ឲ្យ​វា​ចាញ់​ជា​ប្រាកដ។
ប្ដី​ប្រពន្ធ​គិត​គ្នាហើយ​ក៏ដេក​ទៅ លុះដល់​មាន់​រងាវ​រឭក​ពី​ដេក​លប់​មុខ​ស៊ី​ស្លា ហើយ​ចេញ​ពី​ផ្ទះ​ដើរ​ដល់​អន្ទាក់​បាន​ឃើញ​អន្ទាក់​នៅ​ដី​ជាប់​ក្ដាន់១ ​ក៏​ដោះ​យក​ឡើង​ទៅ​ចង​នឹង​អន្ទាក់​របស់​ខ្លួន រួច​ដំឡើង​អន្ទាក់​នៅ​ដី​ដូច​ដើម​ក៏​ប្រញាប់​វិល​មក​ផ្ទះ​វិញ។

លុះ​ព្រឹក​ព្រហាម​ស្រាង​ៗ​ឡើង អ្នក​មួយ​ដែល​ដាក់​អន្ទាក់​នៅ​ដី មក​ស្រែក​ហៅ​ឲ្យ​ទៅ​មើល​អន្ទាក់​អ្នក​មួយ ឆ្លើយ​ថា កុំ​រលះ​រលាំង​ថ្វី អន្ទាក់​ខ្ញុំ ខ្ញុំ​មិន​សង្ឃឹម​ទេ ត្បិត​នៅ​លើ​ចុង​ឈើ ក្រែង​តែ​អន្ទាក់​អ្នក​នៅ​ដី​នោះ ខ្ញុំ​មិន​ហ៊ាន​ថា បើ​បាន​ចែក​គ្នា​ស៊ី​ផង។
ពាក្យ​នេះ​ជា​ពាក្យ​ចំអក​ឲ្យ​អ្នក​មួយ ត្បិត​ដឹង​ការណ៍​មុន​ហើយ។
អ្នក​ទាំងពីរ​និយាយ​ហើយ ​ចុះ​ពី​ផ្ទះ​ដើរ​ចេញ​ទៅ លុះ​ដើរ​ទៅ​ដល់​មិន​ឃើញ​អន្ទាក់​នៅ​ដី​ជាប់​សត្វ ឃើញ​តែ​អន្ទាក់​នៅ​លើ​ចុង​ឈើ​ជាប់​វិញ។
ចៅ​ដែល​ជា​ម្ចាស់​អន្ទាក់​នៅ​ចុង​ឈើ​ថា «ហ្ន មើល​ចុះ មិន​ជឿ​ខ្ញុំ ខ្ញុំ​ថា​កុំ​ដាក់​នៅ​គល់​ឲ្យ​ដាក់​នៅ​ចុង​ ឥឡូវមើល​របស់​អ្នកណា​ជាប់​ហៈ?» ហើយ​ឡើង​ទៅ​ដោះ​យក​សត្វ​ចុះ​មក​នាំ​គ្នា​វិល​មក​ផ្ទះ​វិញ ក៏​លា​គ្នា​ទៅ​ផ្ទះ​ដោយ​ខ្លួន​ទៅ ។

ឯ​ចៅ​ដែល​បាន​ក្ដាន់ ក៏​ប្រញាប់​យក​ទៅ​ជូន​សុភា​សេក​ហើយ​ជម្រាប​ថា «ខ្ញុំ​ហើយ​នឹង​ចៅ​មួយ​នោះ​ ទៅ​ដាក់​អន្ទាក់​ផង​គ្នា ខ្ញុំ​ដាក់​នៅ​ចុង​ឈើ អ្នក​មួយ​នោះ​ដាក់​នៅ​គល់​ឈើ ខ្ញុំ​នេះ​ជា​មនុស្ស​វៀច ក្ដី​នេះ​គង់​តែ​មក​ដល់​លោក ​ដូច្នេះតាម​តែ​លោក​មេត្តា​រក​សេចក្ដី​យ៉ាងណាឲ្យ​តែ​ក្ដី​ខ្ញុំ​ឈ្នះ​វា​ចុះ ខ្ញុំ​នឹង​ដឹង​គុណ​លោក​ទៅ​ថ្ងៃ​មុខ»។
សុភា​សេក​បាន​សាច់​ក្ដាន់​ហើយ ឆ្លើយ​ថា «ឯង​ទៅ​រក​ស្លា​ម្លូ​មក​ឲ្យ​ឆាប់​ឲ្យ​ទាន់​ព្រឹក​នេះ បើ​វា​មក​ប្ដឹង​អញ​ អញ​បង្គាប់​អីចឹង​ដែរ បើ​វា​មក​មិន​ទាន់ អញនឹង​កាត់​សេចក្ដី​ឲ្យ​វា​ចាញ់​បាន​ដោយ​ងាយ ឯង​ប្រញាប់​ទៅ​ចុះ» ។

ឯ​អ្នក​ដែល​ដាក់​អន្ទាក់​លើ​គល់​ឈើ លុះ​វិល​មក​ផ្ទះ​ហើយ ដង្ហើម​តូច​ដង្ហើម​ធំ​មិន​សុខ​ចិត្ត​ក៏​​យក​សេចក្ដី​ទៅ​ប្ដឹង​សុភា​សេក។ សុភា​សេកក៏​បង្គាប់​សេចក្ដី​ដូច​បង្គាប់​ចៅ​មុន។

លុះ​ព្រឹក​ឡើង អ្នក​ដែល​ដាក់​អន្ទាក់​នៅ​លើ​ចុង​ឈើ ក៏​យក​ឥវ៉ាន់​ទៅ​ដល់​មុន។ ឯ​អ្នក​ដែល​ដាក់​អន្ទាក់​នៅ​ដី ដោយ​ខ្លួន​ជា​អ្នក​ក្រ​លំបាក​តោក​យ៉ាក ដើរ​រក​ទិញ​អីវ៉ាន់​ពុំ​បាន​ពុំ​ទាន់ ភ័យ​ក្រែង​ខ្លួន​ចាញ់​គេ ហើយ​គេ​យក​ទោស​ផង ក៏​រត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​បាន​ជួប​នឹង​សុភា​ទន្សាយ​។

សុភា​ទន្សាយ​សួរ​ថា «មាន​ដំណើរ​អី​បាន​ជា​រត់​ដូច្នេះ ? ឈប់​សិន »។
ចៅ​នោះ​ឆ្លើយ​ថា «លោក​អើយ​អាណិត​ដោះ​ទុក្ខ​ខ្ញុំ​ផង ត្បិត​ខ្ញុំ​ហើយ​នឹង​អ្នក​មួយ​ទៅ​ដាក់​អន្ទាក់​ផង​គ្នា ខ្ញុំ​ដាក់​នៅ​គល់​ឈើ គេ​ដាក់​នៅ​ចុង​ឈើ ព្រឹក​ឡើង​ទៅ​មើល​ពុំ​ឃើញ​អន្ទាក់​នៅ​ដី​ជាប់​សត្វ ឃើញ​តែ​អន្ទាក់​នៅ​ចុង​ឈើ​ជាប់​ក្ដាន់​មួយ ខ្ញុំ​មិន​សុខ​ចិត្ត​បាន​យក​សេចក្ដី​ទៅ​ប្ដឹង​សុភា​សេក សុភា​សេក​ថា អ្នក​ណា​យក​អីវ៉ាន់​ទៅ​ដល់​មុន អ្នក​នោះ​ឈ្នះ ហេតុ​នេះ​បាន​ជា​ខ្ញុំ​ភ័យ ឥឡូវ​គេ​ទៅ​ដល់​មុន​ខ្ញុំ​ហើយ ដូច្នេះ​តាម​តែ​លោក​អាណិត​ខ្ញុំ​ផង»។
សុភាទន្សាយ​ឆ្លើយ​ថា «ណ្ហើយ ! កុំ​ភ័យ​ចាំ​ថ្ងៃ​រសៀល​ខ្ញុំ​នឹង​នាំ​ទៅ»។
ចៅ​នោះ​ក៏​អរ ។

លុះ​ដល់​ថ្ងៃ​រសៀល សុភា​ទន្សាយ​ទៅ​ដល់​ផ្ទះ​សុភា​សេក។
សុភា​សេក​ស្រែក​សួរ​មក​ថា «ដូចម្ដេច​ក៏​យូរ​ម្ល៉េះ ? ក្ដី​ចាញ់​គេ​ហើយ» ។
សុភា​ទន្សាយ​ឆ្លើយ​ថា «យើង​ខ្ញុំ​បាន​ជា​យូរ​នេះ ពីព្រោះ​អាល័យ​តែ​មើល​ត្រី​ក្រាញ់​ហើរ​ឡើង​ស៊ី​ស្លឹក​អំពិល» ។
សុភា​សេក​ថា «ពី​ជីដូន​ជីតា​មក​គ្មាន​នរណា​ដែល​ឃើញ​ដែល​ឮ​ថា ត្រី​ក្រាញ់​ឡើង​ស៊ី​ស្លឹក​អំពិល​ទេ» ។
សុភា​ទន្សាយ​ឆ្លើយ​ថា «ពី​ជីដូន​ជីតា​ពី​ម៉ែ​ពី​ឪ​បង្កើត​មក នរណា​ដែល​ឃើញ​ដែល​ឮ​ថា អន្ទាក់​នៅ​ដី​មិន​ជាប់​សត្វ​ទៅ​ជាប់​ឯ​អន្ទាក់​នៅ​ចុង​ឈើ​វិញ ហើយ​សត្វ​ជើង​បួន​ផង, ដែល​ឮ​ទេ​អស់​អ្នក​ស្រុក?
នោះ​សុភា​សេក​ស្ងៀម​ពុំ​ហ៊ាន​ស្ដី​តប​ទៀត ។
សុភា​ទន្សាយ​ក៏​កាត់​សេចក្ដី​ឲ្យ​ចៅ​ដែល​ដាក់​អន្ទាក់​នៅ​ដី​ឈ្នះ។
ឯ​សុភា​សេក​ដែល​អង្គុយ​ធ្វើ​ជា​សុភា​នោះ ក៏​ខ្មាស​ដោយ​សារ​ខ្លួន​ជា​អ្នក​ល្មោភ​ជំនូន​សាច់​ក្ដាន់ ក៏​ស្ងៀម​បែរ​មុខ​ផ្ទប់​ទៅ​ខាង​ជញ្ជាំង​ដូច​ឆ្មា​លប​កណ្ដុរ ។

លាភ​ឥត​ខ្មាស វិនាស​ច្បាប់!

ដឹង​សង​ដឹង អំបែង​សង​អំបែង

មានបុរសប្តីប្រពន្ធមានកូនប្រុសម្នាក់។
បុរសជាប្តីនោះ ទៅខ្ចីដឹងអំពីសេដ្ឋីម្នាក់យកទៅកាប់អុស លុះលើកឡើងនឹងសំពងកាប់ស្រាប់ តែដឹងរង្គោះខ្ចាតទៅត្រូវប្រើសមួយ កប់បាត់ក្នុងខ្លួនប្រើស ហើយប្រើសនោះក៏រត់ចូលព្រៃទៅ បុរសតាមរកពុំំឃើញគាត់ក៏វិលមកផ្ទះវិញប្រាប់ប្រពន្ធកូន ហើយទៅប្រាប់សេដ្ឋីដោយអំពីដំណើដេលដឹងបាត់នោះ។

សេដ្ឋីថា“ដឹងនេះ ជារបស់កំសត់កម្រពីមេបាអញ បើឥតអំពីដឹងនេះហើយ អញគ្មានអ្វីប្រើការឡើយ។ បុរសនោះ អង្វរសុំសងជាដឹងមួយថ្មីវិញ តែសេដ្ឋីព្រមានថា “ឲ្យតែបានដឹងដើម ទើបយក”។
ទោះជាបុរសនោះអង្វរសុំសង១ជា២ក៏សេដ្ឋីពុំព្រមយក ឯបុរសនោះក៏វិលទៅគិតជាមួយនឹងប្រពន្ធ រួចត្រឡប់ទៅរកសេដ្ឋីទៀតអង្វរសុំសង១ជា៤ សេដ្ឋីនៅតែមិនព្រមយក សង១ជា១០សេដ្ឋីពុំព្រមយកទៀត នៅតែទទូចនិយាយថា “ឲ្យតែបានដឹងដើមនោះទើបយក”។
បុរសនោះលាសេដ្ឋី ហើយក៏វិលទៅគិតនឹងប្រពន្ធព្រមព្រៀងគ្នាថា “ត្រូវយកកូនកំលោះធ្វើសំណងវិញ”។
លុះគិតគ្នាដូច្នេះហើយ បុរសនោះក៏នាំកូនកំលោះទៅប្រគល់ឲ្យសេដ្ឋីជាសំណងនោះ។
សេដ្ឋីនោះព្រមទទួលយក។

បុរសនោះក៏វិលទៅផ្ទះអាត្មាវិញ ហើយទៅរកអុសក្នុងព្រៃទៀត ស្រាប់តែឃើញប្រើសនោះស្លាប់រលួយ ហើយឃើញទាំងដឹងនៅនោះផង ក៏មានសេចក្តីត្រេកអរឥតឧបមា នាំយកមកផ្ទះស្គាល់ជាក់ជាដឹងរបស់មហាសេដ្ឋី ។
ក្រោយពី ដុះលាងស្អាតហើយក៏យកទៅជូនសេដ្ឋី ប្រាប់តាមដំណើរនោះសព្វគ្រប់ ហើយសុំយកកូនមកវិញ។ ឯសេដ្ឋីស្គាល់ដឹងនោះជាក់ ក៏ទទួលយកហើយឲ្យកូនកំលោះទៅបុរសនោះនាំទៅកាន់លំនៅរបស់ខ្លួន។

ចំណេរកាលមកក្រោយដល់រដូវស្រូវទុំ បុរសប្តីប្រពន្ធដាល់អំបុកស៊ី ឯកូនស្រីសេដ្ឋីនោះធំក្លិនអំបុកនឹកចង់ស៊ី អង្វរម្តាយឪពុកឲ្យរកអម្បែង ដោយសេដ្ឋីរកអម្បែងមិនបាន ក៏ចូលទៅខ្ចីអម្បែងបុរសនោះ ។
លុះដាល់អំបុករួចហើយជួនជាមានឆ្កែប្រខាំគ្នាពារលើអប្បែងនោះបែកខ្ទេចអស់ ឯសេដ្ឋីទៅប្រាប់បុរសនោះៗយំគក់ទ្រូងថា “អម្បែងនេះជារបស់កំសត់កម្រពីមេបាមក ត្រូវតែរកអម្បែងដើមមកសងវិញទើបបាន”។ ទុកជាសេដ្ឋីអង្វរថា “នឹងសង១ជា២ក្តី” បុរសនោះក៏ពុំព្រមយកឡើយ គឺទទូចយកឲ្យតែបានអម្បែងដើមនោះឯង បើមិនបានអម្បែងដើមនោះមិនព្រមទេ។ ទុកជាសេដ្ឋីឲ្យទៅនិយាយថា នឹងសង ១ ជា ៤ ក្តី ជា ១០ ក្តី បុរសនោះក៏ពុំព្រមសោះ។

សេដ្ឋីខឹងទៅប្តឹងចៅក្រមៗឲ្យហៅបុរសនោះមកដណ្តឹងសួរដោយដំណើរ ហើយចៅក្រមបង្គាប់ឲ្យសេដ្ឋីនោះសងអម្បែងតែ១ បុរសនោះក៏ពុំព្រមយក។
ចៅក្រមខឹងថា “បុរសនេះល្មើសនឹងបង្គាប់ខ្លួន”។ សេដ្ឋីឃើញបុរសនោះមិនសុខចិត្ត ក៏នាំសេចក្តីឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរនោះ។

ព្រះអង្គឲ្យហៅបុរសនោះមក មានបន្ទូលដណ្តឹងសួរថា “ដំណើរនោះដូចម្តេចបានជាចៅក្រមបង្គាប់ហើយព្រះស្តែងមិនសុខចិត្ត?”។
បុរសនោះក្រាបបង្គំទូលថា “ដ្បិតសេដ្ឋីខ្ជីអម្បែងខ្ញុំព្រះបាទអម្ចាស់ទៅដាល់អំបុកទុកឲ្យឆ្កែប្រខាំគ្នា ពារលើបែករបស់ខ្ញុំព្រះបាទអម្ចាស់ អម្បែងនោះជាកេរពីមេបាមក តែងតែចិញ្ចឹមជីវិតដោយសារអម្បែងនេះ ដូច្នេះលុះត្រាតែបានអម្បែងដើមទើបខ្ញុំព្រះបាទអម្ចាស់យក បើពុំបានខ្ញុំព្រះបាទអម្ចាស់ពុំយកឡើយ”។

ព្រះមហាក្សត្រទ្រង់ព្រះពិចារណាថា “ការអស់នេះសមជាមានហេតុនឹងគ្នាពីមុនមកបានជាប្រកាន់ខ្លាំងម្ល៉េះ” ទើបត្រាស់ដណ្តឹងសួរថា “ព្រះស្តែងមានដំណើរហេតុដូចម្តេចអំពីដើមបានជាប្រកាន់គ្នាខ្លាំងម្ល៉េះ”។
បុរសនោះក្រាបបង្គំទូលថា “ដំណើរដើម ខ្ញុំព្រះបាទអម្ចាស់ខ្ចីដឹងសេដ្ឋីទៅកាប់ឧសហើយរង្គោះផ្លែខ្ទាតទៅត្រូវប្រើស មុតជាប់នឹងខ្លួនវាៗបោលបាត់ទៅ ខ្ញុំព្រះបាទអម្ចាស់សុខចិត្តសង ១ ជា ២ ដល់ ១ ជា ១០ សេដ្ឋីពុំយក ថាឲ្យបានដឹងដើមទើបយកបើពុំបានដឹងដើមពុំយកឡើយ” សេដ្ឋីប្រកាន់ដូច្នេះខ្ញុំព្រះបាទអម្ចាស់ក៏យកកូនកំលោះឲ្យទៅនៅបម្រើជំនួសខ្លួន ទើបសេដ្ឋីទទួលយក ថ្ងៃក្រោយខ្ញុំព្រះបាទអម្ចាស់ទៅរកឧសក្នងព្រៃ ស្រាប់តែឃើញប្រើសនោះងាប់រលួយទៅហើយៗឃើញផ្លែដឹងនៅក្នុងប្រើសនោះ ខ្ញុំព្រះបាទអម្ចាស់ស្គាល់ជាក់ជាដឹងសេដ្ឋីហើយត្រេកអរណាស់ យកទៅឲ្យសេដ្ឋីៗស្គាល់ជាក់ជារបស់ខ្លួនក៏ទទួលយកហើយឲ្យកូនមកខ្ងុំព្រះបាទអម្ចាស់វិញ”។

ព្រះមហាក្សត្រទ្រង់ព្រះសណ្តាប់ហើយដណ្តឹងសួរសេដ្ឋីថា “ដំណើរនេះដូច្នេះមែនឬអ្វី?” ។
សេដ្ឋីក្រាបបង្គំទូលថា “ដូច្នេះមែន” ។
ទើបព្រះមហាក្សត្រមានព្រះបន្ទូលថា “បើដូច្នោះ សេដ្ឋីត្រូវឲ្យកូនខ្លួនទៅបម្រើគេវិញ ទើបដោយគន្លងធម៌” ។

សេដ្ឋីនិងបុរសនោះក៏ក្រាបបង្គំទទួលព្រះបន្ទូលពិសេសទាំងអស់គ្នា ហើយក្រាបថ្វាយបង្គំលាទៅកាន់លំនៅទីទៃៗហោង៕