មានរឿងមួយដំណាលថា៖ មានភិក្ខុមួយអង្គ គង់នៅវត្តមួយ មានកូនសិស្សតែម្នាក់ឈ្មោះ អាផ្លូញ។
អាផ្លូញខិលណាស់ គ្រូក៏ល្ងង់ណាស់ ឆោតណាស់ គ្មានឧបាសកឧបាសិកាណារាប់អាន យកចង្ហាន់ ស្លា បារីទៅប្រគេន ឬនិមន្តលោកនោះ ទៅឆាន់ឯផ្ទះដល់ម្ដងឡើយ។
លោកនោះក្រលំបាកពន់ពេក តែលោកមានដំរីមួយ។
ថ្ងៃមួយ លោកនោះពិចារណាថា «សព្វថ្ងៃនេះ គ្មានឧបាសកគេប្រគេនវត្ថុអ្វីសោះ បើដូច្នេះ គួរតែអញទិញវត្ថុផ្សេងៗយកមកទុកឆាន់ កុំឲ្យលំបាក។
គិតដូច្នោះហើយ ក៏ប្រាប់កូនសិស្សថា «អាផ្លូញ ឯងចាប់ដំរីមក ហើយឯងទៅផ្សារនឹងអញ រកទិញវត្ថុផ្សេងៗ យកមកទុកឆាន់»។
កូនសិស្សទៅចាប់ដំរីបានមក។
គ្រូ និងកូនសិស្ស ក៏ឡើងជិះដំរីបរទៅផ្សារ។
លុះទៅដល់ គ្រូប្រាប់កូនសិស្សថា «ឯងទិញវត្ថុអ្វីដែលគេទុកស៊ីបានយូរ មិនខូច»។
អាផ្លូញជាសិស្ស ក៏ទិញអំបិលមួយចុងច្រកការុងស្រេច។
គ្រូឃើញសួរថា ហេតុម្ដេច ក៏ឯងទិញតែអំបិល មិនទិញត្រីឆ្អើរ ត្រីងៀតផង?
កូនសិស្សទូលថា អំបិលទុកបានយូរ មិនចេះខូច បានជាខ្ញុំព្រះករុណាទិញ។
គ្រូឆោតល្ងង់ណាស់ក៏ស្ងៀម។
គ្រូឡើងបរដំរីមកវិញ សិស្សរែកអំបិលពីក្រោយ។
ដល់ពាក់កណ្ដាលផ្លូវ គ្រូមើលទៅសិស្ស ឮសូរដងរែកដូចជាស្រួល ក៏សួរថា «អាផ្លូញ ! អញមើលទៅឯងរែកអំបិលដូចជាស្រួលឬយ៉ាងណា?
សិស្សទូលថា «ព្រះករុណា ! ស្រួលណាស់ ហើយស្រាលផង»។
លោកគ្រូប្រាប់សិស្សថា «ឯងជិះដំរីវិញចុះ អញរែកអំបិលដើរក្រោយ»។
លោកគ្រូថាហើយ ចុះពីលើដំរីមក សិស្សក៏ឡើងជិះដំរីទៅ។
លោកគ្រូប្រាប់ថា «ឯងបរដំរីទៅចាំអញនៅម្លប់ឈើឯមុខ»។
សិស្សបរដើរទៅដល់ម្លប់ឈើ ក៏មិនឈប់ចាំគ្រូ បររហូតទៅវត្ត។
លោកគ្រូ រែកអំបិលដើរតាមក្រោយ ដោយអំបិលនោះធ្ងន់ណាស់ លោកគ្រូរែកឈប់ៗ រកមើលទៅសិស្សមិនឃើញក៏គិតថា «ចាំក្រោយ សឹមនាំសិស្សមកយក»។
ហើយយកអំបិលទៅលាក់ក្នុងព្រៃ មុននឹងលាក់ លោកគិតថា «ទីនេះប្រសិនជាមានគេដើរមកចំឃើញ គេនឹងយកអំបិលនេះអស់មិនខាន គួរតែរកទីណាដែលកំបាំងភ្នែកអ្នកទាំងពួង គឺមានក្នុងទឹក ទើបគេមើលមិនឃើញ»។
ហើយក៏យកអំបិលទាំងពីរការុងទៅលាក់ទុកក្នុងទឹក ហើយដើរទៅ។
លុះដល់វត្តសួរសិស្សថា «ហេតុម្ដេចក៏ឯងមិនចាំអញ?»
សិស្សទូលថា ខ្ញុំព្រះករុណាបរដំរីមក ប្រុងចាំលោកគ្រូដែរ តែដំរីមិនព្រមចាំសោះ អង្វរដូចម្ដេច ក៏វាមិនព្រម វាប្រឹងតែដើរដល់វត្ត ទើបឈប់។
សិស្សសួរគ្រូថា «លោកគ្រូ ទុកអំបិលឯណា?»
គ្រូប្រាប់ថា អញលាក់ទុកនៅទីឯណោះ អញកាត់ដើមឈូកដោតជាសំគាល់។
លុះព្រឹកឡើង លោកក៏នាំកូនសិស្ស ទៅយកអំបិលវិញ លុះដល់ប្រាប់សិស្សថា «អញលាក់ក្នុងទឹកត្រពាំងនេះ»។
សិស្សលាន់មាត់ថា «ម៉ែអើយ វារលាយអស់ទៅហើយ»។
អាផ្លូញជាសិស្ស ក៏ចុះទៅយកអំបិល ចាប់លើកការុងទាំងពីរឡើង គ្មានឃើញអំបិលសល់សោះ ព្រោះវារលាយអស់ហើយ។
ឯចំណងដែលចងមាត់ការុងក៏ឃើញដាច់អស់ ប្រទះឃើញឯត្រីកញ្ចុះមួយនៅក្នុងការុងនោះ។ សិស្សទូលលោកគ្រូថា «មានត្រីកញ្ចុះមួយនៅក្នុងការុង វាស៊ីអំបិលអស់ទៅហើយ»។
ហើយយកត្រី និងការុងមកប្រគេនគ្រូមើល។
លោកគ្រូឃើញត្រីខឹងណាស់ ក៏ទះកំផ្លៀងត្រី មុតដៃនឹងធ្មុងត្រីជាប់។
ពិសត្រីចាប់ពើតឈឺខ្លាំងពេក លោកគ្រូថា «ឯងចាប់ដកធ្មុងត្រីចេញឲ្យឆាប់ ត្បិតឈឺអញណាស់»។
សិស្សក៏ចាប់ដកទាញស្ទើរតែមិនរួច។
លុះដករួចឈាមហូរខ្លាំង ពិសត្រីក៏រឹតតែបណ្ដាលឲ្យលោកឈឺខ្លាំងឡើង។
លោកគ្រូនាំកូនសិស្សទៅវត្តវិញ យកទាំងការុងត្រីកញ្ចុះទៅផង។
ទៅដល់វត្តប្រាប់សិស្សថា «អាផ្លូញ ឯងដាំបាយមួយឆ្នាំង អាំងត្រីកញ្ចុះនេះឲ្យឆ្អិនជាឆាប់ អញនឹងឆាន់»។ លុះពិសអន់ចាប់ពើត លោកគ្រូ ក៏សម្ងំសឹងលក់ទៅ។
ឯអាផ្លូញក៏ដាំបាយ អាំងត្រីឆ្អិនហើយ បរិភោគអស់ ទុកតែបាយមួយពំនូត និងឆ្អឹងត្រីក្នុងចានគ្រប តែវាគ្របមិនឲ្យជិត។
លោកគ្រូភ្ញាក់ឡើង ប្រាប់សិស្សថា «ឯងយកបាយ និងត្រីមកឆាន់»។
អាផ្លូញក៏ធ្វើកិរិយាដូចជាចូលទៅយកបាយប្រគេន ចេញមកវិញទូលថា «បាយ និងត្រីរុយស៊ីអស់ហើយ នៅសល់តែមួយពំនូត និងឆ្អឹងត្រី»។
លោកគ្រូជឿឥតសង្ស័យ ដោយឆោតល្ងង់ ក៏ហុចរំពាត់ផ្ដៅមួយឲ្យមកសិស្ស ហើយថា «ឯងវាយរុយ កុំឲ្យវានៅលើកុដិ»។
អាផ្លូញជាសិស្សក៏វាយរុយមិនឈប់។
គ្រានោះ មានរុយមួយទំចុងច្រមុះគ្រូ។
គ្រូប្រាប់ថា «រុយវាទំច្រមុះអញ ឯងវាយឲ្យឆាប់»។
កូនសិស្សក៏វាយតាមពាក្យគ្រូ វាយទៅ ៗ មិនត្រូវរុយ ត្រូវឯច្រមុះគ្រូ បែកឈាមហូរខ្ចាយ។
សិស្សភ័យណាស់ រត់ទៅដល់ផ្ទះនិយាយប្រាប់ឪពុកម្ដាយតាមរឿង។
ឪពុកម្ដាយប្រាប់កូនឲ្យមកវត្តវិញ កូនប្រកែកមិនព្រមមក។
លោកគ្រូទៅតាម ក៏វាមិនហ៊ានមកដោយខ្លាចគ្រូវាយ។
ថ្ងៃក្រោយ លោកគ្រូតាំងពិធីសូត្រមន្តអាគមស្នេហ៍ បន្ទន់ចិត្តសិស្សឲ្យមក។
អាផ្លូញជាសិស្សបានដឹងថា គ្រូតាំងពិធីមន្តអាគមស្នេហ៍ដូច្នោះ ក៏មកវត្តវិញ ដើម្បីឲ្យគ្រូជឿថា ស្នេហ៍ពូកែ។
លុះដល់វត្តដើរលបៗចូលទៅ ឃើញគ្រូកំពុងតែអង្គុយសូត្រមន្តអាគមស្នេហ៍ ក៏សួរលោកថា «លោកគ្រូធ្វើអ្វី?»
គ្រូកុហកថា «អញសូត្រមន្តអាគមបំបាំងខ្លួន ព្រោះអញទើបរៀនពីគេ»។
ជាបន្ទាន់នោះលោកគ្រូគិតថា «ស្នេហ៍អញពូកែមែន បានសិស្សអញវាមក»។
លុះព្រឹកឡើងសិស្សដាំបាយ ធ្វើម្ហូបស្រេចទូលថា «ចង្ហាន់ឆ្អិនហើយ»។
លោកគ្រូថា «បើដូច្នេះឯងលើកមកឲ្យអញឆាន់»។
អាផ្លូញ ក៏លើកមកប្រគេនធ្វើជាមើលមិនឃើញ ដាក់ថាសទៅលើក្បាលគ្រូ។
គ្រូស្រែកថា អាផ្លូញ ! ហេតុម្ដេច ក៏យកថាសមកដាក់លើក្បាលអញ?
សិស្សទូលថា «ខ្ញុំព្រះករុណាមើលមិនឃើញ»។
លោកគ្រូងាកចេញ អាផ្លូញក៏ដាក់ថាសលើក្បាលគ្រូទៀត។
លោកគ្រូថា «អាឯងដាក់ថាសលើក្បាលអញទៀតហើយ»។
សិស្សថា «ខ្ញុំព្រះករុណាសុំទោស ព្រោះមើលមិនឃើញ»។
លោកគ្រូជឿថាអញរៀនស្នេហ៍ៗពូកែប្រាកដ ឥឡូវអញកុហកវាថាតាំងពិធីមន្តអាគមបំបាំងខ្លួនវិញ ក៏ទៅជាពូកែ គេមើលមិនឃើញប្រាកដមែន គួរទន្ទេញឲ្យចាំ កុំឲ្យភ្លេច»។
ឯអាផ្លូញ លុះប្រគេនចង្ហាន់គ្រូ គ្រូឆាន់រួចហើយ វាក៏លើកមកបរិភោគខ្លួនវា។
ថ្ងៃក្រោយ មានឧបាសក គេនិមន្តលោកទៅឆាន់ឯផ្ទះ។
អាផ្លូញទូលថា «បើលោកគ្រូនិមន្តទៅឆាន់ឯផ្ទះគេ សូមកុំស្លៀកស្បង់ ព្រោះនាំតែចាស់ស្បង់ខូចឥតអំពើ ឃ្លុំតែចីពរបានហើយ គេមើលមិនឃើញទេ ត្បិតលោកគ្រូចេះមន្តអាគមបំបាំងខ្លួនពូកែណាស់ អ្នកណានឹងមើលឃើញ»។
គ្រូជឿក៏ធ្វើតាមពាក្យសិស្ស។
លុះព្រឹកឡើង លោកគ្រូប្រាប់សិស្សថា «ឯងតាមអញទៅឆាន់ឯផ្ទះឧបាសក»។
រួចលោកឃ្លុំតែចីពរ មិនស្លៀកស្បង់ ដោយគិតថា «ឃ្លុំតែចីពរបានហើយ ព្រោះមន្តអាគមអញពូកែណាស់ នរណានឹងមើលកេរ្តិ៍ខ្មាសឃើញ»។
រួចក៏នាំកូនសិស្សទៅ ។
លុះទៅដល់ ឧបាសកនិមន្តឡើងលើផ្ទះហើយ គេលើកចង្ហាន់មកដើម្បីប្រគេនលោកឆាន់ ដោយលោកមិនបានស្លៀកស្បង់ អង្គុយមិនស្រួលងាកឆ្វេងងាកស្ដាំ ក៏លេចកេរ្តិ៍ខ្មាស១ កណ្ដាលវាល។
ឧបាសកឃើញដូច្នោះ គេនាំគ្នាសើចហ៊ោលាន់។
លោកគ្រូពុំទាន់បានឆាន់ចង្ហាន់ មានចិត្តខ្មាសណាស់ ក៏ចុះពីផ្ទះត្រឡប់មកវត្តវិញ ជេរបន្ទោសសិស្សថា «អាឯងមិនឲ្យអញស្លៀកស្បង់ ឥឡូវអញខ្មាសគេណាស់»។
អាផ្លូញទូលថា «លោកគ្រូ កុំខ្ញាល់នឹងខ្ញុំព្រះករុណា រឿងនេះប្រហែលខុសត្រណមទេឬ?»
លោកគ្រូសួរថា «ឯងឃើញអញធ្វើខុសត្រណមដូចម្ដេច?»
អាផ្លូញសួរថា «កាលលោកគ្រូនិមន្តទៅឆាន់ឯផ្ទះឧបាសក និមន្តទៅផ្លូវខាងណា?»
លោកគ្រូប្រាប់ថា «កាលអញទៅ អញចូលផ្លូវខាងកើត»
សិស្សថា «ឱ ! ច្បាស់ជាលោកគ្រូខុសត្រណមហើយ។
ថ្ងៃមុនលោកគ្រូប្រាប់ខ្ញុំព្រះករុណាថា បើរៀនមន្តអាគមទាំងពួងត្រូវតមស៊ីផ្លែស្ពឺ សូម្បីមុជក្រោមដើមស្ពឺ ក៏មិនបាន វាសាបមន្តអាគម។
ឥឡូវលោកគ្រូមុជក្រោមដើមស្ពឺ បានជាខុសត្រណម សាបអាគមអស់ ហេតុនេះបានជាគេឃើញកេរ្តិ៍ខ្មាសលោកគ្រូ។
លោកគ្រូបានស្ដាប់ដូច្នោះ ក៏ថា «ឱ ! អាផ្លូញ ! អញភ្លេចតម បានជាយ៉ាងហ្នឹង។ ឯងថានោះពិតប្រាកដហើយ»។
លោកគ្រូនោះ ដោយឆោតល្ងង់ ក៏ជឿជាក់ឥតសង្ស័យ។
តាំងពីកាលនោះមកអាផ្លូញជាសិស្ស នៅបម្រើដោយសុខសប្បាយទៅ។
ស្លូតស្លាប់ វៀចវេរមានភ័ព្វ អាយុយឺនយូរ !