មានថ្ងៃមួយ បុរសឈ្មោះសុខ ធ្វើដំណើរទៅកាប់ឧសក្នុងព្រៃ។
លុះទៅដល់ព្រៃ ជាកន្លែងកាប់ឧសនោះហើយ ឃើញខ្លាធំមួយស្លាប់នៅជើងដំបូកក្បែរច្រកផ្លូវចូល។
ចៅសុខពិនិត្យមើលហេតុសព្វគ្រប់ទៅឃើញថា ខ្លានេះស្លាប់ដោយពស់ចឹក ព្រោះនៅខាងក្រោមខ្លានោះមានរន្ធពស់មួយ។
បុរសនោះមានចិត្តសប្បុរសចំពោះសាកសពសត្វនោះណាស់ ក៏ស្រាយថង់យាមយកថ្នាំមកដុះលាបស្រឡាបឲ្យ។
លុះបានមួយស្របក់ ខ្លាដឹងខ្លួនឡើងឃើញខ្លួនប្រឡាក់សុទ្ធតែថ្នាំដែលលាប ក៏មានសេចក្ដីទោមនស្សនឹងបុរសដែលលាបថ្នាំឲ្យ ហើយស្ដីឲ្យថា
<< ហេតុដូចម្ដេចបានជាអ្នកឯងហ៊ានយកអ្វីមកប្រឡាក់ខ្លួនអញយ៉ាងនេះ ! >>
បុរសនោះឆ្លើយថា
<< យើងដើរមក បានឃើញបងឯងស្លាប់ដោយពស់ចឹក ហើយយើងដុះថ្នាំស្រឡាបលាបឲ្យបងឯងរស់តើ ! >>
ខ្លាថា
<< អញមានស្លាប់អី ពស់ចឹកអញកាលណា ! អញកំពុងដេកលក់ស្រួលទេតើ ! បើដូច្នោះ អញត្រូវប្រហារជីវិតឯងធ្វើជាអាហារ។ >>
ចៅសុខមានសេចក្ដីតក់ស្លុតនឹងសេចក្ដីស្លាប់ជាខ្លាំង ក៏អង្វរខ្លាថា
<< បងអើយ ! អាណិតយើងផង កុំអាលពិឃាដយើងក្នុងគ្រានេះ ចាំយើងទៅរកអ្នកប្រាជ្ញណាឲ្យគេជំនុំជម្រះឲ្យ បើរកទៅឃើញថា យើងខុស សឹមបងប្រហារជីវិតយើង បើយើងត្រូវ ត្រូវទុកជីវិតយើង។ >>
ខ្លាក៏ព្រមតាមសេចក្ដីអង្វររបស់ចៅសុខ។
ចៅសុខវិលមកវិញ ប្រទះសេះ និងក្របីនៅក្បែរផ្លូវក៏និយាយថា
<< បងទាំងពីរអាណិតជួយយកអាយុយើងផង ព្រោះខ្លាដែលពស់ចឹកបានរស់ឡើង ដែលយើងដាក់ថ្នាំឲ្យ តែវាប្រាថ្នាប្រហារជីវិតយើង ថាយើងធ្វើឲ្យវាភ្ញាក់ ហើយធ្វើឲ្យប្រឡាក់ខ្លួនវាអស់។ >>
សត្វទាំងពីរដឹងសេចក្ដីសព្វគ្រប់ ក៏ពិចារណាទៅឃើញថា តាមពិតត្រូវតែទៅកាត់សេចក្ដីឲ្យបុរសនេះឈ្នះខ្លា ប៉ុន្តែបើអញឲ្យបុរសនេះឈ្នះទៅ មុខជាខ្លាគុំអញ ស៊ីអញជាអាហារពុំលែង ក៏ប្រាប់ទៅចៅសុខថា
<< បងឯងខុសមែនហើយ ត្រូវឲ្យខ្លាស៊ីទៅ។ >>
ចៅសុខរឹតតែភ័យឡើងក៏លាសេះ និងក្របី ដើរយ៉ាងលឿនទៅទៀត លុះប្រទះនឹងសុភាទន្សាយ។
ចៅសុខក៏ប្ដឹងតាមដំណើរ។
សុភាទន្សាយដឹងរឿងសព្វគ្រប់ ក៏ប្រាប់សុខថា
<< ឲ្យទៅនិយាយអង្វរខ្លាទៀតទៅ សឹមយើងទៅជួប។ >>
គ្រាដែលបុរសនោះ កំពុងជជែកនឹងខ្លា សុភាទន្សាយទៅដល់ ក៏ធ្វើជាសួរថា
<< បងឯងទាំងពីរនាក់ទាស់គ្នាពីរឿងអ្វី ! >>
ខ្លា និងចៅសុខ ក៏បានប្ដឹងតាមដំណើររៀងៗខ្លួន។
សុភាទន្សាយ កាត់សេចក្ដីថា
<< បើដូច្នេះត្រូវបងខ្លាឯងទៅដេកនៅត្រង់កន្លែងដដែល ឲ្យយូរដូចពីមុន បើដល់ពេលត្រូវភ្ញាក់ ហើយពុំស្លាប់ទេ សឹមបងឯងមកពិឃាដមនុស្សនេះធ្វើជាអាហារចុះ។ >>
ខ្លាទៅដេកតាមបង្គាប់ ពស់ក៏ចេញពីរន្ធមកចឹកខ្លានោះស្លាប់ទៅ។
សុភាទន្សាយឃើញខ្លាស្លាប់ហើយ ក៏ប្រាប់ទៅបុរសនោះថា
<< បងឯងកុំលាបថ្នាំឲ្យវាទៀត។ >>
ប្រាប់ហើយ ក៏លាចៅសុខទៅលំនៅវិញ ។
ធ្វើគុណ បានទោស!