ពស់​កេងកង

កាល​ពីព្រេងនាយ នៅ​លើ​ដី​យើង​នេះ គ្រប់​ស្រុក​ទាំងអស់​មិន​មាន​ពស់​ពិស និង​ពស់​ឥត​មាន​ពិស​ទេ មាន​តែ​ពស់​កេងកង ។

មាន​និទាន​ថា៖ កាល​ដើម​ឡើយ​ មាន​មនុស្ស ២ នាក់​ប្ដី​ប្រពន្ធ។
ប្រពន្ធ​ឈ្មោះ​នាង​នី​ មាន​កូន​ស្រី​មួយ​ឈ្មោះ​នាង​អេត។
ប្ដី​នោះ​ទៅ​ជួញ​អង្កាំ បាត់​ជា​យូរ​អង្វែង។
ថ្ងៃ​មួយ​អស់​បងប្អូន​ជិត​ខាង គេ​បបួល​គ្នា​ទៅ​រក​ឧស។
ឯ​នាង​នី​ឮ​គេ​ថា​បបួល​គ្នា​ក៏​ទៅ​ជាមួយ​នឹង​គេ​ដែរ យក​នាង​អេត​ជា​កូន​ទៅ​ផង លី​ដឹង​ចូល​ព្រៃ​បាន​ឃើញ​ឧស​មួយ​ធំ។
នាង​នី​យក​ដឹង​ពុះ​ឧស លុះ​ពុះ​យូរ​បន្តិច​ទៅ​ដឹង​ក៏​រង្គោះ​ធ្លាក់​ទៅ​ក្នុង​រន្ធ​ពស់។
នាង​នី​មើល​ទៅ​ឃើញ​ដឹង និង​ពស់​កេងកង ក៏​និយាយ​នឹង​ពស់​នោះ​ឲ្យ​ហុច​ដឹង​ឲ្យ។
ឯ​ពស់​កេងកង​ឆ្លើយ​ឡើង​ថា «អើ ! បើ​នាង​ឯង​ដោយ​អញ ធ្វើ​ប្រពន្ធ​អញ​ទើប​អញ​ឲ្យ​ដឹង បើ​នាង​ឯង​មិន​ដោយ​អញ មិន​ធ្វើ​ជា​ប្រពន្ធ​អញ​ទេ​នោះ អញ​មិន​ឲ្យ​ដឹង​ទេ»។
នាង​នី​ឮ​ពស់​កេងកង​ថា​ដូច្នោះ​ហើយ ហេតុ​តែ​ជា​ស្រី​ខូច ក៏​ទទួល​ព្រម​ថា អើ ! លែង​តែ​អ្នក​ឲ្យ​ដឹង​មក​ខ្ញុំ​ចុះ ចាំ​ល្ងាច សឹម​ខ្ញុំ​ឲ្យ​មេ​អេត​មក​ហៅ»។
ពស់​កេងកង​ឮ​នាង​នី​ថា​ដូច្នោះ​ក៏​ឲ្យ​ដឹង​មក។
នាង​នី​ផ្ដាំ​ថា «ដល់​ល្ងាច សឹម​ឲ្យ​មេ​អេត​មក​ហៅ» ហើយ​នាង​នី​ក៏​ទូល​ឧស​ទៅ​ផ្ទះ​ជា​មួយ​នឹង​នាង​អេត។
លុះ​ដល់​ព្រលប់​នាង​នី ក៏​ប្រើ​មេ​អេត​ជា​កូន​ឲ្យ​ទៅ​ហៅ​ពស់​កេងកង។

នាង​អេត​ទៅ​ដល់​ឈរ​នៅ​មាត់​រន្ធ​ពស់ ហៅ​ថា «ពស់​កេងកង​អើយ​ នាង​នី​ឲ្យ​ហៅ ! » ។
ឯ​ពស់​កេងកង​ឮ​ហើយ​លូន​ចេញ​មក។
នាង​អេត​ឃើញ​ពស់​ក៏​ភ័យ​ខ្លាច​ព្រឺ​ស្ញើប​អស់​ទាំង​ខ្លួន ប៉ុន្តែ​ខ្លាច​ម្ដាយ​ព្រោះ​ម្ដាយ​ប្រើ​មក ក៏​ខំ​សង្កត់​ចិត្ត​នាំ​ពស់​ទៅ​ផ្ទះ។
ពស់​នោះ​ធំ​ណាស់ លូន​ទៅ​លើ​ស្មៅ​បាក់​រាប​អស់ ដល់​ផ្ទះ​ហើយ​ក៏​ឡើង​ទៅ​ដេក​ជា​មួយ​នឹង​នាង​នី។
នាង​នី​និយាយ​នឹង​ពស់​កេងកង​ថា «ខ្ញុំ​មាន​ប្ដី​ ឥឡូវ​នេះ​គាត់​ទៅ​ជួញ​អង្កាំ​ពីរ បី​ឆ្នាំ​មក​ម្ដងៗ »។
ពស់​កេងកង​សួរ​ថា «ប្ដី​នាង​ឯង​ទៅ​ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​ខែ ទៀត​នឹង​មក​ដល់?»
នាង​នី​ឆ្លើយថា «មិន​ដឹង​ជា​ប៉ុន្មាន​ខែ ប៉ុន្មាន​ថ្ងៃ​ទៀត នឹង​មក​ដល់​ទេ»
ពស់​កេងកង​ និង​នាង​នី ក៏​ដេក​លក់​ជា​មួយ​គ្នា​ទៅ ដល់​ជិត​ភ្លឺ​ទើប​ពស់​កេងកង​លា​នាង​នី​ទៅ​រូង​វិញ។
នាង​នី​ផ្ដាំ​ថា «បើ​ប្ដី​ខ្ញុំ​មក ខ្ញុំ​មិន​ឲ្យ​មេ​អេត​ទៅ​ហៅ​ទេ អ្នក​កុំ​មក បើ​ប្ដី​ខ្ញុំ​មិន​ទាន់​មក​នោះខ្ញុំ​ប្រើ​មេ​អេត​ឲ្យ​ទៅ​ហៅ​អ្នក សឹម​អ្នក​មក»។
ពស់​កេងកង​ក៏​ទៅ​ឯ​រូង​ខ្លួន​វិញ​ទៅ។
រាល់​តែ​ល្ងាច​នាង​នី​ប្រើ​មេ​អេត​ឲ្យ​ទៅ​ហៅ​ពស់​កេងកង។
នាង​អេត​ខ្លាច​ម្ដាយ​ក៏​ទៅ​ហៅ​តាម​ពាក្យ​ម្ដាយ​ប្រើ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្លាច​ពស់​នោះ​ណាស់ ត្បិត​ពស់​នោះ​ធំ​ណាស់ ហើយ​វែង​ផង។
មួយ​ទៀត ខឹង​ក្នុង​ចិត្ត ត្បិត​ម្ដាយ​សហាយ​នឹង​ពស់។

នាង​អេត​ទៅ​ដល់​មាត់​រូង​ហើយ​ហៅ​ថា «ពស់​កេងកង​អើយ នាង​នី​ឲ្យ​ហៅ»
ពស់​កេងកង​ឮ​ក៏​លូន​ចេញ​មក​ហើយ​ឆ្លើយ​ថា «អេត​អើយ! ថា​អញ​មិន​ទៅ ​ឪពុក​អេត​នៅ​កាត់​ក្បាល​អញ​ដាច់»
នាង​អេត​ឆ្លើយ​ថា «ឪពុក​អញ​ទៅ​ជួញ​អង្កាំ ពីរ បី​ឆ្នាំ​មិន​ទាន់​មក​ដល់»។
ពស់​កេងកង​ឮ​នាង​អេត​ប្រាប់​ដូច្នោះ ក៏​លូន​ចេញ​អំពី​រន្ធ​មក ហើយ​ចេះ​តែ​ទៅ​មក​ៗ​តែ​សព្វ​ថ្ងៃ។
នាង​នី​សហាយ​នឹង​ពស់​កេងកង​ទាល់​តែ​ផើម។
លុះ​យូរ​បន្តិច​ទៅ​ប្ដី​នាង​នី​មក​ពី​ជួញ​អង្កាំ​វិញ ឃើញ​នាង​នី​ពោះ​ធំ ​នឹក​សង្ស័យ ក៏​សួរ​នាង​អេត​ជា​កូន។
នាង​អេត​ប្រាប់​ឪពុក​ថា «ម៉ែ​គាត់​សហាយ​នឹង​ពស់​កេងកង តែ​វេលា​ព្រលប់​កាលណា​ឲ្យ​ខ្ញុំ​ទៅ​ហៅ​តែ​សព្វ​ថ្ងៃ»។
ឪពុក​ឮ​នាង​អេត​ប្រាប់​ដូច្នោះ​ក៏​និយាយ​នឹង​នាង​អេត​ថា «ដល់​ល្ងាច​ហង​ឯង​ទៅ​ហៅ​ពស់​នោះ​ទៀត អញ​ចាំ​កាប់​វា​នៅ​មាត់​ទ្វារ ហើយ​ហង​ឯង​កុំ​ឲ្យ​ម្ដាយ​ហង​ឯង​ដឹង»។

ឯ​នាង​អេត​លុះ​ដល់​ព្រលប់​ក៏​ទៅ​ហៅ​ពស់​កេងកង​ថា «ពស់​កេងកង​ៗ! នាង​នី​ឲ្យ​ហៅ»។
ពស់​កេងកង​ឮ​ហើយ​ឆ្លើយ​ថា «អេត​អេត​អើយ ! ថា​អញ​មិន​ទៅ ឪពុក​អេត​នៅ​ កាត់​ក​អញ​ដាច់»។
នាង​អេត​ឆ្លើយ​ថា «ឪពុក​អញ​ទៅ​ជួញ​អង្កាំ​ពីរ បី​ឆ្នាំ​ មិន​ទាន់​មក​ដល់»។
ពស់​កេងកង​ឮ​នាង​អេត​ប្រាប់​ដូច្នោះ​ស្មាន​ថា ឪពុក​នាង​មិន​ទាន់​មក​ពី​ជួញ​អង្កាំ​មែន ក៏​ទៅ​ដូច​សព្វ​ថ្ងៃ។
ឯ​ឪពុក​នាង​អេត​កាន់​ដាវ​ពួន​នៅ​មាត់​ទ្វារ​ចាំ​កាប់។
ពស់​កេងកង​លូន​ចូល​ក្នុង​ទ្វារ​បន្តិច​ ឪពុក​នាង​អេត​កាត់​ក​ដាច់​ ហើយ​កាត់​មួយ​កំណាត់​ខាង​កន្ទុយ​យក​ទៅ​ដាក់​លើ​ស្កាក មួយ​កំណាត់​ខាង​ក្បាល​យក​ទៅ​ដាក់​លើ​មែក​ពុទ្រា ឯ​កណ្ដាល​ខ្លួន​យក​ទៅ​ពន្លះ​ពន្លាត់​ស្បែក​ចោល ហើយ​ផ្ដាំ​នាង​អេត​ថា «កុំ​ឲ្យ​ម្ដាយ​ហង​ឯង​ដឹង តែ​ត្រូវ​ទុក​សាច់​ស្ល​ឲ្យ​ម្ដាយ​ហង​ឯង​ស៊ី»។
ឪពុក​នាង​អេត​ក៏​លាង​ឈាម​ពស់​ជ្រះ​អស់​មិន​ឲ្យ​មាន​សល់។
ឯ​នាង​នី​ពុំ​បាន​ដឹងជា ប្ដី​កាប់​ពស់​សហាយ​ស្លាប់​ទេ ព្រោះ​ពេល​នោះ​នាង​នី​មិន​នៅ ទៅ​សួរ​បងប្អូន​នៅ​ផ្ទះ​ឆ្ងាយ។

លុះ​ព្រឹក​ឡើង​នាង​អេត​យក​សាច់​ពស់​មក​ស្ល​ទុក​ឲ្យ​នាង​នី​ជា​ម្ដាយ​ស៊ី។
នាង​នី​ឃើញ​សម្ល​ខ្លាញ់​រលើប​ទាំង​ចាន​ទាំង​ឆ្នាំង ក៏​សួរ​នាង​អេត​ថា «បាន​សាច់​អ្វី​ស្ល​មី​អេត !» ។
នាង​អេត​ប្រាប់​ថា «សាច់​ជ្រូក»។
នាង​នី​គិត​ស្មាន​ថា​ សាច់​ជ្រូក​មែន ក៏​ឲ្យ​មី​អេត​ដួស​សម្ល​យក​មក​ស៊ី​បាយ។
កាល​នាង​អេត​ដួស​សម្ល​មក​ឲ្យ​នាង​នី​ជា​ម្ដាយ​ស៊ី​នោះ មាន​ក្អែក​មួយ​វា​ឃើញ​ក្បាល​ពស់​ដាក់​លើ​មែក​ពុទ្រា វា​ចង់​ស៊ី​សាច់​ពស់ វា​បូល​ថា «កឡូវៗ​ក្លេមក្លម​លេប​សាច់​ប្ដី​ឯង»។
នាង​នី​កំពុង​ស៊ី​បាយ​ ឮ​ក្អែក​បូល​ដូច្នោះ ក៏​មើល​ទៅ​លើ​មែក​ពុទ្រា​ឃើញ​ក្បាល​ពស់​កេងកង​លើ​មែក​ឈើ ហើយ​នាង​នី​នឹក​អាណិត​ស្រក់​ទឹក​ភ្នែក តែ​នាង​ពុំ​ហ៊ាន​យំ​​ព្រោះ​ខ្លាច​ប្ដី​ដែល​អង្គុយ​ស៊ី​បាយ​ជា​មួយ​គ្នា។
ប្ដី​ឃើញ​នាង​នី​ស្រក់​ទឹក​ភ្នែក​ក៏​សួរ​ថា «ហេតុ​ដូចម្ដេច​បាន​ជា​ស្រក់​ទឹក​ភ្នែក?»។
នាង​នី​ឆ្លើយ​ថា «ស៊ី​បាយ​ក្ដៅ សម្ល​ក្ដៅ​ រឭក​កូនចៅ រលោង​ទឹក​ភ្នែក»។
ឯ​ក្អែក​នោះ​ចេះ​តែ​បូល​ថា «កឡូវៗ​ ក្លេមក្លម​លេប​សាច់​ប្ដី​ឯង ក្បាល​ដាក់​លើ​ដើម​ពុទ្រា កន្ទុយ​ដាក់​លើ​ស្កាក»។
នាង​នី​មើល​ទៅ​លើ​ស្កាក​ឃើញ​កន្ទុយ​ពស់​កេងកង​លើ​នោះ។
ឯ​ប្ដី​នាង​នី​ដឹង​ថា ​ប្រពន្ធ​សហាយ​នឹង​ពស់​កេងកង​ពិត​ប្រាកដ​ហើយ ក៏​នឹក​ភ្នក​ក្នុង​ចិត្ត​ខឹង​ចង់​សម្លាប់​នាង​នី ប៉ុន្តែ​ធ្វើ​មិន​ឲ្យ​នាង​នី​ដឹង​ខ្លួន។

ដល់​នាង​នី​ផើម​ចាស់​ផ្ទៃ ជិត​នឹង​សម្រាល ​ប្ដី​បបួល​ទៅ​កក់​សក់​នៅ​មាត់​បឹង។
លុះ​ដើរ​ទៅ​ដល់​មាត់​បឹង​ប្រាប់​ប្រពន្ធ​ថា «ទៅ​ទៀត​ឲ្យ​ឆ្ងាយ​ពី​ស្រុក​គេ យើង​នឹង​កក់​សក់​លេង​ឲ្យ​សប្បាយ​តែ​ពីរ​នាក់​ម្ដង»។
នាង​នី​មិន​ដឹង​ខ្លួន​ឯង​ថា ​ប្ដី​សម្លាប់ ស្មាន​ថា ​ប្ដី​នាំ​ទៅ​កក់​សក់​មែន ក៏​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ឆ្ងាយ​ទៅ។
លុះ​ឃើញ​កំពង់​មួយ​រាប​ស្អាត វាល​ល្អ ប្ដី​ប្រាប់​ប្រពន្ធ​ថា «កំពង់​នេះ​រាប​ សប្បាយ យើង​ឈប់​កក់​សក់​នៅ​នោះ​ចុះ»។
ឯ​នាង​នី​មិន​ដឹង​ខ្លួន​ជា​ ប្ដី​គិត​សម្លាប់​ ក៏​អង្គុយ​កក់​សក់​នៅ​មាត់​ច្រាំង។
ប្ដី​នោះ​ក៏​ហូត​ដាវ​កាប់​នាង​នី​ពី​ក្រោយ​ខ្នង​មិន​ឲ្យ​ដឹង​ខ្លួន ដាច់​ពាក់​កណ្ដាល​ខ្លួន​ស្លាប់​ទៅ។
ពេល​នោះ​ឃើញ​សុទ្ធ​តែ​កូន​ពស់​លូន​ចេញ​មក​អំពី​ពោះ​នាង​នី​មក។
ប្ដី​នាង​នី​ក៏​កាប់​កូន​ពស់​នឹង​ដាវ ខ្លះ​កាប់​មិន​ទាន់ ក៏​លូន​ចូល​ទៅ​ក្នុង​ក្រហែង​ដី ខ្លះ​មុជ​ក្នុង​ទឹក ខ្លះ​ចូល​ទៅ​ក្នុង​ព្រៃ។
ព្រោះ​ហេតុ​នេះ​បាន​ជា​មាន​ពស់​ច្រើន​បែប​ច្រើន​យ៉ាង មក​ដល់​ឥឡូវ​នេះ។

ឃ្លាត​ឆ្ងាយ ណាយ​ចិត្ត!

Leave a Reply

Your email address will not be published. Required fields are marked *