កាលពីព្រេងនាយ មានបុរសពីរនាក់ ជាសម្លាញ់នឹងគ្នា មួយឈ្មោះចៅសុក្រ មួយឈ្មោះចៅសៅរ៍ បានបួសនៅវត្តជាមួយគ្នា។
បួសយូរបន្តិចទៅ ក៏សឹកមកវិញ សឹកមកហើយ ក៏ជាសម្លាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា «បើនរណាក្រ ត្រូវជួយគ្នា»។
ហើយបុរសទាំងពីរនាក់ក៏មានប្រពន្ធកូន នៅរកស៊ីទីទៃពីគ្នា។
ចៅសុក្ររកស៊ីទៅមានទ្រព្យរបស់ច្រើន។
ឯចៅសៅរ៍ល្ងង់ខ្លៅក្រលំបាក ហើយប្រពន្ធក៏មានសហាយផង។
ចៅសុក្រដឹងថា ប្រពន្ធចៅសៅរ៍មានសហាយ ហើយក្រលំបាកដូច្នោះ ក៏ទៅសួរចៅសៅរ៍។
ទៅដល់ឃើញចៅសៅរ៍ក្រលំបាកណាស់មែន ក៏បបួលចៅសៅរ៍ទៅរកស៊ី ហើយនិយាយថា «ត្រូវឯងតាមពាក្យអញ»។
ចៅសៅរ៍ក៏ព្រមតាមពាក្យចៅសុក្រ។
ចៅសុក្របបួលចៅសៅរ៍ទៅកាប់ឈើ ធ្វើក្ដារមឈូសលក់។
ចៅសៅរ៍តាមពាក្យចៅសុក្រ ក៏ព្រមទៅជាមួយគ្នា។
ឯកូនសេដ្ឋីដែលសហាយនឹងនាងប៉ិចឮ ជាប្រពន្ធចៅសៅរ៍ ឃើញចៅសៅរ៍មិននៅផ្ទះ ក៏ទៅដេកនឹងប្រពន្ធចៅសៅរ៍ រួចហើយវិលទៅផ្ទះវិញ។
ចៅសុក្រ និងចៅសៅរ៍ធ្វើក្ដារមឈូសបានមួយ ក៏យកមកដាក់ក្នុងផ្ទះ ហើយទៅធ្វើក្ដារមឈូសទៀត។
កូនសេដ្ឋីក៏ទៅដេកនឹងនាងប៉ិចទៀត។
ដល់ពាក់កណ្ដាលអធ្រាត្រចៅសុក្រ និងចៅសៅរ៍មកផ្ទះវិញ។
ចៅសុក្រខំដើរប្រញាប់មកមុន ស្រែកហៅប្រពន្ធចៅសៅរ៍ឲ្យបើកទ្វារ។
ឯកូនសេដ្ឋីក៏ភិតភ័យរត់ពុំរួច នាងប៉ិចប្រាប់សហាយឲ្យចូលដេកក្នុងក្ដារមឈូស ហើយទៅបើកទ្វារឲ្យចៅសុក្រចៅសៅរ៍ចូលទៅក្នុងផ្ទះ។
នាងប៉ិចសួរថា «ដូចម្ដេចក៏បានជាវិលមកវិញ?»
ចៅសៅរ៍ប្រាប់ថា «ចៅសុក្រ ឈឺក្បាលហៅវិលមកវិញ»។
ហើយចៅសៅរ៍ប្រាប់ទៅនាងប៉ិចឲ្យដណ្ដាំបាយស៊ី។
ស៊ីបាយរួចហើយ ដោយចៅសុក្រដឹងថា សហាយនាងដេកនៅក្នុងក្ដារមឈូស ក៏ប្រាប់ទៅចៅសៅរ៍ថា «រកផ្ដៅមកចងក្ដារមឈូសទុកក្រែងចោរលួច»។
ចៅសៅរ៍ ក៏យកផ្ដៅទៅចងរួចស្រេច ហើយយកដែកគោលបោះថែមទៀត។
ឯចៅសៅរ៍ពុំដឹងជាប្រពន្ធមានសហាយ ក៏ធ្វើតាមពាក្យចៅសុក្របង្គាប់។
លុះព្រឹកឡើងចៅសៅរ៍ ប្រើនាងប៉ិចជាប្រពន្ធឲ្យទៅទិញអីវ៉ាន់។
នាងប៉ិចក៏ហួសទៅប្រាប់សេដ្ឋីថា «ឲ្យសេដ្ឋីចាំទិញមឈូស ត្បិតកូនសេដ្ឋី ទៅដេកនឹងខ្ញុំ ប្ដីខ្ញុំមកទាន់ បានរត់ចូលដេកក្នុងមឈូស។ ឥឡូវនេះប្ដីខ្ញុំសែងយកមកដល់ព្រឹកនេះហើយ»។
ប្រាប់ហើយនាងប៉ិចក៏ត្រឡប់ទៅផ្ទះវិញ។
លុះចៅសុក្រ និងចៅសៅរ៍ ស៊ីបាយរួច ក៏សែងមឈូសយកទៅលក់។
សេដ្ឋីឲ្យខ្ញុំមួយនាក់ចាំមើលផ្លូវ ផ្ដាំថា «បើឃើញអ្នកណាសែងក្ដារមឈូសមកដល់ ឲ្យរត់ទៅហៅយើង»។
ចៅសុក្រ និងចៅសៅរ៍ សែងក្ដារមឈូសមកដល់ផ្ទះសេដ្ឋី ស្រែកពពាយនាយថា «អ្នកណាទិញក្ដារមឈូសទេ»។
សេដ្ឋីឮ សួរថា «លក់តម្លៃប៉ុន្មាន?»
ចៅសុក្រប្រាប់ថា «ឲ្យចាក់ប្រាក់ពីដីឡើង ស្មើនឹងមឈូស»។
សេដ្ឋីសុំតថ្លៃ ក៏ចៅសុក្រមិនព្រម។
សេដ្ឋីក៏ប្រើខ្ញុំកំដរឲ្យយកប្រាក់មកចាក់ ស្មើនឹងមឈូស។
ហើយចៅសុក្រ និងចៅសៅរ៍យកប្រាក់ទៅចែកគ្នា។
សេដ្ឋីគាស់មឈូសយកកូនចេញ។
ក្រោយមកចៅសៅរ៍ យកនាងប៉ិចជាប្រពន្ធដូចដែលវិញ។
អូសទូកមិនឲ្យល្អាន ចាប់ត្រីបាន មិនឲ្យល្អក់ទឹក !