កាលពីព្រេងនាយ មានក្មេងម្នាក់នៅជាមួយម្ដាយ ចិញ្ចឹមជ្រូកកម្រៀវ ១។
ដល់ជ្រូកនោះធំឡើង ក្មេងនោះចង់ស៊ីសាច់ជ្រូក ក៏និយាយនឹងម្ដាយថា
«ម៉ែ ! ខ្ញុំចង់ស៊ីសាច់ជ្រូក សូមម៉ែឲ្យខ្ញុំកាប់ជ្រូកយើងនោះស៊ីផឹកស្រាទៅ ?» ។
ម្ដាយឃាត់ថា
«កុំ ! ឯងស៊ីអីក៏ច្រើនម្ល៉េះ ទុកវានឹងលក់យកប្រាក់កាសចាយ» ។
កូនឮម្ដាយឃាត់ដូច្នោះ ក៏នឹកតែក្នុងចិត្តចង់ស៊ីសាច់ជ្រូកតែសព្វថ្ងៃពុំមានភ្លេច ។
មានកាលមួយថ្ងៃ កូននោះភ្ញាក់ឡើងពីដេក និយាយប្រាប់ម្ដាយថា
«ត្បិតទេវតាប្រាប់ខ្ញុំថា មានមាសប្រាក់ច្រើនណាស់ម៉ែ សូមម៉ែជូនខ្ញុំទៅយក» ។
ម្ដាយឮកូននិយាយប្រាប់ដូច្នោះសួរថា «មាសប្រាក់នៅឯណា» ។
កូនឆ្លើយថា «ម៉ែទៅនឹងខ្ញុំចុះ បើខ្ញុំបង្គាប់ដូចម្ដេចម៉ែធ្វើតាមខ្ញុំ» ។
កូនយកកញ្ជើនាំម្ដាយដើរទៅក្នុងព្រៃឆ្ងាយអំពីស្រុក ហើយកូនយកកញ្ជើទៅគ្របលើដី ប្រឹងសង្កត់ហើយស្រែកប្រាប់ម្ដាយថា
«ម៉ែ ! ជួយសង្កត់ផង មាសប្រាក់នៅក្នុងដីនេះច្រើនណាស់ ម៉ែសង្កត់ឲ្យជាប់ចុះ ខ្ញុំនឹងទៅរកចបជីក មកជីកយកមាសប្រាក់ ។ ម៉ែឯងនៅសង្កត់ឲ្យជាប់កុំលែង បើម៉ែលែង មាសប្រាក់នឹងបាត់អស់ទៅ» ។
ឯម្ដាយឮកូនថាដូច្នោះក៏ខំសង្កត់កញ្ជើនោះឲ្យកូន ឯកូននោះក៏រត់ត្រឡប់មកផ្ទះវិញ ចាប់ជ្រូកនោះយកមកកាប់ចម្អិនជាអាហារ បបួលអស់បងប្អូនអ្នកផ្ទះជិតខាងមកស៊ីផឹកស្រាលេងសប្បាយ ។
ម្ដាយនៅចាំកូនឯព្រៃ ទន្ទឹងពុំឃើញមកឃ្លានបាយអស់កម្លាំង រោយដៃរោយជើង របូតចេញពីលើកញ្ជើពុំឃើញមានអ្វីសោះ ។
លុះម្ដាយចាំកូនយូរពេក នឹកថាកូនបញ្ឆោតហើយ ក៏លែងកញ្ជើចោលត្រឡប់ទៅផ្ទះវិញ ឃើញកូនកំពុងតែស៊ីសាច់ជ្រូកផឹកស្រាលេងសប្បាយដូច្នោះ ក៏ខឹងនឹងកូនណាស់ ហើយនិយាយនឹងប្អូនខ្លួនថា
«ត្បិតកូននោះវាខូចណាស់ ទុកចិញ្ចឹមមិនបានទេ ត្រូវឯងច្រកការុងយកទៅទម្លាក់ក្នុងទឹកសម្លាប់ទៅ» ។
ប្អូនឮដូច្នោះ សួរទៅបងថា
«ដំណើរដូចម្ដេច បានជាយកកូនច្រកការុងទៅចោលក្នុងទឹកសម្លាប់ ?» ។
បងនិយាយប្រាប់ទៅប្អូនតាមដំណើរសព្វគ្រប់ថា
«វាចេះបញ្ឆោតអញឲ្យទៅក្នុងព្រៃ ថាទៅយកមាសប្រាក់ ហើយឲ្យអញនៅចាំក្នុងព្រៃ លុះត្រាតែដល់ថ្ងៃឃ្លានបាយស្ទើរតែនឹងដាច់ពោះ ឯវាមកកាប់ជ្រូក ស៊ីផឹកស្រាលេងសប្បាយ ជ្រូកអញតែមួយទុកលក់ឲ្យគេ យកប្រាក់ចាយទេតើ » ។
ប្អូននោះក៏ទៅចាប់ អាកុហកស៊ី ច្រកក្នុងការុងធំ ចងមាត់ការុងជាប់ល្អ ហើយលើកលីយកទៅនឹងចោលក្នុងទឹកទន្លេ។
លុះទៅដល់មាត់ទន្លេ អាកុហកស៊ី និយាយនឹងមាវាថា
«លោកមាអាណិតខ្ញុំ ខ្ញុំមុខជាស្លាប់ហើយ បើដូច្នេះសូមលោកមាអាណិតទៅយកក្បួនកុហក មកឲ្យខ្ញុំបន្តិច ត្បិតខ្ញុំស្លាប់ទៅនឹងទៅនៅឯឋានខ្មោច បើគ្មានក្បួនកុហកនឹងកុហកខ្មោចស៊ីពុំបានទេ នោះនឹងដាច់ពោះស្លាប់» ។
ឯមាឮក្មួយអង្វរដូច្នោះ ក៏សួរទៅក្មួយវិញថា «ក្បួនកុហកនោះ ឯងទុកនៅឯណា? » ។
ក្មួយប្រាប់ទៅមាថា «ខ្ញុំដាក់នៅលើធ្នឹម» ។ មាក៏ដាក់អាកុហកស៊ីទុកចោលនៅមាត់កំពង់ទឹក ហើយត្រឡប់ទៅរកក្បួននឹងយកមកឲ្យអាកុហកស៊ីវិញ។
កាលនោះមានមនុស្សកើតឃ្លង់ម្នាក់ ដើរមកជិត អាកុហកស៊ី។
អាកុហកស៊ី ក៏ធ្វើនិយាយថា
«អញមកតមឃ្លង់ក្នុងការុងនេះ យូរថ្ងៃហើយ មិនដឹងជាហើយឬនៅ ឃើញហាក់ដូចសះជាហើយ»។
មនុស្សឃ្លង់ឮអាកុហកស៊ីថា តមឃ្លង់ក្នុងការុងដូច្នោះ ដោយខ្លួនកើតឃ្លង់ផង ក៏សួរថា
«តមឃ្លង់ក្នុងការុងនេះបានជាឬ ?» ។
អាកុហកស៊ី ប្រាប់ថា ត្បិតខ្ញុំកើតឃ្លង់ គេឲ្យតមក្នុងការុងនេះយូរថ្ងៃហើយ មិនដឹងជាហើយឬនៅទេ អាណិតស្រាយមាត់ការុងឲ្យខ្ញុំបន្តិច»។
មនុស្សឃ្លង់ក៏ស្រាយមាត់ការុងឲ្យ អាកុហកស៊ី ចេញមក។
អាកុហកស៊ី ចេញពីការុងបោសខ្លួនមើល ហើយប្រាប់ថា ជាឃ្លង់ហើយ !
អាគម្លង់ឮពាក្យ អាកុហកស៊ី ថាតមឃ្លង់ក្នុងការុងជាដូច្នោះ ក៏និយាយថា ឲ្យគ្នាតមឃ្លង់ផង។
អាកុហកស៊ី ឮដូច្នោះអរណាស់គិតថា «អញអស់ស្លាប់ហើយ» បានជាអាគម្លង់ស្លាប់ជួស។
អាកុហកស៊ីប្រាប់ អាគម្លង់ថា បើឯងចង់ជាឃ្លង់ឆាប់ ត្រូវកាន់ត្រណមឲ្យជាប់កុំនិយាយស្ដីនឹងអ្នកណាឲ្យសោះ បើនរណាមកសួរក្ដី មកជេរ មកវាយដូចម្ដេចៗក្ដី ត្រូវកុំនិយាយ កុំស្ដី ខំកាន់ត្រណមឲ្យខ្ជាប់ ទើបបានជាឆាប់។
អាគម្លង់ឮអាកុហកស៊ីថាដូច្នោះ ក៏ទទួលចាំ ហើយចូលទៅក្នុងការុង។
អាកុហកស៊ីចងមាត់ការុងជាប់ហើយរត់បាត់ទៅ។
មានោះ រកតម្រាអាកុហកស៊ីពុំឃើញ ដឹងថា អាកុហកស៊ីបញ្ឆោតខ្លួន ខឹងណាស់ ក៏នឹកក្នុងចិត្តថា បើអញទៅដល់អញនឹងទម្លាក់វាទៅក្នុងទឹកឲ្យស្លាប់ភ្លាម ហើយខំដើរទៅដល់ ហើយក៏ស្ទុះចូលទៅដាល់វាយអាគម្លង់ ដោយស្មានថាជា អាកុហកស៊ី។
អាគម្លង់ខំអត់ ព្រោះចង់ជាឃ្លង់ លុះវាយធាក់អស់ចិត្តហើយ មានោះក៏លើកការុងបោះទៅក្នុងទឹកឲ្យស្លាប់។
ឯអាកុហកស៊ី រត់រួចពីនេះទៅ ទៅជួបនឹងមនុស្សកុហកម្នាក់ ចេះកុហកដូចគ្នាកំពុងតែមុជទឹក។
អាកុហកនោះ ឃើញអាកុហកស៊ីកំពុងដើរទៅពីចម្ងាយ ក៏ធ្វើជាមុជទឹកយូរបន្តិចងើបឡើង ហើយលើកកាសឡើងបង្ហាញថា
«អញមុជទឹកទៅខាងក្រោម មានគេលេងបៀ អញលេងឈ្នះ បានកាសប្រាក់ច្រើន ប៉ុន្តែយកមកមិនរួច យកបានតែមួយត្រណោតមក»។
អាកុហកស៊ី ឮដូច្នោះក៏ជឿគិតស្មានថាមែន ហើយក៏ផ្លាស់សំពត់លោតចុះទៅក្នុងទឹក ខំមុជទៅទង្គិចក្បាលនឹងគល់ឈើបែកឈាម ដឹងខ្លួនថា គេជាមនុស្សកុហក ក៏នឹកក្នុងចិត្តឃើញឧបាយកុហកវិញ ហើយងើបឡើង និយាយទៅនឹងអាដែលបញ្ឆោតនោះថា
«អ្នកអើយ ! ខ្ញុំមុជទឹកទៅតាមពាក្យអ្នកឯងអម្បាញ់មិញ បានឃើញគេលេងបៀ ប៉ោ ធួកំតាត់ ច្រើនណាស់ ហើយខ្ញុំលេងឈ្នះគេ បានប្រាក់កាសច្រើន ខ្ញុំទារពីគេ គេថាឲ្យមកទារយកពីអ្នកឯងនេះ តែខ្ញុំមិនព្រម ខ្ញុំចង់តែទារគេ គេខឹងនឹងខ្ញុំ គេវាយខ្ញុំបែកក្បាល ហើយគេថា ឲ្យខ្ញុំមកយកពីអ្នកឯង បើអ្នកមិនជឿ អ្នកមើលក្បាលខ្ញុំដែលបែកនេះចុះ។
អាកុហកនោះដឹងថា អាកុហកស៊ី មានប្រាជ្ញា ចេះកុហកទល់នឹងកុហកមិនចាញ់ខ្លួន ក៏ស្រាយកាសចែកឲ្យពាក់កណ្ដាល ហើយសុំគ្នាធ្វើជាបងប្អូន ដើររកស៊ីកុហកគេតាំងពីថ្ងៃនោះទៅ។
បន្លាមុត យកបន្លាជោះ !