កាលពីព្រេងនាយ មានបុរសពីរនាក់នៅផ្ទះជិតគ្នា ។  
ថ្ងៃមួយបុរសទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វ ។ ដល់ថ្ងៃរសៀលគងភ្នំ ក៏នាំគ្នាដើរចេញទៅ ។  
លុះដល់ព្រៃជាកន្លែងដាក់អន្ទាក់ បុរសទីមួយថា  « ខ្ញុំនឹងដាក់នៅគល់ឈើនេះ ត្បិតឈើនេះមានផ្លែ  យប់ៗសត្វចំណាំតែមកស៊ីផ្លែឈើនេះ» ។ 
បុរសទីពីរ ឆ្លើយថា  «ខ្ញុំក៏ចង់ដាក់កន្លែងហ្នឹងដែរ ប៉ុន្តែឥឡូវ បើអ្នកដាក់នៅគល់ឈើ  មានតែខ្ញុំដាក់នៅចុងឈើ រួចយើងចាំមើល  ព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹង» ។
និយាយគ្នាហើយ  ម្នាក់ៗដាក់អន្ទាក់ស្រេចហើយ វិលមកផ្ទះវិញ  លាគ្នាទៅផ្ទះតែរៀងខ្លួន ។
ឯអ្នកដាក់អន្ទាក់នៅចុងឈើនោះ លុះវិលមកដល់ផ្ទះហើយ  យប់នោះគិតគ្នាពីរនាក់ប្ដី។
ប្រពន្ធថា តាំងពីដូនតាមក  មិនដែលឮថាអ្នកឯណាដាក់អន្ទាក់លើចុងឈើ  ឲ្យជាប់សត្វជើងបួនដែលដើរនៅលើដីទេ។ 
ឥឡូវនេះ អញដាក់នៅលើចុងឈើ  តើធ្វើម្ដេចនឹងបានសត្វ? 
ដូច្នេះ  ត្រូវអញរឭកពីពេលមាន់រងាវទៅមើល បើឃើញសត្វជាប់អន្ទាក់គេនៅដី  អញដោះយកទៅចងនឹងអន្ទាក់អញឯចុងឈើ  ដល់ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះ  ហើយអញដោះយកសត្វទៅជូនលោកសុភាសេក បើវាមិនសុខចិត្តដូចម្ដេចៗ  មុខជាកើតក្ដី គង់តែដល់សុភាសេកមិនខាន  សុភាសេកនិងកាត់ក្ដីឲ្យវាចាញ់ជាប្រាកដ។ 
ប្ដីប្រពន្ធគិតគ្នាហើយក៏ដេកទៅ លុះដល់មាន់រងាវរឭកពីដេកលប់មុខស៊ីស្លា  ហើយចេញពីផ្ទះដើរដល់អន្ទាក់បានឃើញអន្ទាក់នៅដីជាប់ក្ដាន់១ ក៏ដោះយកឡើងទៅចងនឹងអន្ទាក់របស់ខ្លួន  រួចដំឡើងអន្ទាក់នៅដីដូចដើមក៏ប្រញាប់វិលមកផ្ទះវិញ។
លុះព្រឹកព្រហាមស្រាងៗឡើង អ្នកមួយដែលដាក់អន្ទាក់នៅដី  មកស្រែកហៅឲ្យទៅមើលអន្ទាក់អ្នកមួយ ឆ្លើយថា កុំរលះរលាំងថ្វី  អន្ទាក់ខ្ញុំ ខ្ញុំមិនសង្ឃឹមទេ ត្បិតនៅលើចុងឈើ  ក្រែងតែអន្ទាក់អ្នកនៅដីនោះ ខ្ញុំមិនហ៊ានថា បើបានចែកគ្នាស៊ីផង។ 
ពាក្យនេះជាពាក្យចំអកឲ្យអ្នកមួយ ត្បិតដឹងការណ៍មុនហើយ។ 
អ្នកទាំងពីរនិយាយហើយ ចុះពីផ្ទះដើរចេញទៅ  លុះដើរទៅដល់មិនឃើញអន្ទាក់នៅដីជាប់សត្វ  ឃើញតែអន្ទាក់នៅលើចុងឈើជាប់វិញ។ 
ចៅដែលជាម្ចាស់អន្ទាក់នៅចុងឈើថា «ហ្ន មើលចុះ មិនជឿខ្ញុំ  ខ្ញុំថាកុំដាក់នៅគល់ឲ្យដាក់នៅចុង  ឥឡូវមើលរបស់អ្នកណាជាប់ហៈ?»  ហើយឡើងទៅដោះយកសត្វចុះមកនាំគ្នាវិលមកផ្ទះវិញ  ក៏លាគ្នាទៅផ្ទះដោយខ្លួនទៅ ។
ឯចៅដែលបានក្ដាន់  ក៏ប្រញាប់យកទៅជូនសុភាសេកហើយជម្រាបថា «ខ្ញុំហើយនឹងចៅមួយនោះ  ទៅដាក់អន្ទាក់ផងគ្នា ខ្ញុំដាក់នៅចុងឈើ អ្នកមួយនោះដាក់នៅគល់ឈើ  ខ្ញុំនេះជាមនុស្សវៀច ក្ដីនេះគង់តែមកដល់លោក  ដូច្នេះតាមតែលោកមេត្តារកសេចក្ដីយ៉ាងណាឲ្យតែក្ដីខ្ញុំឈ្នះវាចុះ  ខ្ញុំនឹងដឹងគុណលោកទៅថ្ងៃមុខ»។ 
សុភាសេកបានសាច់ក្ដាន់ហើយ  ឆ្លើយថា «ឯងទៅរកស្លាម្លូមកឲ្យឆាប់ឲ្យទាន់ព្រឹកនេះ  បើវាមកប្ដឹងអញ  អញបង្គាប់អីចឹងដែរ បើវាមកមិនទាន់  អញនឹងកាត់សេចក្ដីឲ្យវាចាញ់បានដោយងាយ ឯងប្រញាប់ទៅចុះ» ។
ឯអ្នកដែលដាក់អន្ទាក់លើគល់ឈើ លុះវិលមកផ្ទះហើយ ដង្ហើមតូចដង្ហើមធំមិនសុខចិត្តក៏យកសេចក្ដីទៅប្ដឹងសុភាសេក។ សុភាសេកក៏បង្គាប់សេចក្ដីដូចបង្គាប់ចៅមុន។
លុះព្រឹកឡើង អ្នកដែលដាក់អន្ទាក់នៅលើចុងឈើ ក៏យកឥវ៉ាន់ទៅដល់មុន។ ឯអ្នកដែលដាក់អន្ទាក់នៅដី ដោយខ្លួនជាអ្នកក្រលំបាកតោកយ៉ាក ដើររកទិញអីវ៉ាន់ពុំបានពុំទាន់ ភ័យក្រែងខ្លួនចាញ់គេ ហើយគេយកទោសផង ក៏រត់ពីភូមិមួយទៅភូមិមួយបានជួបនឹងសុភាទន្សាយ។
សុភាទន្សាយសួរថា  «មានដំណើរអីបានជារត់ដូច្នេះ ? ឈប់សិន »។ 
ចៅនោះឆ្លើយថា «លោកអើយអាណិតដោះទុក្ខខ្ញុំផង  ត្បិតខ្ញុំហើយនឹងអ្នកមួយទៅដាក់អន្ទាក់ផងគ្នា  ខ្ញុំដាក់នៅគល់ឈើ គេដាក់នៅចុងឈើ  ព្រឹកឡើងទៅមើលពុំឃើញអន្ទាក់នៅដីជាប់សត្វ  ឃើញតែអន្ទាក់នៅចុងឈើជាប់ក្ដាន់មួយ  ខ្ញុំមិនសុខចិត្តបានយកសេចក្ដីទៅប្ដឹងសុភាសេក  សុភាសេកថា អ្នកណាយកអីវ៉ាន់ទៅដល់មុន អ្នកនោះឈ្នះ ហេតុនេះបានជាខ្ញុំភ័យ  ឥឡូវគេទៅដល់មុនខ្ញុំហើយ ដូច្នេះតាមតែលោកអាណិតខ្ញុំផង»។
សុភាទន្សាយឆ្លើយថា «ណ្ហើយ ! កុំភ័យចាំថ្ងៃរសៀលខ្ញុំនឹងនាំទៅ»។  
ចៅនោះក៏អរ ។
លុះដល់ថ្ងៃរសៀល សុភាទន្សាយទៅដល់ផ្ទះសុភាសេក។  
សុភាសេកស្រែកសួរមកថា «ដូចម្ដេចក៏យូរម្ល៉េះ ? ក្ដីចាញ់គេហើយ» ។ 
សុភាទន្សាយឆ្លើយថា «យើងខ្ញុំបានជាយូរនេះ  ពីព្រោះអាល័យតែមើលត្រីក្រាញ់ហើរឡើងស៊ីស្លឹកអំពិល» ។ 
សុភាសេកថា  «ពីជីដូនជីតាមកគ្មាននរណាដែលឃើញដែលឮថា  ត្រីក្រាញ់ឡើងស៊ីស្លឹកអំពិលទេ» ។ 
សុភាទន្សាយឆ្លើយថា  «ពីជីដូនជីតាពីម៉ែពីឪបង្កើតមក នរណាដែលឃើញដែលឮថា  អន្ទាក់នៅដីមិនជាប់សត្វទៅជាប់ឯអន្ទាក់នៅចុងឈើវិញ  ហើយសត្វជើងបួនផង, ដែលឮទេអស់អ្នកស្រុក?  
នោះសុភាសេកស្ងៀមពុំហ៊ានស្ដីតបទៀត ។  
សុភាទន្សាយក៏កាត់សេចក្ដីឲ្យចៅដែលដាក់អន្ទាក់នៅដីឈ្នះ។  
ឯសុភាសេកដែលអង្គុយធ្វើជាសុភានោះ  ក៏ខ្មាសដោយសារខ្លួនជាអ្នកល្មោភជំនូនសាច់ក្ដាន់  ក៏ស្ងៀមបែរមុខផ្ទប់ទៅខាងជញ្ជាំងដូចឆ្មាលបកណ្ដុរ ។
លាភឥតខ្មាស វិនាសច្បាប់!
