ក្អែក​មួយ​ជា​ក្អែក​ដប់

កាល​ពីព្រេងនាយ មាន​បុរស ២ នាក់ ម្នាក់​ឈ្មោះ​អា​ខិល ម្នាក់​ឈ្មោះ​អា​ខូច នៅ​ស្រុក​ទីទៃ​ពី​គ្នា គំនិត​ដោយ​ខ្លួន។

អា​ខូច​ជុះ​អាចម៍​ដាក់​ពេញ​ពាង ១ ហើយ​យក​អាចម៍​ល័ក្ដ​បិទ​ភ្ជិត​យ៉ាង​ល្អ មិន​ឲ្យ​ក្លិន​ចេញ​ក្រៅ​បាន។
អា​ខិល​ធ្វើ​កាំបិត ១ មាន​ផ្លែ​ប៉ុន​ចង្កឹះអក​កំបោរ​ដង​ប៉ុន​ក​ដៃ ស្រោម​ធំ​វែង​ប្រហែល ១ លូក។
អា​ខិល​ស្ពាយ​កាំបិត​នោះ​ដើរ​ទៅ​លក់ ឯ​អា​ខូច​ក៏​ពុន​ពាង​អាចម៍​នោះ​ដើរ​ទៅ​លក់​ដែរ។
អា​ខិល​ទៅ​ពី​នេះ អា​ខូច​មក​ពី​នោះ ជួប​គ្នា​កណ្ដាល​ផ្លូវ អា​ខូច​ពពាយ​នាយ​ថា
<<អ្នក​អើយ​ទិញ​ផ្អក​យក​ទៅ​ពិសា ផ្អក​ចាវ​យ៉ាង​ល្អ ស្ងោរ​ក៏​បាន ចំហុយ​ក៏​បាន ឆ្ងាញ់​របស់​ខ្ញុំ​ណាស់។>>
អា​ខិល​ឆ្លើយ​ថា
<<ទាស់​តែ​លក់​ដាវ​ខ្ញុំ​មិន​ដាច់ គ្មាន​លុយ​ទិញ បើ​ដូរ​ជា​ដាវ​នេះ​ព្រម​ដូរ​ឬទេ?>>
អា​ខូច ឃើញ​ដាវ​នោះ​វែង​ក៏​ឆ្លើយ​ថា <<ដូរ​ក៏​ដូរ។>>
អា​ខិល​ប្រគល់​ឲ្យ​អា​ខូច ​ហើយ​អួត​ថា
<<​ដាវ​ខ្ញុំ​នេះ មុត​បំផុត មេ​ដែក​របស់​ខ្ញុំ​ផង បើ​ត្រូវ​ការ​សឹម​ហូត​កាប់​តែ​ម្ដង អ្នក​ឯង​កុំ​ប្រញាប់​ហូត​មើល បើ​ហូត​ល​ព្រើលៗ​ ស៊ក​ទៅ​វិញ​មិន​ចុះ​ទេ ដាវ​ខ្ញុំ​ពូកែ ខ្ញុំ​ស្ដាយ​របស់​ខ្ញុំ​ណាស់ បើ​កុំ​តែ​ខែ​នេះ​ក្រ​ម្ហូប​ពេក កុំ​អី​ខ្ញុំ​មិន​ដូរ​ទេ។>>
អា​ខូច​ក៏​ប្រគល់​ពាង​អាចម៍​ឲ្យ​ទៅ​អា​ខិល ហើយ​ហាម​ថា
<<ផ្អក​ខ្ញុំ​ហ្នឹង​ក៏​ដែរ ដល់​ពេល​ស៊ី​សឹម​បើក​យក​មក​ចំហុយ កុំ​អាល​បើក​មើល ក្រែង​វា​ស្អុយ​រុយ​បែង​ក្រែង​វា​ធុំ​ខ្មោះ ស៊ី​មិន​ទាន់​អស់ វា​ទៅ​ជា​ខាន​ឆ្ងាញ់​ នឹក​ឃើញ​ជីដូន​ជីតា​ បាន​តែ​ខ្វារ​ស៊ី​ទៅ។>>

អា​ទាំង​ពីរបែក​គ្នា​ទៅ​ដល់​ផ្ទះ​រាល់​ខ្លួន ហើយ​តឿន​ប្រពន្ធ​កូន​ថា​
<<ដណ្ដាំ​បាយ​ទៅ​ អញ​បាន​ផ្អក។>>
ប្រពន្ធ​ថា «បាន​ផ្អក​ពី​ណា?>>
អា​ខិល​ថា «ដូរ​ដាវ​គេ គេ​ថា​ផ្អក​ចាវ​គេ​ឆ្ងាញ់​ពិសា​ណាស់។>>
ប្រពន្ធ​ក៏​អរ​ពេញចិត្ត​នឹក​ថា <<ប្ដី​ចេះ​ធ្វើ​កាំបិត​ដូរ​ផ្អក។>>
ស្ទុះ​ភ្លែត​ទៅ​លាង​ចាន​ដួស​បាយ ហើយ​កាន់​កាំបិត​យ៉ាង​គំរឹល កកិល​ទៅ​ជិត​ពាង​ផ្អក យក​កាំបិត​គាស់​អាចម៍​ល័ក្ដ​នោះ​បើក​ឡើង ហើយ​លូក​ខ្វារ​បាន ១ ក្ដាប់​ដាក់​ផ្លាប់​ទៅ​ក្នុង​ចាន សល់​នៅ​ដៃ​ប៉ុន្មាន​ក៏​លិទ្ធ​ផ្លប់​ភ្លក់​មើល ងើប​មុខ​ឡើង​ថា
<<យី ! ផ្អក​ចាវ​អី​ក៏​ស្អុយ​ដូច​អាចម៍ គ្មាន​ឆ្អឹង ​និង​សាច់​ កខ្វិក​កខ្វក់ ម៉ដ្ឋ​ផង់​យ៉ាង​ហ្នឹង តើ​ផ្អក​ត្រី​អី?>>
ប្ដី​ថា <<ក្រែង​ត្រី​ពោ។>>
ប្រពន្ធ​ក៏​លូក​កូរ​រាវ​រក​ក្បាល លូក​បាន​ពាក់​កណ្ដាល​ក្អួត​ចង្អោរ ២០ វ៉ក ដឹង​ជាក់​ជា​អាចម៍ មិន​មែន​ផ្អក មក​បន្ទោស​ទៅ​ម្ចាស់​ដើម ឆ្អើម​លេប​បាយ​មិន​រួច។

និយាយ​អំពី​អា​ខូច ត្រេកអរ​ណាស់ ដើរ​ទៅ​ផ្ទះ​អួត​ប្រាប់​ប្រពន្ធ​ថា
<<អាចម៍​មួយ​ពាង​ដូរ​បាន​ដាវ​មួយ​ដែរ។>>
ទទួល​ខឹង​នឹង​ឆ្កែ​វា​នោម​ច្រាស​ស្លឹក​គ្រៃ កន្ទ្រាក់​ដាវ​លោត​ទៅ​ដល់​ដី បម្រុង​នឹង​កាប់​ឆ្កែ​សម្លាប់ ក៏​ចាប់​ដង​ដាវ​ហូត​ខ្វិច​​ឃើញ​ផ្លែ​ដាវ​នោះ​កំប៉ិច គេច​ឡើង​លើ​ផ្ទះ​បង្ហាញ​ប្រពន្ធ​មើល ហើយ​សើច​ទាំង ២ នាក់​ សើច​ហើយ​ប្រាប់​ប្រពន្ធ​ថា
<<ប្រាជ្ញា​អា​នោះ​ស្មើ​នឹង​អញ អញទៅ​បបួល​វា​ធ្វើ​សំឡាញ់​គ្រាន់​រក​ស៊ី​ពីរ​នាក់ នឹង​បាន​មាស​ប្រាក់​ដោយ​ងាយ។>>

លុះ​ទៅ​ប្រទះ​នឹង​អា​ខិល ដើរ​មក​ពី​នាយ​សើច​ពព្រាយ និយាយ​សួរ​ថា <<ឯង​ទៅ​ណា !>>
អា​ខិល​ឆ្លើយ​ថា <<អញ​មក​សុំ​ឯង​ធ្វើ​សំឡាញ់>>
អា​ទី​មួយ​ក៏​ថា <<អញ​សុំ​ឯង​ធ្វើ​ក្លើ​ដែរ>>
ហើយ​ក៏​សុខ​ចិត្ត​ដើរ​ពីរ​នាក់ ទៅ​ដល់​ផ្ទះ​មហាសេដ្ឋី​ម្នាក់​ចាស់ ជរា ឈឺ​ស្លាប់ គេ​ដាក់​ក្នុង​ក្ដារ​មឈូស​បម្រុង​បូជា​ថ្ងៃ​ស្អែក។
ចំណែក​កូន​ចៅ​ និង​ប្រពន្ធ​យំ​សោក​គ្រប់​គ្នា វេលា​នោះ​អា​ទាំងពីរ ស៊ើប​សួរ​អ្នក​ដើរ​ខាង​ក្រៅ​ថា
<<អ្នក​ណា​ស្លាប់ បាន​ជា​គេ​យំ !>>
គេ​ប្រាប់​ថា <<មហា​សេដ្ឋី​ស្លាប់។>>
អា​ទាំងពីរ​នាក់​គិត​គ្នា​ថា ឯង​ត្រូវ​ក្លែង​សំបុត្រ​មួយ​ច្បាប់​ទៅ​ប្រាប់​ថា សំបុត្រ​សេដ្ឋី​ឲ្យ​មក​យក​ទ្រព្យ​របស់ ឯអញ​បន្លំ​លប​ចូល​ដេក​ក្នុង​មឈូសពី​លើ​ខ្មោច​សេដ្ឋី​ ស្ដី​តប​នឹង​ឯង។
ហើយវា​ក៏​បន្លំ​ដេក​ដូច​គំនិត។
អ្នក​នៅ​ជិត​មិន​បាន​ឃើញ មិន​បាន​ដឹង ត្បិត​ភ្នែក​ខំ​សម្លឹង​ប្រឹង​ឈ្ងោក​មើល​ក្រាំង​សូត្រ​ព្រះ​ធម្ម កូន​ចៅ​តូច​ធំ​រវល់​តែ​យំ​សោក។
អា​ខូច​ដើរ​ទៅ​រក​ក្រដាស​បាន​ធ្វើ​សំបុត្រ​ក្លែង កាន់​ដើរ​ទៅ សម្ដែង​សូត្រ​ឲ្យ​គេ​ស្ដាប់ថា
<<សំបុត្រ​អំពី​មហា​សេដ្ឋី​ប្រាប់​ថា​ ចៅ​ខូច​កម្សត់​តាំង​ពី​តូច​ជា​កូន​ធម៌ ឥឡូវ​អាពុក​ជរា​ហើយ កូន​អើយ ! ចូរ​ទៅ​យក​របស់​ទ្រព្យ​ទុក​ចាយ​ឲ្យ​សប្បាយ​ចិត្ត​ចុះ។>>
កូន​ចៅ​ប្រុស​ស្រី គេ​មិន​សុខ​ចិត្ត​ ព្រោះ​ត្បិត​គ្មាន​ត្រា​ហត្ថ​លេខា​សេដ្ឋី។
អា​ខូច​ឆ្លើយ​ថា
<<ខ្ញុំ​សូម​សន្យា​នឹង​អស់​កូន​ចៅ​អញ្ជើញ​ទៅ​ហៅ​​ទៅ​សួរ​លោក​ចុះ បើ​លោក​ស្ដី នុះ​ខ្ញុំ​ត្រង់​ពិត បើ​លោក​ស្ងៀម​នុះ​ខ្ញុំ​ក្លែង​បញ្ឆោត​ទេ។>>
កូន​សេដ្ឋី​ចូល​ភ្លាម​ទៅ​ស្រែក​ហៅ​ឪពុក។
អា​ខិល​ឆ្លើយ​ថា <<អើ !>>
កូន​សួរ​ថា <<ឪពុក​បាន​ឲ្យ​សំបុត្រ​ទៅ​កូន​ធម៌​ មក​យក​របស់​មែន​ឬ?>>
អា​ខិល​ថា <<អើ ! កូន​អញ​ឈ្មោះ​ខូច វា​មក​ហើយ​ឬ !>>
កូន​ឆ្លើយ​ថា <<ទាន​ប្រោស ! មក​ហើយ។>>
អា​ខិល​ថា <<អើ ! មើល​យក​រទេះ​មួយ​ធំ ក្របី​មួយ​នឹម​ទឹម​រទេះ​នោះ ហើយ​យក​មាស ប្រាក់ កែវ កង សំពត់ អាវ វាល់​ផ្ទុក​ក្នុង​រទេះ​ឲ្យ​ល្មម​តែ​ក្របី​នោះ​អូស​រួច​បាន​ប៉ុន្មាន ឲ្យ​វា​យក​ទៅ​ចុះ។>>
កូន​ចៅ​ស្រី​ប្រុស ចាញ់​ឧបាយកល​អា​ខិល​អា​ខូច ក៏​ខឹង​ខ្មោច​សេដ្ឋី ស្លាប់​ហើយ​ចេះ​ស្ដី ហៅ​ពេញ​ជា​អស្ចារ្យ ឥឡូវ​នឹង​បើក​ក្ដារ​មើល​ឲ្យ​ច្បាស់ ចាស់ៗ​ហាម​ប្រាម​ថា
<<មើល​មុខ​ខ្មោច​មិន​បាន ខ្លាច​ដេក​យប់​ទៅ​មមើ​មមាយ>>
ម៉្លោះ​ហើយ​ក៏​ជឿ​ជាក់​យក​មាស ​និង​ប្រាក់ សំពត់ អាវ សំលៀក​បំពាក់ និង​កន្ទេល ពូក ខ្នើយ ហើយ​ថែម តុ ថាស ចាន​ល្អៗ អំបិល​ប្រហុក ៤ ក្រឡ​អង្ករ ៥ ការុង ដាក់​ផ្លុង​ទៅ​ឲ្យ​អា​ខូច​អា​ខិល បង្វិល​រទេះ​យ៉ាង​ធំ ជជែក យំ ទឹក​ភ្នែក​ឲ្យ​ដឹង​ខឹង​ដោយ​បញ្ជោះ ទាំង​ស្រី​ទាំង​ប្រុស ហើយ​ក៏​ដឹក​ក្របី​មួយ​នឹម ទឹម​រទេះ​ប្រគល់​ឲ្យ​អា​ខូច​ទៅ។
អា​នេះ​ត្រេកអរ​ឡើង​បរ​រទេះ​ចេញ​ទៅ អ្នក​ទាំងអស់​ដែល​នៅ​ចេះ​តែ​ជ្រួល មិន​ស្រួល​ព្រោះ​ត្បិត​ខឹង ​និង​ស្ដាយ។
អា​ខិល​លួច​មើល​នាយ​អាយ​លប​ចេញ​ប្រិច រត់​តាម​ទៅ​បន្តិច​ក៏​ទាន់​រទេះ ហើយ​និយាយ​គ្នា​ថា
<<យើង​បាន​ទ្រព្យ​របស់​តែ​ទាស់​ឃ្លាន​បាយ បើ​ឈប់​ដណ្ដាំ​បាយ នៅ​រៀង​អាយ ក្រែង​មិន​ស្ងាត់​ខ្លាច​ចោរ​តាម​មក​ស្ទាក់​ប្លន់​យក​ទ្រព្យ​មួយ​រទេះ បើ​ដូច្នេះ​ឯង​ឈប់​ចាំ​អញ អញទៅ​សុំ​បាយ​គេ​ស៊ី​ខ្លះ យក​ខ្លះ​មក​ឲ្យ​ឯង។>>
អា​មួយ​ព្រម​ហើយ អា​មួយ​ក៏​ដើរ​ទៅ​រក​ថ្នាំ​តាម​ផ្លូវ​យក​មក​នឹង​លាយ​បាយ ឲ្យ​ពុល​ស្លាប់​អន្តរាយ នឹង​យក​ទ្រព្យ​របស់​ទាំងអស់​តែ​ម្នាក់​ឯង។
អា​មួយ​ដែល​នៅ​ចាំ​រទេះ ក៏​ធ្វើ​ខ្នារ​ដាក់​ស្ទាក់​ផ្លូវ​បម្រុង​ឲ្យ​ត្រូវ​អា​នោះ​ស្លាប់ នឹង​យក​ទ្រព្យ​តែ​ម្នាក់​ឯង​ដែរ។

វេលា​នោះ​អា​មួយ​ទៅ​សុំ​បាយ​គេ​ស៊ី ស៊ី រួច​ហើយ​សុំ​មួយ​ចាន​ផ្ញើ​សំឡាញ់ គេ​មិន​កំណាញ់ ក៏​រក​ស្លឹក​ចេក​ខ្ចប់​ឲ្យ​មាន​ទាំង​ត្រី​អាំង​ផង។
អា​នោះ​ក៏​លា​គេ​ដើរ​ចេញ​មក ហើយ​យក​ថ្នាំ​ប្រឡាក់​បាយ មក​ដល់​ខាង​អាយ ក៏​ត្រូវ​នឹង​ខ្នារ​នោះ​ស្លាប់ អា​មួយ​ដើរ​ប្រញាប់​ចាប់​បាយ​ស៊ី ទើប​នឹង​ស្កាំ​អាសិរពិស​ថ្នាំ ក៏​ពុល​ស្លាប់​បន្ទាប់​គ្នា។
ឯ​ក្របី​នោះ ក៏​អូស​រទេះ​ចូល​ព្រៃ រតែក​រតោក​ទៅ​ជ្រក​ក្នុង​ទឹក​ត្រពាំង ប្រឆាំង​ដាច់​ខ្សែ​ទាម ដេក​ត្រាំ​ទឹក​ទៅ។

ដល់​វេលា​ព្រឹក​មាន​បុរស​ម្នាក់ ដើរ​ទៅ​ឃើញ​ទ្រព្យ​របស់​ទាំងអស់ នៅ​ក្នុង​ព្រៃ​នឹក​ម្ដង​ភ័យ នឹក​ម្ដង​អរ​ថា
<<ឯង​អ្នក​ក្រ មិន​ដែល​ប្រទះ​ទ្រព្យ​ច្រើន​ណាស់ដូច្នេះ​ បើ​លៃ​លក​យក​ទៅ​ជា​របស់​ខ្លួន ក្រែង​ពុំ​បាន​សុខ>>
ក៏​រុញ​រទេះ​សម្រុក​ទៅ​ទុក​ក្នុង​ព្រៃ ចង​ក្របី​ជាប់ ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ក៏​ពិសោធន៍​មារយាទ​ប្រពន្ធ​ដោយ​គិត​ថា
<<បើ​ប្រពន្ធ​មារយាទ​ល្អ នឹង​យក​ទ្រព្យ​នោះ​ទៅ​ជា​របស់​ខ្លួន បើ​និយាយ​ទៅ​មិន​ចេះ​លាក់​នឹង​យក​របស់​ទាំងអស់​​ទៅ​ជូន​រាជការ​ផែនដី ជា​ប្រយោជន៍​ដើម្បី​ឲ្យ​តែ​សុខ​ខ្លួន។>>
គិត​ហើយ​ដើរ​ដល់​ផ្ទះ ក៏​កុហក​ប្រាប់​ប្រពន្ធ​ថា
<<អញ​ជុះ​អាចម៍​មិញ មាន​សត្វ​ក្អែក​មួយ​ហើរ​ចេញ​អំពី​ក្ដិត តែ​ឯង​អាណិត​បិត​មាត់​ឲ្យ​ឈឹង កុំ​ឲ្យ​នរណា​គេ​ដឹង​មួយ​ជា​ពីរ តែ​ចូល​ត្រចៀក​គេ​ វា​បែក​ការ​អាក្រក់​ណាស់ កើត​មាន​ជំនុំ​ជម្រះ សួរ​ទៅ​សួរ​មក ហើយ​គ្មាន​ទាំង​សាក្សី​បាន​ដឹង​នឹង​អាង ក្រែង​គេ​យក​អញ​ទៅ​ឆ្កាង ឬ​យក​ទៅ​ដាក់​គុក>>
ប្រពន្ធ​មិន​លាក់​ទុក ក៏​ដើរ​ទៅ​ប្រាប់​គេ​ថា <<មាន​ក្អែក​ហើរ​ចេញ​ពី​ក្ដិត​ប្ដី​អញ តែ​ឯង​កុំ​មាត់។>>
មេ​មួយ​ទៀត​មិន​អត់​ ទៅប្រាប់​គេ​ថែម​ទៀតថា មានក្អែក ៥ ហើយចេះតែប្រាប់​លើស​មួយៗ​ត​គ្នា ដរាប​ដល់​ក្អែក​ដប់។

រឿង​នោះ​ក៏​ជ្រួតជ្រាប​ទៅ​ដល់​ព្រះ​មហាក្សត្រ។ ព្រះមហាក្សត្រទ្រង់​ចាត់​ប្រើ​រាជ​អាមាត្យ ឲ្យ​ស្រាវជ្រាវ​រក​ដល់​បុរស​នោះ។
បុរសនោះក៏​ថ្វាយ​បង្គំ​គាល់ ស្ដេច​ទ្រង់​ឆ្ងល់ ត្រាស់​សួរ​ថា <<មែន ​ឬ​មិនមែន។>>
បុរស​ក្រាប​ទូល​ថា <<ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ កុហក​ប្រពន្ធ​ចង់​ដឹង​ចិត្ត​​ ព្រោះ​ត្បិតប្រទះ​ឃើញ​​ទ្រព្យ​ច្រើន។>>
បុរស​នោះ​រៀបរាប់​ក្រាប​ទូល​ដូច​ខាង​លើ ហើយ​ក្រាប​បង្គំ​លា​ទៅ​ទឹម​រទេះ​យក​ទ្រព្យ​មក​ថ្វាយ​ស្ដេច។
ស្ដេចទ្រង់​ព្រះរាជទាន​ឲ្យ​បុរស​នោះ​ពាក់​កណ្ដាល ពាក់​កណ្ដាល​ដាក់​ឃ្លាំង។

ធ្វើ​ផ្ទះ កុំ​ដាក់​ជណ្ដើរ លោះ​ខ្ញុំ​ប្រើ កុំ​ឲ្យ​បាយ​ស៊ី !

Leave a Reply

Your email address will not be published. Required fields are marked *