កាលពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន លុះយូរទៅ ប្រពន្ធនោះមានសហាយ នាំមកដេកក្នុងផ្ទះតែសព្វថ្ងៃ។
ថ្ងៃមួយ ប្ដីទៅជីកដំឡូងក្នុងព្រៃ ដល់ថ្ងៃក្ដៅចូលទៅអាស្រ័យនៅខ្ទមអ្នកតា ១ ។
ប្រពន្ធរៀបចំអីវ៉ាន់ទៅបន់អ្នកតានោះ ឲ្យទៅធ្វើប្ដីឲ្យស្លាប់ នឹងយកសហាយធ្វើប្ដី។
រៀបស្រេចហើយ ក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតានោះ។
ប្ដីឃើញប្រពន្ធដើរចូលទៅខ្ទមអ្នកតា ក៏នឹកឆ្ងល់ថា ប្រពន្ធអញ វាមករកអ្វីក្នុងខ្ទមអ្នកតានេះ?
គិតហើយក៏ចូលទៅពួនក្រោយខ្នងអ្នកតា លបស្ដាប់ប្រពន្ធ។
ឯប្រពន្ធ ក៏ចូលទៅអុជទៀនធូប ហើយបន់អ្នកតាថា «ខ្ញុំមិនចង់យកប្ដីខ្ញុំទេ ខ្ញុំយកប្ដីទៀត សូមអ្នកតាកាច់ប្ដីខ្ញុំឲ្យស្លាប់ទៅ ខ្ញុំនឹងថ្វាយជ្រូកមួយ» ។
ប្ដីឮដូច្នោះ ក៏ឆ្លើយឡើងពីក្រោយខ្នងអ្នកតា «អើ បើនាងមានសហាយ ហើយបើចង់ឲ្យកាច់ប្ដីនាងឯងឲ្យស្លាប់នោះ ងាយទេ វិលទៅផ្ទះវិញ ត្រូវរកមាន់ក្រាបទាំងមេទាំងពងមួយសំបុក ស្ងោរឲ្យប្ដីនាងឯងស៊ីទៅ វាស្លាប់ហើយ»។
មេនោះឮដូច្នោះ ស្មានថាអ្នកតាបង្គាប់ ក៏ប្រញាប់វិលមកផ្ទះវិញ រកទិញបានមេមាន់ក្រាបមួយសំបុក ស្ងោរទុកឲ្យប្ដីស៊ី ដើម្បីនឹងឲ្យស្លាប់ ហើយនឹងបានយកសហាយ។
លុះដល់ព្រលប់ ប្ដីមកពីជីកដំឡូង ដល់ផ្ទះហើយ សូរថា «គេហ៍អើយ ! បានអីស៊ីបាយ ?»។មេនោះឆ្លើយថា «ខ្ញុំបានមេ និងពងមាន់ក្រាបមួយសំបុកស្ងោរទុកឲ្យអ្នក»។
ប្ដីថា «រៀបបាយមកស៊ី»។
ប្រពន្ធក៏លើកបាយ ព្រមទាំងមេ និងពងមាន់ក្រាប មកឲ្យប្ដីស៊ី ។
ប្ដីស៊ីអស់ហើយធ្វើជាឈឺ ដេកថ្ងូរហ៊ឹៗ។
មេនោះអរណាស់ គិតស្មានថា ប្ដីឈឺមែន ត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយ ត្បិតឮថ្ងូរ។
ឯប្ដីក៏ធ្វើជាដេកទៅ។
មេនោះគិតស្មានថា ប្ដីស្លាប់ ក៏បើកទ្វារនាំយកសហាយចូលទៅដេកជាមួយ។
អ្នកទាំងពីរកំពុងតែនិយាយគ្នា ប្ដីក៏ក្រោកឡើងអង្គុយហៅប្រពន្ធមកប្រាប់ថា «រងាណាស់»។
ឯប្រុសសហាយឃើញប្ដីមេនោះ ក្រោកឡើងអង្គុយដូច្នោះ ស្ទុះរត់ពុំទាន់ ក៏ចូលទៅពួនក្នុងពាងធំ ១ នៅខាងដំណេក សម្ងំចាំប្ដីនោះដេក ខ្លួននឹងចេញពីពាងទៅដេកនឹងមេនោះទៀត។
ប្ដីបានឃើញ តែធ្វើមិនឃើញមិនដឹង ប្រាប់ប្រពន្ធថា «រងាណាស់ ឯងដាំទឹកឲ្យគ្នាងូតបន្តិច នឹងអាលស្លាប់»។
មេនោះឮថា ចង់ស្លាប់ដូច្នោះ អរណាស់ ត្បិតត្រូវនឹងពាក្យដែលត្រូវបន់អ្នកតា។
លុះប្រពន្ធដាំទឹកពុះហើយ ប្ដីថា «ទៅដងទឹកត្រជាក់បាន ១ ក្អមមកយកមកលាយនឹងទឹកក្ដៅនេះ»។
ប្រពន្ធឮប្ដីប្រើដូច្នោះ ក៏យកក្អមចេញទៅដងទឹក។
ប្ដីឃើញប្រពន្ធចេញទៅបាត់ ក៏ក្រោកឡើងដើរទៅលើកទឹកពុះ ១ ខ្ទះនោះយកទៅស្រោចលើសហាយដែលនៅក្នុងពាងនោះស្លាប់ទៅ ហើយចូលទៅដេកវិញ ធ្វើជាថ្ងូរហ៊ឹៗទៀត។
មេនោះវិលពីដងទឹកមកវិញ មើលទៅឃើញសហាយត្រូវទឹកក្ដៅរួញសរសៃដូចគេដកចេញពីពាងមក ក៏ឱនខ្សឹបថា «ថ្វីក៏មិនឱនទៅ វាមិនទាន់ទេ»។
អានោះឆ្ងក់ដដែល។
មេនោះយកដៃទៅចាប់ជ្រមុជ ទៅត្រូវស្លឹកត្រចៀក រលេះជ្រុះទាំងសក់ មើលបានដឹងជាប្ដីស្រោចទឹកក្ដៅស្លាប់សហាយទៅហើយ ក៏ពុំស្ដី យកគម្របពាងមកគ្រប ហើយយកទឹកឲ្យប្ដីងូត។
ឯប្ដីក៏មិនស្ដី ទឹកក៏មិនងូត ប្រាប់ប្រពន្ធថា អញគ្រាន់បើហើយ។
ហើយហៅប្រពន្ធចូលទៅដេកទៅ។
លុះព្រឹកព្រហាមឡើង មេនោះ ពុំដឹងបើគិតដូចម្ដេច នឹងយកខ្មោចឲ្យរួចចេញផុតពីផ្ទះ ក៏នឹកឃើញថា «ក្នុងស្រុកនេះ មានចោរ ៤ នាក់ តែងតែលបលួចអីវ៉ាន់អ្នកផងសព្វថ្ងៃ សព្វយប់គ្រប់ភូមិ ដូច្នេះអញនឹងគិតឲ្យចោរទាំង ៤ នាក់នោះ យកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃឲ្យបាន»។
គិតហើយក៏ដើរខ្ចីសំពត់ ហូល អាវព្រែគេ យកមកហាលជុំវិញផ្ទះ។
ឯចោរទាំង ៤ នាក់នោះឃើញហើយ គិតគ្នាថា «ជើ! មេនោះមានណាស់តើ! យប់នេះ យើងទៅលបលួចវាឲ្យបានកុំខាន សព្វថ្ងៃយើងស្មានថាវាក្រ»។
មេនោះក៏ហាលសំពត់ហូលអាវព្រែនោះ លុះដល់ពេលល្ងាចយកទៅជូនគេវិញ ហើយយកខ្សែចងរឹតរូតពាងខ្មោចនោះឲ្យជាប់ ទុកឲ្យចោរចូលលួចមកសែងយកទៅ។
ឯចោរទាំង ៤ នាក់ លុះយប់ក៏បបួលគ្នាទៅលួច ចូលទៅរករបស់ទាំងនោះពុំឃើញ ប្រទះឃើញតែពាងមួយ ចងមាត់ជាប់ បើកពុំរួច។
ចោរទាំង ៤ នាក់ និយាយគ្នាថា «របស់អស់នោះ វាដាក់ក្នុងពាងនេះហើយ បើដូច្នេះត្រូវយើងសែងពាងនេះ»។
ថាហើយក៏នាំគ្នាសែងពាងនេះទៅ ដល់ព្រៃឆ្ងាយក៏ស្រាយលូកមើល។
អាមួយលូកដៃទៅត្រូវសក់ថា «វើយ សូត្រ» ដកដៃចេញ។
អាមួយលូកដៃទៅត្រូវស្លឹកត្រចៀក ត្រូវភ្នែក ច្រមុះ ស្រែកថា វើយខ្មោចទេ។
អាមួយ មិនជឿ លូកដៃទៀត ត្រូវដើមទ្រូង ដឹងថា ខ្មោចមែន ក៏ស្ទុះរត់ចោល ហើយខឹងណាស់ថា ត្បិតមេនោះបញ្ឆោតឲ្យសែងខ្មោចចោលបាន។
ចោរទាំង ៤ នាក់គិតគ្នាថា «យើងឃ្លាំមើលមេនោះ បើឃើញវាដើរទៅណាតែម្នាក់ឯង ត្រូវគ្នាយើងចោមរោមចាប់វាវាយឲ្យវារាង កុំឲ្យវាបញ្ឆោតយើងទៀត។
ជួនជាថ្ងៃមួយ មេនោះចុះទៅកំពង់រកទិញអីវ៉ាន់ ត្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅ។
មេនោះ ដើរដល់កណ្ដាលផ្លូវ ក៏ជួបនឹងចោរទាំង ៤ នាក់នោះ។
ចោរឃើញក៏នាំគ្នាព្រួតចាប់នឹងវាយ ហើយជេរពីរឿងដែលវាបញ្ឆោតនោះ។
មេនោះ ឆ្លើយថា «ណ្ហើយអ្នក បើអ្នកវាយខ្ញុំ ក៏ឥតប្រយោជន៍ដែរ ត្បិតខ្ញុំទៅទារប្រាក់ពីនាយសំពៅ ដូច្នេះចូរមក! អញ្ជើញទៅនឹងខ្ញុំ ខ្ញុំទារប្រាក់បាន ចែកគ្នាចាយលេង »។
ចោរទាំង ៤ នាក់ឮថា វាទៅទារប្រាក់ដូច្នោះ ក៏ចូលចិត្ត បបួលគ្នាទៅ។
មេនោះផ្ដាំចោរទាំង ៤ នាក់ថា «អស់អ្នកឈរចាំខ្ញុំ នៅលើច្រាំងចុះ បើកាលណាឃើញខ្ញុំបោយដៃ នោះអ្នកនាំគ្នាចុះទៅចុះ បានប្រាក់ហើយ»។
មេនោះ និយាយផ្ដាំចោរទាំង ៤ នាក់ ហើយក៏ចុះទៅសំពៅ និយាយនឹងនាយសំពៅ លក់ចោរទាំង ៤ នាក់។
វាថាចោរនេះជាខ្ញុំរបស់វា ហើយចង្អុលបង្ហាញនាយសំពៅថា «នុះន៍ ! វាទាំង ៤ នាក់ បើវាចុះមក ខ្ញុំឡើងទៅលើគោក សូមអ្នកចាប់ដាក់ច្រវាក់វាឲ្យជាប់ទៅ កុំឲ្យវារត់បាន»។
នាយសំពៅព្រមហើយសួរថា «ខ្ញុំនាងឯងទាំង ៤ នាក់លក់ថ្លៃប៉ុន្មាន?
មេនោះថា «ម្នាក់ថ្លៃពីរណែន»។
នាយសំពៅឲ្យមួយណែនកន្លះ វាក៏ព្រមលក់ ហើយចេញមកក្រៅ បក់ដៃហៅចោរទាំង ៤ នាក់។
ចោរទាំង ៤ នាក់គិតស្មានថា វាហៅឲ្យទៅយកប្រាក់ ក៏នាំគ្នាចុះទៅ។
ដល់ហើយ ស្រាប់តែនាយសំពៅប្រើមនុស្សឲ្យដាក់ច្រវាក់នៅបាតសំពៅទាំងអស់គ្នា។
មេនោះក៏យកប្រាក់ឡើងមកបាត់។
បានប្រាក់ហើយ មេនោះ ដើរវិលមកផ្ទះវិញ ដល់កណ្ដាលផ្លូវចួនជាយប់ពុំហ៊ានដើរទៅទៀត ក៏ឡើងទៅដេកលើដើមឈើមួយនៅប្របផ្លូវនោះ។
ឯចោរទាំង ៤ នាក់ លុះនាយសំពៅដាក់ច្រវាក់ជាប់ហើយ ក៏និយាយគ្នាថា ជើមេនេះហៅពេញជាប្រាជ្ញាធំ វាបញ្ឆោតឲ្យយើងសែងខ្មោចទៅចោលក្នុងព្រៃហើយ ឥឡូវវាលក់យើងបានទៀត»។
ចោរទាំង ៤ នាក់ខឹងណាស់ កាច់ច្រវាក់បាក់រត់ចេញពីសំពៅ ដើរឡើងមកលើគោក រត់មកទាំងយប់នោះ ជួនជាយប់យូរណាស់ ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំ ដែលមេនោះដេក។
ចោរបីនាក់ឡើងទៅដេកលើមែកដោយខ្លួនពីគ្នា។
ចោរម្នាក់ឡើងទៅ ក៏ជួបនាងនោះ នៅលើចុងឈើ អាចោរនោះថា «អី ! ហងឯងស្លាប់ហើយម្ដងនេះ ! ហងឯងធ្លាប់បញ្ឆោតយើង ឥឡូវហងឯងរត់ចុះបើរួច !»។
មេនោះលើកប្រាក់បង្ហាញ ហើយឱនខ្សឹបថា «ណ្ហើយអ្នក ! អ្នកកុំស្ដី កុំឲ្យអ្នកទាំងបីនាក់ទៀតដឹង ហើយយើងត្រូវយកគ្នាជាប្ដីប្រពន្ធ នឹងយកប្រាក់នេះទៅចាយរកស៊ីស្រួលជាង អ្នកកុំធ្វើបាបខ្ញុំធ្វើអ្វី»។
អាចោរឮដូច្នោះ ក៏មិនស្ដីខិតចូលទៅជិត លូកឱបកៀកមេនោះហើយថា អើប្អូនឯងហៅប្រាជ្ញាធំ បញ្ឆោតខ្ញុំពីរបីដងហើយ ឥឡូវបងបាននាងជាប្រពន្ធ ដោយសារព្រេងសំណាងយើង និយាយហើយក៏ឱបតាមចិត្តមេត្រី។
មេនោះពុំបម្រះហើយថា «ខ្ញុំខ្លាចក្រែងអ្នកស្រឡាញ់ខ្ញុំមិនស្មោះ ឯខ្ញុំស្រឡាញ់អ្នកស្មោះ ចិត្តមួយហើយ»។
អាចោរនោះថា «បងស្រឡាញ់ស្មោះហើយ នាងពុំដឹងចិត្តបង ចង់ឲ្យបងស្បថ ឬឲ្យបងធ្វើម្ដេច?»
មេនោះថា «បងស្រឡាញ់ចិត្តមួយនឹងគ្នា មានតែលិទ្ធអណ្ដាតគ្នា» ទើបមេនោះលៀនអណ្ដាត ហើយឱនទៅរកអាចោរនោះ។
ឯអាចោរលិទ្ធអណ្ដាតមេនោះ ហើយលៀនអណ្ដាតឲ្យមេនោះលិទ្ធវិញ មេនោះខាំអណ្ដាតអាចោរនោះដាច់អស់មួយកំណាត់ ហើយច្រានទម្លាក់ពីលើចុងឈើធ្លាក់ដល់ដី ស្រែកឮតែឡុលៗ។
ឯចោរបីនាក់ គិតស្មានថា នាយសំពៅចោមចាប់ ក៏លោតពីលើមែកឈើរត់ទៅហើយស្រែកហៅគ្នាថា «វ៉ឺយ ! គ្នាយើងរត់នាយសំពៅដេញហើយ»។
អាចោរដែលដាច់អណ្ដាតនោះ ស្រែកហៅគ្នាវាថា «មេនោះ នៅលើចុងឈើ ត្រូវមកចាប់» ប៉ុន្តែវាដាច់អណ្ដាតដូច្នោះ និយាយមិនច្បាស់ ឮតែឡុលៗ គ្នាវាគិតស្មានថា គេដេញចាប់ចេះតែប្រឹងរត់យកតែព្រះអាយុរៀងខ្លួន។
ឯមេនោះចុះពីលើចុងឈើ យកប្រាក់ទៅផ្ទះឲ្យប្ដី នៅរកស៊ីជាមួយនឹងប្ដីជាសុខសប្បាយតទៅ។
អ្នកមានប្រាជ្ញា តែងនាំអាត្មាឲ្យសុខចម្រើន!