Monthly Archives: October 2019

មាយា​ស្រី

កាល​ពីព្រេងនាយ មាន​បុរស​ម្នាក់ មាន​ប្រពន្ធ​នៅ​ជាមួយ​គ្នា តែ​ពុំ​មាន​កូន លុះ​យូរ​ទៅ​ ប្រពន្ធ​នោះ​មាន​សហាយ នាំ​មក​ដេក​ក្នុង​ផ្ទះ​តែ​សព្វ​ថ្ងៃ។

ថ្ងៃ​មួយ ប្ដី​ទៅ​ជីក​ដំឡូង​ក្នុង​ព្រៃ ដល់​ថ្ងៃ​ក្ដៅ​ចូល​ទៅ​អាស្រ័យ​នៅ​ខ្ទម​អ្នកតា ១ ។
ប្រពន្ធ​រៀប​ចំ​អីវ៉ាន់​ទៅ​បន់​អ្នកតា​នោះ ឲ្យ​ទៅ​ធ្វើ​ប្ដី​ឲ្យ​ស្លាប់​ នឹង​យក​សហាយ​ធ្វើ​ប្ដី។
រៀប​ស្រេច​ហើយ​ ក៏​យក​អីវ៉ាន់​នោះ​ដើរ​ចូល​ទៅ​ក្នុង​ខ្ទម​អ្នកតា​នោះ។
ប្ដី​ឃើញ​ប្រពន្ធ​ដើរ​ចូល​​ទៅ​ខ្ទម​អ្នកតា ក៏​នឹក​ឆ្ងល់​ថា​ ប្រពន្ធ​អញ វា​មក​រក​អ្វី​ក្នុង​ខ្ទម​អ្នកតា​នេះ?
គិត​ហើយ​ក៏​ចូល​ទៅ​ពួន​ក្រោយ​ខ្នង​អ្នកតា លប​ស្ដាប់​ប្រពន្ធ។

ឯ​ប្រពន្ធ ក៏​ចូល​ទៅ​អុជ​ទៀន​ធូប ហើយ​បន់​អ្នកតា​ថា «ខ្ញុំ​មិន​ចង់​យក​ប្ដី​ខ្ញុំ​ទេ ខ្ញុំ​យក​ប្ដី​ទៀត សូម​អ្នកតា​កាច់​ប្ដី​ខ្ញុំ​ឲ្យ​ស្លាប់​ទៅ ខ្ញុំ​នឹង​ថ្វាយ​ជ្រូក​មួយ» ។
ប្ដី​ឮ​ដូច្នោះ ក៏​ឆ្លើយ​ឡើង​ពី​ក្រោយ​ខ្នង​អ្នកតា «អើ​ បើ​នាង​មាន​សហាយ​ ហើយ​បើ​ចង់​ឲ្យ​កាច់​ប្ដី​នាង​ឯង​ឲ្យ​ស្លាប់​នោះ ងាយ​ទេ វិល​ទៅ​ផ្ទះ​វិញ ត្រូវ​រក​មាន់​ក្រាប​ទាំង​មេ​ទាំង​ពង​មួយ​សំបុក ស្ងោរ​ឲ្យ​ប្ដី​នាង​ឯង​ស៊ី​ទៅ វា​ស្លាប់​ហើយ»។
មេ​នោះ​ឮ​ដូច្នោះ ស្មាន​ថា​អ្នកតា​បង្គាប់ ក៏​ប្រញាប់​វិល​មក​ផ្ទះ​វិញ​ រក​ទិញ​បាន​មេមាន់​ក្រាប​មួយ​សំបុក ស្ងោរ​ទុក​ឲ្យ​ប្ដី​ស៊ី ដើម្បី​នឹង​ឲ្យ​ស្លាប់ ហើយ​នឹង​បាន​យក​សហាយ។

លុះ​ដល់​ព្រលប់ ប្ដី​មក​ពី​ជីក​ដំឡូង ដល់​ផ្ទះ​ហើយ សូរ​ថា «គេហ៍​អើយ ! បាន​អី​ស៊ី​បាយ ?»។មេ​នោះ​ឆ្លើយ​ថា «ខ្ញុំ​បាន​មេ​ និង​ពងមាន់​ក្រាប​មួយ​សំបុក​ស្ងោរ​ទុក​ឲ្យ​អ្នក»។
ប្ដី​ថា «រៀប​បាយ​មក​ស៊ី»។
ប្រពន្ធ​ក៏​លើក​បាយ ព្រម​ទាំង​មេ និង​ពង​មាន់​ក្រាប មក​ឲ្យ​ប្ដី​ស៊ី ។
ប្ដី​ស៊ី​អស់​ហើយ​ធ្វើ​ជា​ឈឺ ដេក​ថ្ងូរ​ហ៊ឹៗ។
មេ​នោះអរ​ណាស់​ គិត​ស្មាន​ថា ប្ដី​ឈឺ​មែន ត្រូវ​នឹង​ពាក្យ​អ្នកតា​បង្គាប់​ហើយ ត្បិត​ឮ​ថ្ងូរ។
ឯ​ប្ដី​ក៏​ធ្វើ​ជា​ដេក​ទៅ។
មេ​នោះ​គិត​ស្មាន​ថា ​ប្ដី​ស្លាប់ ក៏​បើក​ទ្វារ​នាំ​យក​សហាយ​ចូល​ទៅ​ដេក​ជាមួយ។

អ្នក​ទាំងពីរ​កំពុង​តែ​និយាយ​គ្នា ប្ដី​ក៏​ក្រោក​ឡើង​អង្គុយ​ហៅ​ប្រពន្ធ​មក​ប្រាប់​ថា «រងា​ណាស់»។
ឯ​ប្រុស​សហាយ​ឃើញ​ប្ដី​មេ​នោះ ក្រោក​ឡើង​អង្គុយ​ដូច្នោះ​ ស្ទុះ​រត់​ពុំ​ទាន់ ក៏​ចូល​ទៅ​ពួន​ក្នុង​ពាង​ធំ ១ នៅ​ខាង​ដំណេក សម្ងំ​ចាំ​ប្ដី​នោះ​ដេក ខ្លួន​នឹង​ចេញ​ពី​ពាង​ទៅ​ដេក​នឹង​មេ​នោះ​ទៀត។

ប្ដី​បាន​ឃើញ តែ​ធ្វើ​មិន​ឃើញ​មិន​ដឹង ប្រាប់​ប្រពន្ធ​ថា «រងា​ណាស់ ឯង​ដាំ​ទឹក​ឲ្យ​គ្នា​ងូត​បន្តិច នឹង​អាល​ស្លាប់»។
មេ​នោះឮ​ថា​ ចង់​ស្លាប់​ដូច្នោះ អរ​ណាស់ ត្បិត​ត្រូវ​នឹង​ពាក្យ​ដែល​ត្រូវ​បន់​អ្នកតា។

លុះ​ប្រពន្ធ​ដាំ​ទឹក​ពុះ​ហើយ ប្ដី​ថា «ទៅ​ដង​ទឹក​ត្រជាក់​បាន ១ ក្អម​មក​យក​មក​លាយ​នឹង​ទឹក​ក្ដៅ​នេះ»។
ប្រពន្ធ​ឮ​ប្ដី​ប្រើ​ដូច្នោះ ក៏​យក​ក្អម​ចេញ​ទៅ​ដង​ទឹក។
ប្ដី​ឃើញ​ប្រពន្ធ​ចេញ​ទៅ​បាត់ ក៏​ក្រោក​ឡើង​ដើរ​ទៅ​លើក​ទឹក​ពុះ ១ ខ្ទះនោះ​យក​ទៅ​ស្រោច​លើ​សហាយដែល​នៅ​ក្នុង​ពាង​នោះ​ស្លាប់​ទៅ ហើយ​ចូល​ទៅ​ដេក​វិញ ធ្វើ​ជា​ថ្ងូរ​ហ៊ឹៗ​ទៀត។

មេ​នោះ​វិល​ពី​ដង​ទឹក​មក​វិញ មើល​ទៅ​ឃើញ​សហាយ​ត្រូវ​ទឹក​ក្ដៅ​រួញ​សរសៃ​ដូច​គេ​ដក​ចេញ​ពី​ពាង​មក ក៏​ឱន​ខ្សឹប​ថា «ថ្វី​ក៏​មិន​ឱន​ទៅ​ វា​មិន​ទាន់​ទេ»។
អា​នោះ​ឆ្ងក់​ដដែល។
មេ​នោះ​យក​ដៃ​ទៅ​ចាប់​ជ្រមុជ​ ទៅត្រូវ​ស្លឹក​ត្រចៀក រលេះ​ជ្រុះ​ទាំង​សក់ មើល​បាន​ដឹង​ជា​ប្ដី​ស្រោច​ទឹក​ក្ដៅ​ស្លាប់​សហាយ​ទៅ​ហើយ ក៏​ពុំ​ស្ដី យក​គម្រប​ពាង​មក​គ្រប ហើយ​យក​ទឹក​ឲ្យ​ប្ដី​ងូត។
ឯ​ប្ដី​ក៏​មិន​ស្ដី ទឹក​ក៏​មិន​ងូត ប្រាប់​ប្រពន្ធ​ថា អញ​គ្រាន់​បើ​ហើយ។
ហើយ​ហៅ​ប្រពន្ធ​ចូល​ទៅ​ដេក​ទៅ។

លុះ​ព្រឹក​ព្រហាម​ឡើង មេ​នោះ ពុំ​ដឹង​បើ​គិត​ដូចម្ដេច នឹង​យក​ខ្មោច​ឲ្យ​រួច​ចេញ​ផុត​ពី​ផ្ទះ​ ក៏​នឹក​ឃើញ​ថា «ក្នុង​ស្រុក​នេះ មាន​ចោរ ៤ នាក់​ តែង​តែ​លប​លួច​អីវ៉ាន់​អ្នក​ផង​សព្វ​ថ្ងៃ សព្វ​យប់​គ្រប់​ភូមិ ដូច្នេះ​អញ​នឹង​គិត​ឲ្យ​ចោរ​ទាំង ៤ នាក់​នោះ យក​ខ្មោច​ចេញ​ពី​ផ្ទះ​អញ​ទៅ​ចោល​ក្នុង​ព្រៃ​ឲ្យ​បាន»។
គិត​ហើយ​ក៏​ដើរ​ខ្ចីសំពត់ ហូល អាវ​ព្រែ​គេ យក​មក​ហាល​ជុំវិញ​ផ្ទះ។
ឯ​ចោរ​ទាំង ៤ ​នាក់​នោះ​​ឃើញ​ហើយ ​គិត​គ្នា​ថា «ជើ! មេ​នោះ​មាន​ណាស់​តើ! យប់​នេះ យើង​ទៅ​លប​លួច​វា​ឲ្យ​បាន​កុំ​ខាន សព្វ​ថ្ងៃ​យើង​ស្មាន​ថា​វា​ក្រ»។

មេ​នោះ​ក៏​ហាល​សំពត់​ហូល​​អាវ​ព្រែ​នោះ លុះ​ដល់​ពេល​ល្ងាច​យក​ទៅ​ជូន​គេ​វិញ ហើយ​យក​ខ្សែ​ចង​រឹត​រូត​ពាង​ខ្មោច​នោះ​ឲ្យ​ជាប់ ទុក​ឲ្យ​ចោរ​ចូល​លួច​មក​សែង​យក​ទៅ។

ឯ​ចោរ​ទាំង ៤ នាក់ លុះ​យប់​​ក៏​បបួល​គ្នា​ទៅ​លួច​ ចូល​ទៅ​រក​របស់​ទាំងនោះ​ពុំ​ឃើញ ប្រទះ​ឃើញ​តែ​ពាង​មួយ ចង​មាត់​ជាប់ បើក​ពុំ​រួច។
ចោរ​ទាំង ៤ នាក់​ និយាយ​គ្នា​ថា «របស់​អស់​នោះ​ វា​ដាក់​ក្នុង​ពាង​នេះ​ហើយ បើ​ដូច្នេះ​ត្រូវ​យើង​សែង​ពាង​នេះ»។
ថា​ហើយ​ក៏​នាំ​គ្នា​សែង​ពាង​នេះ​ទៅ ដល់​ព្រៃ​ឆ្ងាយ​ក៏​ស្រាយ​លូក​មើល។

អា​មួយ​លូក​ដៃ​ទៅត្រូវ​សក់​ថា «វើយ សូត្រ» ដក​ដៃ​ចេញ។
អា​មួយ​លូក​ដៃ​ទៅ​ត្រូវ​ស្លឹក​ត្រចៀក ត្រូវ​ភ្នែក ច្រមុះ ស្រែក​ថា វើយ​ខ្មោច​ទេ។
អា​មួយ មិន​ជឿ លូក​ដៃ​ទៀត ត្រូវ​ដើម​ទ្រូង ដឹង​ថា ​ខ្មោច​មែន ក៏​ស្ទុះ​រត់​ចោល​ ហើយ​ខឹង​ណាស់​ថា ត្បិត​មេ​នោះបញ្ឆោត​ឲ្យ​សែង​ខ្មោច​ចោល​បាន។
ចោរ​ទាំង ៤ នាក់​គិត​គ្នា​ថា «យើង​ឃ្លាំ​មើល​មេ​នោះ បើ​ឃើញ​វា​ដើរ​ទៅ​ណា​តែ​ម្នាក់​ឯង ត្រូវ​គ្នា​យើង​ចោមរោមចាប់​វា​វាយឲ្យ​វា​រាង កុំ​ឲ្យ​វា​បញ្ឆោត​យើង​ទៀត។

ជួន​ជា​ថ្ងៃ​មួយ មេ​នោះ​ចុះ​ទៅ​កំពង់​រក​ទិញ​អីវ៉ាន់ ត្បិត​មាន​សំពៅ​ទើប​នឹង​មក​ដល់​ពី​ស្រុក​ក្រៅ។
មេ​នោះ ដើរ​ដល់​កណ្ដាល​ផ្លូវ​​ ក៏​ជួប​នឹង​ចោរ​ទាំង ៤ នាក់​នោះ។
ចោរ​ឃើញ​ក៏​នាំ​គ្នា​ព្រួត​ចាប់​នឹង​វាយ ហើយ​ជេរ​ពី​រឿង​ដែល​វា​បញ្ឆោត​នោះ។
មេ​នោះ ឆ្លើយ​ថា «ណ្ហើយ​អ្នក​ បើ​អ្នក​វាយ​ខ្ញុំ ក៏​ឥត​ប្រយោជន៍​ដែរ ត្បិត​ខ្ញុំ​ទៅ​ទារ​ប្រាក់​ពី​នាយ​សំពៅ ដូច្នេះ​ចូរ​មក! អញ្ជើញ​ទៅ​នឹង​ខ្ញុំ​ ខ្ញុំទារ​ប្រាក់​បាន ចែក​គ្នា​ចាយ​លេង »។

ចោរ​ទាំង ៤ នាក់​ឮ​ថា ​វា​ទៅ​ទារ​ប្រាក់​ដូច្នោះ ក៏​ចូលចិត្ត​ បបួល​គ្នា​ទៅ។
មេ​នោះ​ផ្ដាំ​ចោរ​ទាំង ៤ នាក់​ថា «អស់​អ្នក​ឈរ​ចាំ​ខ្ញុំ នៅ​លើ​ច្រាំង​ចុះ បើ​កាលណា​ឃើញ​ខ្ញុំ​បោយ​ដៃ​ នោះអ្នក​នាំ​គ្នា​ចុះ​ទៅ​ចុះ បាន​ប្រាក់​ហើយ»។

មេ​នោះ និយាយ​ផ្ដាំ​ចោរ​ទាំង ៤ នាក់ ហើយ​ក៏​ចុះ​ទៅ​សំពៅ​ និយាយ​នឹង​នាយ​សំពៅ លក់​ចោរ​ទាំង ៤ នាក់។
វា​ថា​ចោរ​នេះ​ជា​ខ្ញុំ​របស់​វា ហើយ​ចង្អុល​បង្ហាញ​នាយ​សំពៅ​ថា «នុះ​ន៍ ! វា​ទាំង ៤ នាក់ បើ​វា​ចុះ​មក ខ្ញុំ​ឡើង​ទៅ​លើ​គោក សូម​អ្នក​ចាប់​ដាក់​ច្រវាក់​វា​ឲ្យ​ជាប់​ទៅ កុំ​ឲ្យ​វា​រត់​បាន»។
នាយ​សំពៅ​ព្រម​ហើយ​សួរ​ថា «ខ្ញុំ​នាង​ឯង​ទាំង ៤ នាក់​លក់​ថ្លៃ​ប៉ុន្មាន?
មេ​នោះ​ថា «ម្នាក់​ថ្លៃ​ពីរ​ណែន»។
នាយ​សំពៅ​ឲ្យ​មួយ​ណែន​កន្លះ វា​ក៏​ព្រម​លក់ ហើយ​ចេញ​មក​ក្រៅ បក់​ដៃ​ហៅ​ចោរ​ទាំង ៤ នាក់។

ចោរ​ទាំង ៤ នាក់​គិត​ស្មាន​ថា វា​ហៅ​ឲ្យ​ទៅ​យក​ប្រាក់ ក៏​នាំ​គ្នា​ចុះ​ទៅ។
ដល់​ហើយ ស្រាប់​តែ​នាយ​សំពៅ​ប្រើ​មនុស្ស​ឲ្យ​ដាក់​ច្រវាក់នៅ​បាត​សំពៅ​ទាំងអស់​គ្នា។
មេ​នោះ​ក៏​យក​ប្រាក់​ឡើង​មក​បាត់។
បាន​ប្រាក់​ហើយ មេ​នោះ ដើរ​វិល​មក​ផ្ទះ​វិញ ដល់​កណ្ដាល​ផ្លូវ​ចួន​ជា​យប់​ពុំ​ហ៊ាន​ដើរ​ទៅ​ទៀត ក៏​ឡើង​ទៅ​ដេកលើ​ដើម​ឈើ​មួយ​នៅ​ប្រប​ផ្លូវ​នោះ។

ឯ​ចោរ​ទាំង ៤ នាក់ លុះ​នាយ​សំពៅ​ដាក់​ច្រវាក់​ជាប់​ហើយ ក៏​និយាយ​គ្នា​ថា ជើ​មេ​នេះ​ហៅ​ពេញ​ជា​ប្រាជ្ញា​ធំ វា​បញ្ឆោត​ឲ្យ​យើង​សែង​ខ្មោច​ទៅ​ចោល​ក្នុង​ព្រៃ​ហើយ ឥឡូវ​វា​លក់​យើង​បាន​ទៀត»។
ចោរ​ទាំង ៤ នាក់​ខឹង​ណាស់ កាច់​ច្រវាក់​បាក់​រត់​ចេញ​ពី​សំពៅ ដើរ​ឡើង​មក​លើ​គោក រត់​មក​ទាំង​យប់​នោះ ជួន​ជា​យប់​យូរ​ណាស់ ក៏​នាំ​គ្នា​ឡើង​ទៅ​ដេក​លើ​ដើម​ឈើ​ធំ ដែល​មេ​នោះ​ដេក។
ចោរ​បី​នាក់​ឡើង​ទៅ​ដេក​លើ​មែក​​ដោយ​ខ្លួន​ពី​គ្នា។
ចោរ​ម្នាក់​ឡើង​ទៅ​ ក៏​ជួប​នាង​នោះ នៅ​លើ​ចុង​ឈើ អា​ចោរ​នោះ​ថា «អី ! ហង​ឯង​ស្លាប់​ហើយ​ម្ដង​នេះ ! ហង​ឯង​ធ្លាប់​បញ្ឆោត​យើង ឥឡូវ​ហង​ឯង​រត់​ចុះ​បើ​រួច !»។
មេ​នោះ​លើក​ប្រាក់​បង្ហាញ ហើយ​ឱន​ខ្សឹប​ថា «ណ្ហើយ​អ្នក ! អ្នក​កុំ​ស្ដី​​ កុំ​ឲ្យ​អ្នក​ទាំង​បី​នាក់​ទៀត​ដឹង ហើយ​យើង​ត្រូវ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ នឹង​យក​ប្រាក់​នេះ​ទៅ​ចាយ​រក​ស៊ី​ស្រួល​ជាង អ្នក​កុំ​ធ្វើ​បាប​ខ្ញុំ​ធ្វើ​អ្វី»។

អា​ចោរ​ឮ​ដូច្នោះ ក៏​មិន​ស្ដី​​ខិត​ចូល​ទៅ​ជិត លូក​ឱប​កៀក​មេ​នោះ​ហើយ​ថា អើ​ប្អូន​ឯង​ហៅ​ប្រាជ្ញា​ធំ បញ្ឆោត​ខ្ញុំ​ពីរ​បី​ដង​ហើយ ឥឡូវ​បង​បាន​នាង​ជា​ប្រពន្ធ ដោយ​សារ​ព្រេង​សំណាង​យើង និយាយ​ហើយ​ក៏​ឱប​តាម​ចិត្ត​មេត្រី។
មេ​នោះ​ពុំ​បម្រះ​ហើយ​ថា «ខ្ញុំ​ខ្លាច​ក្រែង​អ្នក​ស្រឡាញ់​ខ្ញុំ​មិន​ស្មោះ ឯ​ខ្ញុំ​ស្រឡាញ់​អ្នក​ស្មោះ ចិត្ត​មួយ​ហើយ»។
អា​ចោរ​នោះ​ថា «បង​ស្រឡាញ់​ស្មោះ​ហើយ នាង​ពុំ​ដឹង​ចិត្ត​បង ចង់​ឲ្យ​បង​ស្បថ ឬ​ឲ្យ​បង​ធ្វើ​ម្ដេច?»
មេ​នោះ​ថា «បង​ស្រឡាញ់​ចិត្ត​មួយ​នឹង​គ្នា មាន​តែ​លិទ្ធ​អណ្ដាត​គ្នា» ទើប​មេ​នោះ​លៀន​អណ្ដាត ហើយ​ឱន​ទៅ​រក​អា​ចោរ​នោះ។
ឯ​អា​ចោរ​លិទ្ធ​អណ្ដាត​មេ​នោះ ហើយ​លៀន​អណ្ដាត​ឲ្យ​មេ​នោះ​លិទ្ធ​វិញ មេ​នោះ​ខាំ​អណ្ដាត​អា​ចោរ​នោះ​ដាច់​អស់​មួយ​កំណាត់ ហើយ​ច្រាន​ទម្លាក់​ពី​លើ​ចុង​ឈើ​ធ្លាក់​ដល់​ដី​ ស្រែក​ឮ​តែ​ឡុលៗ។

ឯ​ចោរ​បី​នាក់ គិត​ស្មាន​ថា នាយ​សំពៅ​ចោម​ចាប់ ក៏​លោត​ពី​លើ​មែក​ឈើ​រត់​ទៅ​ហើយ​ស្រែក​ហៅ​គ្នា​ថា «វ៉ឺយ ! គ្នា​យើង​រត់​​នាយ​សំពៅ​ដេញ​ហើយ»។
អា​ចោរ​ដែល​ដាច់​អណ្ដាត​នោះ ស្រែក​ហៅ​គ្នា​វា​ថា «មេ​នោះ នៅ​លើ​ចុង​ឈើ ត្រូវ​មក​ចាប់» ប៉ុន្តែ​វា​ដាច់​អណ្ដាត​ដូច្នោះ និយាយ​មិន​ច្បាស់ ឮ​តែ​ឡុលៗ គ្នា​វា​គិត​ស្មាន​ថា​ គេ​ដេញ​ចាប់​ចេះ​តែ​ប្រឹង​រត់​យក​តែ​ព្រះ​អាយុ​រៀង​ខ្លួន។

ឯ​មេ​នោះ​ចុះ​ពី​លើ​ចុង​ឈើ យក​ប្រាក់​ទៅ​ផ្ទះ​ឲ្យ​ប្ដី នៅ​រក​ស៊ី​ជា​មួយ​នឹង​ប្ដី​​ជា​សុខ​សប្បាយ​ត​ទៅ។

អ្នក​មាន​ប្រាជ្ញា តែង​នាំ​អាត្មា​ឲ្យ​សុខ​ចម្រើន!

ពាក្យសុភាសិតតម្លៃ ៣០ តម្លឹង

កាល​ពី​ព្រេងនាយ មាន​ជន​ពីរ​នាក់​ប្ដី​ប្រពន្ធ។
បុរស​ជា​ប្ដី បាន​ឃើញ​គេ​រៀន​របៀន​ពូកែ​ ចង់​រៀន​ណាស់ យក​ប្រាក់ ៣០​តម្លឹង លា​ប្រពន្ធ​ដើរ​ទៅ​រក​រៀន ដើរ​ពី​ស្រុក​មួយ​ដល់​ខែត្រ​មួយ​ឮ​គេ​ថា ទី​ត្រង់​ណា មាន​អ្នក​ចេះ​របៀន​អាគម​គាថា​ពូកែ ក៏​ទៅ​រក​ត្រង់​នោះ ដល់​ទៅ​ជួប​នឹង​គ្រូ​ណា​ពូកែ គេ​សូត្រ​ឲ្យ​ស្ដាប់​ គេ​ធ្វើ​ឲ្យ​មើល​ដូចម្ដេច​ៗ ក៏​ចេះ​តែ​មិន​ចូល​ចិត្ត។

លុះ​ដើរ​ឆ្ងាយ​ទៅ​ៗ ក៏​បាន​ជួប​នឹង​តា​ចាស់​ម្នាក់។
តា​ចាស់​សួរ​ថា «អ្នក​ឯង​ទៅ​ណា ដើរ​មក​តែ​ម្នាក់​ឯង​ ស្វះស្វែង​រក​អ្វី ?» ។
បុរស​នោះ​ឆ្លើយ​ថា «ឱ ! តា​អើយ ! ខ្ញុំ​មក​នេះ ត្បិត​ឮ​គេ​ថា​ នៅ​ទី​នេះ​ មាន​គ្រូ​ចេះ​របៀន​ពូកែ​ បាន​ជា​ខ្ញុំ​ខំ​សង្វាត​មក ក្រែង​តា​ចេះ​ដឹង ប្រដៅ​ចៅ​ផង»។
តា​ចាស់​ឆ្លើយ​ថា «តា​មាន​របៀន​បី​បទ តម្លៃ ៣០ តម្លឹង បើ​ចៅ​ឯង​កាន់​ជាប់ ចៅ​ឯង​មិន​ច្បុត​ទេ គង់​បាន​ដូច​ចិត្ត បើ​មាន​កិច្ច មាន​ដំណើរ​អ្វី​ឲ្យ​សូត្រ​របៀន​តា​នេះ​ចុះ ពូកែ​ណាស់»។
បុរស​នោះ​ថា «តា​សូត្រ​ឲ្យ​ខ្ញុំ​ស្ដាប់​មើល ! បើ​ខ្ញុំ​ចូល​ចិត្ត ខ្ញុំ​យក»។

តា​នោះ​សូត្រ​ឲ្យ​ស្ដាប់​ថា «រពឹស​ដៃ​ផ្ទៃ​ឆ្អែត ដេក​យប់​កុំ​និយាយ​នឹង​ស្រី ឃ្លាន​កុំ​អាល​ស៊ី»។
បុរស​នោះ​ស្ដាប់​បាន ចូល​ចិត្ត ក៏​ប្រគល់​ប្រាក់ ៣០ តម្លឹង​ឲ្យ​តា​នោះ ហើយ​ទន្ទេញ​របៀន​ទាំង​បី​បទ​នោះ​ ចាំ​ស្ទាត់​រត់​មាត់។
ឯ​តា​ចាស់​ប្រាប់​ថា «បើ​ចៅ​កាន់​របៀន​ទាំង​បី​បទ​នេះ​បាន តា​ឲ្យ​ទទេ មិន​យក​តម្លៃ​ទេ»។
ហើយ​តា​ចាស់​ប្រគល់​ប្រាក់​ឲ្យ​បុរស​នោះ​វិញ។
បុរស​នោះ​ក៏​លា​តា​ចាស់​នោះ វិល​មក​ស្រុក​វិញ។

មាត់​បុរស​នោះ​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​នោះ ចប់​តែ​តាម​ផ្លូវ​មក​ ពុំ​មាន​ភ្លេច។
លុះ​ដើរ​ឆ្ងាយ​បន្តិច​មក ជួប​នឹង​សំពៅ​ឈ្មួញ​មួយ។
បុរស​នោះ ក៏​សុំ​សំពៅ​គេ​ដោយ​សារ​មក​ស្រុក ដង្ខៅ​សំពៅ​ក៏​ព្រម​ឲ្យ​ដោយ​សារ។
បុរស​នោះ​តាំង​ពី​ចុះ​មក​នៅ​ក្នុង​សំពៅ​ថ្ងៃ​ណា​ ក៏​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​នោះ ហើយ​ចេះ​តែ​ជួយ​លាង ជួយ​ថែទាំ ជួយ​ជួសជុល​សំពៅ​ដូច​ជា​របស់​ខ្លួន។
នាយ​សំពៅ​នឹក​ក្នុង​ចិត្ត​ថា «អ្នក​នេះ​តាំង​តែ​ពី​ចុះ​ដោយ​សារ​សំពៅ​អញ​កាលណា​មក គាត់​ចេះ​តែ​ធ្វើ​ការ​ដូចជា​របស់​គាត់ នឹក​ហើយ ក៏​ស្រឡាញ់​បុរស​នោះ ឲ្យ​រៀប​បាយ​ទឹក​ឲ្យ​ស៊ី​តែ​រាល់​ថ្ងៃ​រៀង​មក។
ឯ​បុរស​នោះ​ពុំ​ខ្ជិល​សោះ ចេះ​តែ​ខំ​ធ្វើ​ការ​ក្នុង​សំពៅ ដូចជា​កូន​ឈ្នួល​ឯ​ទៀត​ៗ។
នាយ​សំពៅ​នឹក​តែ​ក្នុង​ចិត្ត​ថា «បើ​កាល​ណា​បាន​ដល់​ស្រុក​អញ​នឹង​ចែក​របស់​ទ្រព្យ​ឲ្យ​ចៅ​នេះ​រកស៊ី​តទៅ»។
លុះ​បើក​សំពៅ​មក​ដល់​កណ្ដាល​ស្រុក​មួយ បាន​ឃើញ​វិហារ​មួយ ​គេ​រៀប​អណ្ដាប់​ពោរពាស សុទ្ធ​តែ​ចំណី ស្រា បាយ ទុក​ឲ្យ​យក្ស​វា​មក​ស៊ី។

ឯ​អ្នក​សំពៅ កាល​ដល់​វិហារ​នោះ ក៏​ចត​សំពៅ ឡើង​ទៅ​លេង​ឃើញ​ចំណី​ទាំងនោះ ពុំ​មាន​មនុស្ស ក៏​នាំ​គ្នា​ស៊ី​ផឹក​ស្រា​ស្រវឹង​ដេក​នៅ​ក្នុង​វិហារ​នោះ​ទាំងអស់​គ្នា ខាន​តែ​បុរស​ម្នាក់​នោះ មាត់​គាត់​ចេះ​តែ​ទន្ទេញ​ថា «រពឹស​ដៃ​ផ្ទៃ​ឆ្អែត ដេក​យប់​កុំ​និយាយ​នឹង​ស្រី ឃ្លាន​កុំ​អាល​ស៊ី» ដោយ​គិត​ថា «ចំណី​អស់​នេះ​មាន​ហេតុ​អ្វី​មួយ​ហើយ បាន​ជា​គេ​រៀប​ទុក​នៅ​ទីនេះ ឥឡូវ​អ្នក​ទាំងអស់​នេះ​ស៊ី​គង់​តែ​មាន​ភ័យ​មិន​ខាន» គិត​ដូច្នោះ​ហើយ​ពុំ​ហ៊ាន​ស៊ី ឡើង​ទៅ​ពួន​លើ​ធ្នឹម​វិហារដោយ​ស្ងៀមស្ងាត់​ចាំ​លប​មើល។

លុះ​ដល់​ថ្ងៃត្រង់ យក្ស​មក​ដល់​ ហើយ​វា​ខឹង​ខ្លាំង​ណាស់​ថា «នរណា​ហ៊ាន​មក​ស៊ី​ចំណី​អស់​នេះ»។
យក្ស​ថា​ហើយ​ ក៏​ប្រើ​ដំបង​មក​វាយ​មនុស្ស​ដែល​ដេក​នោះស្លាប់​ទាំងអស់​ទៅ។
ឯ​ដំបង​ក៏​វិល​មក​ខាង​យក្ស​វិញ ហើយ​យក្ស​កាច់​ក​អស់​មនុស្ស​ទាំងនោះ​ស៊ី​អស់​ទៅ រួច​ក្រឡេក​មើល​ក្រឡេមក្រឡឺម។
បុរស​ឃើញ​យក្ស​ភ័យ​ណាស់ មាត់​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​ ហើយ​គិត​ថា «បើ​អញ​ស្រែក ក្រែង​យក្ស​ឮ​ វា​ឃើញ​អញ ហើយ​វា​នឹង​ស៊ី​អញ​ទៀត» គិត​ហើយ​ក៏​លោត​ចុះ​ពី​លើ​ធ្នឹម ស្រែក​វ៉ាស​ឡើង យក្ស​ភ័យ​ណាស់ រត់​ចោល​ដំបង​ទៅ​បាត់​ទៅ។
បុរស​នោះ បាន​ដំបង​វាយ​ឯង​ហើយ ក៏​ដើរ​ត្រឡប់​មក​ស្រុក ចោល​សំពៅ​នៅ​កំពង់​វិហារ​នោះ​ឯង។
លុះ​ដើរ​មក​ដល់​ផ្ទះ ក្នុង​វេលា​យប់ បុរស​នោះ យក​ដំបង​ទៅ​លាក់​ក្រោម​ជណ្ដើរ​យក​ថ្ម​សង្កត់​លើ ហើយ​ឡើង​ទៅ​ដេក​លើ​ផ្ទះ។
ប្រពន្ធ​សួរ ប្រាប់​ប្រពន្ធ​ថា ចាំ​ព្រឹក​សឹម​និយាយ​ប្រាប់។

ក្រោយ​ពេល​ដែល​ប្ដី​ទៅ ប្រពន្ធ​នៅ​ផ្ទះ វា​មាន​សហាយ វេលា​យប់​ដែល​ប្ដី​មក​ដល់​ផ្ទះ សហាយ​នោះ វា​មក​ស្ដាប់​នៅ​ក្រោម​ផ្ទះ វា​ចង់​ដឹង​រឿង​ឆាប់ វា​ឲ្យ​មេ​ស្រី​សហាយ​វា សួរ​ថា​ ដំណើរ​ដូចម្ដេច ក៏​ចាំ​ព្រឹក​ទើប​និយាយ​បាន។
ប្រពន្ធ​ចេះ​តែ​ឱប​អង្អែល។
ទ្រាំ​ពុំ​បាន​ប្ដី​ក៏​និយាយ​ប្រាប់​ថា៖ អញ​និយាយ​នឹង​ឯង​នេះ​ខុស​គ្រូ​ហើយ​ ត្បិត​គ្រូ​ផ្ដាំ​ថា «ដេក​យប់​កុំ​និយាយ​នឹង​ស្រី» ឥឡូវ​នេះ​អញ​និយាយ​ខុស​បណ្ដាំ​គ្រូ​ហើយ។
ប្រពន្ធ​សួរ​ថា «អ្នក​ទៅ​បាន​របស់​អ្វី​មក​ខ្លះ»។
ប្ដី​ថា «បាន​តែ​របៀន​បី​បទ​ហើយ​ត្រឡប់​មក​វិញ ដល់​ពាក់​កណ្ដាល​ផ្លូវ​ បាន​ដំបង​វាយ​ឯង​ទៀត»។
ប្រពន្ធ​សួរ​ថា «​ដំបងនោះ​ទុក​នៅ​ឯណា ឥឡូវ​នេះ? ខ្ញុំ​ចង់​ឃើញ»។
ប្ដី​ថា « អញ​ទុក​ក្រោម​ជណ្ដើរ យក​ថ្ម​គ្រប» ថា​ហើយ​ក៏​ដេក​លក់​ទៅ។
សហាយ លប​ស្ដាប់​ឮ​ហើយ ក៏​ទៅ​ក្រោម​ជណ្ដើរ រើស​យក​ដំបង​នោះ​ទៅ​បាត់​ទៅ។

លុះ​ព្រឹក​ព្រហាម​ស្រាង​ៗឡើង ​បុរស​នោះ រឭក​ពី​ដេក ចុះ​ទៅ​រក​ដំបង​ពុំ​ឃើញ​ក៏​ប្រាប់​ប្រពន្ធ​ថា «អញ​ប្រាប់​មិន​ជឿ អញ​ថា ខុស​គ្រូ​ហើយ ឯង​ចេះ​តែ​លួង​អញ ទាល់​តែ​អញ​ប្រាប់ ឥឡូវ​នេះ មនុស្ស​ឮ វា​លួច​យក​ដំបង​បាត់​ហើយ»។
ប្រពន្ធ​ឮ​ហើយ​ដឹង​ថា​ សហាយ​លួច ក៏​មិន​ស្ដី ដណ្ដាំ​បាយ​ឲ្យ​ប្ដី​ស៊ី​ ស៊ី​រួច​ហើយ បុរស​នោះ​ក៏​យក​ខ្សែ​មក​ចង​ថ្ម​ដែល​គ្រប​លើ​ដំបង​នោះ នាំ​ទៅ​ប្ដឹង​មេ​ស្រុក ឲ្យ​ជំនុំ​ជម្រះ​រក​ចោរ​ឲ្យ។
មេ​ស្រុក ពុំ​ដឹង​បើ​ជំនុំ​ជម្រះ​ដូចម្ដេច​ ពីព្រោះ​ថ្ម​មិន​ចេះ​ស្ដី គេ​ជេរ​ថា «អា​កំព្រើល ! តាំង​ពី​ដូនតា​មក នរណា​ដែល​ឃើញ​ដំបង​វាយ​ឯង» គេ​គំរាម​ហើយ​គេ​ដេញ​ចេញ​ទៅ។
បុរស​នោះ​ចេះ​តែ​អូស​ថ្ម​ទៅ​ប្ដឹង តាំង​តែ​ពី​មេ​ស្រុក ដល់​ទៅ​លោក​យមរាជ អ្នក​រាជការ​គ្រប់​ក្រសួង គេ​ចេះ​តែ​ដេញ​ចេញ គេ​ថា មនុស្ស​ឆ្កួត គេ​មិន​ឲ្យ​ចូល។

បុរស​នោះ​អូស​ថ្ម​ទៅ​ថ្វាយ​ស្ដេច។
ស្ដេច​ទ្រង់​សួរ​សព្វ​គ្រប់​ហើយ ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​អស់​នាម៉ឺន​ថា «មែន​បាន​គេ​ថា មាន​ប្រឡាយ​បាន​ទឹក​វា​ហូរ មាន​សំរាម​បាន​ឆ្កែ​វា​ជុះ អស់​នាម៉ឺន​កុំ​ថា​ វា​ឆ្កួត​​ សេចក្ដី​នេះ​មែន​ហើយ​បាន​ជា​វា​ហ៊ាន​ថា។
ស្ដេច​មាន​បន្ទូល​ប្រាប់​បុរស​ថា «ណ្ហើយ វិល​ទៅ​ផ្ទះ​ចុះ កាល​ណា​អញ​ប្រើ​ឲ្យ​គេ​ទៅ​ហៅ​សឹម​មក»។
បុរស​នោះ​ទទួល​ថា «ព្រះ​ករុណា​ថ្លៃ​វិសេស» ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​វិញ។

ក្រោយ​ពេល​បុរស​នោះ​ទៅ ស្ដេច​ទ្រង់​ព្រះ​រាជ​បញ្ជា ឲ្យ​ប្រាប់​បណ្ដា​រាស្ត្រ​ថា ត្បិត​ស្ដេច​ឲ្យ​អស់​ព្រះ​ស្នំ​ចេញ​រាំ​បី​ថ្ងៃ​បី​យប់ ឲ្យ​បណ្ដា​រាស្ត្រ​មើល​តាម​ចិត្ត​ពុំ​មាន​ឃាត់​ឃាំង​ឡើយ» ហើយ​ទ្រង់​ឲ្យ​រៀប​លេង​ល្ខោន។
កាល​នោះ​​អស់​រាស្ត្រ​សឹង​តែ​ចូល​ទៅ​មើល​គ្រប់គ្នា។
ស្ដេច​ទ្រង់​យាង​ចូល​ទៅក្នុង​ព្រះ​រាជដំណាក់ ជ្រើស​រើស​ប្រេង​ក្រអូប​យ៉ាង​ឯក​មួយ​ដប​ដែល​សម្រាប់​តែ​ស្ដេច អស់​រាស្ត្រ​និង​នាម៉ឺន ពុំ​ដែល​មាន ទ្រង់​ប្រើ​អាមាត្យ​ម្នាក់យក​ទៅ​ឲ្យ​បុរស​នោះ ហើយ​ប្រាប់​ថា «ស្ដេច​ទ្រង់​ព្រះ​រាជទាន​ឲ្យ​អ្នក​ឯង និង​ប្រពន្ធ​អ្នក​ឯង​លាប ប៉ុន្តែ​ឲ្យ​អ្នក​ឯង​នៅ​ផ្ទះ កុំ​ទៅ​មើល​ល្ខោន​ឲ្យ​តែ​ប្រពន្ធ​ទៅ​មើល​បាន​ហើយ»។
អាមាត្យ​អ្នក​យក​ទៅ​ឲ្យ​ប្រាប់​សព្វ​គ្រប់​ហើយ វិល​ទៅ​ក្រាប​បង្គំ​ទូល​ស្ដេច​វិញ។
បុរស​នោះ​បាន​ប្រេង ក៏​ហៅ​ប្រពន្ធ​មក​ហុច​ប្រេង​ទៅ​ឲ្យ​ប្រាប់​ថា «ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត ទ្រង់​ព្រះរាជទាន​ប្រេង​នេះ​មក ព្រោះ​ទ្រង់​អាណិត​ស្រឡាញ់​យើង ឲ្យ​យើង​លាប​ទៅ​មើល​ល្ខោន​នឹង​គេ តែ​ឥឡូវ​នេះ​អញ​ឈឺ​ក្បាល ឯង​យក​ទៅ​លាប ហើយ​ទៅ​មើល​ល្ខោន​នឹង​គេ​ចុះ។ ឯ​ប្រពន្ធ​ឮ​ប្ដី​បើក​ឲ្យ​ទៅ ហើយ​ឲ្យ​ទាំង​ប្រេង​ទៅ​លាប​ផង​ដូច្នោះ​​អរ​ពន់ពេក ដោយ​ពុំ​បាន​ដឹង​កល​ជា​គេ​ចាប់ ក៏​យក​ប្រេង​ទៅ​ឲ្យ​សហាយ​លាប​ផង ហើយ​បណ្ដើរ​គ្នា​ទៅ​មើល​ល្ខោន​ឈរ​ទន្ទឹម​គ្នា លុះ​បន្តិច​ទៅ​ស្ដេច​ទ្រង់​ធុំ​ក្រអូប​ប្រេង​នោះ ទ្រង់​ខ្សឹប​ប្រាប់​នាម៉ឺន​ម្នាក់ «ចូរ​អ្នក​ទៅ​ហិត​ក្លិន​អស់​បណ្ដា​រាស្ត្រ ដែល​មើល​ល្ខោន​ទាំង​ប៉ុន្មាន បើ​ធុំ​ក្លិន​ប្រេង​ក្រអូប​យ៉ាង​នោះប៉ុន្មាន​នាក់ ចូរ​អ្នក​នាំ​យក​មក​ឲ្យ​អញ​ជា​ឆាប់»។

នាម៉ឺន​នោះ ក្រាប​ថ្វាយ​បង្គំ​ហើយ ទៅ​ហិត​មនុស្ស​ឯ​ទៀត មិន​ធុំ​សោះ ធុំ​តែ​ប្រុស​ម្នាក់ ស្រី​ម្នាក់ ដែល​ឈរ​ទន្ទឹម​គ្នា លាប​ប្រេង​ក្រអូប​ទាំងពីរ​នាក់​នោះ ក៏​នាំ​ទាំង​ប្រុស​ទាំង​ស្រី យក​ទៅ​ថ្វាយ​ស្ដេច​ៗ​ឲ្យ​លែង​រាំ​ទៅ ហើយ​ទ្រង់​ឲ្យ​ហៅ​ទាំង​ប្រុស​ទាំង​ស្រី មក​ដល់​ហើយ​ទ្រង់​សួរ​ថា «នេះ​ជា​ប្រពន្ធ​ចៅ​ឯង​មែន​ឬ?» បុរស​នោះ​ក្រាប​ទូល​ថា «មែន»។
ទ្រង់​មាន​ព្រះ​បន្ទូល​សួរទៅ​ប្រុស​សហាយ​នោះ​ថា ឯង​បាន​ទៅ​លួច​ដំបង​ចៅ​នេះ​មែន​ឬ?»។
សហាយ​នោះ​ក្រាប​បង្គំ​ទូល​ថា «លួច​មែន»។
ទ្រង់​ឲ្យ​ទៅ​យក​ដំបង​នោះ​មក ឲ្យ​យក​សហាយ​ទាំង​ប្រុស​ស្រី​នោះ ទៅ​ដាក់​ច្រវាក់​ធ្វើ​ទោស។
បុរស​ជា​ម្ចាស់​ដំបង​ក្រាប​ថ្វាយ​បង្គំ​សូម​ទោស ហើយ​ក៏​ប្រគល់​ទាំង​ផ្ទះ​សម្បែង ទាំង​ប្រពន្ធ​ឲ្យ​ទៅ​សហាយ​នោះ​ទាំងអស់​ដោយ​ពុំ​មាន​ខឹង​អ្វី​ឡើយ។
ប្រុស​សហាយ​នោះ​អរ​ណាស់​សំពះ​សូម​ទោស​រួច​វិល​ទៅ​វិញ។

ឯ​បុរស​ម្ចាស់​ដំបង ថ្វាយ​ដំបង​ទៅ​ស្ដេច ហើយ​ក្រាប​លា​ទៅ​ទៀត​ ស្ដេច​ឃាត់​ក៏​ពុំ​ព្រម​ ទ្រង់​មាន​ព្រះ​បន្ទូល​ថា «ដំបង​វាយ​ឯង​នេះ​ថ្លៃ​ណាស់ ទ្រង់​ព្រះ​រាជានុញ្ញាត​ឲ្យ​បើក​ឃ្លាំង​មាស ប្រាក់​ឲ្យ​បុរស​នោះ​យក​តាម​ចិត្ត។
បុរស​នោះ​រើស​អស់​ទាំង​ឃ្លាំង​មាស​ប្រាក់​អម្បាល​នោះ​ទៅ ឃើញ​កាំបិត​បន្ទោះ​មួយ​ចាស់​នៅ​ក្រោម​ឃ្លាំង ក៏​យក​កាំបិត​នោះ​ និង​ប្រាក់​បន្តិច​បន្តួច​គ្រាន់​ចាយ​តាម​ផ្លូវ ហើយ​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​លា​ស្ដេច ដើរ​ចេញ​ទៅ​ទៀត។
ស្ដេច​ពុំ​មាន​ព្រះ​បន្ទូល​អ្វី​ទេ តែ​អស់​នាហ្មឺន គេ​ត្មះតិះដៀល​បុរស​នោះថា ​ជា​មនុស្ស​ឆោត ប្រាក់​មាស​មិន​យក​ទៅ​យក​ឯ​កាំបិត​ច្រែះស៊ី។

បុរស​នោះ ក៏​ដើរ​ចេញ​អំពី​នគរ​នោះ បាន​ទៅ​ដល់​នគរ​មួយ​ដទៃ​ទៀត។
ជួន​ជា​ថ្ងៃ​នោះ​ ស្ដេច​នគរ​នោះ​ទ្រង់​មាន​ព្រះបន្ទូល​បង្គាប់​សេដ្ឋី​ម្នាក់​ថា «ព្រឹក​ស្អែក ទ្រង់​នឹង​ទៅ​ក្រសាល​ព្រៃ​ ឲ្យ​មហាសេដ្ឋី​ធ្វើ​រទេះ​មួយ​យ៉ាង​ល្អល្អះ ឲ្យ​ឆ្លាក់​ក្បាច់​លាបលន​ឲ្យ​ហើយ ឲ្យ​ទាន់​ក្នុង​ពេល​ព្រឹក​ស្អែក​នេះ បើ​ធ្វើ​ពុំ​ទាន់ នឹង​យក​ទោស​ដល់​ជីវិត»។
រីឯ​មហា​សេដ្ឋី​នោះ​ធ្វើ​ពុំ​ទាន់ ហើយ​ពុំ​ធ្វើ​រទេះ បែរ​ជា​ធ្វើ​មឈូស​ទៅ​វិញ។

ថ្ងៃ​នោះ ជួន​ជា​បុរស​នោះ​ដើរ​ទៅ​ឃើញ​សេដ្ឋី​នោះ កំពុង​តែ​ធ្វើ​បុណ្យ​ក៏​សួរ​ថា «ចុះ​លោក​មាន​ការ​អ្វី បាន​ជា​ធ្វើ​បុណ្យ​មាន​ក្ដារ​មឈូស​ផង​ដូច្នោះ?»។
គេ​ប្រាប់​ថា «ស្ដេច​ឲ្យ​ធ្វើ​រទេះ​មួយលាបលន​យ៉ាង​ល្អ ឲ្យ​ទាន់​ព្រឹក​នេះ ស្ដេច​ក្រសាល​ព្រៃ បើ​ធ្វើ​ពុំ​ទាន់​ស្ដេច​នឹង​យក​ទោស​ដល់​ជីវិត ឥឡូវ​នេះ​មហាសេដ្ឋី​ធ្វើ​ពុំ​ទាន់​ ដឹង​ខ្លួន​ថា​ស្លាប់ បាន​ជា​ធ្វើ​មឈូស​ធ្វើ​បុណ្យ​វិញ»។

បុរស​នោះ​ឆ្លើយ​ថា «ក្រអី​ប៉ុណ្ណឹង ឲ្យ​តែ​បាយ​ខ្ញុំ​ស៊ី​ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ៗទាន់​ព្រឹក​នេះ»។
មហា​សេដ្ឋី​បាន​ឮ​ដូច្នោះ​អរ​ណាស់ ហើយ​ក៏​ឲ្យ​រៀប​បាយ​ទឹក​ស៊ី​ឆ្អែត រួច​ប្រគល់​ឈើ​ឲ្យ​ធ្វើ​រទេះ។
បុរស​នោះ​ក៏​ធ្វើ​តែ​នឹង​កាំបិត១​ដែល​យក​ពី​ក្រោម​បាត​ឃ្លាំង​មក​នោះបាន​រួច​ស្រេច​ក្នុង​យប់​នោះ ហើយ​លាបលន​យ៉ាង​ល្អ ព្រឹក​ឡើង​ក៏​អូស​រទេះ​ទៅ​ថ្វាយ​ស្ដេច​ៗ​ទ្រង់​ទត​ឃើញ ទ្រង់​ឲ្យ​រៀប​ប្រដាប់​ប្រដា​ទៅ​ក្រសាល​ព្រៃ។
ឯ​មហាសេដ្ឋី​លុះ​រួច​ពី​ស្លាប់​ហើយ ក៏​នឹក​ក្នុង​ចិត្ត​ថា «អ្នក​នេះ​មាន​គុណ​ធ្ងន់​ណាស់ ឥឡូវ​នេះ​នឹង​រក​អ្វី​សង​ឲ្យ​ស្មើ​គ្មាន មាន​តែ​កូន​ក្រមុំ១ ល្មម​ឲ្យ​មាន​ប្ដី ដូច្នោះ​មាន​តែ​អញ​ការ​ឲ្យ​អ្នក​នោះ» គិត​ហើយ​ក៏​ហៅ​មក​ការ​ឲ្យ​ទៅ។ លុះ​ការ​រួច​ហើយ​ក្នុង​យប់​នោះ ពេល​ផ្សំ​ដំណេក បុរស​នោះគិត​ល្បង​ចិត្ត​ប្រពន្ធ ហើយ​ធ្វើ​ជា​ផឹក​ស្រា​ស្រវឹង​ដេក​ទៅ លុះ​យប់​យូរ​បន្តិច​ក៏​ធ្វើ​ជា​ក្អួត​ប្រឡាក់​ប្រពន្ធ​អស់។
កូន​សេដ្ឋី​ឃើញ​កម្អួត​ប្ដី​ប្រឡាក់​ខ្លួន​ដូច្នោះ ក៏​ស្រែក​ឡើង​ក្នុង​យប់​នោះ​ថា «លោក​ឪពុក​រក​ប្ដី​ឲ្យ​ខ្ញុំ​ជា​មនុស្ស​ប្រមឹក ក្អួត​ប្រឡាក់​ខ្ញុំ​អស់​ហើយ ខ្ញុំ​ទ្រាំ​មិន​បាន​ទេ»។
មហាសេដ្ឋី​ឮ​កូន​ស្រែក​ដូច្នោះ ក៏​ឃាត់​ថា «កូន​ដេក​ទៅ កុំ​និយាយ ត្បិត​ប្ដី​កំពុង​ស្រវឹង ហើយ​គេ​មាន​គុណ​ផង» ឃាត់​ដូចម្ដេច ក៏​កូន​ស្រី​មិន​ស្ដាប់​ ហើយ​វា​ចេះ​តែ​រអ៊ូ​ថា «បើ​ឲ្យ​ទៅ​ឆ្កែ​ឆ្មា​ទ្រាំ​បាន ឯ​មនុស្ស​ប្រមឹក ​ខ្ញុំ​ទ្រាំ​មិន​បាន​ទេ»។

លុះ​ព្រឹក​ឡើង បុរស​នោះ​រលឹក​ពី​ដេក ក៏​ចូល​ទៅ​រក​សេដ្ឋី​ប្រគល់​កូន​ឲ្យ​វិញ ប្រាប់​ថា «មិន​ព្រម​យក​ទេ» ហើយ​ថា មិន​បាន​ពាល់​ដៃ​ជើង​ឡើយ។
មហាសេដ្ឋី​ឃាត់​សុំ​ទោស​ឲ្យ​កូន​យ៉ាង​ណា ក៏​បុរស​នោះ​ពុំ​ព្រម​នៅ ពុំ​ព្រម​យក ហើយ​លា​មហាសេដ្ឋី​យក​តែ​កាំបិត​ដើរ​ទៅ​ទៀត។
លុះ​ស្ដេច​យាង​មក​ពី​ព្រៃ ទ្រង់​ឲ្យ​ទៅ​រក​ជាង​ដែល​ធ្វើ​រទេះ​នោះ​ពុំ​ឃើញ​ទ្រង់​ស្ដាយ​ណាស់ ទ្រង់​ឲ្យ​អស់​នាហ្មឺន​ចាត់​សំបុត្រ​រក​គ្រប់​ខេត្ត ក៏​ពុំ​ឃើញ​ហើយ​ទ្រង់​ស្ងៀម​ទៅ។

បុរស​នោះ លា​សេដ្ឋី​ដើរ​ទៅ​ឆ្ងាយ ក៏​បាន​ទៅ​ដល់​នគរ​មួយ​ដទៃ​ទៀត។
ស្ដេច​នគរ​នោះ​ ទ្រង់​ឲ្យ​នាហ្មឺន​ម្នាក់ៗ​ទៅ​ដេក​វេន ចាំ​យាម​នៅ​ចុង​ព្រះរាជ​រោង​រាល់​យប់។
ស្ដេច​ទ្រង់​ចេញ​កាប់​តែ​រាល់​យប់ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ទ្រង់​បង្គាប់​មក​នោះ​ស្លាប់​អស់​ជា​ច្រើន។
នៅ​ថ្ងៃ​ដែល​បុរស​នោះទៅ​ដល់​ ជួន​ត្រូវ​លើ​វេន​ចៅហ៊្វាទៅ​ដេក​ថ្វាយ​ស្ដេច​កាប់​ ចៅហ៊្វា​នោះក៏​ធ្វើ​បុណ្យ​ទាន​ក្នុង​ថ្ងៃ​នោះ។
បុរស​នោះ​ទៅ​ដល់​សួរ​គេ​ថា «លោក​មាន​ការ​អ្វី​បាន​ជា​ធ្វើ​បុណ្យ​ទាន ហើយ​ហេតុ​ដូចម្ដេច ក៏​បាន​ជា​កូន​ប្រពន្ធ​លោក​យំ​រាល់​គ្នា​ដូច្នេះ»។
គេ​ប្រាប់​ថា​ លោក លោក​ត្រូវ​ទៅ​ដេក​វេនថ្វាយ​ស្ដេច​កាប់​ក្នុង​ពេល​ល្ងាច​នេះ បាន​ជា​លោក​ធ្វើ​បុណ្យ​មុន​ស្លាប់»។
បុរស​នោះ​ថា «ឲ្យ​តែ​បាយ​ខ្ញុំ​ស៊ី​ចុះ ខ្ញុំ​ទៅ​ដេក​ថ្វាយ​ស្ដេច​កាប់​ជួស»។
គេ​ឮ​ដូច្នោះ ក៏​ទៅ​ជម្រាប​ចៅហ៊្វា​ឲ្យ​ហៅ​បុរស​នោះ​ទៅ ហើយ​ឲ្យ​រៀប​បាយ​ទឹក​ឲ្យ​ស៊ី។
រួច​ហើយ​សួរ​ថា «បើ​អ្នក​ទៅ​ដេក​វេន​ថ្វាយ​ស្ដេច​ជួស​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​ឲ្យ​អ្នក»។
បុរស​នោះ​ក៏​ទទួល​ទៅ​ដេក​ជួស​ ហើយ​សុំ​គ្រឿង​ប្រដាប់​ដែល​ចៅ​ហ្វា​នោះ​ពាក់ យក​មក​ពាក់រួច​ហើយ​ ក៏​លី​កាំបិត​បន្ទោះ​ចូល​ទៅ​ដេក​នៅ​ចុង​ព្រះរាជ​រោង​ចាំ​ស្ដេច​ចេញ​កាប់។
លុះ​ទៅ​ដល់​ចុង​ព្រះរាជ​រោង បុរស​នោះ​ពុំ​ដេក​ឡើយ​ចាំ​មើល​ស្ដេច ពេល​យប់​ជ្រៅ​ស្ងាត់ ស្ដេច​ទ្រង់​បើក​ទ្វារ​ចេញ​មក​ទ្រង់​កាន់​ព្រះ​ខ័ន យាង​ចូល​មក​នឹង​កាប់​បុរស​នោះ ឃើញ​ស្ដេច​យាង​ចូល​មក​ជិត ក៏​ស្ទុះ​ចូល​ទៅ​ចាប់​ស្ដេច​នោះ​ជាប់ ហើយ​ក៏​ចាក់​នឹង​កាំបិត​បន្ទោះ​បង្ខុស​ពីរ​បី​ដង។
ហើយ​សួរ​ថា «នរណា​ចូល​មក​ទាំង​យប់​នោះ? ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​យាម​ក្នុង​យប់​នេះ? ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​យាម​ក្នុង​យប់​នេះ» ថា​ហើយ ក៏​ចាក់​បង្ខុស​ទៀត។
ស្ដេច​ទ្រង់​មាន​ព្រះបន្ទូល​ថា «ទេ​​ អញ​ទេ»។
«នរណា​?»
»អញ​ទេ​ៗ ! អញ​ជា​ស្ដេច»។
«ស្ដេច​អី​មក​ពេល​នេះ អញ​មិន​ដឹង​ទេ! ត្បិត​ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​រាជ​រោង​យប់​នេះ»។
សួរ​ដេញ​ដោល​ដូច្នោះ​ហើយ បុរស​ក៏​លុត​ជង្គង់​ថ្វាយ​បង្គំ​ស្ដេច ​សូមទោស។
ស្ដេច​ត្រាស់​សួរ​ថា «ចៅ​នៅ​ឯណា!»។
បុរស​នោះ​ថា «ខ្ញុំ​នៅ​ផ្ទះ​ចៅហ៊្វា» ។
ស្ដេច​ទ្រង់​ជ្រាប ទ្រង់​ញញឹម​ ហើយ​ទ្រង់​ចូល​ទៅ​វិញ។

លុះ​ព្រឹក​ឡើង បុរស​នោះ លី​កាំបិត​ចេញ​ពី​ក្នុង​វាំង​មក​ផ្ទះ​ចៅហ៊្វា។
អ្នក​ផង​​ឃើញ​ហើយ​ឆ្ងល់​ថា «បុរស​នោះ​ទៅ​ដេក​វេន​ថ្វាយ​ស្ដេច​កាប់ ម្ដេច​ក៏​មិន​ស្លាប់​ត្រឡប់​ជា​មក​វិញ»។
ចៅហ៊្វា​សួរ បុរស​នោះ​ក៏​ជម្រាប​តាម​ដំណើរ​សព្វ​គ្រប់​ ហើយ​ជម្រាប​ថែម​ថា «ស្ដេច​សព្វ​ថ្ងៃ​នេះ​មិនមែន​ជា​កាច​ទេ ត្បិត​ទ្រង់​ពិសោធ​រក​មនុស្ស​ប្រាជ្ញ​ចេះ​ដឹង​ក្នុង​នគរ ដើម្បី​រក្សា​ស្ដេច​បាន​ជា​ទ្រង់​ចាត់​មនុស្ស​ឲ្យ​យាម តែ​អ្នក​ដែល​ទៅ​យាម​ចេះ​តែ​ដេក​លក់ ទើប​ស្ដេច​ទ្រង់​កាប់ ចុះ​បើ​សត្រូវ​ចូល​ទៅ​លុកលុយ​ស្ដេច​ ហើយ​យើង​ដេក​លក់​នោះ តើ​នឹង​ជា​យ៉ាង​ណា​ទៅ?»។
បុរស​នោះ​និយាយ​រឿង​ប្រាប់​សព្វគ្រប់ ទើប​ភ្ញាក់​ខ្លួន​គ្រប់គ្នា។

ចៅហ៊្វា​នោះ មាន​កូន​ក្រមុំ​មួយ​ក៏​ឲ្យ​ជា​ប្រពន្ធ​បុរស​នោះ ដោយ​គិត​ថា បុរស​នេះ​មាន​គុណ​ធ្ងន់​ណាស់។
លុះ​ព្រឹក​ឡើង ស្ដេច​ទ្រង់​ឲ្យ​ហៅ​បុរស​នោះ​មក ទ្រង់​ឲ្យ​ធ្វើ​ជា​នាហ្មឺន​ធំ​រក្សា​ព្រះនគរ​បន្ទាប់​ពី​ព្រះអង្គ។

វេលា​ស្ដេច​ទ្រង់​ព្រះ​ជរា​ទៅ ទ្រង់​ពុំ​មាន​ព្រះ​រាជបុត្រ​នឹង​សោយរាជ្យ​ស្នង មាន​តែ​ព្រះ​រាជធីតា​មួយ​អង្គ ក៏​ទ្រង់​ព្រះរាជទាន​ព្រះរាជធីតា និង​រាជ​សម្បត្តិ​ឲ្យ​បុរស​នោះ​សោយរាជ្យ​ជា​ស្ដេច​តទៅ ។

ពាក្យ​ពិត​មិន​ចេះ​ស្លាប់!

គង់ហ៊ាន

កាល​ពីព្រេងនាយ មាន​មនុស្ស​ម្នាក់ ឈ្មោះ​គង់ មាន​ប្រពន្ធ​ពីរ។ មួយ​ឈ្មោះ​អាង​អាំ មួយ​ឈ្មោះ​នាង​គំ។

ថ្ងៃ​មួយ​អ្នក​គង់​នាំ​ប្រពន្ធ​ទាំងពីរ​នាក់​ទៅ​សួរ​បងប្អូន​នៅ​ស្រុក​ឆ្ងាយ។ តាម​ផ្លូវ​ទៅ​ស្រុក​នោះ មាន​ខ្លា​សាហាវ។
អ្នក​គង់​បណ្ដើរ​ប្រពន្ធ​ទាំងពីរ​នាក់ ទៅ​ដល់​ព្រៃ​ធំ​មួយ​ ជិត​ស្រុក​គេ។ ព្រៃ​នោះ​តែង​មាន​ខ្លា​ដេញ​ខាំ​មនុស្ស​ ក្របី​​ គោ ស៊ី​តែ​រឿយៗ។
លុះ​អ្នក​គង់​ទៅ​ដល់​កន្លែង​នោះ ខ្លា​ក៏​ស្ទុះ​ដេញ ស្រែក​សន្ធាប់​ពី​ចម្ងាយ​មក។
អ្នក​គង់​រត់​ចូល​រូង​ឈើ ញ័រ​ដៃ​ញ័រ​ជើង រាគ​នោម​ព្រោះ​ភ័យ​ណាស់។
នាង​អាំ​ និង​នាង​គំ ខំ​ព្រួត​គ្នា​វាយ​ខ្លា​នោះ​ស្លាប់​ទៅ។

ឯ​អ្នក​គង់ ឃើញ​ប្រពន្ធ​វាយ​ខ្លា​ស្លាប់​ហើយ បាន​ស្ទុះ​ម្នីម្នា​ចេញ​ពី​រូង​ឈើ​មក យក​ដំបង​វាយ​ខ្លា​ស្លាប់​ស្រាប់​នោះ​ថែម​ទៀត។
ប្រពន្ធ​ទាំងពីរ​បន្ទោស​ប្ដី​ថា «ខ្លា​គេ​វាយ​ងាប់​ហើយ ធ្វើ​ជា​មក​វាយ​ថែម​ទៀត ប្រុស​អី​កំសាក​ញី​ដូច្នេះ»។
អ្នក​គង់​ជេរ​បំពាន​ទៅ​ប្រពន្ធ​ថា «មិន​ដែល​មាន​ស្រី​ណា​វាយ​ខ្លា​ស្លាប់​ទេ​មាន​តែ​ប្រុស ទើប​ហ៊ាន​វាយ​ខ្លា​ទាល់​តែ​ស្លាប់»។
ហើយ​អ្នក​គង់​ក៏បាន​បោច​វល្លិ​ចង​ខ្លា​នោះ​ នាំ​ប្រពន្ធ​សែង​ចូល​ទៅ​ក្នុង​ស្រុក។
អស់​អ្នក​ស្រុក​ឃើញ​អ្នក​គង់​សែង​ខ្លា​មក គេ​បបួល​គ្នា​ទៅ​មើល​ពាសពេញ ហើយ​គេ​សួរ​ថា «ឯង​ធ្វើ​ដូចម្ដេច​បាន​ជា​បាន​ខ្លា​នេះ ត្បិត​ខ្លា​នេះ​សាហាវ​ណាស់ វា​តែង​តែ​ខាំ​មនុស្ស​ម្នា ​ក្របី​ គោ ស៊ី​ច្រើន​ណាស់​ហើយ»។
ប្រពន្ធ​អ្នក​គង់​ក៏​និយាយ​ប្រាប់​អ្នក​ស្រុក​ថា «អ្នក​គង់​គាត់​ឃើញ​ខ្លា​វា​បោល​មក​ គាត់​រត់​ចូល​ក្នុង​រូង​ឈើ ខ្ញុំ​ពីរ​នាក់​ជា​ស្រីៗ​ព្រួត​គ្នា​វាយ​ខ្លា​ទាល់​តែ​ស្លាប់»។
អ្នក​គង់​ឮ​ប្រពន្ធ​និយាយ​ប្រាប់​គេ​ដូច្នោះ ក៏​បញ្ចោរ​រំលោភ​ទៅ​លើ​ប្រពន្ធ​ថា «មិន​ដែល​មាន​ស្រី​ណា​ខ្លាំង​ពូកែ​ ហ៊ាន​វាយ​ខ្លា​ស្លាប់​ទេ មាន​តែ​ប្រុស​ទើប​ខ្លាំង​ពូកែ ហ៊ាន​វាយ​ខ្លា​ឲ្យ​ស្លាប់​បាន»។
អ្នក​គង់​ក៏​អួត​ប្រាប់​អ្នក​ស្រុក​ថា «កាល​ដែល​ខ្លា​វា​ស្ទុះ​មក​នឹង​ខាំ​ដូច្នេះ ខ្ញុំ​ដាក់​ស្នៀត​គុន​ដូច្នេះ បាន​ជា​វាយ​វា​បាន» ហើយ​អ្នក​គង់​ធ្វើ​ជា​លោត​គុន​វាយ​ខ្លា ឲ្យ​អ្នក​ស្រុក​មើល។
ឯ​អស់​អ្នក​ស្រុក​កោត​ខ្លាច​អ្នក​គង់​រាល់​គ្នា ហើយ​ឲ្យ​ឈ្មោះ​ថា « គង់ហ៊ាន» តាំង​ពី​ថ្ងៃ​នោះ​មក ឮ​ល្បី​ឈ្មោះ​គង់ហ៊ាន ជា​អ្នក​ពូកែ ចេះ​គុន​វាយ​ខ្លា​ស្លាប់។
រឿង​នេះ​ជ្រាប​ដល់​ស្ដេច​ៗក៏​ឲ្យ​យក​ទៅ​ចិញ្ចឹម​ធ្វើ​ជា​សេនា​សម្រាប់​ច្បាំង​សង្គ្រាម។

លុះ​យូរ​បន្តិច​ទៅ ចួន​ជា​មាន​សឹក​គេ​លើក​មក​ច្បាំង​យក​នគរ ស្ដេច​ទ្រង់​ប្រើ​គង់ហ៊ាន​ឲ្យ​ទៅ​ច្បាំង។
គង់ហ៊ានឮ​ស្ដេច​ទ្រង់​ប្រើ​ឲ្យ​ទៅ​ជួយ​ច្បាំង​សឹក​ដូច្នោះ ភ័យ​ណាស់​ពុំ​ដឹង​បើ​គិត​ដូចម្ដេច នឹង​មិន​ទៅ​ច្បាំង​មិន​បាន ត្បិត​ស្ដេច​ទ្រង់​ប្រើ​ហើយ ហើយ​ខ្លួន​បាន​ទាំង​ល្បី​ឈ្មោះ​ជា​អ្នក​ខ្លាំង​ពូកែ​ផង ត្រឡប់​មក​វិញ ដេក​សន្ធឹក​សន្ធៃ​អត់​បាយ។
ប្រពន្ធ​ទាំងពីរ​នាក់​ចូល​ទៅ​សួរ​ថា ម្ដេច​បាន​ជា​អ្នក​ដេក​អត់​បាយ​ដូច្នេះ មាន​បើ​ហេតុភេទ​អ្វី ប្រការ​ដូចម្ដេច ?។
គង់​ហ៊ាន​ប្រាប់​ថា ត្បិត​ស្ដេច​ទ្រង់​ប្រើ​បង​ឲ្យ​ទៅ​ច្បាំង​សឹក ឥឡូវ​នេះ បង​ខ្លាច​សឹក​នោះ​ណាស់ មិន​ដឹង​បើ​គិត​ដូចម្ដេច​ទេ ប្រពន្ធ​ឆ្លើយ​ឡើង​ថា អ្នក​កុំ​ព្រួយ​ចិត្ត​ធានា​លើ​ខ្ញុំ​ទាំងអស់ អ្នក​ក្រោក​ឡើង​ ពិសា​បាយ​ឲ្យ​ឆ្អែត ងូត​ទឹក​ឲ្យ​ស្រួល​ខ្លួន​ចុះ។
គង់ហ៊ាន​ឮ​ប្រពន្ធ​លួងលោម​ដូច្នោះ បាន​ធូរ​ក្នុង​ចិត្ត ក្រោក​ឡើង​ងូត​ទឹក ស៊ី​បាយ រៀប​គ្រឿង​ប្រដាប់​ទៅ​ច្បាំង។ លុះ​រៀប​រួច​ហើយ​ដល់​បាន​ពេលា​ល្អ ក៏​ចូល​ទៅ​ក្រាប​បង្គំ​លា​ស្ដេច​ចេញ​ទៅ​ច្បាំង យក​ទាំង​ប្រពន្ធ​ទៅ​ផង។

គង់ហ៊ាន​ជិះ​ខាង​ក្បាល​ដំរី ប្រពន្ធ​ជិះ​ខាង​ក្រោយ មាន​រេហ៍ពល​ហែហម​អម​មុខ​ក្រោយ​ជា​ក្បួន​ទ័ព​ត្រៀបត្រា​ពាសពេញ លុះ​ជិះ​ទៅ​ជិត​ខ្មាំង​សត្រូវ​មើល​ឃើញ​ច្បាស់​ប្រាកដ គង់ហ៊ាន​ភ័យ​ណាស់​ លេច​អាចម៍​លេច​នោម​ញ័រ​ដៃ​ជើង​ដូច​គេ​អង្រួន​ក្បាល​ដំរី។
ឯ​ដំរី​គិត​ស្មាន​ថា​ គេ​អង្រួន​ឲ្យ​ខ្លួន​បោល​ចូល​ក៏​ចេះ​តែ​បោល​សម្រុក​ចូល​ទៅមុន​រេហ៍ពល​ទាំងអស់​គ្មាន​នរណា​តាម​ទាន់។

ឯ​ខ្មាំង​សត្រូវ​ឃើញ​គង់ហ៊ាន​បំបោល​ដំរី​ចូល​ដូច្នោះ គិត​ស្មាន​ថា​ មេទ័ព​នេះ​ពូកែ​ណាស់​ ក៏​បាក់​ទ័ព​ចាញ់ រត់​យក​តែ​ព្រះ​អាយុ​ដោយ​ខ្លួន​ទៅ។
គង់ហ៊ាន​ឃើញ​ខ្មាំង​រត់​ទៅ​អស់​ក៏​ធ្វើ​ជា​អួត​ក្អេងក្អាង​ឲ្យ​អស់​នាហ្មឺន​ និង​រេហ៍ពល​កោត​ខ្លាច។
អស់​នាហ្មឺន​ឃើញ​គង់ហ៊ាន​លេច​អាចម៍​ដាក់​ក្បាល​ដំរី ស្អុយ​ពាសពេញ​ដូច្នេះ​ គេ​សួរ​ថា «លោក​មេទ័ព ថ្វី​ក៏​លេច​លាមក​ដូច្នេះ?»។
គង់ហ៊ាន​ឆ្លើយ​ឡើង​ថា «បើ​កំពុង​តែ​ច្បាំង​នឹង​សត្រូវ​ហើយ​ឈឺ​ផ្ទៃ និង​ចុះ​ទៅ​ដោះ​ទុក្ខ​សត្វ​ឯណា​បាន មាន​តែ​ដោះ​ទុក្ខ​សត្វ​លើ​ក្បាល​ដំរី​ដូច្នេះ​ឯង បើ​រវល់​តែ​ដោះ​ទុក្ខ​សត្វ ខ្មាំង​វា​មិន​កាប់​ស្លាប់​ឥត​អំពើ​ទៅ​ហើយ​ឬ?»

អស់​នាហ្មឺន​ និង​រេហ៍ពល​ ឮ​គង់ហ៊ាន​និយាយ​ដូច្នោះ អ្នក​ខ្លះ​មាន​ប្រាជ្ញា​ គេ​ដឹង​ថា​គង់ហ៊ាន​ខ្លាច អ្នក​ខ្លះ​មិន​សូវ​មាន​ប្រាជ្ញា ក៏​កោត​ខ្លាច​គង់ហ៊ាន​ណាស់។
ឯ​គង់ហ៊ាន​បាន​ឈ្នះ​ទ័ព ត្រឡប់​ចូល​មក​ក្នុង​នគរ​វិញ​ ហើយ​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​ស្ដេច។

ស្ដេច​ទ្រង់​ជ្រាបថា គង់ហ៊ាន​ទៅ​ច្បាំង​ឈ្នះ ដេញ​ខ្មាំង​រត់​ខ្ចាត់ខ្ចាយ​អស់​ទៅ ទ្រង់​ត្រេកអរ​ណាស់ ទ្រង់​ព្រះរាជទាន​យស​សក្ដិ​ជា​នាហ្មឺន​ធំ ហើយ​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​គ្រឿង​បណ្ណាការ​ជា​ច្រើន។

តាំង​អំពី​ថ្ងៃ​នោះ​មក គង់ហ៊ានរឹត​តែ​អួត​ខ្លាំង​ពូកែ​ក្អេងក្អាង​ឡើង​ទៀត។
លុះ​ក្រោយ​មក​ទៀត​ មាន​ក្រពើ​សាហាវ​មួយ ចេះ​តែ​ដេញ​ខាំ​អស់​មនុស្ស​ម្នា អ្នក​ឈ្មួញ​ជួញ​លក់ដូរ ដើរ​រកស៊ី​ខាង​ជើង​ទឹក​ជើង​កំពង់ គេ​ខ្លាច​រអា​គ្រប់​គ្នា​ មិន​មាន​អ្នក​ណា​ហ៊ាន​ចុះ​មុជ​ទឹក ឬ​ដើរទូក​សោះ។
អស់​រាស្ត្រ​លំបាក​ចិត្ត​ណាស់។
រឿង​នោះ​ក៏​ជ្រាប​ទៅ​ដល់​ស្ដេច​ៗទ្រង់​ត្រាស់​ប្រើ​ឲ្យ​គង់ហ៊ាន​ទៅ​ចាប់​ក្រពើ។
ឯ​គង់ហ៊ាន​ឮ​ព្រះ​បន្ទូល​ដូច្នោះ​នឹក​ភ័យ​ណាស់ ប៉ុន្តែ​មិន​ហ៊ាន​ទទឹង​ព្រះ​បន្ទូល ក៏​ទទួល​ថា នឹង​យក​អាសា​សូម​ទ្រង់​កុំ​ព្រួយ​ព្រះរាជហឫទ័យ។
គង់ហ៊ាន​ត្រឡប់​មក​ដល់​ផ្ទះ​និយាយ​នឹង​ប្រពន្ធ​ថា «គេហ៍​អើយ ! ឥឡូវ​នេះ​ស្ដេច​ទ្រង់​ប្រើ​យើង​ឲ្យ​ទៅ​ចាប់​ក្រពើ​ក្នុង​ទន្លេ ត្បិត​ក្រពើ​សាហាវ​ណាស់ ម្ដង​នេះ​ឃើញ​ថា​មិន​រួច​ខ្លួន​ទេ មុខ​ជា​ក្រពើ​ខាំ​ស្លាប់​មិន​ខាន ពី​មុន​នៅ​លើ​គោក​គ្រាន់​នឹង​មើល​ទៅ​ឃើញ ឥឡូវ​នេះ​នៅ​ក្នុង​ទឹក ធ្វើ​ដូចម្ដេច​នឹង​គេច​រួច? ប៉ុន្តែ​ស្ដេច​ទ្រង់​ប្រើ​ហើយ​នឹង​មិន​ទៅ​ក៏​មិន​បាន បើ​ដូច្នេះ​មាន​តែ​ទៅ​លោត​ទឹក​ឲ្យ​ក្រពើ​ខាំ​ស្លាប់​តែ​ម្ដង​ទៅ»។
គង់ហ៊ាន​គិត​គ្នា​នឹង​ប្រពន្ធ​ដូច្នោះ​ហើយ ក៏​ហៅ​អស់​កូន​ក្មួយ​មក​ធ្វើ​ជា​ទៅ​ចាប់​ក្រពើ។
អស់​មនុស្ស​ម្នា មហាជន បាន​ឮ​ថា​គង់ហ៊ាន​បាន​ទៅ​ចាប់​ក្រពើ ក៏​បបួល​គ្នា​ទៅ​មើល​ពាសពេញ។
លុះ​គង់ហ៊ាន​ទៅ​ដល់​កំពង់​ទឹក បាន​ឃើញ​ក្រពើ​ហែល​មក​ប្រប​ច្រាំង​ ត្រង់​ទី​ដែល​មាន​ដើម​ឈើ​ពីរ​ដើម​ដុះ​ជិត​គ្នា មាន​ប្រគាប គាត់​ក៏​ស្ទុះ​លោត​ចុះ​ទៅ​ក្នុង​ទឹក​ត្រង់​ទីនោះ ដោយ​គិត​ថា លោត​ទៅ​ឲ្យ​ក្រពើ​វា​ខាំ​ឲ្យ​ស្លាប់​ទៅ​ទេ ប៉ុន្តែ​ក្រពើ​វា​ឮ​សូរ​សន្ធឹក​គង់ហ៊ាន​លោត​ចុះ​ក៏​ភ្ញាក់​ព្រើត ប្រឹង​លោត​ឡើង​ដូច​គេ​ប្រហក​ក្នុង​ប្រគាប​ឈើ ជាប់​ពាក់​កណ្ដាល​ខ្លួន​រុញ​ទៅ​មុខ​ ក៏​មិន​រួច ថយ​មក​ក្រោយ​ក៏​មិន​រួច។
គង់ហ៊ាន​មុជ​ទៅ​ក្នុង​ទឹក​ងើប​ឡើង​ឃើញ​ក្រពើ​ជាប់​នឹង​ដើម​ឈើ​ដូច្នោះ​ ស្រែក​បង្គាប់​កូន​ក្មួយ ឲ្យ​យក​លំពែង​មក​ចាក់ កាប់​ក្រពើ​នោះ​ស្លាប់​ទៅ។
ឯ​អ្នក​ដែល​មើល​ទាំង​ប៉ុន្មាន គេ​គិត​ស្មាន​ថា​ គង់ហ៊ាន ​ចាប់​ក្រពើ​បោះ​មក​ឲ្យ​ជាប់​នឹង​ដើម​ឈើ ក៏​កោត​ខ្លាច​គង់ហ៊ាន​ក្រៃពេក។

គង់ហ៊ាន បាន​ឃើញ​ក្រពើ​ស្លាប់​ដូច្នោះ​ ក៏​រឹត​តែ​ក្អេងក្អាង​ អួត​ខ្លាំង​ពូកែ​ឡើង​ទៀត​ ហើយ​ចូល​ទៅ​ក្រាប​ទូល​ស្ដេច តាម​ខ្លួន​បាន​ចាប់​ក្រពើ​ចោល​ឡើង​មក​លើ​គោក។ ស្ដេច​ក៏​ទ្រង់​សព្វ​ព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​យស​សក្ខី​ឲ្យ​គង់ហ៊ាន​ឡើង​ជា​ធំ​លើស​ពី​មុន​ទៀត​ ហើយ​ទ្រង់​ព្រះរាជទាន​ទាំង​អំណាច​ទាំង​រង្វាន់​ជា​ច្រើន។

សំណាប​យោង​ដី​ ស្រី​យោង​ប្រុស!

ពស់​កេងកង

កាល​ពីព្រេងនាយ នៅ​លើ​ដី​យើង​នេះ គ្រប់​ស្រុក​ទាំងអស់​មិន​មាន​ពស់​ពិស និង​ពស់​ឥត​មាន​ពិស​ទេ មាន​តែ​ពស់​កេងកង ។

មាន​និទាន​ថា៖ កាល​ដើម​ឡើយ​ មាន​មនុស្ស ២ នាក់​ប្ដី​ប្រពន្ធ។
ប្រពន្ធ​ឈ្មោះ​នាង​នី​ មាន​កូន​ស្រី​មួយ​ឈ្មោះ​នាង​អេត។
ប្ដី​នោះ​ទៅ​ជួញ​អង្កាំ បាត់​ជា​យូរ​អង្វែង។
ថ្ងៃ​មួយ​អស់​បងប្អូន​ជិត​ខាង គេ​បបួល​គ្នា​ទៅ​រក​ឧស។
ឯ​នាង​នី​ឮ​គេ​ថា​បបួល​គ្នា​ក៏​ទៅ​ជាមួយ​នឹង​គេ​ដែរ យក​នាង​អេត​ជា​កូន​ទៅ​ផង លី​ដឹង​ចូល​ព្រៃ​បាន​ឃើញ​ឧស​មួយ​ធំ។
នាង​នី​យក​ដឹង​ពុះ​ឧស លុះ​ពុះ​យូរ​បន្តិច​ទៅ​ដឹង​ក៏​រង្គោះ​ធ្លាក់​ទៅ​ក្នុង​រន្ធ​ពស់។
នាង​នី​មើល​ទៅ​ឃើញ​ដឹង និង​ពស់​កេងកង ក៏​និយាយ​នឹង​ពស់​នោះ​ឲ្យ​ហុច​ដឹង​ឲ្យ។
ឯ​ពស់​កេងកង​ឆ្លើយ​ឡើង​ថា «អើ ! បើ​នាង​ឯង​ដោយ​អញ ធ្វើ​ប្រពន្ធ​អញ​ទើប​អញ​ឲ្យ​ដឹង បើ​នាង​ឯង​មិន​ដោយ​អញ មិន​ធ្វើ​ជា​ប្រពន្ធ​អញ​ទេ​នោះ អញ​មិន​ឲ្យ​ដឹង​ទេ»។
នាង​នី​ឮ​ពស់​កេងកង​ថា​ដូច្នោះ​ហើយ ហេតុ​តែ​ជា​ស្រី​ខូច ក៏​ទទួល​ព្រម​ថា អើ ! លែង​តែ​អ្នក​ឲ្យ​ដឹង​មក​ខ្ញុំ​ចុះ ចាំ​ល្ងាច សឹម​ខ្ញុំ​ឲ្យ​មេ​អេត​មក​ហៅ»។
ពស់​កេងកង​ឮ​នាង​នី​ថា​ដូច្នោះ​ក៏​ឲ្យ​ដឹង​មក។
នាង​នី​ផ្ដាំ​ថា «ដល់​ល្ងាច សឹម​ឲ្យ​មេ​អេត​មក​ហៅ» ហើយ​នាង​នី​ក៏​ទូល​ឧស​ទៅ​ផ្ទះ​ជា​មួយ​នឹង​នាង​អេត។
លុះ​ដល់​ព្រលប់​នាង​នី ក៏​ប្រើ​មេ​អេត​ជា​កូន​ឲ្យ​ទៅ​ហៅ​ពស់​កេងកង។

នាង​អេត​ទៅ​ដល់​ឈរ​នៅ​មាត់​រន្ធ​ពស់ ហៅ​ថា «ពស់​កេងកង​អើយ​ នាង​នី​ឲ្យ​ហៅ ! » ។
ឯ​ពស់​កេងកង​ឮ​ហើយ​លូន​ចេញ​មក។
នាង​អេត​ឃើញ​ពស់​ក៏​ភ័យ​ខ្លាច​ព្រឺ​ស្ញើប​អស់​ទាំង​ខ្លួន ប៉ុន្តែ​ខ្លាច​ម្ដាយ​ព្រោះ​ម្ដាយ​ប្រើ​មក ក៏​ខំ​សង្កត់​ចិត្ត​នាំ​ពស់​ទៅ​ផ្ទះ។
ពស់​នោះ​ធំ​ណាស់ លូន​ទៅ​លើ​ស្មៅ​បាក់​រាប​អស់ ដល់​ផ្ទះ​ហើយ​ក៏​ឡើង​ទៅ​ដេក​ជា​មួយ​នឹង​នាង​នី។
នាង​នី​និយាយ​នឹង​ពស់​កេងកង​ថា «ខ្ញុំ​មាន​ប្ដី​ ឥឡូវ​នេះ​គាត់​ទៅ​ជួញ​អង្កាំ​ពីរ បី​ឆ្នាំ​មក​ម្ដងៗ »។
ពស់​កេងកង​សួរ​ថា «ប្ដី​នាង​ឯង​ទៅ​ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​ខែ ទៀត​នឹង​មក​ដល់?»
នាង​នី​ឆ្លើយថា «មិន​ដឹង​ជា​ប៉ុន្មាន​ខែ ប៉ុន្មាន​ថ្ងៃ​ទៀត នឹង​មក​ដល់​ទេ»
ពស់​កេងកង​ និង​នាង​នី ក៏​ដេក​លក់​ជា​មួយ​គ្នា​ទៅ ដល់​ជិត​ភ្លឺ​ទើប​ពស់​កេងកង​លា​នាង​នី​ទៅ​រូង​វិញ។
នាង​នី​ផ្ដាំ​ថា «បើ​ប្ដី​ខ្ញុំ​មក ខ្ញុំ​មិន​ឲ្យ​មេ​អេត​ទៅ​ហៅ​ទេ អ្នក​កុំ​មក បើ​ប្ដី​ខ្ញុំ​មិន​ទាន់​មក​នោះខ្ញុំ​ប្រើ​មេ​អេត​ឲ្យ​ទៅ​ហៅ​អ្នក សឹម​អ្នក​មក»។
ពស់​កេងកង​ក៏​ទៅ​ឯ​រូង​ខ្លួន​វិញ​ទៅ។
រាល់​តែ​ល្ងាច​នាង​នី​ប្រើ​មេ​អេត​ឲ្យ​ទៅ​ហៅ​ពស់​កេងកង។
នាង​អេត​ខ្លាច​ម្ដាយ​ក៏​ទៅ​ហៅ​តាម​ពាក្យ​ម្ដាយ​ប្រើ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្លាច​ពស់​នោះ​ណាស់ ត្បិត​ពស់​នោះ​ធំ​ណាស់ ហើយ​វែង​ផង។
មួយ​ទៀត ខឹង​ក្នុង​ចិត្ត ត្បិត​ម្ដាយ​សហាយ​នឹង​ពស់។

នាង​អេត​ទៅ​ដល់​មាត់​រូង​ហើយ​ហៅ​ថា «ពស់​កេងកង​អើយ នាង​នី​ឲ្យ​ហៅ»
ពស់​កេងកង​ឮ​ក៏​លូន​ចេញ​មក​ហើយ​ឆ្លើយ​ថា «អេត​អើយ! ថា​អញ​មិន​ទៅ ​ឪពុក​អេត​នៅ​កាត់​ក្បាល​អញ​ដាច់»
នាង​អេត​ឆ្លើយ​ថា «ឪពុក​អញ​ទៅ​ជួញ​អង្កាំ ពីរ បី​ឆ្នាំ​មិន​ទាន់​មក​ដល់»។
ពស់​កេងកង​ឮ​នាង​អេត​ប្រាប់​ដូច្នោះ ក៏​លូន​ចេញ​អំពី​រន្ធ​មក ហើយ​ចេះ​តែ​ទៅ​មក​ៗ​តែ​សព្វ​ថ្ងៃ។
នាង​នី​សហាយ​នឹង​ពស់​កេងកង​ទាល់​តែ​ផើម។
លុះ​យូរ​បន្តិច​ទៅ​ប្ដី​នាង​នី​មក​ពី​ជួញ​អង្កាំ​វិញ ឃើញ​នាង​នី​ពោះ​ធំ ​នឹក​សង្ស័យ ក៏​សួរ​នាង​អេត​ជា​កូន។
នាង​អេត​ប្រាប់​ឪពុក​ថា «ម៉ែ​គាត់​សហាយ​នឹង​ពស់​កេងកង តែ​វេលា​ព្រលប់​កាលណា​ឲ្យ​ខ្ញុំ​ទៅ​ហៅ​តែ​សព្វ​ថ្ងៃ»។
ឪពុក​ឮ​នាង​អេត​ប្រាប់​ដូច្នោះ​ក៏​និយាយ​នឹង​នាង​អេត​ថា «ដល់​ល្ងាច​ហង​ឯង​ទៅ​ហៅ​ពស់​នោះ​ទៀត អញ​ចាំ​កាប់​វា​នៅ​មាត់​ទ្វារ ហើយ​ហង​ឯង​កុំ​ឲ្យ​ម្ដាយ​ហង​ឯង​ដឹង»។

ឯ​នាង​អេត​លុះ​ដល់​ព្រលប់​ក៏​ទៅ​ហៅ​ពស់​កេងកង​ថា «ពស់​កេងកង​ៗ! នាង​នី​ឲ្យ​ហៅ»។
ពស់​កេងកង​ឮ​ហើយ​ឆ្លើយ​ថា «អេត​អេត​អើយ ! ថា​អញ​មិន​ទៅ ឪពុក​អេត​នៅ​ កាត់​ក​អញ​ដាច់»។
នាង​អេត​ឆ្លើយ​ថា «ឪពុក​អញ​ទៅ​ជួញ​អង្កាំ​ពីរ បី​ឆ្នាំ​ មិន​ទាន់​មក​ដល់»។
ពស់​កេងកង​ឮ​នាង​អេត​ប្រាប់​ដូច្នោះ​ស្មាន​ថា ឪពុក​នាង​មិន​ទាន់​មក​ពី​ជួញ​អង្កាំ​មែន ក៏​ទៅ​ដូច​សព្វ​ថ្ងៃ។
ឯ​ឪពុក​នាង​អេត​កាន់​ដាវ​ពួន​នៅ​មាត់​ទ្វារ​ចាំ​កាប់។
ពស់​កេងកង​លូន​ចូល​ក្នុង​ទ្វារ​បន្តិច​ ឪពុក​នាង​អេត​កាត់​ក​ដាច់​ ហើយ​កាត់​មួយ​កំណាត់​ខាង​កន្ទុយ​យក​ទៅ​ដាក់​លើ​ស្កាក មួយ​កំណាត់​ខាង​ក្បាល​យក​ទៅ​ដាក់​លើ​មែក​ពុទ្រា ឯ​កណ្ដាល​ខ្លួន​យក​ទៅ​ពន្លះ​ពន្លាត់​ស្បែក​ចោល ហើយ​ផ្ដាំ​នាង​អេត​ថា «កុំ​ឲ្យ​ម្ដាយ​ហង​ឯង​ដឹង តែ​ត្រូវ​ទុក​សាច់​ស្ល​ឲ្យ​ម្ដាយ​ហង​ឯង​ស៊ី»។
ឪពុក​នាង​អេត​ក៏​លាង​ឈាម​ពស់​ជ្រះ​អស់​មិន​ឲ្យ​មាន​សល់។
ឯ​នាង​នី​ពុំ​បាន​ដឹងជា ប្ដី​កាប់​ពស់​សហាយ​ស្លាប់​ទេ ព្រោះ​ពេល​នោះ​នាង​នី​មិន​នៅ ទៅ​សួរ​បងប្អូន​នៅ​ផ្ទះ​ឆ្ងាយ។

លុះ​ព្រឹក​ឡើង​នាង​អេត​យក​សាច់​ពស់​មក​ស្ល​ទុក​ឲ្យ​នាង​នី​ជា​ម្ដាយ​ស៊ី។
នាង​នី​ឃើញ​សម្ល​ខ្លាញ់​រលើប​ទាំង​ចាន​ទាំង​ឆ្នាំង ក៏​សួរ​នាង​អេត​ថា «បាន​សាច់​អ្វី​ស្ល​មី​អេត !» ។
នាង​អេត​ប្រាប់​ថា «សាច់​ជ្រូក»។
នាង​នី​គិត​ស្មាន​ថា​ សាច់​ជ្រូក​មែន ក៏​ឲ្យ​មី​អេត​ដួស​សម្ល​យក​មក​ស៊ី​បាយ។
កាល​នាង​អេត​ដួស​សម្ល​មក​ឲ្យ​នាង​នី​ជា​ម្ដាយ​ស៊ី​នោះ មាន​ក្អែក​មួយ​វា​ឃើញ​ក្បាល​ពស់​ដាក់​លើ​មែក​ពុទ្រា វា​ចង់​ស៊ី​សាច់​ពស់ វា​បូល​ថា «កឡូវៗ​ក្លេមក្លម​លេប​សាច់​ប្ដី​ឯង»។
នាង​នី​កំពុង​ស៊ី​បាយ​ ឮ​ក្អែក​បូល​ដូច្នោះ ក៏​មើល​ទៅ​លើ​មែក​ពុទ្រា​ឃើញ​ក្បាល​ពស់​កេងកង​លើ​មែក​ឈើ ហើយ​នាង​នី​នឹក​អាណិត​ស្រក់​ទឹក​ភ្នែក តែ​នាង​ពុំ​ហ៊ាន​យំ​​ព្រោះ​ខ្លាច​ប្ដី​ដែល​អង្គុយ​ស៊ី​បាយ​ជា​មួយ​គ្នា។
ប្ដី​ឃើញ​នាង​នី​ស្រក់​ទឹក​ភ្នែក​ក៏​សួរ​ថា «ហេតុ​ដូចម្ដេច​បាន​ជា​ស្រក់​ទឹក​ភ្នែក?»។
នាង​នី​ឆ្លើយ​ថា «ស៊ី​បាយ​ក្ដៅ សម្ល​ក្ដៅ​ រឭក​កូនចៅ រលោង​ទឹក​ភ្នែក»។
ឯ​ក្អែក​នោះ​ចេះ​តែ​បូល​ថា «កឡូវៗ​ ក្លេមក្លម​លេប​សាច់​ប្ដី​ឯង ក្បាល​ដាក់​លើ​ដើម​ពុទ្រា កន្ទុយ​ដាក់​លើ​ស្កាក»។
នាង​នី​មើល​ទៅ​លើ​ស្កាក​ឃើញ​កន្ទុយ​ពស់​កេងកង​លើ​នោះ។
ឯ​ប្ដី​នាង​នី​ដឹង​ថា ​ប្រពន្ធ​សហាយ​នឹង​ពស់​កេងកង​ពិត​ប្រាកដ​ហើយ ក៏​នឹក​ភ្នក​ក្នុង​ចិត្ត​ខឹង​ចង់​សម្លាប់​នាង​នី ប៉ុន្តែ​ធ្វើ​មិន​ឲ្យ​នាង​នី​ដឹង​ខ្លួន។

ដល់​នាង​នី​ផើម​ចាស់​ផ្ទៃ ជិត​នឹង​សម្រាល ​ប្ដី​បបួល​ទៅ​កក់​សក់​នៅ​មាត់​បឹង។
លុះ​ដើរ​ទៅ​ដល់​មាត់​បឹង​ប្រាប់​ប្រពន្ធ​ថា «ទៅ​ទៀត​ឲ្យ​ឆ្ងាយ​ពី​ស្រុក​គេ យើង​នឹង​កក់​សក់​លេង​ឲ្យ​សប្បាយ​តែ​ពីរ​នាក់​ម្ដង»។
នាង​នី​មិន​ដឹង​ខ្លួន​ឯង​ថា ​ប្ដី​សម្លាប់ ស្មាន​ថា ​ប្ដី​នាំ​ទៅ​កក់​សក់​មែន ក៏​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ឆ្ងាយ​ទៅ។
លុះ​ឃើញ​កំពង់​មួយ​រាប​ស្អាត វាល​ល្អ ប្ដី​ប្រាប់​ប្រពន្ធ​ថា «កំពង់​នេះ​រាប​ សប្បាយ យើង​ឈប់​កក់​សក់​នៅ​នោះ​ចុះ»។
ឯ​នាង​នី​មិន​ដឹង​ខ្លួន​ជា​ ប្ដី​គិត​សម្លាប់​ ក៏​អង្គុយ​កក់​សក់​នៅ​មាត់​ច្រាំង។
ប្ដី​នោះ​ក៏​ហូត​ដាវ​កាប់​នាង​នី​ពី​ក្រោយ​ខ្នង​មិន​ឲ្យ​ដឹង​ខ្លួន ដាច់​ពាក់​កណ្ដាល​ខ្លួន​ស្លាប់​ទៅ។
ពេល​នោះ​ឃើញ​សុទ្ធ​តែ​កូន​ពស់​លូន​ចេញ​មក​អំពី​ពោះ​នាង​នី​មក។
ប្ដី​នាង​នី​ក៏​កាប់​កូន​ពស់​នឹង​ដាវ ខ្លះ​កាប់​មិន​ទាន់ ក៏​លូន​ចូល​ទៅ​ក្នុង​ក្រហែង​ដី ខ្លះ​មុជ​ក្នុង​ទឹក ខ្លះ​ចូល​ទៅ​ក្នុង​ព្រៃ។
ព្រោះ​ហេតុ​នេះ​បាន​ជា​មាន​ពស់​ច្រើន​បែប​ច្រើន​យ៉ាង មក​ដល់​ឥឡូវ​នេះ។

ឃ្លាត​ឆ្ងាយ ណាយ​ចិត្ត!

ចចក(ចាញ់កំពឹស)

កាល​ពី​ព្រេងនាយ មាន​ចចក​ត្រោស​ធំ​មួយ ដល់​ខែ​លំហើយ វា​ដើរ​រក​ត្រពាំង​បឹងបួ​ដែល​រីង​ទឹក ដើម្បី​ចាប់​ត្រី​ស៊ី ។
លុះ​ទៅ​ដល់​ត្រពាំង​មួយ​រីង​ទឹក​អស់ នៅ​តែ​ប្រឡង់​មួយ​ឃើញ​សុទ្ធតែ​ភក់ មាន​ត្រី កំពឹស បង្កង ក្ដាម ជា​ច្រើន​ណាស់ ។
ចចក​ឃើញ​ហើយ​មាន​ចិត្ត​ត្រេកអរ​រីករាយ​គិត​ថា «ថ្ងៃ​នេះ​អញ​មាន​លាភ​ធំ​ណាស់ ជា​លាភ​ចម្លែក​ជាង​សព្វ​ថ្ងៃ» ។
ឯ​កំពឹស​មាន​ប្រាជ្ញា ឮ​ចចក​ថា​ដូច្នោះ​ហើយ ក៏​និយាយ​លួងលោម​ចចក​ថា «យើង​ទាំងអស់​គ្នា​សុទ្ធ​តែ​ចំណី​បង​ចចក​ឯង​ទាំងអស់​ហើយ ប៉ុន្តែ​យើង​ប្រឡាក់​ភក់​ណាស់ បង​ឯង​ស៊ី​យើង​ទាំង​ភក់​ដូច្នេះ មិន​ឆ្ងាញ់​ពិសា​ទេ» ។
ចចក​ឆ្លើយ​ថា «ធ្វើ​ដូចម្ដេច​នឹង​ឆ្ងាញ់​ពិសា ?» ។
កំពឹស​ឆ្លើយ​ថា «ត្រូវ​បង​ចចក​យក​យើង​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​ស្អាត ហើយ​សឹម​ស៊ី​នោះ​ទើប​ឆ្ងាញ់​ពិសា» ។
ចចក​ថា «ដូចម្ដេច​នឹង​យក​ទៅ​លាង​បាន​បើ​ច្រើន​ដល់​ម្ល៉េះ?»។
កំពឹស​ថា «បង​ចចក​កុំ​ព្រួយ​ចិត្ត ខ្ញុំ​ធានា​គិត​ឲ្យ​បង​បាន​ស្រួល​ប៉ុន្តែ​ត្រូវ​បង​ឯង​តាម​ខ្ញុំ» ។
ចចក​ឆ្លើយ​ឡើង​ថា «បង​ឯង​ធ្វើ​ដូច​ម្ដេច​ក៏​ខ្ញុំ​តាម​ទាំងអស់» ។
កំពឹស​ថា «ធ្វើ​ដូច្នេះ​ចូរ​បង​ឯង​ចូល​មក​ដេក​ននៀល​ក្នុង​ភក់​នេះ ហើយ​យើង​រាល់​គ្នា​នឹង​បាន​តោង​ខាំ​រោម​បង​ឯង បង​ឯង​នាំ​យើង​ទៅ​រក​ស្ទឹង​បឹងបួ​ឯណា ដែល​មាន​ទឹក​ថ្លា​ច្រើន បង​ឯង​លាង​យើង​ឲ្យ​ស្អាត ហើយ​សឹម​បង​ឯង​ស៊ី​ឆ្ងាញ់​ពីសា​តាម​ចិត្ត​ចុះ» ។
ឯ​ចចក​ជា​សត្វ​លោភ​ហើយ​ល្ងង់ ក៏​ធ្វើ​តាម​ពាក្យ​កំពឹស ។
កំពឹស​និង​ត្រី ក៏​បបួល​គ្នា​តោង​រោម​ចចក​ទៅ លុះ​ទៅ​ដល់​បឹង​មួយ​ធំ​វែង មាន​ទឹក​ថ្លា​ល្អ ចចក​ដើរ​ចុះ​ទៅ​ក្នុង​ទឹក អស់​ត្រី​កំពឹស​លោត​ទៅ​ក្នុង​ទឹក ហើយ​ប្រាប់​ថា «បង​ចចក​ឯង​ទៅ​ជញ្ជូន​មក​ឲ្យ​អស់​សិន សឹម​មក​ស៊ី​ឲ្យ​ឆ្អែត​តែ​ម្ដង យើង​នៅ​ចាំ​បង​នៅ​ទីនេះ» ។
ចចក​ក៏​ទៅ​ជញ្ជូន​ត្រី​និង​កំពឹស​មក លុះ​ត្រា​តែ​អស់​ពី​ត្រពាំង​នោះ ។

ពួក​ត្រី កំពឹស ក្ដាម ខ្យង ដឹង​ថា ចចក​ជញ្ជូន​អស់​ហើយ​ក៏​នាំ​គ្នា​មុជ​ក្នុង​ទឹក​បាត់​អស់​ទៅ។
ឯ​ចចក ដឹង​ថា​កំពឹស​បញ្ឆោត​ដូច្នេះ​ហើយ​ខឹង​ណាស់ ដើរ​ទៅ​បបួល​អស់​សត្វ​ធំ តូច ដំរី រមាស​ខ្លា គ្រប់​ភាសា​សត្វ ទាំង​ពស់​ថ្លាន់ ពស់​ធំ ពស់​តូច ទាំង​សត្វ​ហើរ គ្មាន​សេស​សល់​ដល់​តិច បបួល​គ្នា​មក​បាច​ទឹក​បឹង​នោះ​ឲ្យ​រីង​ និង​បាន​ចាប់​ត្រី​ក្នុង​បឹង​នោះ​ស៊ី​ឲ្យ​អស់ បាន​ឲ្យ​ពស់​ថ្លាន់​ធ្វើ​ជា​ទំនប់ អស់​សត្វ​ឯ​ទៀត​ក៏​បបួល​គ្នា​បាច ។
សត្វ​ក្នុង​បឹង​ដឹង​ថា ចចក​បបួល​គ្នា​បាច​ទឹក​ឲ្យ​រីង​ទាំង​បឹង​​ភ័យ​ណាស់ ក៏​គិត​គ្នា​ថា «យើង​ធ្វើ​ម្ដេច​នឹង​បាន​ឲ្យ​សត្វ​ទាំងអស់​នេះ​លែង​បាច​ទឹក​?» កាល​នោះ​ត្រី​ក្រាញ់​ឆ្លើយ​ឡើង​ថា «ខ្ញុំ​ឮ​គេ​និយាយ​ថា បង​សុភាទន្សាយ​ជា​អ្នក​មាន​ប្រាជ្ញា ចេះ​ដោះ​ទុក្ខ​មនុស្ស​សត្វ​ផង ជា​ច្រើន​ណាស់​ហើយ បើ​ដូច្នេះ​ខ្ញុំ​នឹង​ទៅ​ពឹង​បង​សុភា​ទន្សាយ ឲ្យ​មក​ជួយ​ដោះ​ទុក្ខ​អស់​យើង» ។
ពួក​ត្រី​គិត​គ្នា​ហើយ ក៏​ប្រើ​ត្រី​ក្រាញ់​ទៅ​អញ្ជើញ​សុភា​ទន្សាយ ។
ត្រី​ក្រាញ់​ប្រឹង​ននៀល​ទៅ​លុះ​ដល់​ត្រូវ​ថ្ងៃ​ក៏​ក្រៀម​ស្រកា​អស់ ដល់​យប់​សុភា​ទន្សាយ​ចេញ​មក​រក​ស៊ី បាន​ឃើញ​ត្រី​ក្រាញ់​ននៀល​ដូច្នោះ​ក៏​សួរ​ថា «បង​ត្រី​ក្រាញ់​ទៅ​ណា?»។
ត្រី​ក្រាញ់​ឃើញ​សុភា​ទន្សាយ​ហើយ​មាន​ចិត្ត​ត្រេកអរ​ណាស់ និយាយ​អង្វរ​ថា បង​សុភា​ទន្សាយ​​អាណិត​ខ្ញុំ​ត្បិត​ត្រី​ទាំងអស់​ក្នុង​បឹង​គេ​ប្រើ​ខ្ញុំ​មក ឲ្យ​អញ្ជើញ​បង​សុភា​ទន្សាយ​ទៅ ត្បិត​ឮ​ទាំង​សត្វ​ទាំង​មនុស្ស​និយាយ​ថា បង​ជា​អ្នក​មាន​ប្រាជ្ញា ចេះ​កាត់​សេចក្ដី​ដោះ​ទុក្ខ បើ​អ្នក​ឯ​ណា​កើត​ទុក្ខ​បង​តែង​ទៅ​ជួយ​ដោះ​ទុក្ខ​គេ​មិន​ដែល​ខាន ឥឡូវ​មាន​ដំរី ក្របី គោ រមាស រមាំង ប្រើស ក្ដាន់ ជ្រូក ពស់​ធំ ពស់​តូច ទាំង​សត្វ​ហើរ គឺ​កុក ក្រៀល បង្កៀល​ខ្យង ទុង ទោម ក្អែក​ទឹក ប្រវឹក ស្មោញ ទាំង​ប៉ុន្មាន បាន​បបួល​គ្នា​មក​បាច​ទឹក​បឹង​ឲ្យ​រីង​នឹង​បាន​ចាប់​អស់ ត្រី អណ្ដើក កន្ធាយ ស៊ី​ជា​ចំណី​ឲ្យ​អស់​ពី​បឹង​នេះ​ឯង ។
បើ​ដូច្នេះ បង​សុភា​ទន្សាយ​អាណិត​ជួយ​ដោះ​ទុក្ខ​អស់​បង​ប្អូន​ខ្ញុំ ឲ្យ​បាន​រួច​ពី​ភ័យ​ម្ដង​នេះ នឹង​បាន​ល្បី​កេរ្តិ៍​ឈ្មោះ​តទៅ អស់​យើង​នឹង​តប​គុណ​បង​សុភា​ទន្សាយ​ឯង យើង​មិន​ភ្លេច​គុណ​ដរាប​ដល់​អស់​ជីវិត ។
ឯ​ទន្សាយ​ឮ​ត្រី​ក្រាញ់​និយាយ​អង្វរ​ដូច្នោះ​ក៏​ឆ្លើយ​ថា «បង​ត្រី​ក្រាញ់​ទៅ​មុន​ចុះ ទៅ​ប្រាប់​អស់​បង​ប្អូន​កុំ​ឲ្យ​ភិតភ័យ ចាំ​ខ្ញុំ​ជួយ​ដោះ​ឲ្យ​រួច​កុំ​មាន​ចិត្ត​បារម្ភ​ឡើយ» ។
ត្រី​ក្រាញ់​ក៏​ត្រឡប់​ទៅ​វិញ ។
ឯ​ទន្សាយ​លុះ​ព្រឹក​ព្រហាម​ ឡើង​ទៅ​មាត់​បឹង ឃើញ​អស់​សត្វ​កំពុង​បាច​ទឹក ក៏​យក​ស្លឹក​ឈើ​ដែល​ដង្កូវ​ស៊ី​ធ្លុះ​ៗ​មក​ធ្វើ​ជា​សំបុត្រ ហើយ​ស្រែក​ហៅ​អស់​សត្វ​ទាំង​នោះ​ថា
នែ ! បង​ប្អូន​ទាំង​អស់​ចាំ​ស្ដាប់​ខ្ញុំ​ត្បិត​ព្រះឥន្ទ​លោក​ឲ្យ​ខ្ញុំ​នាំ​សំបុត្រ​មក​ប្រាប់​គ្រប់​គ្នា​ថា
«ព្រះឥន្ទ្រ​លោក​មក​កាច់​ជើង​ត្រុំ ប្រមុំ​ជើង​អក​ កាប់​​ក្បាល​ឆ្កែ​ចចក ដក​ភ្លុក​ដំរី​ស» ។
អស់​សត្វ​ឮ​ថា​សំបុត្រ​ព្រះឥន្ទ្រ​ដូច្នោះ​ភ័យ​ណាស់​ផ្អើល​បោល​ជាន់​គ្នា ពាន​លើ​ដំរី ក្របី រមាស រមាំង​ៗ ស្ទុះ​បោល​ទៅ​ជាន់​លើ​ពស់​ថ្លាន់​ជា​ទំនប់ ដាច់​ខ្លួន​ជា​ពីរ​ជា​បី​កំណាត់ ធ្លាយ​ទំនប់​លិច​ទឹក​ស្លាប់​អស់ ។
សត្វ​ទាំងនោះ​ក៏​ទៅ​ជា​ចំណី​ត្រី​វិញ ។
តាំង​ពី​ថ្ងៃ​នោះ​មក​អស់​សត្វ​ទាំងពួង​កោត​ខ្លាច​ប្រាជ្ញា​សុភា​ទន្សាយ ទុក​សុភា​ទន្សាយ​ជា​គ្រូ​បា​អាចារ្យ​ទាំងអស់ ។

អណ្ដាត​ជា​អាទិ​កន្លង ស្លាប់​ផង រស់​ផង ពីព្រោះ​អណ្ដាត!

មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា

កាល​ពី​ព្រេងនាយ មាន​បុរស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា ។
ថ្ងៃ​មួយ​បុរសទាំងពីរ​នាក់​នោះ​បបួល​គ្នា​ទៅ​ដាក់​អន្ទាក់​សត្វ ។ ដល់​ថ្ងៃ​រសៀល​គង​ភ្នំ ក៏​នាំ​គ្នា​ដើរ​ចេញ​ទៅ ។
លុះ​ដល់​ព្រៃ​ជា​កន្លែង​ដាក់​អន្ទាក់ បុរសទី​មួយ​ថា « ខ្ញុំ​នឹង​ដាក់​នៅ​គល់​ឈើ​នេះ ត្បិត​ឈើ​នេះ​មាន​ផ្លែ យប់​ៗ​សត្វ​ចំណាំ​តែ​មក​ស៊ី​ផ្លែ​ឈើ​នេះ» ។
បុរសទីពីរ ឆ្លើយ​ថា «ខ្ញុំ​ក៏​ចង់​ដាក់​កន្លែង​ហ្នឹង​ដែរ ប៉ុន្តែ​ឥឡូវ បើ​អ្នក​ដាក់​នៅ​គល់​ឈើ មាន​តែ​ខ្ញុំ​ដាក់​នៅ​ចុង​ឈើ រួច​យើង​ចាំ​មើល ព្រឹក​ឡើង​របស់​អ្នកណា​ជាប់​សឹម​ដឹង» ។
និយាយ​គ្នា​ហើយ ម្នាក់​ៗដាក់​អន្ទាក់​ស្រេចហើយ វិល​មក​ផ្ទះ​វិញ​ លា​គ្នា​ទៅ​ផ្ទះ​តែ​រៀង​ខ្លួន ។

ឯ​អ្នក​ដាក់​អន្ទាក់​នៅ​ចុង​ឈើ​នោះ លុះ​វិល​មក​ដល់​ផ្ទះ​ហើយ យប់​នោះ​គិត​គ្នា​ពីរ​នាក់​ប្ដី​។
ប្រពន្ធ​ថា តាំង​ពី​ដូនតា​មក មិន​ដែល​ឮ​ថា​អ្នក​ឯណា​ដាក់​អន្ទាក់​លើ​ចុង​ឈើ ឲ្យ​ជាប់​សត្វ​ជើង​បួន​ដែល​ដើរ​នៅ​លើ​ដី​ទេ។
ឥឡូវ​នេះ អញ​ដាក់​នៅ​លើ​ចុង​ឈើ តើ​ធ្វើ​ម្ដេច​នឹង​បាន​សត្វ?
ដូច្នេះ​ ត្រូវ​អញ​រឭក​ពី​ពេល​មាន់​រងាវ​ទៅ​មើល បើ​ឃើញ​សត្វ​ជាប់​អន្ទាក់​គេ​នៅ​ដី អញ​ដោះ​យក​ទៅ​ចង​នឹង​អន្ទាក់​អញ​ឯ​ចុង​ឈើ ដល់​ព្រឹក​ឡើង​អញ​ទៅ​មើល​ជាមួយ​អ្នក​នោះ ហើយ​អញ​ដោះ​យក​សត្វ​ទៅ​ជូន​លោក​សុភា​សេក បើ​វា​មិន​សុខចិត្ត​ដូចម្ដេច​ៗ មុខ​ជា​កើត​ក្ដី​ គង់​តែ​ដល់​សុភា​សេក​មិន​ខាន សុភា​សេក​និង​កាត់​ក្ដី​ឲ្យ​វា​ចាញ់​ជា​ប្រាកដ។
ប្ដី​ប្រពន្ធ​គិត​គ្នាហើយ​ក៏ដេក​ទៅ លុះដល់​មាន់​រងាវ​រឭក​ពី​ដេក​លប់​មុខ​ស៊ី​ស្លា ហើយ​ចេញ​ពី​ផ្ទះ​ដើរ​ដល់​អន្ទាក់​បាន​ឃើញ​អន្ទាក់​នៅ​ដី​ជាប់​ក្ដាន់១ ​ក៏​ដោះ​យក​ឡើង​ទៅ​ចង​នឹង​អន្ទាក់​របស់​ខ្លួន រួច​ដំឡើង​អន្ទាក់​នៅ​ដី​ដូច​ដើម​ក៏​ប្រញាប់​វិល​មក​ផ្ទះ​វិញ។

លុះ​ព្រឹក​ព្រហាម​ស្រាង​ៗ​ឡើង អ្នក​មួយ​ដែល​ដាក់​អន្ទាក់​នៅ​ដី មក​ស្រែក​ហៅ​ឲ្យ​ទៅ​មើល​អន្ទាក់​អ្នក​មួយ ឆ្លើយ​ថា កុំ​រលះ​រលាំង​ថ្វី អន្ទាក់​ខ្ញុំ ខ្ញុំ​មិន​សង្ឃឹម​ទេ ត្បិត​នៅ​លើ​ចុង​ឈើ ក្រែង​តែ​អន្ទាក់​អ្នក​នៅ​ដី​នោះ ខ្ញុំ​មិន​ហ៊ាន​ថា បើ​បាន​ចែក​គ្នា​ស៊ី​ផង។
ពាក្យ​នេះ​ជា​ពាក្យ​ចំអក​ឲ្យ​អ្នក​មួយ ត្បិត​ដឹង​ការណ៍​មុន​ហើយ។
អ្នក​ទាំងពីរ​និយាយ​ហើយ ​ចុះ​ពី​ផ្ទះ​ដើរ​ចេញ​ទៅ លុះ​ដើរ​ទៅ​ដល់​មិន​ឃើញ​អន្ទាក់​នៅ​ដី​ជាប់​សត្វ ឃើញ​តែ​អន្ទាក់​នៅ​លើ​ចុង​ឈើ​ជាប់​វិញ។
ចៅ​ដែល​ជា​ម្ចាស់​អន្ទាក់​នៅ​ចុង​ឈើ​ថា «ហ្ន មើល​ចុះ មិន​ជឿ​ខ្ញុំ ខ្ញុំ​ថា​កុំ​ដាក់​នៅ​គល់​ឲ្យ​ដាក់​នៅ​ចុង​ ឥឡូវមើល​របស់​អ្នកណា​ជាប់​ហៈ?» ហើយ​ឡើង​ទៅ​ដោះ​យក​សត្វ​ចុះ​មក​នាំ​គ្នា​វិល​មក​ផ្ទះ​វិញ ក៏​លា​គ្នា​ទៅ​ផ្ទះ​ដោយ​ខ្លួន​ទៅ ។

ឯ​ចៅ​ដែល​បាន​ក្ដាន់ ក៏​ប្រញាប់​យក​ទៅ​ជូន​សុភា​សេក​ហើយ​ជម្រាប​ថា «ខ្ញុំ​ហើយ​នឹង​ចៅ​មួយ​នោះ​ ទៅ​ដាក់​អន្ទាក់​ផង​គ្នា ខ្ញុំ​ដាក់​នៅ​ចុង​ឈើ អ្នក​មួយ​នោះ​ដាក់​នៅ​គល់​ឈើ ខ្ញុំ​នេះ​ជា​មនុស្ស​វៀច ក្ដី​នេះ​គង់​តែ​មក​ដល់​លោក ​ដូច្នេះតាម​តែ​លោក​មេត្តា​រក​សេចក្ដី​យ៉ាងណាឲ្យ​តែ​ក្ដី​ខ្ញុំ​ឈ្នះ​វា​ចុះ ខ្ញុំ​នឹង​ដឹង​គុណ​លោក​ទៅ​ថ្ងៃ​មុខ»។
សុភា​សេក​បាន​សាច់​ក្ដាន់​ហើយ ឆ្លើយ​ថា «ឯង​ទៅ​រក​ស្លា​ម្លូ​មក​ឲ្យ​ឆាប់​ឲ្យ​ទាន់​ព្រឹក​នេះ បើ​វា​មក​ប្ដឹង​អញ​ អញ​បង្គាប់​អីចឹង​ដែរ បើ​វា​មក​មិន​ទាន់ អញនឹង​កាត់​សេចក្ដី​ឲ្យ​វា​ចាញ់​បាន​ដោយ​ងាយ ឯង​ប្រញាប់​ទៅ​ចុះ» ។

ឯ​អ្នក​ដែល​ដាក់​អន្ទាក់​លើ​គល់​ឈើ លុះ​វិល​មក​ផ្ទះ​ហើយ ដង្ហើម​តូច​ដង្ហើម​ធំ​មិន​សុខ​ចិត្ត​ក៏​​យក​សេចក្ដី​ទៅ​ប្ដឹង​សុភា​សេក។ សុភា​សេកក៏​បង្គាប់​សេចក្ដី​ដូច​បង្គាប់​ចៅ​មុន។

លុះ​ព្រឹក​ឡើង អ្នក​ដែល​ដាក់​អន្ទាក់​នៅ​លើ​ចុង​ឈើ ក៏​យក​ឥវ៉ាន់​ទៅ​ដល់​មុន។ ឯ​អ្នក​ដែល​ដាក់​អន្ទាក់​នៅ​ដី ដោយ​ខ្លួន​ជា​អ្នក​ក្រ​លំបាក​តោក​យ៉ាក ដើរ​រក​ទិញ​អីវ៉ាន់​ពុំ​បាន​ពុំ​ទាន់ ភ័យ​ក្រែង​ខ្លួន​ចាញ់​គេ ហើយ​គេ​យក​ទោស​ផង ក៏​រត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​បាន​ជួប​នឹង​សុភា​ទន្សាយ​។

សុភា​ទន្សាយ​សួរ​ថា «មាន​ដំណើរ​អី​បាន​ជា​រត់​ដូច្នេះ ? ឈប់​សិន »។
ចៅ​នោះ​ឆ្លើយ​ថា «លោក​អើយ​អាណិត​ដោះ​ទុក្ខ​ខ្ញុំ​ផង ត្បិត​ខ្ញុំ​ហើយ​នឹង​អ្នក​មួយ​ទៅ​ដាក់​អន្ទាក់​ផង​គ្នា ខ្ញុំ​ដាក់​នៅ​គល់​ឈើ គេ​ដាក់​នៅ​ចុង​ឈើ ព្រឹក​ឡើង​ទៅ​មើល​ពុំ​ឃើញ​អន្ទាក់​នៅ​ដី​ជាប់​សត្វ ឃើញ​តែ​អន្ទាក់​នៅ​ចុង​ឈើ​ជាប់​ក្ដាន់​មួយ ខ្ញុំ​មិន​សុខ​ចិត្ត​បាន​យក​សេចក្ដី​ទៅ​ប្ដឹង​សុភា​សេក សុភា​សេក​ថា អ្នក​ណា​យក​អីវ៉ាន់​ទៅ​ដល់​មុន អ្នក​នោះ​ឈ្នះ ហេតុ​នេះ​បាន​ជា​ខ្ញុំ​ភ័យ ឥឡូវ​គេ​ទៅ​ដល់​មុន​ខ្ញុំ​ហើយ ដូច្នេះ​តាម​តែ​លោក​អាណិត​ខ្ញុំ​ផង»។
សុភាទន្សាយ​ឆ្លើយ​ថា «ណ្ហើយ ! កុំ​ភ័យ​ចាំ​ថ្ងៃ​រសៀល​ខ្ញុំ​នឹង​នាំ​ទៅ»។
ចៅ​នោះ​ក៏​អរ ។

លុះ​ដល់​ថ្ងៃ​រសៀល សុភា​ទន្សាយ​ទៅ​ដល់​ផ្ទះ​សុភា​សេក។
សុភា​សេក​ស្រែក​សួរ​មក​ថា «ដូចម្ដេច​ក៏​យូរ​ម្ល៉េះ ? ក្ដី​ចាញ់​គេ​ហើយ» ។
សុភា​ទន្សាយ​ឆ្លើយ​ថា «យើង​ខ្ញុំ​បាន​ជា​យូរ​នេះ ពីព្រោះ​អាល័យ​តែ​មើល​ត្រី​ក្រាញ់​ហើរ​ឡើង​ស៊ី​ស្លឹក​អំពិល» ។
សុភា​សេក​ថា «ពី​ជីដូន​ជីតា​មក​គ្មាន​នរណា​ដែល​ឃើញ​ដែល​ឮ​ថា ត្រី​ក្រាញ់​ឡើង​ស៊ី​ស្លឹក​អំពិល​ទេ» ។
សុភា​ទន្សាយ​ឆ្លើយ​ថា «ពី​ជីដូន​ជីតា​ពី​ម៉ែ​ពី​ឪ​បង្កើត​មក នរណា​ដែល​ឃើញ​ដែល​ឮ​ថា អន្ទាក់​នៅ​ដី​មិន​ជាប់​សត្វ​ទៅ​ជាប់​ឯ​អន្ទាក់​នៅ​ចុង​ឈើ​វិញ ហើយ​សត្វ​ជើង​បួន​ផង, ដែល​ឮ​ទេ​អស់​អ្នក​ស្រុក?
នោះ​សុភា​សេក​ស្ងៀម​ពុំ​ហ៊ាន​ស្ដី​តប​ទៀត ។
សុភា​ទន្សាយ​ក៏​កាត់​សេចក្ដី​ឲ្យ​ចៅ​ដែល​ដាក់​អន្ទាក់​នៅ​ដី​ឈ្នះ។
ឯ​សុភា​សេក​ដែល​អង្គុយ​ធ្វើ​ជា​សុភា​នោះ ក៏​ខ្មាស​ដោយ​សារ​ខ្លួន​ជា​អ្នក​ល្មោភ​ជំនូន​សាច់​ក្ដាន់ ក៏​ស្ងៀម​បែរ​មុខ​ផ្ទប់​ទៅ​ខាង​ជញ្ជាំង​ដូច​ឆ្មា​លប​កណ្ដុរ ។

លាភ​ឥត​ខ្មាស វិនាស​ច្បាប់!

ដឹង​សង​ដឹង អំបែង​សង​អំបែង

មានបុរសប្តីប្រពន្ធមានកូនប្រុសម្នាក់។
បុរសជាប្តីនោះ ទៅខ្ចីដឹងអំពីសេដ្ឋីម្នាក់យកទៅកាប់អុស លុះលើកឡើងនឹងសំពងកាប់ស្រាប់ តែដឹងរង្គោះខ្ចាតទៅត្រូវប្រើសមួយ កប់បាត់ក្នុងខ្លួនប្រើស ហើយប្រើសនោះក៏រត់ចូលព្រៃទៅ បុរសតាមរកពុំំឃើញគាត់ក៏វិលមកផ្ទះវិញប្រាប់ប្រពន្ធកូន ហើយទៅប្រាប់សេដ្ឋីដោយអំពីដំណើដេលដឹងបាត់នោះ។

សេដ្ឋីថា“ដឹងនេះ ជារបស់កំសត់កម្រពីមេបាអញ បើឥតអំពីដឹងនេះហើយ អញគ្មានអ្វីប្រើការឡើយ។ បុរសនោះ អង្វរសុំសងជាដឹងមួយថ្មីវិញ តែសេដ្ឋីព្រមានថា “ឲ្យតែបានដឹងដើម ទើបយក”។
ទោះជាបុរសនោះអង្វរសុំសង១ជា២ក៏សេដ្ឋីពុំព្រមយក ឯបុរសនោះក៏វិលទៅគិតជាមួយនឹងប្រពន្ធ រួចត្រឡប់ទៅរកសេដ្ឋីទៀតអង្វរសុំសង១ជា៤ សេដ្ឋីនៅតែមិនព្រមយក សង១ជា១០សេដ្ឋីពុំព្រមយកទៀត នៅតែទទូចនិយាយថា “ឲ្យតែបានដឹងដើមនោះទើបយក”។
បុរសនោះលាសេដ្ឋី ហើយក៏វិលទៅគិតនឹងប្រពន្ធព្រមព្រៀងគ្នាថា “ត្រូវយកកូនកំលោះធ្វើសំណងវិញ”។
លុះគិតគ្នាដូច្នេះហើយ បុរសនោះក៏នាំកូនកំលោះទៅប្រគល់ឲ្យសេដ្ឋីជាសំណងនោះ។
សេដ្ឋីនោះព្រមទទួលយក។

បុរសនោះក៏វិលទៅផ្ទះអាត្មាវិញ ហើយទៅរកអុសក្នុងព្រៃទៀត ស្រាប់តែឃើញប្រើសនោះស្លាប់រលួយ ហើយឃើញទាំងដឹងនៅនោះផង ក៏មានសេចក្តីត្រេកអរឥតឧបមា នាំយកមកផ្ទះស្គាល់ជាក់ជាដឹងរបស់មហាសេដ្ឋី ។
ក្រោយពី ដុះលាងស្អាតហើយក៏យកទៅជូនសេដ្ឋី ប្រាប់តាមដំណើរនោះសព្វគ្រប់ ហើយសុំយកកូនមកវិញ។ ឯសេដ្ឋីស្គាល់ដឹងនោះជាក់ ក៏ទទួលយកហើយឲ្យកូនកំលោះទៅបុរសនោះនាំទៅកាន់លំនៅរបស់ខ្លួន។

ចំណេរកាលមកក្រោយដល់រដូវស្រូវទុំ បុរសប្តីប្រពន្ធដាល់អំបុកស៊ី ឯកូនស្រីសេដ្ឋីនោះធំក្លិនអំបុកនឹកចង់ស៊ី អង្វរម្តាយឪពុកឲ្យរកអម្បែង ដោយសេដ្ឋីរកអម្បែងមិនបាន ក៏ចូលទៅខ្ចីអម្បែងបុរសនោះ ។
លុះដាល់អំបុករួចហើយជួនជាមានឆ្កែប្រខាំគ្នាពារលើអប្បែងនោះបែកខ្ទេចអស់ ឯសេដ្ឋីទៅប្រាប់បុរសនោះៗយំគក់ទ្រូងថា “អម្បែងនេះជារបស់កំសត់កម្រពីមេបាមក ត្រូវតែរកអម្បែងដើមមកសងវិញទើបបាន”។ ទុកជាសេដ្ឋីអង្វរថា “នឹងសង១ជា២ក្តី” បុរសនោះក៏ពុំព្រមយកឡើយ គឺទទូចយកឲ្យតែបានអម្បែងដើមនោះឯង បើមិនបានអម្បែងដើមនោះមិនព្រមទេ។ ទុកជាសេដ្ឋីឲ្យទៅនិយាយថា នឹងសង ១ ជា ៤ ក្តី ជា ១០ ក្តី បុរសនោះក៏ពុំព្រមសោះ។

សេដ្ឋីខឹងទៅប្តឹងចៅក្រមៗឲ្យហៅបុរសនោះមកដណ្តឹងសួរដោយដំណើរ ហើយចៅក្រមបង្គាប់ឲ្យសេដ្ឋីនោះសងអម្បែងតែ១ បុរសនោះក៏ពុំព្រមយក។
ចៅក្រមខឹងថា “បុរសនេះល្មើសនឹងបង្គាប់ខ្លួន”។ សេដ្ឋីឃើញបុរសនោះមិនសុខចិត្ត ក៏នាំសេចក្តីឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរនោះ។

ព្រះអង្គឲ្យហៅបុរសនោះមក មានបន្ទូលដណ្តឹងសួរថា “ដំណើរនោះដូចម្តេចបានជាចៅក្រមបង្គាប់ហើយព្រះស្តែងមិនសុខចិត្ត?”។
បុរសនោះក្រាបបង្គំទូលថា “ដ្បិតសេដ្ឋីខ្ជីអម្បែងខ្ញុំព្រះបាទអម្ចាស់ទៅដាល់អំបុកទុកឲ្យឆ្កែប្រខាំគ្នា ពារលើបែករបស់ខ្ញុំព្រះបាទអម្ចាស់ អម្បែងនោះជាកេរពីមេបាមក តែងតែចិញ្ចឹមជីវិតដោយសារអម្បែងនេះ ដូច្នេះលុះត្រាតែបានអម្បែងដើមទើបខ្ញុំព្រះបាទអម្ចាស់យក បើពុំបានខ្ញុំព្រះបាទអម្ចាស់ពុំយកឡើយ”។

ព្រះមហាក្សត្រទ្រង់ព្រះពិចារណាថា “ការអស់នេះសមជាមានហេតុនឹងគ្នាពីមុនមកបានជាប្រកាន់ខ្លាំងម្ល៉េះ” ទើបត្រាស់ដណ្តឹងសួរថា “ព្រះស្តែងមានដំណើរហេតុដូចម្តេចអំពីដើមបានជាប្រកាន់គ្នាខ្លាំងម្ល៉េះ”។
បុរសនោះក្រាបបង្គំទូលថា “ដំណើរដើម ខ្ញុំព្រះបាទអម្ចាស់ខ្ចីដឹងសេដ្ឋីទៅកាប់ឧសហើយរង្គោះផ្លែខ្ទាតទៅត្រូវប្រើស មុតជាប់នឹងខ្លួនវាៗបោលបាត់ទៅ ខ្ញុំព្រះបាទអម្ចាស់សុខចិត្តសង ១ ជា ២ ដល់ ១ ជា ១០ សេដ្ឋីពុំយក ថាឲ្យបានដឹងដើមទើបយកបើពុំបានដឹងដើមពុំយកឡើយ” សេដ្ឋីប្រកាន់ដូច្នេះខ្ញុំព្រះបាទអម្ចាស់ក៏យកកូនកំលោះឲ្យទៅនៅបម្រើជំនួសខ្លួន ទើបសេដ្ឋីទទួលយក ថ្ងៃក្រោយខ្ញុំព្រះបាទអម្ចាស់ទៅរកឧសក្នងព្រៃ ស្រាប់តែឃើញប្រើសនោះងាប់រលួយទៅហើយៗឃើញផ្លែដឹងនៅក្នុងប្រើសនោះ ខ្ញុំព្រះបាទអម្ចាស់ស្គាល់ជាក់ជាដឹងសេដ្ឋីហើយត្រេកអរណាស់ យកទៅឲ្យសេដ្ឋីៗស្គាល់ជាក់ជារបស់ខ្លួនក៏ទទួលយកហើយឲ្យកូនមកខ្ងុំព្រះបាទអម្ចាស់វិញ”។

ព្រះមហាក្សត្រទ្រង់ព្រះសណ្តាប់ហើយដណ្តឹងសួរសេដ្ឋីថា “ដំណើរនេះដូច្នេះមែនឬអ្វី?” ។
សេដ្ឋីក្រាបបង្គំទូលថា “ដូច្នេះមែន” ។
ទើបព្រះមហាក្សត្រមានព្រះបន្ទូលថា “បើដូច្នោះ សេដ្ឋីត្រូវឲ្យកូនខ្លួនទៅបម្រើគេវិញ ទើបដោយគន្លងធម៌” ។

សេដ្ឋីនិងបុរសនោះក៏ក្រាបបង្គំទទួលព្រះបន្ទូលពិសេសទាំងអស់គ្នា ហើយក្រាបថ្វាយបង្គំលាទៅកាន់លំនៅទីទៃៗហោង៕