អា​កុហក​ស៊ី

កាល​ពីព្រេងនាយ មាន​ក្មេង​ម្នាក់​នៅ​ជា​មួយ​ម្ដាយ ចិញ្ចឹម​ជ្រូក​កម្រៀវ ១។
ដល់​ជ្រូក​នោះ​ធំ​ឡើង ក្មេង​នោះ​ចង់​ស៊ី​សាច់​ជ្រូក ក៏​និយាយ​នឹង​ម្ដាយ​ថា
«ម៉ែ ! ខ្ញុំ​ចង់​ស៊ី​សាច់​ជ្រូក សូម​ម៉ែ​ឲ្យ​ខ្ញុំ​កាប់​ជ្រូក​យើង​នោះ​ស៊ី​ផឹក​ស្រា​ទៅ ?» ។
ម្ដាយ​ឃាត់​ថា
«កុំ ! ឯង​ស៊ី​អី​ក៏​ច្រើន​ម្ល៉េះ ទុក​វា​នឹង​លក់​យក​ប្រាក់​កាស​ចាយ» ។
កូន​ឮ​ម្ដាយ​ឃាត់​ដូច្នោះ ក៏​នឹក​តែ​ក្នុង​ចិត្ត​ចង់​ស៊ី​សាច់​ជ្រូក​តែ​សព្វ​ថ្ងៃ​ពុំ​មាន​ភ្លេច ។

មាន​កាល​មួយ​ថ្ងៃ​ កូន​នោះ​ភ្ញាក់​ឡើង​ពី​ដេក និយាយ​ប្រាប់​ម្ដាយ​ថា
«ត្បិត​ទេវតា​ប្រាប់​ខ្ញុំ​ថា មាន​មាស​ប្រាក់​ច្រើន​ណាស់​ម៉ែ សូម​ម៉ែ​ជូន​ខ្ញុំ​ទៅ​យក» ។
ម្ដាយ​ឮ​កូន​និយាយ​ប្រាប់​ដូច្នោះ​សួរ​ថា «មាស​ប្រាក់​នៅ​ឯណា» ។
កូន​ឆ្លើយ​ថា «ម៉ែ​ទៅ​នឹង​ខ្ញុំ​ចុះ បើ​ខ្ញុំ​បង្គាប់​ដូចម្ដេច​ម៉ែ​ធ្វើ​តាម​ខ្ញុំ» ។
កូន​យក​កញ្ជើ​នាំ​ម្ដាយ​ដើរ​ទៅ​ក្នុង​ព្រៃ​ឆ្ងាយ​អំពី​ស្រុក ហើយ​កូន​យក​កញ្ជើ​ទៅ​គ្រប​លើ​ដី ប្រឹង​សង្កត់​ហើយ​ស្រែក​ប្រាប់​ម្ដាយ​ថា
«ម៉ែ ! ជួយ​សង្កត់​ផង មាស​ប្រាក់​នៅ​ក្នុង​ដី​នេះ​ច្រើន​ណាស់ ម៉ែ​សង្កត់​ឲ្យ​ជាប់​ចុះ ខ្ញុំ​នឹង​ទៅ​រក​ចប​ជីក មក​ជីក​យក​មាស​ប្រាក់ ។ ម៉ែ​ឯង​នៅ​សង្កត់​ឲ្យ​ជាប់​កុំ​លែង បើ​ម៉ែ​លែង មាស​ប្រាក់​នឹង​បាត់​អស់​ទៅ» ។
ឯ​ម្ដាយ​ឮ​កូន​ថា​ដូច្នោះ​ក៏​ខំ​សង្កត់​កញ្ជើ​នោះ​ឲ្យ​កូន ឯ​កូន​នោះ​ក៏​រត់​ត្រឡប់​មក​ផ្ទះ​វិញ ចាប់​ជ្រូក​នោះ​យក​មក​កាប់​ចម្អិន​ជា​អាហារ បបួល​អស់​បងប្អូន​អ្នក​ផ្ទះ​ជិត​ខាង​មក​ស៊ី​ផឹក​ស្រា​លេង​សប្បាយ ។

ម្ដាយ​នៅ​ចាំ​កូន​ឯ​ព្រៃ ទន្ទឹង​ពុំ​ឃើញ​មក​ឃ្លាន​បាយ​អស់​កម្លាំង រោយ​ដៃ​រោយ​ជើង របូត​ចេញ​ពី​លើ​កញ្ជើ​ពុំ​ឃើញ​មាន​អ្វី​សោះ ។
លុះ​ម្ដាយ​ចាំ​កូន​យូរ​ពេក នឹក​ថា​កូន​បញ្ឆោត​ហើយ ក៏​លែង​កញ្ជើ​ចោល​ត្រឡប់​ទៅ​ផ្ទះ​វិញ ឃើញ​កូន​កំពុង​តែ​ស៊ី​សាច់​ជ្រូក​ផឹក​ស្រា​លេង​សប្បាយ​ដូច្នោះ ក៏​ខឹង​នឹង​កូន​ណាស់ ហើយ​និយាយ​នឹង​ប្អូន​ខ្លួន​ថា
«ត្បិត​កូន​នោះ​វា​ខូច​ណាស់ ទុក​ចិញ្ចឹម​មិន​បាន​ទេ ត្រូវ​ឯង​ច្រក​ការុង​យក​ទៅ​ទម្លាក់​ក្នុង​ទឹក​សម្លាប់​ទៅ» ។
ប្អូន​ឮ​ដូច្នោះ សួរ​ទៅ​បង​ថា
«ដំណើរ​ដូចម្ដេច បាន​ជា​យក​កូន​ច្រក​ការុង​​ទៅ​ចោល​ក្នុង​ទឹក​សម្លាប់ ?» ។
បង​និយាយ​ប្រាប់​ទៅ​ប្អូន​តាម​ដំណើរ​សព្វ​គ្រប់​ថា
«វា​ចេះ​បញ្ឆោត​អញ​ឲ្យ​ទៅ​ក្នុង​ព្រៃ ថា​ទៅ​យក​មាស​ប្រាក់ ហើយ​ឲ្យ​អញ​នៅ​ចាំ​ក្នុង​ព្រៃ លុះ​ត្រា​តែ​ដល់​ថ្ងៃ​ឃ្លាន​បាយ​ស្ទើរ​តែ​នឹង​ដាច់​ពោះ ឯ​វា​មក​កាប់​ជ្រូក ស៊ី​ផឹក​ស្រា​លេង​សប្បាយ ជ្រូក​អញ​តែ​មួយ​ទុក​លក់​ឲ្យ​គេ យក​ប្រាក់​ចាយ​ទេ​តើ » ។
ប្អូន​នោះ​ក៏​ទៅ​ចាប់​ អា​កុហក​ស៊ី​ ច្រក​ក្នុង​ការុង​ធំ ចង​មាត់​ការុង​ជាប់​ល្អ ហើយ​លើក​លី​យក​ទៅ​នឹង​ចោល​ក្នុង​ទឹក​ទន្លេ។
លុះ​ទៅ​ដល់​មាត់​ទន្លេ​ អា​កុហក​ស៊ី និយាយ​នឹង​មា​វា​ថា
«លោក​មា​អាណិត​ខ្ញុំ ខ្ញុំ​មុខ​ជា​ស្លាប់​ហើយ បើ​ដូច្នេះ​សូម​លោក​មា​អាណិត​ទៅ​យក​ក្បួន​កុហក មក​ឲ្យ​ខ្ញុំ​បន្តិច ត្បិត​ខ្ញុំ​ស្លាប់​ទៅ​នឹង​ទៅ​នៅ​ឯ​ឋាន​ខ្មោច បើ​គ្មាន​ក្បួន​កុហក​នឹង​កុហក​ខ្មោច​ស៊ី​ពុំ​បាន​ទេ នោះ​នឹង​ដាច់​ពោះ​ស្លាប់» ។
ឯ​មា​ឮ​ក្មួយ​អង្វរ​ដូច្នោះ ក៏​សួរ​ទៅ​ក្មួយ​វិញ​ថា «ក្បួន​កុហក​នោះ ឯង​ទុក​នៅ​ឯណា? » ។
ក្មួយ​ប្រាប់​ទៅ​មា​ថា «ខ្ញុំ​ដាក់​នៅ​លើ​ធ្នឹម» ។ មា​ក៏​ដាក់​អា​កុហក​ស៊ី​ទុក​ចោល​នៅ​មាត់​កំពង់​ទឹក ហើយ​ត្រឡប់​ទៅ​រក​ក្បួន​នឹង​យក​មក​ឲ្យ​អា​កុហក​ស៊ី​វិញ។

កាល​នោះ​មាន​មនុស្ស​កើត​ឃ្លង់​ម្នាក់ ដើរ​មក​ជិត​ អា​កុហក​ស៊ី។
អា​កុហក​ស៊ី ក៏​ធ្វើ​និយាយ​ថា
«អញ​មក​តម​ឃ្លង់​ក្នុង​ការុង​នេះ យូរ​ថ្ងៃ​ហើយ មិន​ដឹង​ជា​ហើយ​ឬ​នៅ ឃើញ​ហាក់​ដូច​សះ​ជា​ហើយ»។
មនុស្ស​ឃ្លង់​ឮ​អា​កុហក​ស៊ី​ថា តម​ឃ្លង់​ក្នុង​ការុង​ដូច្នោះ​ ដោយ​ខ្លួន​កើត​ឃ្លង់​ផង ក៏​សួរ​ថា
«តម​ឃ្លង់​ក្នុង​ការុង​នេះ​បាន​ជា​ឬ ?» ។
អា​កុហក​ស៊ី​ ប្រាប់​ថា​​ ត្បិត​ខ្ញុំ​កើត​ឃ្លង់ គេ​ឲ្យ​តម​ក្នុង​ការុង​នេះ​យូរ​ថ្ងៃ​ហើយ មិន​ដឹង​ជា​ហើយ​ឬ​នៅ​ទេ​​ អាណិត​ស្រាយ​មាត់​ការុង​ឲ្យ​ខ្ញុំ​បន្តិច»។
មនុស្ស​ឃ្លង់​ក៏​ស្រាយ​មាត់​ការុង​ឲ្យ​ អា​កុហក​ស៊ី​ ចេញ​មក។
អា​កុហក​ស៊ី​ ចេញ​ពី​ការុង​បោស​ខ្លួន​មើល ហើយ​ប្រាប់​ថា​ ជា​ឃ្លង់​ហើយ !
អា​គម្លង់​ឮ​ពាក្យ​ អា​កុហក​ស៊ី​ ថា​តម​ឃ្លង់​ក្នុង​ការុង​ជា​ដូច្នោះ ក៏​និយាយ​ថា ​ឲ្យ​គ្នា​តម​ឃ្លង់​ផង។
អា​កុហក​ស៊ី​ ឮ​ដូច្នោះ​អរ​ណាស់​គិត​ថា «អញ​អស់​ស្លាប់​ហើយ» បាន​ជា​អា​គម្លង់​ស្លាប់​ជួស។
អា​កុហក​ស៊ី​ប្រាប់​ អា​គម្លង់​ថា បើ​ឯង​ចង់​ជា​ឃ្លង់​ឆាប់ ត្រូវ​កាន់​ត្រណម​ឲ្យ​ជាប់​កុំ​និយាយ​ស្ដី​នឹង​អ្នកណា​ឲ្យ​សោះ បើ​នរណា​មក​សួរ​ក្ដី មក​ជេរ មក​វាយ​ដូចម្ដេចៗ​ក្ដី ត្រូវ​កុំ​និយាយ កុំ​ស្ដី ខំ​កាន់​ត្រណម​ឲ្យ​ខ្ជាប់ ទើប​បាន​ជា​ឆាប់។
អា​គម្លង់​ឮ​អា​កុហក​ស៊ី​ថា​ដូច្នោះ ក៏​ទទួល​ចាំ​ ហើយ​ចូល​ទៅ​ក្នុង​ការុង។
អា​កុហក​ស៊ី​ចង​មាត់​ការុង​ជាប់​ហើយ​រត់​បាត់​ទៅ។

មា​នោះ រក​តម្រា​អា​កុហក​ស៊ី​ពុំ​ឃើញ ដឹង​ថា អា​កុហក​ស៊ី​បញ្ឆោត​ខ្លួន​ ខឹង​ណាស់ ក៏​នឹក​ក្នុង​ចិត្ត​ថា បើ​អញ​ទៅ​ដល់​អញ​នឹង​ទម្លាក់​វា​ទៅ​ក្នុង​ទឹក​ឲ្យ​ស្លាប់​ភ្លាម ហើយ​ខំ​ដើរ​ទៅ​ដល់​ ហើយ​ក៏​ស្ទុះ​ចូល​ទៅ​ដាល់​វាយ​អា​គម្លង់ ដោយ​ស្មាន​ថា​ជា ​អា​កុហក​ស៊ី។
អា​គម្លង់​ខំ​អត់​ ព្រោះ​ចង់​ជា​ឃ្លង់ លុះ​វាយ​ធាក់​អស់​ចិត្ត​ហើយ មា​នោះ​ក៏​លើក​ការុង​បោះ​ទៅ​ក្នុង​ទឹក​ឲ្យ​ស្លាប់។

ឯ​អា​កុហក​ស៊ី រត់​រួច​ពី​នេះ​ទៅ ទៅជួប​នឹង​មនុស្ស​កុហក​ម្នាក់ ចេះ​កុហក​ដូច​គ្នា​កំពុង​តែ​មុជ​ទឹក។
អា​កុហក​នោះ ឃើញ​អា​កុហក​ស៊ី​កំពុង​ដើរ​ទៅ​ពី​ចម្ងាយ ក៏​ធ្វើ​ជា​មុជ​ទឹក​យូរ​បន្តិច​ងើប​ឡើង ហើយ​លើក​កាស​ឡើង​បង្ហាញ​ថា
«អញ​មុជ​ទឹក​ទៅ​ខាង​ក្រោម មាន​គេ​លេង​បៀ​ អញ​លេង​ឈ្នះ បាន​កាស​ប្រាក់​ច្រើន ប៉ុន្តែ​យក​មក​មិន​រួច យក​បាន​តែ​មួយ​ត្រណោត​មក»។
អា​កុហក​ស៊ី ឮ​ដូច្នោះ​ក៏​ជឿ​គិត​ស្មាន​ថា​មែន ហើយ​ក៏​ផ្លាស់​សំពត់​លោត​ចុះ​ទៅ​ក្នុង​ទឹក ខំ​មុជ​ទៅ​ទង្គិច​ក្បាល​នឹង​គល់​ឈើ​បែក​ឈាម ដឹង​ខ្លួន​ថា គេ​ជា​មនុស្ស​កុហក ​ក៏​នឹក​ក្នុង​ចិត្ត​ឃើញ​ឧបាយ​កុហក​វិញ ហើយ​ងើប​ឡើង និយាយ​ទៅ​នឹង​អា​ដែល​បញ្ឆោត​នោះ​ថា
«អ្នក​អើយ ! ខ្ញុំ​មុជ​ទឹក​ទៅ​តាម​ពាក្យ​អ្នក​ឯង​អម្បាញ់មិញ បាន​ឃើញ​គេ​លេង​បៀ ប៉ោ ធួ​កំតាត់​ ច្រើន​ណាស់ ហើយ​ខ្ញុំ​លេង​ឈ្នះ​គេ បាន​ប្រាក់​កាស​ច្រើន ខ្ញុំ​ទារ​ពី​គេ គេ​ថា​ឲ្យ​មក​ទារ​យក​ពី​អ្នក​ឯង​នេះ តែ​ខ្ញុំ​មិន​ព្រម ខ្ញុំ​ចង់​តែ​ទារគេ គេ​ខឹង​នឹង​ខ្ញុំ​ គេ​វាយ​ខ្ញុំ​បែក​ក្បាល ហើយ​គេ​ថា ឲ្យ​ខ្ញុំ​មក​យក​ពី​អ្នក​ឯង បើ​អ្នក​មិន​ជឿ​​ អ្នក​មើល​ក្បាល​ខ្ញុំ​ដែល​បែក​នេះ​ចុះ។

អា​កុហក​នោះដឹង​ថា​ អា​កុហក​ស៊ី​ មាន​ប្រាជ្ញា ចេះ​កុហក​ទល់​នឹង​កុហក​មិន​ចាញ់​ខ្លួន ក៏​ស្រាយ​កាស​ចែក​ឲ្យ​ពាក់​កណ្ដាល ហើយ​សុំ​គ្នា​ធ្វើ​ជា​បងប្អូន ដើរ​រក​ស៊ី​កុហក​គេ​តាំង​ពី​ថ្ងៃ​នោះ​ទៅ។

បន្លា​មុត យក​បន្លា​ជោះ !