កំលោះ​ពីរ​នាក់ចង់​បាន​ប្រពន្ធ​គេ

មាន​រឿង​មួយ​ថា មាន​បុរស​ម្នាក់ មាន​ប្រពន្ធ​ល្អ ទើប​តែ​រៀប​ការ​ថ្មីៗ បណ្ដើរ​គ្នា​ទៅ​សួរ​ញាតិ ហើយមាន​កំលោះ​ពីរ​នាក់​បាន​ឃើញ ក៏​ស្រឡាញ់​ចង់​បាន។
ពួកវា​គិត​ថា «យើង​ធ្វើ​ដូចម្ដេច​នឹង​បាន​អេះ?»
ចៅ​ម្នាក់ ឆ្លើយ​ថា ​ងាយ​ទេ ឯង​គិត​ទៅ​រក​ខ្ចី​រទេះ​គោ​មក​បរ ប៉ុន្តែ​ឯង​មិន​ស្គាល់​អញ បើ​អញ​សួរ​ឯងៗ កុំ​ប្រាប់​ថា​រទេះ ចូរ​ឯង​ប្រាប់​ថា​ ចន្ទោល ថា ​នឹម ​ទៅ​វិញ។
ទើប​កំលោះ​ម្នាក់​ទៅ​ខ្ចី​រទេះ​គេ​មក​បរ​ឲ្យ​ជួប​នឹង​បុរស​បណ្ដើរ​ប្រពន្ធ​នោះ​ដើរ​មក​ដល់ ក៏​កំលោះ​ម្នាក់​នោះ​វា​សួរ​ថា « នែ​អ្នក ! អញ្ជើញ​មក​អាយ ឈប់​និយាយ​គ្នា​លេង​បន្តិច​សិន»
បុរស​ការ​ប្រពន្ធ​ថ្មី ក៏​ចូល​ទៅ​អង្គុយ​លេង។
លុះ​កំលោះ​ម្នាក់​បរ​រទេះ​មក​ដល់​វា​ធ្វើ​ជា​សួរ​ថា «នេះ​ហៅ​អ្វី? អ្នក !»
បុរស​ប្ដី​ប្រពន្ធ ឆ្លើយ​ប្រាប់​ថា «គេ​ហៅ​រទេះ»
​កំលោះ​ម្នាក់សួរបញ្ជាក់ថា «មែន​ឬ​អ្នក?»
បុរស​នោះ​ថា «មែន »
​កំលោះ​ម្នាក់ថា «បើ​មែន​អ្នក​ហ៊ាន​ភ្នាល់​នឹង​ខ្ញុំ​ទេ»
បុរស​នោះ​សួរ​ថា «អ្នក​ឯង​មាន​ទ្រព្យ​អ្វី​ភ្នាល់​នឹង​យើង?»
កំលោះ​នោះ​ថា «បើ​ខ្ញុំ​ចាញ់ ខ្ញុំ​នៅ​ជា​ខ្ញុំ​អ្នក បើ​ខ្ញុំ​ឈ្នះ សុំ​តែ​ប្រពន្ធ​អ្នកទេ»

បុរស​នោះ​គិត​ថា ប្រាកដ​ជា​គេ​ហៅ​រទេះ​មែន​នឹង​ខ្លាច​អ្វី ក៏​ព្រម​ភ្នាល់​នឹង​គេ​ទៅ។
ទើប​កំលោះ​ដែល​ឈរ សួរ​ទៅ​អ្នក​បរ​រទេះ​ចង្អុល​ទៅ​សួរ​ទៅ​ចន្ទោល។
កំលោះ​អ្នក​បរ​រទេះ​ប្រាប់​ថា «នេះ​គេ​ហៅ​ចន្ទោល»
ចង្អុល​សួរ​ទៅ​នឹម​ ក៏ថា «នេះ​គេ​ហៅ​នឹម» «នេះ​គេ​ហៅ​ទូក» «នេះ​គេ​ហៅ​ទ្រាយ» «នេះ​គេ​ហៅ​ប្រែក» «នេះ​គេ​ហៅ​កង់» «នេះ​គេ​ហៅ​ខ្នង​កង់» «នេះ​គេ​ហៅ​ទ្រពង»

ដល់​ឆ្លើយ​រួច​សព្វគ្រប់ កំលោះ​នោះ​សួរ​ទៅ​បុរស​ជា​ប្ដី​ថា «ឥឡូវ គេ​មិន​ហៅ​រទេះ​ទេ បើ​ដូច្នោះ ​តើ​អ្នក​ឯង​ព្រម​ចាញ់​យើង​ឲ្យ​ប្រពន្ធ​មក​យើង​ឬ​ម្ដេច?
បុរស​ជា​ប្ដី​នោះ​មិន​ព្រម ដល់​ប្រកែក​ទៅ​មិន​ឈ្នះ​គេ។
គេក៏ដណ្ដើម​យក​ប្រពន្ធ​ទៅ​បាន។
បុរស​នោះ​មិន​សុខ​ចិត្ត​ទៅ​ប្ដឹង​ចៅក្រម។
ចៅក្រមឲ្យ​ទៅ​កោះ​ចៅ​ទាំង​ពីរ​នោះ​មក​ជំនុំ។
កំលោះ​ទាំង​ពីរ​នាក់​នោះ​វា​សូក​ចៅក្រម។
ចៅក្រមកាត់​សេចក្ដី​ថា «ត្រូវ​ចាញ់​គេ​ហើយ ត្រូវ​ឲ្យ​ប្រពន្ធ​ទៅ​គេ​ហើយ»

បុរស​នោះ​ខឹង​ណាស់ ត្បិត​គេ​យក​ប្រពន្ធ​ទៅ​បាន ដើរ​ផង យំ​ផង។
ដើរ​បន្តិច​ទៅ​ប្រទះ​សុភាទន្សាយ។
សុភាទន្សាយ​សួរ​ថា «ថ្វី​បាន​ជា​យំ​បង?»
បុរស​នោះ​ប្រាប់​តាម​ដំណើរ​សព្វ​គ្រប់។
សុភាទន្សាយ​ថា «បើ​ដូច្នោះ​បង​ឯង​កុំ​ភ័យ រក​តែ​ចេក​មក​ឲ្យ​យើង​ស៊ី​សិន យើង​ទៅ​ជួយ​ជំនុំ​ឲ្យ​បាន​ប្រពន្ធ​មក​វិញ»។
បុរស​នោះ​អរ​ណាស់ ខំ​ទៅ​រក​ចេក​មក​ឲ្យ​សុភា​ទន្សាយ។
សុភាទន្សាយស៊ី​ចេក​រួច​ហើយ ដើរ​ទៅ​ជាមួយ​បុរស​នោះ ទៅ​ដល់​សួរ​ចៅក្រម​ថា «លោក​កាត់​សេចក្ដី​គេ​នោះ តើ​ដូចម្ដេច​ខ្លះ?»។
ចៅក្រម ឆ្លើយ​ប្រាប់​តាម​ដំណើរ​សព្វគ្រប់។
សុភាទន្សាយ​ថា «លោក​កាត់​សេចក្ដី មិន​ទាន់​អស់​ទេ បើ​ដូច្នេះ​ខ្ញុំ​សូម​កាត់​សេចក្ដី​នេះ​ផង ឲ្យ​សុខ​ចិត្ត​ទាំងពីរ​ខាង»។
សុភាទន្សាយ សួរ​កំលោះ​ដែល​យក​ប្រពន្ធ​គេ​មក​នោះ​ថា «អ្នក​ទាំងពីរ​នាក់​កាល​ភ្នាល់​គ្នា​ថា​ដាក់​អ្វី?»
បុរស​នោះ​ឆ្លើយ​ថា «ដាក់​ប្រពន្ធ»
សុភាទន្សាយ​ សួរ​ទៅ​កំលោះ​នោះ​ថា «ត្រង់​ណា​ហៅ​ប្រពន្ធ»
បើ​អ្នក​រក​ឃើញ​អ្នកយក​ទៅ​ចុះ បើ​រក​មិន​ឃើញ​ទេ ឲ្យ​ប្រពន្ធ​ទៅ​គេ​វិញ​ទៅ»
កំលោះ​នោះ​ចាប់​ត្រង់​ដៃ សុភាទន្សាយ​ប្រាប់​ថា នេះ​គេ​ហៅ​ថា​ដៃ​ទេ។
វា​ចាប់​ត្រង់​ជើង សុភា​ទន្សាយ​ថា នេះ​គេ​ហៅ​ជើង​ទេ។
វា​ចាប់​ត្រង់​នេះ ក៏​ថា​មិនមែន ត្រង់​នោះ​ ក៏​ថា​មិនមែន។
ហើយសុភាទន្សាយ​ប្រាប់​ថា​រួម​ទាំង​អស់​គ្នា​ទៅ​ទើប​គេ​ហៅ «ប្រពន្ធ» ឯ​រទេះ​ក៏​ដូច​គ្នា​គឺ​គេ​ហៅ​ចន្ទោល នឹម ទូក ទ្រាយ ប្រែក ធ្នង់​ទ្រពង រួម​ទាំងអស់​នេះ​ទៅ ទើប​ហៅ​ថា «រទេះ»
បើ​ដូច្នេះ ឯង​យក​ប្រពន្ធ​គេ មិន​បាន​ទេ ឲ្យ​មក​គេ​វិញ»។
សុភាទន្សាយ​ឲ្យ​កំលោះ​នោះ យក​ប្រពន្ធ​មក​វិញ។
សុភាទន្សាយ​ស្ដី​ឲ្យ​លោក​ចៅក្រម​ថា «បង​កាត់​សេចក្ដី​នេះ​ស៊ី​តែ​សំណូក​គេ គ្មាន​ត្រង់​តាម​ព្រះ​ច្បាប់​សោះ»។
បុរស​នោះបាន​ប្រពន្ធ​មក​វិញ ក៏​អរ​ណាស់ លើក​ដៃ​សំពះ​សុភា​ទន្សាយ​ថា « លោក​បង​កាត់​សេចក្ដី​នេះ ពេញ​ហៅ​ត្រង់​ហើយ ឲ្យ​លោក​បាន​សម្បត្តិ​សួគ៌​និព្វាន»។

ប្រាជ្ញ​ឯង ឲ្យ​ក្រែង​ប្រាជ្ញ​គេ !