អា​កុហក​ស៊ី

កាល​ពីព្រេងនាយ មាន​ក្មេង​ម្នាក់​នៅ​ជា​មួយ​ម្ដាយ ចិញ្ចឹម​ជ្រូក​កម្រៀវ ១។ ដល់​ជ្រូក​នោះ​ធំ​ឡើង ក្មេង​នោះ​ចង់​ស៊ី​សាច់​ជ្រូក ក៏​និយាយ​នឹង​ម្ដាយ​ថា «ម៉ែ ! ខ្ញុំ​ចង់​ស៊ី​សាច់​ជ្រូក សូម​ម៉ែ​ឲ្យ​ខ្ញុំ​កាប់​ជ្រូក​យើង​នោះ​ស៊ី​ផឹក​ស្រា​ទៅ ?» ។ ម្ដាយ​ឃាត់​ថា «កុំ ! ឯង​ស៊ី​អី​ក៏​ច្រើន​ម្ល៉េះ ទុក​វា​នឹង​លក់​យក​ប្រាក់​កាស​ចាយ» ។ កូន​ឮ​ម្ដាយ​ឃាត់​ដូច្នោះ ក៏​នឹក​តែ​ក្នុង​ចិត្ត​ចង់​ស៊ី​សាច់​ជ្រូក​តែ​សព្វ​ថ្ងៃ​ពុំ​មាន​ភ្លេច ។ មាន​កាល​មួយ​ថ្ងៃ​ កូន​នោះ​ភ្ញាក់​ឡើង​ពី​ដេក និយាយ​ប្រាប់​ម្ដាយ​ថា «ត្បិត​ទេវតា​ប្រាប់​ខ្ញុំ​ថា មាន​មាស​ប្រាក់​ច្រើន​ណាស់​ម៉ែ សូម​ម៉ែ​ជូន​ខ្ញុំ​ទៅ​យក» ។ ម្ដាយ​ឮ​កូន​និយាយ​ប្រាប់​ដូច្នោះ​សួរ​ថា «មាស​ប្រាក់​នៅ​ឯណា» ។ កូន​ឆ្លើយ​ថា «ម៉ែ​ទៅ​នឹង​ខ្ញុំ​ចុះ បើ​ខ្ញុំ​បង្គាប់​ដូចម្ដេច​ម៉ែ​ធ្វើ​តាម​ខ្ញុំ» ។ កូន​យក​កញ្ជើ​នាំ​ម្ដាយ​ដើរ​ទៅ​ក្នុង​ព្រៃ​ឆ្ងាយ​អំពី​ស្រុក ហើយ​កូន​យក​កញ្ជើ​ទៅ​គ្រប​លើ​ដី ប្រឹង​សង្កត់​ហើយ​ស្រែក​ប្រាប់​ម្ដាយ​ថា «ម៉ែ ! ជួយ​សង្កត់​ផង មាស​ប្រាក់​នៅ​ក្នុង​ដី​នេះ​ច្រើន​ណាស់ ម៉ែ​សង្កត់​ឲ្យ​ជាប់​ចុះ ខ្ញុំ​នឹង​ទៅ​រក​ចប​ជីក មក​ជីក​យក​មាស​ប្រាក់ ។ ម៉ែ​ឯង​នៅ​សង្កត់​ឲ្យ​ជាប់​កុំ​លែង បើ​ម៉ែ​លែង មាស​ប្រាក់​នឹង​បាត់​អស់​ទៅ» ។ ឯ​ម្ដាយ​ឮ​កូន​ថា​ដូច្នោះ​ក៏​ខំ​សង្កត់​កញ្ជើ​នោះ​ឲ្យ​កូន ឯ​កូន​នោះ​ក៏​រត់​ត្រឡប់​មក​ផ្ទះ​វិញ ចាប់​ជ្រូក​នោះ​យក​មក​កាប់​ចម្អិន​ជា​អាហារ បបួល​អស់​បងប្អូន​អ្នក​ផ្ទះ​ជិត​ខាង​មក​ស៊ី​ផឹក​ស្រា​លេង​សប្បាយ ។ ម្ដាយ​នៅ​ចាំ​កូន​ឯ​ព្រៃ ទន្ទឹង​ពុំ​ឃើញ​មក​ឃ្លាន​បាយ​អស់​កម្លាំង រោយ​ដៃ​រោយ​ជើង […]