ពាក្យសុភាសិតតម្លៃ ៣០ តម្លឹង

កាល​ពី​ព្រេងនាយ មាន​ជន​ពីរ​នាក់​ប្ដី​ប្រពន្ធ។ បុរស​ជា​ប្ដី បាន​ឃើញ​គេ​រៀន​របៀន​ពូកែ​ ចង់​រៀន​ណាស់ យក​ប្រាក់ ៣០​តម្លឹង លា​ប្រពន្ធ​ដើរ​ទៅ​រក​រៀន ដើរ​ពី​ស្រុក​មួយ​ដល់​ខែត្រ​មួយ​ឮ​គេ​ថា ទី​ត្រង់​ណា មាន​អ្នក​ចេះ​របៀន​អាគម​គាថា​ពូកែ ក៏​ទៅ​រក​ត្រង់​នោះ ដល់​ទៅ​ជួប​នឹង​គ្រូ​ណា​ពូកែ គេ​សូត្រ​ឲ្យ​ស្ដាប់​ គេ​ធ្វើ​ឲ្យ​មើល​ដូចម្ដេច​ៗ ក៏​ចេះ​តែ​មិន​ចូល​ចិត្ត។ លុះ​ដើរ​ឆ្ងាយ​ទៅ​ៗ ក៏​បាន​ជួប​នឹង​តា​ចាស់​ម្នាក់។ តា​ចាស់​សួរ​ថា «អ្នក​ឯង​ទៅ​ណា ដើរ​មក​តែ​ម្នាក់​ឯង​ ស្វះស្វែង​រក​អ្វី ?» ។ បុរស​នោះ​ឆ្លើយ​ថា «ឱ ! តា​អើយ ! ខ្ញុំ​មក​នេះ ត្បិត​ឮ​គេ​ថា​ នៅ​ទី​នេះ​ មាន​គ្រូ​ចេះ​របៀន​ពូកែ​ បាន​ជា​ខ្ញុំ​ខំ​សង្វាត​មក ក្រែង​តា​ចេះ​ដឹង ប្រដៅ​ចៅ​ផង»។ តា​ចាស់​ឆ្លើយ​ថា «តា​មាន​របៀន​បី​បទ តម្លៃ ៣០ តម្លឹង បើ​ចៅ​ឯង​កាន់​ជាប់ ចៅ​ឯង​មិន​ច្បុត​ទេ គង់​បាន​ដូច​ចិត្ត បើ​មាន​កិច្ច មាន​ដំណើរ​អ្វី​ឲ្យ​សូត្រ​របៀន​តា​នេះ​ចុះ ពូកែ​ណាស់»។ បុរស​នោះ​ថា «តា​សូត្រ​ឲ្យ​ខ្ញុំ​ស្ដាប់​មើល ! បើ​ខ្ញុំ​ចូល​ចិត្ត ខ្ញុំ​យក»។ តា​នោះ​សូត្រ​ឲ្យ​ស្ដាប់​ថា «រពឹស​ដៃ​ផ្ទៃ​ឆ្អែត ដេក​យប់​កុំ​និយាយ​នឹង​ស្រី ឃ្លាន​កុំ​អាល​ស៊ី»។ បុរស​នោះ​ស្ដាប់​បាន ចូល​ចិត្ត ក៏​ប្រគល់​ប្រាក់ […]