បុរស​ចេះ​ថ្នាំ​ពិស​ពស់

មាន​ថ្ងៃ​មួយ បុរស​ឈ្មោះ​សុខ ធ្វើ​ដំណើរ​ទៅ​កាប់​ឧស​ក្នុង​ព្រៃ។ លុះ​ទៅ​ដល់​ព្រៃ ជា​កន្លែង​កាប់​ឧស​នោះ​ហើយ ឃើញ​ខ្លា​ធំ​មួយ​ស្លាប់​នៅ​ជើង​ដំបូក​ក្បែរ​ច្រក​ផ្លូវ​ចូល។ ចៅ​សុខ​ពិនិត្យ​មើល​ហេតុ​សព្វ​គ្រប់​ទៅ​ឃើញ​ថា ខ្លា​នេះ​ស្លាប់​ដោយ​ពស់​ចឹក ព្រោះ​នៅ​ខាង​ក្រោម​ខ្លា​នោះ​មាន​រន្ធ​ពស់​មួយ។ បុរស​នោះ​មាន​ចិត្ត​សប្បុរស​ចំពោះ​សាកសព​សត្វ​នោះ​ណាស់ ក៏​ស្រាយ​ថង់​យាម​យក​ថ្នាំ​មក​ដុះ​លាប​ស្រឡាប​ឲ្យ។ លុះ​បាន​មួយ​ស្របក់ ខ្លា​ដឹង​ខ្លួន​ឡើង​ឃើញ​ខ្លួន​ប្រឡាក់​សុទ្ធ​តែ​ថ្នាំ​ដែល​លាប ក៏​មាន​សេចក្ដី​ទោមនស្ស​នឹង​បុរស​ដែល​លាប​ថ្នាំ​ឲ្យ ហើយ​ស្ដី​ឲ្យ​ថា << ហេតុ​ដូចម្ដេច​បាន​ជា​អ្នក​ឯង​ហ៊ាន​យក​អ្វី​មក​ប្រឡាក់​ខ្លួន​អញ​យ៉ាង​នេះ ! >>បុរស​នោះ​ឆ្លើយ​ថា<< ​យើង​ដើរ​មក បាន​ឃើញ​បង​ឯង​ស្លាប់​ដោយ​ពស់​ចឹក ហើយ​យើង​ដុះ​ថ្នាំ​ស្រឡាប​លាប​ឲ្យ​បង​ឯង​រស់​តើ ! >> ខ្លា​ថា<< ​អញ​មាន​ស្លាប់​អី ពស់​ចឹក​អញ​កាលណា ! អញ​កំពុង​ដេក​លក់​ស្រួល​ទេ​តើ ! បើ​ដូច្នោះ​ អញ​ត្រូវ​ប្រហារ​ជីវិត​ឯង​ធ្វើ​ជា​អាហារ។ >> ចៅ​សុខ​មាន​សេចក្ដី​តក់​ស្លុតនឹង​សេចក្ដី​ស្លាប់​ជា​ខ្លាំង ក៏​អង្វរ​ខ្លា​ថា​<< បង​អើយ ! អាណិត​យើង​ផង កុំ​អាល​ពិឃាដ​យើង​ក្នុង​គ្រា​នេះ ចាំ​យើង​ទៅ​រក​អ្នក​ប្រាជ្ញ​ណា​ឲ្យ​​គេ​ជំនុំ​ជម្រះ​ឲ្យ បើ​រក​ទៅ​ឃើញ​ថា ​យើង​ខុស សឹម​បង​ប្រហារ​ជីវិត​យើង បើ​យើង​ត្រូវ ត្រូវ​ទុក​ជីវិត​យើង។ >>ខ្លា​ក៏​ព្រម​តាម​សេចក្ដី​អង្វរ​របស់​ចៅ​សុខ។ ចៅ​សុខ​វិល​មក​វិញ ប្រទះ​សេះ​ និង​ក្របី​នៅ​ក្បែរ​ផ្លូវ​ក៏​និយាយ​ថា << បង​ទាំង​ពីរ​អាណិត​ជួយ​យក​អាយុ​យើង​ផង ព្រោះ​ខ្លា​ដែល​ពស់​ចឹក​បាន​រស់​ឡើង ដែល​យើង​ដាក់​ថ្នាំ​ឲ្យ តែ​វា​ប្រាថ្នា​ប្រហារ​ជីវិត​យើង ថា​យើង​ធ្វើ​ឲ្យ​វា​ភ្ញាក់ ហើយ​ធ្វើ​ឲ្យ​ប្រឡាក់​ខ្លួន​វា​អស់។ >> សត្វ​ទាំងពីរ​ដឹង​សេចក្ដី​សព្វគ្រប់ […]