គង់ហ៊ាន

កាល​ពីព្រេងនាយ មាន​មនុស្ស​ម្នាក់ ឈ្មោះ​គង់ មាន​ប្រពន្ធ​ពីរ។ មួយ​ឈ្មោះ​អាង​អាំ មួយ​ឈ្មោះ​នាង​គំ។ ថ្ងៃ​មួយ​អ្នក​គង់​នាំ​ប្រពន្ធ​ទាំងពីរ​នាក់​ទៅ​សួរ​បងប្អូន​នៅ​ស្រុក​ឆ្ងាយ។ តាម​ផ្លូវ​ទៅ​ស្រុក​នោះ មាន​ខ្លា​សាហាវ។ អ្នក​គង់​បណ្ដើរ​ប្រពន្ធ​ទាំងពីរ​នាក់ ទៅ​ដល់​ព្រៃ​ធំ​មួយ​ ជិត​ស្រុក​គេ។ ព្រៃ​នោះ​តែង​មាន​ខ្លា​ដេញ​ខាំ​មនុស្ស​ ក្របី​​ គោ ស៊ី​តែ​រឿយៗ។ លុះ​អ្នក​គង់​ទៅ​ដល់​កន្លែង​នោះ ខ្លា​ក៏​ស្ទុះ​ដេញ ស្រែក​សន្ធាប់​ពី​ចម្ងាយ​មក។ អ្នក​គង់​រត់​ចូល​រូង​ឈើ ញ័រ​ដៃ​ញ័រ​ជើង រាគ​នោម​ព្រោះ​ភ័យ​ណាស់។ នាង​អាំ​ និង​នាង​គំ ខំ​ព្រួត​គ្នា​វាយ​ខ្លា​នោះ​ស្លាប់​ទៅ។ ឯ​អ្នក​គង់ ឃើញ​ប្រពន្ធ​វាយ​ខ្លា​ស្លាប់​ហើយ បាន​ស្ទុះ​ម្នីម្នា​ចេញ​ពី​រូង​ឈើ​មក យក​ដំបង​វាយ​ខ្លា​ស្លាប់​ស្រាប់​នោះ​ថែម​ទៀត។ ប្រពន្ធ​ទាំងពីរ​បន្ទោស​ប្ដី​ថា «ខ្លា​គេ​វាយ​ងាប់​ហើយ ធ្វើ​ជា​មក​វាយ​ថែម​ទៀត ប្រុស​អី​កំសាក​ញី​ដូច្នេះ»។ អ្នក​គង់​ជេរ​បំពាន​ទៅ​ប្រពន្ធ​ថា «មិន​ដែល​មាន​ស្រី​ណា​វាយ​ខ្លា​ស្លាប់​ទេ​មាន​តែ​ប្រុស ទើប​ហ៊ាន​វាយ​ខ្លា​ទាល់​តែ​ស្លាប់»។ ហើយ​អ្នក​គង់​ក៏បាន​បោច​វល្លិ​ចង​ខ្លា​នោះ​ នាំ​ប្រពន្ធ​សែង​ចូល​ទៅ​ក្នុង​ស្រុក។ អស់​អ្នក​ស្រុក​ឃើញ​អ្នក​គង់​សែង​ខ្លា​មក គេ​បបួល​គ្នា​ទៅ​មើល​ពាសពេញ ហើយ​គេ​សួរ​ថា «ឯង​ធ្វើ​ដូចម្ដេច​បាន​ជា​បាន​ខ្លា​នេះ ត្បិត​ខ្លា​នេះ​សាហាវ​ណាស់ វា​តែង​តែ​ខាំ​មនុស្ស​ម្នា ​ក្របី​ គោ ស៊ី​ច្រើន​ណាស់​ហើយ»។ ប្រពន្ធ​អ្នក​គង់​ក៏​និយាយ​ប្រាប់​អ្នក​ស្រុក​ថា «អ្នក​គង់​គាត់​ឃើញ​ខ្លា​វា​បោល​មក​ គាត់​រត់​ចូល​ក្នុង​រូង​ឈើ ខ្ញុំ​ពីរ​នាក់​ជា​ស្រីៗ​ព្រួត​គ្នា​វាយ​ខ្លា​ទាល់​តែ​ស្លាប់»។ អ្នក​គង់​ឮ​ប្រពន្ធ​និយាយ​ប្រាប់​គេ​ដូច្នោះ ក៏​បញ្ចោរ​រំលោភ​ទៅ​លើ​ប្រពន្ធ​ថា «មិន​ដែល​មាន​ស្រី​ណា​ខ្លាំង​ពូកែ​ ហ៊ាន​វាយ​ខ្លា​ស្លាប់​ទេ […]