​ចៅ​សុក្រ និង​ចៅ​សៅរ៍

កាល​ពីព្រេងនាយ មាន​បុរស​ពីរ​នាក់ ជា​សម្លាញ់​នឹង​គ្នា មួយ​ឈ្មោះ​ចៅ​សុក្រ មួយ​ឈ្មោះ​ចៅ​សៅរ៍ បាន​បួស​នៅ​វត្ត​ជា​មួយ​គ្នា។ បួស​យូរ​បន្តិច​ទៅ ក៏​សឹក​មក​វិញ សឹក​មក​ហើយ ​ក៏​ជា​សម្លាញ់​នឹង​គ្នា​ទៀត សន្យា​នឹង​គ្នា​ថា «បើ​នរណា​ក្រ​ ត្រូវ​ជួយ​គ្នា»។ ហើយ​បុរស​ទាំងពីរ​នាក់​ក៏​មាន​ប្រពន្ធ​កូន​ នៅ​រក​ស៊ី​ទីទៃ​ពី​គ្នា។ ចៅ​សុក្រ​រក​ស៊ី​ទៅ​មាន​ទ្រព្យ​របស់​ច្រើន។ ឯ​ចៅ​សៅរ៍​ល្ងង់​ខ្លៅ​ក្រ​លំបាក ហើយ​ប្រពន្ធ​ក៏​មាន​សហាយ​ផង។ ចៅ​សុក្រ​ដឹង​ថា ប្រពន្ធ​ចៅ​សៅរ៍​មាន​សហាយ ហើយ​ក្រ​លំបាក​ដូច្នោះ ក៏​ទៅ​សួរ​ចៅ​សៅរ៍។ ទៅ​ដល់​ឃើញ​ចៅ​សៅរ៍​ក្រ​លំបាក​ណាស់​មែន ក៏​បបួល​ចៅ​សៅរ៍​ទៅ​រក​ស៊ី ហើយ​និយាយ​ថា «ត្រូវ​ឯង​តាម​ពាក្យ​អញ»។ ចៅ​សៅរ៍​ក៏​ព្រម​តាម​ពាក្យ​ចៅ​សុក្រ។ ចៅ​សុក្រ​បបួល​ចៅ​សៅរ៍​ទៅ​កាប់​ឈើ ធ្វើ​ក្ដារ​មឈូស​លក់។ ចៅ​សៅរ៍​តាម​ពាក្យ​ចៅ​សុក្រ ក៏​ព្រម​ទៅ​ជា​មួយ​គ្នា។ ឯ​កូន​សេដ្ឋី​ដែល​សហាយ​នឹង​នាង​ប៉ិច​ឮ ជា​ប្រពន្ធ​ចៅ​សៅរ៍​ ឃើញ​ចៅ​សៅរ៍​មិន​នៅ​ផ្ទះ ក៏​ទៅ​ដេក​នឹង​ប្រពន្ធ​ចៅ​សៅរ៍ រួច​ហើយ​វិល​ទៅ​ផ្ទះ​វិញ។ ចៅ​សុក្រ​ និង​ចៅ​សៅរ៍​ធ្វើ​ក្ដារ​មឈូស​បាន​មួយ ក៏​យក​មក​ដាក់​ក្នុង​ផ្ទះ ហើយ​ទៅ​ធ្វើ​ក្ដារ​មឈូស​ទៀត។ កូន​សេដ្ឋី​ក៏​ទៅ​ដេក​នឹង​នាង​ប៉ិច​ទៀត។ ដល់​ពាក់​កណ្ដាល​អធ្រាត្រ​ចៅ​សុក្រ​ និង​ចៅ​សៅរ៍​មក​ផ្ទះ​វិញ។ ចៅ​សុក្រ​ខំ​ដើរ​ប្រញាប់​មក​មុន ស្រែក​ហៅ​ប្រពន្ធ​ចៅ​សៅរ៍​ឲ្យ​បើក​ទ្វារ។ ឯ​កូន​សេដ្ឋី​ក៏​ភិតភ័យ​រត់​ពុំ​រួច នាង​ប៉ិច​ប្រាប់​សហាយ​ឲ្យ​ចូល​ដេក​ក្នុង​ក្ដារ​មឈូស​ ហើយ​ទៅ​បើក​ទ្វារឲ្យ​ចៅ​សុក្រ​ចៅ​សៅរ៍​ចូល​ទៅ​ក្នុង​ផ្ទះ។ នាង​ប៉ិច​សួរ​ថា «ដូចម្ដេច​ក៏​បាន​ជា​វិល​មក​វិញ?» ចៅ​សៅរ៍​ប្រាប់​ថា «ចៅ​សុក្រ ឈឺ​ក្បាល​ហៅ​វិល​មក​វិញ»។ ហើយ​ចៅ​សៅរ៍​ប្រាប់​ទៅ​នាង​ប៉ិច​ឲ្យ​ដណ្ដាំ​បាយ​ស៊ី។ ស៊ី​បាយ​រួច​ហើយ […]